ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន​បន្ត​ជំរុញ​ឱ្យ​របប​សឹក​ភូមា​គោរព​តាម​កិច្ច​ព្រមព្រៀង​៥​ចំណុច

មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ លោក Min Aung Hlaing (កណ្ដាល) ចាប់​ដៃ​គ្នា​ជាមួយ​នឹង​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តី​ពី​មីយ៉ាន់ម៉ា​​ លោក ប្រាក់ សុខុន (ឆ្វេង) ក្នុង​ជំនួប​របស់​ពួកគេ​នៅ​ទីក្រុង​ណៃពិដោរ ​មីយ៉ាន់ម៉ា ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តី​ពី​មីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បន្ត​ជំរុញ​ឲ្យ​មេដឹក​នាំ​របប​សឹក និង​ភាគី​ពាក់ព័ន្ធ​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិនានា ដោយ​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​របស់​មេដឹកនាំ​អាស៊ាន។

លោក ប្រាក់​ សុខុន បាន​ធ្វើដំណើរ​ទស្សនកិច្ច​ការងារជា​លើក​ទី​ពីរ​ទៅ​កាន់​មីយ៉ាន់ម៉ា រយៈពេល​ ៥​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ដល់​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០២២។

សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ត្រូវ​បាន​បង្ហោះក្នុង​ប្រព័ន្ធ​តេឡេក្រាម​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ ឲ្យ​ដឹង​ថា​ ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ លោក Min Aung Hlaing កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ លោក ប្រាក់ សុខុន​ បានជជែកពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​របស់​អាស៊ាន ស្ថានភាពនយោបាយ និងកិច្ច​ប្រឹង​ប្រែង​ផ្តល់​ជំនួយ​មនុស្សធម៌​នៅ​មីយ៉ាន់​ម៉ា។

នា​ថ្ងៃ​ដដែល​ លោក ប្រាក់​ សុខុន ក៏​បាន​ជួប​ពិភាក្សាជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​មីយ៉ាន់ម៉ា លោក Wunna Maung Lwin និង​លោក Ko Ko Hlaing ប្រធាន​ក្រុម​ការងារ​មីយ៉ាន់ម៉ា​ទទួល​បន្ទុក​ជំនួយ​មនុស្ស​ធម៌​ជុំវិញ​ប្រធាន​បទ​កិច្ចពិភាក្សា​ដូច​ខាង​លើ​នេះ​ផងដែរ។ នៅ​ថ្ងៃ​ទី១ ខែ​កក្កដា លោក ប្រាក់ សុខុន បាន​ជួប​ជាមួយ​លោក យ៉ា ពេ្យ ( Yar Pyae)ប្រធាន​គណៈកម្មាធិការ​សាមគ្គីភាព​ជាតិ និង​បង្កើត​សន្តិភាព ដើម្បី​ពិភាក្សា​ពី​វិធី​ក្នុង​ការ​ជំរុញ​ការ​ចរចា​សន្តិភាព​នៅ​មីយ៉ាន់ម៉ា។

ហើយ​នៅថ្ងៃ​ទី​២ ខែ​កក្កដា ប្រេសិត​របស់​ប្រធាន​អាស៊ាន​ក៏​បាន​ជួបជាមួយ​តំណាង​គណបក្ស​នយោបាយ​ចំនួន​៧​នៅ​មីយ៉ាន់ម៉ា ដោយ​បាន​ផ្តោតពិភាក្សា​ពី​ស្ថាន​ភាព​នយោបាយ​ និង​មនុស្សធម៌​ជាក់​ស្តែង​តាម​រដ្ឋ​និង​តំបន់​នានា វិធី​ក្នុង​ការ​បន្ធូរ​បន្ថយ​ស្ថាន​ការណ៍និង​ជំរុញ​ដំណើរការ​សន្តិភាព​ និង​ការ​ដោះ​ស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​ដោយ​ផ្អែក​លើ​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច។

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ​ លោក​ ឯកផាប់​ ផាន់ថា​វង្ស​ (Ekkaphab Phanthavong)អគ្គលេខាធិការ​រង​អាស៊ាន​ទទួល​បន្ទុក​សហគមន៍​សង្គម​វប្បធម៌អាស៊ាន​ បាន​អម​ដំណើរេប្រសិត​ពិសេស​អាស៊ាន​ស្តី​ពី​មីយ៉ាន់ម៉ា​ លោក ប្រាក់ សុខុន នៅ​ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា រដ្ឋមន្រ្តី​ការបទេស​មីយ៉ាន់ម៉ា​និង​ប្រធាន​ក្រុម​ការងារ​មីយ៉ាន់ម៉ា​ទទួល​បន្ទុក​ជំនួយ​មនុស្ស​ធម៌ និង​គណបក្ស​នយោបាយ​ចំនួន​ ៧​នៅ​មីយ៉ាន់ម៉ា។

ក្រៅ​ពី​តំណាង​រដ្ឋាភិបាល​និង​ភាគី​ពាក់ព័ន្ធ​នៅ​មីយ៉ាន់ម៉ា លោក​ប្រាក់​ សុខុនក៏​បាន​ជួប​ជាមួយឯកអគ្គរដ្ឋទូត​បារាំង សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ភារៈធារី​ស្តី​ទី​ស្ថានទូត​អូស្រា្តលីប្រចាំ​មីយ៉ាន់​ម៉ា ដើម្បី​ពិភាក្សា​ពី​វឌ្ឍនភាព​កិច្ចព្រម​ព្រៀង​ឯកច្ឆន្ទ​៥​ចំណុច និង​ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​នៅ​មីយ៉ាន់ម៉ា​ផង​ដែរ។

