មុនទស្សនកិច្ច​នៅ​ភូមា​ ប្រេសិត​ពិសេស​​អាស៊ាន​ទទូច​កុំ​ឲ្យ​របប​សឹក​​ឃុំ​ខ្លួន​អ្នកស្រី អោងសាន ស៊ូជី នៅ​ពន្ធនាគារ

រូបឯកសារ៖ លោក ប្រាក់ សុខុន (ឆ្វេង) រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ជា​ប្រេសិត​​របស់​ប្រធាន​អាស៊ាន ចាប់​ដៃ​គ្នា​ជាមួយ​នឹង​ប្រមុខ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា លោក​ឧត្តមសេនីយ៍ Min Aung Hlaing ទីក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

ក្នុង​នាម​ជា​ប្រេសិត​ពិសេសរបស់​ប្រធាន​អាស៊ាន​ស្តី​ពី​មីយ៉ាន់ម៉ា រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​លោក ប្រាក់​ សុខុន បាន​បង្ហាញ «ក្តី​កង្វល់​ខ្លាំង​» ចំពោះ​របាយ​ការណ៍​ស្តី​ពី​ការ​ផ្ទេរ​អ្នកស្រី អោង​សាន ស៊ូជី​ (Aung San Suu Kyi)ពី​លំនៅដ្ឋាន​ទៅ​កាន់​ពន្ធនា​គារនៅ​ទី​ក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា។

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ជា​លើក​ទី​ពីរ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ពុធ ទី​២៩ ខែ​មិថុនា។

សេចក្តី​ប្រកាសមួយ​ចេញ​ដោយ​ក្រសួង​ការ​បរទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា បាន​បញ្ជាក់​ថា នៅ​ក្នុងលិខិត​ទៅ​កាន់​រដ្ឋមន្រ្តី​ការ​បរទេស​មីយ៉ាន់ម៉ាលោក Wunna Maung Lwin កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក​ ប្រាក់ សុខុន​ ស្នើ​សុំ​ឲ្យ​របប​សឹក​មីយ៉ាន់​ម៉ា​ពិចារណា​បញ្ជូន​អ្នកស្រី​ អោងសាន ស៊ូជី ត្រឡប់​មក​លំនៅដ្ឋានវិញ។

លោក ប្រាក់​ សុខុន បាន​លើកឡើង​ក្នុង​សម្តី​ដើម​ថា៖ «ខ្ញុំ​សូម​លើកឡើង​ពី​ការ​ទទូច​របស់​សហ​សេវិក​អាស៊ាន សូម​ឲ្យ​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ​មីយ៉ាន់ម៉ា ប្រកាន់​យក​ក្តី​អនុគ្រោះ និង​សម្រួល​ដល់​ការ​វិល​ត្រឡប់​របស់​លោក​ស្រី អោងសាន ស៊ូជី ទៅ​កាន់​លំនៅដ្ឋាន​ដែល​លោក​ស្រី​ត្រូវ​បាន​ឃុំ​ខ្លួន​ពី​ដំបូង​ ដោយ​ហេតុផល​សុខភាព និង​សុខមាលភាព​ទ្រុឌ​ទ្រោម​របស់​លោកស្រី ក៏ដូចជា ​ការ​អនុវត្ត​នីតិរដ្ឋ​ប្រកប​ដោយ​យុត្តិធម៌​ និង​សុភវិនិច្ឆ័យ»។

មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​បាន​ធ្វើ​រដ្ឋ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​១ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ ដោយ​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី​ អោងសាន ស៊ូជី​ (Aung San Suu Kyi) ​ចេញ​ពី​តំណែង។ ​មក​ទល់​ពេល​នេះ​ អ្នកស្រី​ អោងសាន ស៊ូជី ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​មក ​ហើយ​អ្នកស្រី​បាន​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​ចំនួន​១១​ករណី ​ទោះ​បី​ជា​អ្នកស្រី​បាន​ច្រាន​ចោល​បទ​ចោទ​ប្រកាន់​ទាំង​អស់​ក៏​ដោយ។

