កិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានត្រូវបានធ្វើឡើងក្នុងពេលដែលតំបន់នេះកំពុងមានភាពតានតឹងខាងភូមិសាស្រ្តនយោបាយពីខាងក្នុងនិងខាងក្រៅកើនឡើងជាច្រើនដែលមិនធ្លាប់មានពីពេលមុនមកនិងភាពបន្ទាន់ក្នុងការខិតខំស្តារសេដ្ឋកិច្ចនិងសង្គមកិច្ចក្រោយពីជំងឺរាតត្បាតកូវីដ១៩។
កិច្ចប្រជុំចង្អៀតនៅរាជធានីភ្នំពេញពីថ្ងៃទី១៥ដល់១៧ខែកុម្ភៈដែលត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់កម្ពុជាដែលជាប្រធានប្តូរវេនអាស៊ានក៏បានគ្របដណ្តប់ដោយបញ្ហាវិបត្តិនយោបាយនិងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។
ក្រុមរដ្ឋមន្ត្រីការបរទេសបានទទួលស្គាល់ថាការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយនិងភូមិសាស្ត្រយុទ្ធសាស្ត្រ ទាំងរវាងមហាអំណាចធំៗដែលមានសហរដ្ឋអាមេរិកនិងចិន និងរវាងមហាអំណាចកណ្តាលគឺមានផលប៉ះពាល់មកលើតំបន់ទាំងមូលផងនិងមកលើប្រទេសនីមួយផងដែរដែលថ្នាក់ដឹកនាំត្រូវរកវិធីដោះស្រាយ។ នេះបើតាមការបញ្ជាក់របស់លោកប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជានិងជាម្ចាស់ផ្ទះ។
លោកប្រាក់ សុខុនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅពេលបិទកិច្ចប្រជុំថា៖
«អ៊ីចឹងយើងបានជជែកគ្នាថាតើធ្វើម៉េចដឹកនាំអាស៊ានដឹកនាំការកសាងសហគមន៍អាស៊ាននេះក្នុងកម្រិតណាដែលមិនត្រូវទទួលផលប៉ះពាល់អវិជ្ជមានពីការប្រកួតប្រជែងនោះ។ នេះជារឿងសំខាន់។ អ៊ីចឹងហើយបានជារដ្ឋមន្ត្រីការបរទេសនានាបានលើកឡើងយ៉ាងច្បាស់អំពីការពង្រឹងមជ្ឈភាពរបស់អាស៊ាន»។
ទន្ទឹមនឹងនោះ ក្រុមរដ្ឋមន្ត្រីក៏បានជំរុញការអនុវត្តក្របខណ្ឌនៃការស្តារឡើងវិញខាងផ្នែកសេដ្ឋកិច្ចរបស់អាស៊ាននិងបើកឡើងវិញការចរាចរណ៍នៅក្នុងផ្ទៃក្នុងអាស៊ានដើម្បីជួយដល់សេដ្ឋកិច្ចដែលបានរងផលប៉ះពាល់ដោយសារវិបត្តិសុខភាពដែលបង្កឡើងដោយជំងឺកូវីដ១៩។
លោកប្រាក់ សុខុនបានថ្លែងថា៖
«នេះគឺដើម្បីធ្វើយ៉ាងណាឲ្យជំរុញសេដ្ឋកិច្ចឲ្យរស់ឡើងវិញ។ ប្រទេសជាច្រើននៅក្នុងអាស៊ានពឹងផ្អែកទៅលើទេសចរណ៍។ មិនមែនតែទេសចរណ៍សុទ្ធទេ។ ប៉ុន្តែបើសិនជាមិនបានធ្វើដំណើរទៅវិញទៅមកគឺធុរៈកិច្ចផ្សេងៗទៀត ការរកស៊ីផ្សេងៗទៀតក៏វាពិបាកដែរ។ ព្រោះអ្នករកស៊ីពួកគាត់ត្រូវការជួបគ្នាត្រូវការផ្លាស់ប្តូរយោបល់ជាមួយគ្នាគាត់ត្រូវការស្វែងរកកាលានុវត្តភាពដើម្បីបោះទុនវិនិយោគឬក៏ចម្រើនកិច្ចរបររកស៊ីរបស់ពួកគាត់»។