កាល​ពី​ខែ​មេសា ​ឆ្នាំ​២០២១​ មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​ បាន​មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ​ទៅ​លើ​៥​ចំណុច។ កិច្ច​ព្រម​ព្រៀង​នេះ​ធ្វើ​ឡើង​ជាង​២​ខែ បន្ទាប់​ពី​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​បាន​ធ្វើ​រដ្ឋ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​១ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ ដោយ​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី​ អោងសាន ស៊ូជី​ (Aung San Suu Kyi) ​ចេញ​ពី​តំណែង។ កិច្ច​ព្រម​ព្រៀង​នោះ​រួម​មាន​ទី១ ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​ ហើយ​គ្រប់​ភាគី​ត្រូវ​រក្សា​ភាព​អត់ធ្មត់​ខ្ពស់​បំផុត។​ ទី​២​ កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន។ ​ទី​៣ ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន ​ដើម្បី​សម្របសម្រួល​កិច្ច​សន្ទនា ​ដោយ​មាន​ជំនួយ​ពី​អគ្គ​លេខាធិការ​អាស៊ាន។​ ទី​៤​ ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈ​មណ្ឌល​អាស៊ាន។ ​ទី​៥​ ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ជួប​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់។

យ៉ាង​ណាក្តី មក​ទល់​ពេល​នេះ មិន​មាន​សេចក្តី​រាយការណ៍​ណា​មួយ​បញ្ជាក់​ថា ​លោក ប្រាក់ សុខុន បាន​ជួប​ជាមួយ​អតីត​មេដឹកនាំ​មីយ៉ាន់ម៉ា អ្នកស្រី អោង​សាន ស៊ូជី ដែល​ត្រូវ​បាន​បញ្ជូន​ពី​ការឃុំ​ខ្លួន​ក្នុង​ផ្ទះ​មក​ពន្ធនាគារ នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ជា​លើក​ទី​ពីរ​របស់​លោក​ឡើយ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក ជុំ សុន្ទរី​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​នា​ថ្ងៃ​ចន្ទ​នេះ​យ៉ាង​ខ្លី​ថា លោក ប្រាក់ សុខុន​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នា​ថ្ងៃ​អង្គារ ទី​៥ ខែ​កក្កដា ហើយ​សេចក្តី​លម្អិត​ពី​កិច្ច​ប្រជុំ​របស់​លោក​នឹង​ត្រូវ​ផ្តល់​ជូន​នា​ពេល​ក្រោយ។

សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​លោក ឯម សុវណ្ណារ៉ា យល់​ឃើញ​ថា​មាន​ការ​វិវត្តទៅ​មុខ​ឆ្ពោះ​ទៅ​រក​ការ​បញ្ឈប់​អំពើ​ហិង្សានៅ​មីយ៉ាន់ម៉ា​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោក ប្រាក់​ សុខុន​ បន្ទាប់​ពី​លោក​ឃើញ​ថា​ប្រេសិត​របស់​ប្រធាន​អាស៊ាន​បាន​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ក្រៅ​ពី​រដ្ឋាភិបាល​មីយ៉ាន់​ម៉ា។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ ការ​ជំរុញ​ហ្នឹង​អាច​សង្ឃឹម​ថា មាន​ការ​ឈាន​ទៅ​រក​បទ​ឈប់​បាញ់​ពេញ​លេញ​ ខុស​ពី​ការ​ជួប​លើក​ទី​មួយ​រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​នឹង​មេដឹកនាំ​ភូមា​មីង អ៊ុង​ឡាំង​ដែល​ថា មាន​បទ​ឈប់​បាញ់​ ប៉ុន្តែ​យើង​ធ្វើ​អត់​បាន។ ប៉ុន្តែ​លើក​នេះ យើង​មាន​ផល​វិជ្ជមាន​ច្រើន​ពី​ជំនួប​ចរចា​ពី​ភាគី​ពាក់ព័ន្ធ​របស់​ភូមា»។

លោក​បន្ថែម​ថា ​ស្ថាន​ភាព​នៅ​មីយ៉ាន់ម៉ា​នឹង​មាន​ភាព​ប្រសើរ​ជាង​មុន​បន្ថែម​ទៀត ប្រសិន​បើ​កម្ពុជាអាច​សម្រេច​បាន​នូវ​បទ​ឈប់​បាញ់ ឬ​ការបញ្ចប់​អំពើ​ហិង្សា ការនាំ​យកគ្រប់​ភាគីពាក់ព័ន្ធមក​តុ​ចរចា និង​ការ​រៀបចំ​ការ​បោះឆ្នោត​ឡើង​វិញ​ជា​ដើម​នៅ​មីយ៉ាន់​ម៉ា មុន​ពេល​តំណែង​ជា​ប្រធាន​អាស៊ាន​ត្រូវ​បាន​បញ្ចប់។

គួរ​បញ្ជាក់​ថា​ រដ្ឋាភិបាល​កម្ពុជា​ព្យាយាម​ឲ្យ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​របប​សឹក​ភូមា​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន បើ​ទោះ​មាន​ការ​ជំទាស់​ពី​មេដឹកនាំ​របស់​ប្រទេស​មួយ​ចំនួន​ក៏​ដោយ។ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២២ រដ្ឋមន្រ្តី​ការពារ​ជាតិ​របស់​របប​សឹក​ភូមា គឺ​លោក Mya Tun Oo ក៏​បាន​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​រដ្ឋមន្រ្តី​ការពារ​ជាតិ ដោយ​ផ្ទាល់​ក្នុង​រាជធានី​ភ្នំពេញ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផង​ដែរ៕