រូបឯកសារ៖ អ្នក​តវ៉ា​ដើរ​កាត់​ផ្សារ​មួយ​ដែល​មាន​ផ្ទាំង​រូបភាព​មេដឹកនាំ​មីយ៉ាន់ម៉ា​អ្នកស្រី Aung San Suu Kyi​នៅ​សង្កាត់ Kamayut ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ៨ ខែ​មេសា ឆ្នាំ ២០២១។

កាល​ពី​ថ្ងៃ​ធ្នូ ឆ្នាំ​២០២១ តុលាការ​បាន​កាត់​ទោស​អ្នកស្រី​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៤​ឆ្នាំ ​មុន​ពេល​ទោស​ទណ្ឌ​នេះ​ ត្រូវ​បាន​បន្ថយ​មក​ត្រឹម​២​ឆ្នាំ​វិញ ​ក្រោយ​ពី​មាន​សំណើ​ពី​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​លោក ​Min Aung Hlaing។

រដ្ឋមន្រ្តី​ក្រសួងការបរទេស លោក ប្រាក់ សុខុន នឹង​ធ្វើ​ដំណើរ​ជា​លើក​ទី​ពីរ​របស់​លោក​ក្នុង​នាម​ជា​ប្រេសិត​របស់​ប្រធាន​អាស៊ាន ទៅ​កាន់​មីយ៉ាន់ម៉ា ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ពុធ ទី​២៩ ខែ​មិថុនា ដល់​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០២២។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ថា ​ដំណើរ​ទស្សនកិច្ច​នេះ​មាន​គោល​បំណង​តាម​ដាន​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ការ​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច និង​លទ្ធផល​នៃ កិច្ច​ប្រជុំ​ពិគ្រោះ​យបោល់​ស្តីពី​ជំនួយ​មនុស្ស​ធម៌​របស់​អាស៊ាន​សម្រាប់​មីយ៉ាន់ម៉ា ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា នៅ​រាជធានី​ភ្នំពេញ។

វីអូអេ​ខ្មែរមិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក​ ជុំ សុន្ទរី និង​ស្ថានទូត​មីយ៉ាន់ម៉ា​ប្រចាំ​នៅ​កម្ពុជា​នៅ​ឡើយ​ទេ​នា​ថ្ងៃ​អង្គារ​នេះ តែ​លោក​ឧត្តមសេនីយ៍​ទោ Zaw Min Tun អ្នក​នាំ​ពាក្យ​យោធា​មីយ៉ាន់ម៉ា បាន​ប្រាប់​វីអូអេ​ភាសា​ភូមា​កាល​ពី​ថ្ងៃ​ចន្ទ​ថា​៖«មាន​នរណា​ម្នាក់​អាច​នៅ​ពី​លើ​ច្បាប់​បាន​ទេ។ ក្នុង​ករណី​អតីត​ទីប្រឹក្សា​រដ្ឋអ្នក​ស្រី Aung San Suu Kyi យើង​បាន​រៀបចំ​ឲ្យ​គាត់​យ៉ាង​ស្រួល នៅ​ដាច់​ពី​អ្នក​ទោស​ផ្សេង​ទៀត»។

រដ្ឋាភិបាល​កម្ពុជា​ព្យាយាម​ឲ្យ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​របប​សឹក​ភូមា​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន បើ​ទោះ​មាន​ការ​ជំទាស់​ពី​មេដឹកនាំ​របស់​ប្រទេស​មួយ​ចំនួន​ក៏​ដោយ។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២២ រដ្ឋមន្រ្តី​ការពារ​ជាតិ​របស់​របប​សឹក​ភូមា គឺ​លោក Mya Tun Oo ក៏​បាន​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​រដ្ឋមន្រ្តី​ការពារ​ជាតិ ដោយ​ផ្ទាល់​ក្នុង​រាជធានី​ភ្នំពេញ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជាលោក គិន ភា ឲ្យ​ដឹង​ថា រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​នឹង​មិន​យល់​ស្រប​តាម​ការ​ទទូច​របស់​កម្ពុជានោះ​ទេ ខណៈ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​មិន​បាន​បង្ហាញ​ទំនោរ​ក្នុង​ការគោរព​តាម​ចំណុច​ព្រម​ព្រៀង​៥​ចំណុច​របស់​អាស៊ាន​មក​ទល់​ពេល​នេះ។