ជំងឺរាតត្បាតកូវីដ១៩បានប៉ះពាល់ធ្ងន់ធ្ងរដល់ការងារ ថវិកាគ្រួសារនិងការសិក្សារបស់កុមារ។ ពលរដ្ឋនៅអាស៊ីអាគ្នេយ៍ពី២៥ដល់៥០%បានបាត់បង់ប្រាក់ចំណូលឬត្រូវកាត់បន្ថយប្រាក់ចំណូល។ អ្នកធ្វើការមួយភាគបីបាត់បង់ការងារឬធ្វើការមិនពេញម៉ោង។ ការសិក្សារបស់កុមារក៏ត្រូវបានកាត់បន្ថយព្រោះមិនអាចសិក្សាតាមអនឡាញបានដោយសារគម្លាតបច្ចេកវិទ្យា។ នេះបើតាមការស្ទង់មតិរបស់ធនាគារអភិវឌ្ឍន៍អាស៊ីក្នុងខែមីនាឆ្នាំ២០២១។
វិបត្តិនយោបាយនិងសន្តិសុខនៅប្រទេសមីយ៉ាន់ម៉ាក៏បានគ្របដណ្តប់លើរបៀបវារៈដែលប្រធានអាស៊ានត្រូវដោះស្រាយនៅក្នុងឆ្នាំ២០២២នេះដែរ។ វិបត្តិនេះបានកើតមានឡើងតាំងពីខែកុម្ភៈឆ្នាំមុនក្រោយពីពួកយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលស្របច្បាប់។ កម្ពុជាបានព្យាយាមដោះស្រាយវិបត្តិនេះតាមរយៈដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទៅជួបមេដឹកនាំរដ្ឋប្រហារយោធាដោយផ្ទាល់កាលពីដើមខែមករាប៉ុន្តែបាននាំឲ្យមានការរិះគន់ជាច្រើនថាធ្វើឡើងដោយគ្មានការគាំទ្រពីសមាជិកអាស៊ានដទៃទៀត។ វាក៏បានប៉ះពាល់រួចហើយដល់កិត្តិយសរបស់កម្ពុជាដោយក្រុមសិទ្ធិមនុស្សអន្តរជាតិហៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែនថាធ្វើសកម្មភាព«ការទូតខូវប៊យ» ឬតាមបែបគឃ្លើន។
Your browser doesn’t support HTML5
កិច្ចប្រជុំចង្អៀតរបស់ក្រុមរដ្ឋមន្ត្រីការបរទេសមិនមានតំណាងមកពីប្រទេសមីយ៉ាន់ម៉ាចូលរួមទេដោយសារតែអាស៊ានអនុញ្ញាតឲ្យតែតំណាងមិននយោបាយចូលរួមព្រោះរបបយោធាមិនបានអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងដើម្បីដោះស្រាយវិបត្តិនយោបាយ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសមីយ៉ាន់ម៉ាមួយរូបបានចូលរួមតាមអនឡាញនៅក្នុងកិច្ចប្រជុំរបស់មន្ត្រីជាន់ខ្ពស់ក្នុងកម្រិតបច្ចេកទេសដែលបានរៀបចំមួយថ្ងៃមុនក្រុមរដ្ឋមន្ត្រីជួបប្រជុំ។
លោកប្រាក់ សុខុនបានបញ្ជាក់ថាក្រុមរដ្ឋមន្ត្រីក៏បានសម្តែងការព្រួយបារម្ភចំពោះស្ថានការណ៍បច្ចុប្បន្ននៅមីយ៉ាន់ម៉ាផងដែរ៖
«បញ្ហាមីយ៉ាន់ម៉ាត្រូវបានជជែកច្រើនដែរប៉ុន្តែជជែកនេះក្នុងនាមគ្រួសារអាស៊ាន ជជែកនេះក្នុងនាមថាអាស៊ានចង់ជួយមីយ៉ាន់ម៉ាឲ្យចាកផុតពីវិបត្តិ។ វិបត្តិនៅមីយ៉ាន់ម៉ាវាក្លាយទៅជាវិបត្តិនយោបាយវិបត្តិសន្តិសុខ។ វារាលដាលទៅដល់វិបត្តិសេដ្ឋកិច្ចហើយក៏មានបញ្ហាវិបត្តិមនុស្សធម៌និងសុខាភិបាលខ្លាំងដែរ»។
