កំណើន​នៃ​វត្ថុ​នាំចេញ​របស់​អាស៊ី​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ល្បឿន​យឺត

លោក​ស្រី ណូលីន​ ហេហ្សឺរ៍​ (Noeleen​ Heyzer)​ លេខាធិការ​ប្រតិបត្តិ​នៃ​ UNESCAP​។

របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​សហប្រជាជាតិ​ព្រមាន​ថា ​កំណើន​នៃ​ការ​នាំចេញនៅ​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ អាច​ធ្លាក់​ចុះ​ពាក់​កណ្តាល​ក្នុង​ឆ្នាំ​នេះ​ ដោយ​សារ​តែ​កំណើន​យឺតៗ​នៅ​ទ្វីប​អឺរ៉ុប​ ប្រទេស​ជប៉ុន​ និង​សហរដ្ឋ​អាមេរិក។

ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គមកិច្ច​ក្នុង​តំបន់​របស់​អង្គការ​សហប្រជាជាតិ​ ក៏​មាន​ប្រសាសន៍​ដែរ​ថា ​ខណៈ​ដែល​ការ​ប្រមើល​មើល​ទៅ​អនាគត​នៃ​សេដ្ឋកិច្ច​ជារួម​ នៅ​មាន​លក្ខណៈ​វិជ្ជមាន​នៅ​ឡើយ​ ភាព​មិន​ប្រាកដ​ប្រជា​អំពី​លទ្ធភាព​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក្នុង​ការ​បង្កើន​កម្រិត​អតិបរមា​នៃ​ប្រាក់​បំណុល​របស់​ខ្លួន​ បាន​ធ្វើ​ឲ្យ​បាត់​បង់​នូវ​ការ​ជឿទុក​ចិត្ត។

គណៈកម្មការ​សេដ្ឋកិច្ច​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា​ UNESCAP​ ឲ្យ​ដឹង​ថា ​ការ​រក្សា​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ នៅ​តែ​ជា​បញ្ហា​ប្រឈម​មួយ​ បន្ទាប់​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​សកល​លោករួច​មក។

វិស័យ​នាំចេញ​របស់​អាស៊ី​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​តម្រូវ​ការ​ពី​អឺរ៉ុប​ សហរដ្ឋ​អាមេរិក​ និង​ជប៉ុន។​ ប៉ុន្តែ​កំណើន​យឺតៗ​នៅ​តាម​បណ្តា​ប្រទេស​ទាំង​នោះ​មាន​ន័យ​ថា​ ទីផ្សារ​រួញ​នៅ​តូច​ជាង​មុន​សម្រាប់​ទំនិញ​របស់​អាស៊ី។

នៅ​ក្នុង​របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍​នៅ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ អាច​មើល​ឃើញ​កំណើន​នៃ​ការ​នាំចេញ​ធ្លាក់​ចុះ​ជិត​ពាក់​កណ្តាល​ ទៅ​ដល់​៩​ភាគរយ​ក្នុងឆ្នាំ​២០១១​ ពី​ជាង​១៧​ភាគរយ​កាល​ពី​ឆ្នាំ​មុន។​ កាល​ពី​ឆ្នាំ​២០០៩​ ដែល​ជា​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​នៃ​វិបត្តិ​សេដ្ឋកិច្ច​ ការ​នាំចេញ​របស់​អាស៊ី​ បាន​ធ្លាក់​ចុះ​ចំនួន​៨​ភាគរយ។

ខណៈ​ដែល​តំបន់​នេះ​នៅ​អាច​ទាក់​ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​ ៧៥​ភាគរយ​នៃ​ប្រាក់​ទាំង​នោះ​បាន​ទៅ​ប្រទេស​មាន​សេដ្ឋកិច្ច​លូត​លាស់​ចំនួន​៥​តែ​ប៉ុណ្ណោះ​ គឺ​ ចិន​ ហុងកុង​ ឥណ្ឌា​ សហព័ន្ធរុស្សី​ និង​សឹង្ហបូរី។

លោកស្រី ​ណូលីន​ ហេហ្សឺរ៍​ (Noeleen​ Heyzer)​ លេខាធិការ​ប្រតិបត្តិ​នៃ​ UNESCAP​ ថ្លែង​ថាការ​ងើប​ឡើង​វិញ​ខាង​ពាណិជ្ជក​ម្ម​ត្រូវ​បាន​ជំរុញ​ជា​ទូទៅ​តាម​រយៈ​ការ​លក់​នៅ​ក្នុង​ទ្វីប​អាស៊ី។

«អ្វី​ដែល​របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​នោះ​គឺ​ថា ​ពាណិជ្ជកម្ម​នាំចេញ​បាន​ត្រឡប់​ទៅ​រក​កម្រិត​មុន​ពេល​មាន​វិបត្តិ​វិញ​ហើយ។​ ប៉ុន្តែ​ភាគ​ច្រើន​ កម្រិត​នោះ​បាន​មក​ ដោយ​សារ​ពាណិជ្ជកម្ម​ក្នុង​តំបន់។​ តាម​ពិត ពាណិជ្ជកម្ម​ក្នុង​តំបន់​បាន​កើន​ឡើង ​ដែល​មាន​ចំនួន​ប្រហែល​៥១​ភាគរយ​នៃ​ពាណិជ្ជកម្ម​ទាំង​អស់​នៅតំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

របាយការណ៍​ក៏​បាន​បញ្ជាក់​ទៀត​ថា​ បន្តិច​ម្តងៗ​ ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ជាច្រើន​នៅ​ក្នុង​តំបន់​នោះ​កំពុង​ពឹង​ផ្អែក​តិច​ជាង​មុន​ទៅ​លើ​វត្ថុ​នាំចេញ។​ ជា​ជំនួស​វិញ​ ប្រទេស​ទាំង​នោះ​ស្វែង​រក​កំណើន​ ពី​តំបន់​ទីក្រុង​ដែល​កំពុង​រីក​លូត​លាស់​ ជាពិសេស​នៅ​ប្រទេស​ចិននិង​ឥណ្ឌា ​ពីកំណើន​នៃ​ប្រាក់​ចំណូល​ក្នុង​ស្រុក​ ពី​កំណើន​នៃ​ទំនិញ​នាំ​ចូល​ពី​បណ្តា​ប្រទេស​អាស៊ី​ដែល​មាន​ប្រាក់​ចំណូល​ទាប​ និង​ពី​ការ​ងាក​ទៅ​រក​ការ​វិនិយោគ​ផ្ទាល់​កាន់​តែ​ច្រើន​ជាង​មុន​នៅ​ក្នុង​តំបន់៕

ប្រែ​សម្រួល​ដោយ​ លី សុខឃាង