លោក​ថ្លែង​ថា៖ «កន្លង​មក​នេះ​ មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​តែង​តែ​ព្រងើយ​កណ្តើយ​ ហើយ​ហាក់​ដូច​ជា​មិន​មាន​ភាព​ស្មោះ​ត្រង់​និង​សុឆន្ទៈ ក៏​ដូចជា មិន​មាន​សាច់​ការ​ក្នុង​ការ​អនុវត្ត​កិច្ចព្រម​ព្រៀង​កុងសង់​ស៊ីស​ទាំង​៥​ចំណុច​របស់​អាស៊ាន​ ដែល​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ខ្លួន​ឯង​ហ្នឹង​ក៏​បាន​ចុះ​ហត្ថលេខា​ផង​ដែរ»។

ប្រធាន​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី និង​ជា​អ្នក​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​ លោក ឈាង វណ្ណារិទ្ធ ចាត់​ទុក​ករណី​បញ្ជូន​អ្នកស្រី​ អោងសាន ស៊ូជី ទៅ​កាន់​ពន្ធនាគារជា​ទម្រង់​មួយ​នៃ​ការ​ដាក់​បន្ទុក​បន្ថែម​លើ​អ្នក​នយោបាយ​ពី​សំណាក់​យោធា​មីយ៉ាន់ម៉ា​ ហើយ​ផ្ទុយ​ពី​ឆន្ទៈ​របស់អាស៊ានដែល​កំពុង​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​នៅ​មីយ៉ាន់​ម៉ា។

លោក​ថ្លែង​ថា៖ «និយាយ​ចំ​ជា​ការ​ដើរ​ថយ​ក្រោយ​បន្ថែម​ទៀត​ (Backstep) ​នៅ​ក្នុង​ការ​វិវត្ត​នយោបាយ​នៅ​ភូមា​នេះ។ អ៊ឹចឹង​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​ពិបាក​នឹង​ជំរុញ​បន្ថែម។ ដូច្នេះ​ចេះ​តែ​ខំ​ប្រឹង​ទទូច​ឲ្យ​រដ្ឋាភិបាល​យោធា​ភូមា​ហ្នឹង បង្ក​នូវ​បរិយាកាស​នយោបាយ​ល្អ​ដើម្បី​ការចរចា​ហ្នឹង។ ហើយ​បាន​មិន​បាន​ប៉ុន​ណា​វា​អាស្រ័យ​លើ​របប​យោធា​ហ្នឹង​ទេ ​ពីព្រោះ​ថា យើង​មាន​សម្ពាធ​ការ​ទូត​តែ​ប៉ុណ្ណឹង អត់​មាន​អី​ក្រៅ​ពី​ហ្នឹង​ទេ»។

លោក​បាន​បន្ត​ថា​ មក​ទល់​ពេល​នេះ អ្វី​ដែល​កម្ពុជា​អាច​ជំរុញ​ឲ្យ​ទៅ​មុខ​បាន​ជា​ផ្លែផ្កា​ មាន​តែលើ​ផ្នែក​ជំនួយ​មនុស្ស​ធម៌​តែ​ប៉ុណ្ណោះ និង​ថា​ ការ​ចរចា​នយោ​បាយ​មិន​អាច​បំបែក​ភាព​ទាល់ច្រក​បាន​នោះ​ទេ ដោយ​សារគ្មាន​ភាគី​ពាក់ព័ន្ធណា​មួយ​បង្ហាញឆន្ទៈក្នុង​ការ​ចរចា។

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​មេសា ​ឆ្នាំ​២០២១​ មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​ បាន​មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ​ទៅ​លើ​៥​ចំណុច។​ ទី១ ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​ ហើយ​គ្រប់​ភាគី​ត្រូវ​រក្សា​ភាព​អត់ធ្មត់​ខ្ពស់​បំផុត។​ ទី​២​ កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន។ ​ទី​៣ ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន ​ដើម្បី​សម្របសម្រួល​កិច្ច​សន្ទនា ​ដោយ​មាន​ជំនួយ​ពី​អគ្គលេខាធិការ​អាស៊ាន។​ ទី​៤​ ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន។ ​ ទី​៥​ ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់៕