លោកប្រាក់ សុខុនដែលពេលនេះមានភារៈកិច្ចជាបេសកជនពិសេសរបស់ប្រធានអាស៊ានគ្រោងនឹងទៅប្រទេសមីយ៉ាន់ម៉ានៅខែមីនាដោយផ្តោតការងារចម្បងលើការដោះស្រាយវិបត្តិមនុស្សធម៌។
តំបន់អាស៊ានកំពុងក្លាយជាទីចំណាប់អារម្មណ៍របស់ប្រទេសនានាក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មហើយទាមទារពង្រឹងសមត្ថភាពស្ថាប័នរបស់អាស៊ាន។ នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីប្រាក់ សុខុន។ ក្នុងចំណោមនេះ ប្រទេសចិននិងអូស្ត្រាលីបានពង្រីកទំនាក់ទំនងរហូតឈានដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ រីឯសហរដ្ឋអាមេរិកក៏បានព្យាយាមដំឡើងកម្រិតភាពជាដៃគូផងដែរ។
បើទោះបីជាហាក់ដូចជាតាមពីក្រោយចិន ប៉ុន្តែរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Bidenនៃសហរដ្ឋអាមេរិកបានផ្តោតមកចាប់អារម្មណ៍កាន់តែខ្លាំងនឹងតំបន់អាស៊ានដោយប្តេជ្ញាស្តារនិងធ្វើឲ្យប្រសើរឡើងវិញនូវទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយនឹងតំបន់ជាពិសេសលើបញ្ហាដ៏សំខាន់ជាច្រើនក្នុងនោះមានសិទ្ធិមនុស្ស សន្តិសុខ សេដ្ឋកិច្ចនិងសុខភាពសាធារណៈ។ សហរដ្ឋអាមេរិកក៏បានសម្តែងការគាំទ្រគោលការណ៍ចក្ខុវិស័យអាស៊ានលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយចាត់ទុកថាគោលការណ៍ទាំងនោះបានឆ្លុះបញ្ចាំងនៅក្នុងចក្ខុវិស័យអាមេរិកសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហរ។
កិច្ចប្រជុំកំពូលមួយរវាងសហរដ្ឋអាមេរិកនិងអាស៊ានដែលរដ្ឋបាលលោកBiden គ្រោងរៀបចំក្នុងរយៈពេលប៉ុន្មានខែខាងមុខនឹងជាឱកាសបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះអាស៊ាន។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញនិងមន្ត្រីអាមេរិកាំង។
អ្នកស្រីKarine Jean-Pierreអ្នកនាំពាក្យរងសេតវិមានបានបញ្ជាក់ប្រាប់វីអូអេកាលពីថ្ងៃទី១៧ខែកុម្ភៈថាលោកប្រធានាធិបតី Joe Biden ទន្ទឹងរង់ចាំស្វាគមន៍មេដឹកនាំអាស៊ានមកកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ីដើម្បីចូលរួមប្រជុំទល់មុខគ្នា។
អ្នកស្រីKarine Jean-Pierreបានបន្ថែមថា៖
«យើងប្តេជ្ញាពង្រឹងភាពជាដៃគូរបស់យើងជាមួយអាស៊ាន ក៏ដូចជាមជ្ឈភាពរបស់អាស៊ាន។ យើងបាននិងកំពុងធ្វើការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងក្នុងតំបន់ និងលើកកម្ពស់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ»។
