អាស៊ាន​ជំរុញ​ឱ្យ​មាន​ការ​បញ្ចប់​អំពើ​ហិង្សា​នៅ​មីយ៉ាន់ម៉ា

មេដឹកនាំ​អាស៊ាន​ថត​រូប​រួម​គ្នា​ក្នុង​អំឡុង​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤២ នៅ​ទី​ក្រុង Labuan Bajo ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣។

បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន (ASEAN) ចំនួន ៩ បាន​អំពាវនាវ​ឱ្យ​មាន​ការ​បញ្ចប់​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​ពុធ​នេះ​ដែល​ជា​ថ្ងៃ​ដំបូង​នៃ​កិច្ច​ប្រជុំ​រយៈពេល ២ ថ្ងៃ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។

មេដឹកនាំ​ទាំង​នោះ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ពី​ក្រុង Labuan Bajo នៃ​កោះ Flores នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌូណេស៊ី​ថា៖ «យើង​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ទាក់ទិន​នឹង​អំពើ​ហិង្សា​ជា​បន្ត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​បាន​ជំរុញ​ឱ្យ​មាន​ការ​បញ្ឈប់​ជា​បន្ទាន់រាល់​ទម្រង់​ទាំង​អស់​នៃ​អំពើ​ហិង្សា​និង​ការ​ប្រើ​កម្លាំង ដើម្បី​បង្កើត​ឱ្យ​មានបរិយាកាស​ត្រឹមត្រូវ​សម្រាប់​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​ប្រកប​ដោយ​សុវត្ថិភាព​និង​ទាន់​ពេល​វេលា​និង​ការ​ចរចា​ថ្នាក់​ជាតិ​ប្រកប​ដោយ​បរិយាបន្ន»។

ប្រទេស​មីយ៉ាន់ម៉ា​បាន​ជាប់​ផុង​នៅ​ក្នុង​ភាព​ចលាចល​តាំងពី​យោធា​បាន​ធ្វើ​រដ្ឋ​ប្រហារ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​របស់​អ្នកស្រី Aung San Suu Kyi កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២១ មក។

ភាព​ចលាចល​នេះ​ក៏​បាន​វិវត្ត​ទៅ​រក​ជម្លោះ​ដ៏​ប្រល័យ​នៅ​តាម​ជនបទ​រវាង​យោធា​មីយ៉ាន់ម៉ា​និង​ក្រុម​ឧទ្ទាម​ជាតិ​សាសន៍​ភាគ​តិច​មួយ​ចំនួន​ដែល​បាន​ប្រយុទ្ធ​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ដើម្បី​ស្វ័យភាព​ប្រសើរ​ជាង​មុន។

កន្លង​មក អាស៊ាន​បាន​ចេញ​ផែនការ ៥ ចំណុច​ក្នុង​បំណង​បញ្ចប់​អំពើ​ហិង្សា​នៅ​ក្នុង​កិច្ច​ព្រៀមព្រៀង​មួយ​ដែល​បាន​សម្រេច​បាន​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា។ ប៉ុន្តែ របប​យោធា​មីយ៉ាន់ម៉ា​មិន​ទាន់​បាន​អនុវត្ត​តាម​ផែនការ​នេះ​នៅ​ឡើយ​ទេ ដែល​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​អាស៊ាន​ថា​ជា​ស្ថាប័ន​មិន​បាន​ការ។


ធម្មនុញ្ញ​អាស៊ាន​បាន​បង្កើត​គោលការណ៍​របស់​សមាគម​នេះ​ទាក់ទិន​នឹង​ការ​ឯកភាព​គ្នា​និង​ការ​មិន​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​សមាជិក​ខ្លួន។ ប៉ុន្តែ​កន្លង​មក អាស៊ាន​បាន​រារាំង​ថ្នាក់​ដឹកនាំ​មីយ៉ាន់ម៉ា​មិន​ឱ្យ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នានា ដោយសារតែ​យោធា​មីយ៉ាន់ម៉ា​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​តាម​ផែនការ​សន្តិភាព ៥ ចំណុច​នោះ។

ថ្នាក់​ដឹកនាំ​អាស៊ាន​ក៏​បាន​ថ្កោលទោស​ផង​ដែរ​លើ​ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​អាទិត្យ​លើ​កង​រថយន្ត​ដឹក​មន្ត្រី​ការទូត​ពី​ប្រទេស​ឥណ្ឌូណេស៊ី​និង​ប្រទេស​សិង្ហបុរី​និង​ដឹក​ជញ្ជូន​ជំនួយ​មនុស្ស​ធម៌​ទៅ​កាន់​ជន​ភៀស​ខ្លួន​ដោយ​បង្ខំ​នៅ​ក្នុង​រដ្ឋ Shan នៅ​ភាគ​ខាង​កើត​ប្រទេស​មីយ៉ាន់ម៉ា។ សេចក្ដី​ថ្លែងការណ៍​របស់​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ថ្ងៃ​ពុធ​នេះ​បាន​លើកឡើង​ថា៖ «យើង​ថ្កោលទោស​ការ​វាយ​ប្រហារ​និង​សង្កត់ធ្ងន់​ថា ជន​ល្មើស​ត្រូវតែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»។

កិច្ច​ប្រជុំ​នេះ​ក៏​ត្រូវ​គេ​រំពឹង​ផង​ដែរ​ថា​នឹង​ចេញ​ក្រម​ប្រតិបត្តិ​សម្រាប់​ប្រទេស​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដើម្បី​ឆ្លើយតប​ទៅ​នឹង​ទង្វើ​ដ៏​គឃ្លើន​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, Reuters និង​ AFP។