ប្រជាប្រិយ៍ភាពរបស់សហរដ្ឋអាមេរិកនៅអាស៊ានកើនឡើងបន្តិចនៅឆ្នាំ២០២២ដោយមានការគាំទ្រចំនួន៥៧%បើធៀបនឹងចិនដែលធ្លាក់ចុះបន្តិចមកនៅត្រឹមតែ៤៣% ធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ស្ទង់មតិរបស់វិទ្យាស្ថាន ISEAA-Yusof Ishak របស់សិង្ហបុរីដែលចេញផ្សាយកាលពីថ្ងៃទី១៦ខែកុម្ភៈ។ ប៉ុន្តែនៅកម្រិតប្រទេសនីមួយៗវិញគឺមានការប្រែប្រួលខុសគ្នា។ ប្រទេសបីគឺកម្ពុជា ឡាវ និងព្រុយណេសុខចិត្តជ្រើសរើសចិនច្រើនជាងសហរដ្ឋអាមេរិក។ ប្រទេសកម្ពុជាមានជំនឿលើចិនដល់៨១,៥%ដែលកើនឡើងពីចំនួន៤៦,២%កាលពីឆ្នាំ២០២១។ ប៉ុន្តែប្រទេស មីយ៉ាន់ម៉ាវិញដែលធ្លាប់គាំទ្រចិនបានងាកមកគាំទ្រអាមេរិកវិញដោយកម្រិតគាំទ្រសហរដ្ឋអាមេរិកបានឡើងពី៤៨,១%នៅឆ្នាំមុនរហូតដល់៩២%នៅឆ្នាំ២០២២នេះ។
អ្នកស្រីហ៊ីម សុធារ័ត្ន សាស្រ្តាចារ្យដេប៉ាតឺម៉ង់សិក្សាអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញយល់ថាសហរដ្ឋអាមេរិកគួរតែចូលរួមពាក់ព័ន្ធក្នុងតំបន់អាស៊ីអាគ្នេយ៍ឲ្យបានច្រើនជាងបច្ចុប្បន្នជាពិសេសជាមួយនឹងសមាជិកថ្មីដែលមានដូចជាកម្ពុជា ឡាវ និងវៀតណាមនិងផ្តោតលើវិស័យដែលអាមេរិកមានជំនាញ។
អ្នកស្រីហ៊ីម សុធារ័ត្នបានបន្ថែមថា៖
«អ៊ីចឹងអាមេរិកគួរតែចាប់ផ្តើមពង្រីកនូវកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាពិសេសទៅលើវិស័យសេដ្ឋកិច្ចនិងវិស័យអប់រំ»។
អ្នកជំនាញកិច្ចការអាស៊ាននិងចិននៅរដ្ឋធានីវ៉ាស៊ីនតោនសម្តែងទុទិដ្ឋិនិយមថាកម្ពុជាអាចនឹងសម្រេចបានច្រើនក្នុងរយៈពេលមួយឆ្នាំនេះ។
លោក Charles Dunst អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិបានសម្តែងការរំពឹងទុកទាបចំពោះការដឹកនាំរបស់កម្ពុជាដោយសារធ្លាប់បានរាំងស្ទះកិច្ចការរបស់ប្រទេសក្នុងតំបន់អាស៊ានកាលពីឆ្នាំ២០១២ព្រោះតែកម្ពុជាមានទំនាក់ទំនងល្អជាមួយនឹងទីក្រុងប៉េកាំងនិងបញ្ហាប្រឈមនានាដែលមានក្នុងតំបន់។
លោក Charles Dunst បានបន្ថែមប្រាប់វីអូអេខេមភាសាថា៖
«ដូច្នេះខ្ញុំមានការព្រួយបារម្ភថា ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាអាចឲ្យអាស៊ាននៅទ្រឹងឬអាចជាការបរាជ័យដែលនឹងពន្លឿនការធ្លាក់ចុះនៃអាស៊ាន ដោយសារមន្ត្រីគោលនយោបាយលោកខាងលិច និងសហរដ្ឋអាមេរិកជាច្រើនមិនមានទស្សនៈវិជ្ជមានអំពីអាស៊ាន នោះទេ។ ខ្ញុំគិតថា មន្ត្រីជាច្រើនគិតថា អាស៊ានដែលជាកន្លែងបានតែនិយាយ ឬមិនសូវបានធ្វើច្រើន ឬជាចម្បងដោយសារប្រតិបត្តិការដោយការឯកភាព»។
លោកCharles Dunstសង្កត់ធ្ងន់លើមជ្ឈភាពរបស់អាស៊ានដោយរក្សាអាស៊ានជាវេទិកាសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ដើម្បីចូលរួមទាំងប្រទេសចិននិងសហរដ្ឋអាមេរិកដោយមិនត្រូវលំអៀងទៅខាងណានោះទេហើយត្រូវតែធ្វើការជាប្លុកតែមួយជាមួយនឹងមហាអំណាចទាំងពីរដើម្បីមានកម្លាំងខ្លាំងពីព្រោះទាំងសហរដ្ឋអាមេរិក និងចិនមានអានុភាពខ្លាំងជាងលើបណ្តាប្រទេសអាស៊ីអាគ្នេយ៍បើពួកគេធ្វើការដោយឡែករៀងៗខ្លួន។
លោក Charles Dunst យល់ថាបញ្ហាដ៏រសើបមួយទៀតគឺការចរចាបង្កើតក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងដើម្បីដោះស្រាយទំនាស់ដែនសមុទ្រនិងកោះរវាងមហាអំណាចចិននិងសមាជិកអាស៊ានមួយចំនួន ក៏ទំនងជាមិនសម្រេចបានក្រោមការដឹកនាំរបស់កម្ពុជាទេ។ ការណ៍នេះដោយសារតែទស្សនៈរបស់ចិនលើបញ្ហាដែលនៅសេសសល់គឺយន្តការដោះស្រាយទំនាស់ហាក់នៅឆ្ងាយពីប្រទេសសមាជិកអាស៊ានមួយចំនួន។ កត្តាមួយទៀតគឺមកពីកម្ពុជាខ្លួនឯង។
លោកCharles Dunst បានបន្ថែមថា៖
«និយាយដោយត្រង់ កម្ពុជាមិនចង់ដោះស្រាយបញ្ហាសន្តិសុខ ដូចជាក្រមប្រតិបត្តិទេក្នុងឋានៈជាប្រធាន ព្រោះបញ្ហាទាំងនេះមានលក្ខណៈរសើប ហើយការឯកភាពគ្នានឹងពិបាករកបានណាស់។ ហើយរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ថាបញ្ហាភាគច្រើនពិបាក ហើយមិនមែនជាអ្វីដែលពួកគេចង់ចំណាយពេលវេលានោះទេហើយបើទោះជាកម្ពុជាមិនរារាំងទាំងស្រុងនូវសេចក្តីថ្លែងការណ៍រិះគន់ចិននៅសមុទ្រចិនខាងត្បូងដូចដែលពួកគេបានធ្វើកាលពីប៉ុន្មានឆ្នាំមុនក៏ដោយ ខ្ញុំរំពឹងថាកម្ពុជានឹងរុញច្រានបញ្ហាសមុទ្រចិនខាងត្បូងចេញពីរបៀបវារៈតាមដែលអាចធ្វើទៅបាន»។
ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានលើកយកបញ្ហាសមុទ្រចិនខាងត្បូងមកពិភាក្សាដែរនៅក្នុងកិច្ចប្រជុំចង្អៀតដោយនៅចុងបញ្ចប់នៃកិច្ចប្រជុំនេះក្រុមរដ្ឋមន្ត្រីបានត្រឹមបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាពសន្តិសុខ ស្ថិរភាពនៅតំបន់នោះនិងសម្តែងការពេញចិត្តនឹងដំណើរការចរចាបង្កើតក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង សេរីភាពចរាចរណ៍តាមសមុទ្រនិងតាមអាកាសនិងគោរពតាមសេចក្តីប្រកាសស្តីពីសមុទ្រចិនខាងត្បូង(DOC)ដែលមានអាយុកាល២០ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោកប្រាក់ សុខុន៕