កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ដែល​គ្រោង​ធ្វើ​នៅ​ខេត្ត​សៀមរាប ត្រូវ​លើក​ពេល ខណៈ​មាន​ភាព​ចម្រូងចម្រាស

រូបឯកសារ៖ បុគ្គលិក​ម្នាក់ កាន់​ទង់​អាស៊ាន ដែល​ត្រូវ​បាន​គេ​ដោត​តាំង​នៅ​សាល​ប្រជុំ​ក្នុង​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២១។

មន្រ្តី​ជាន់​ខ្ពស់នៃ​ក្រសួង​ការ​បរទេស​កម្ពុជា​ឲ្យ​ដឹង​ថា​ កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប​នា​សប្តាហ៍​ក្រោយ​ ត្រូវ​បាន​លើក​ពេល​ ក្រោម​ហេតុផល​ថា ​រដ្ឋមន្រ្តី​ការ​បរទេស​«ជា​ច្រើន​រូប»​រវល់។​

លោក ​កុយ គួង ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ក្នុង​ប្រព័ន្ធ​តេឡេក្រាម​ (Telegram)​ នៅថ្ងៃ​ពុធថា​ «កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ​ដែល​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី១៨-១៩ ​ខែ​មករា​ ឆ្នាំ​២០២២​ នៅ​ខេត្ត​សៀមរាប​ ត្រូវ​បាន​លើក​ទៅធ្វើ​នាពេល​ក្រោយ​វិញ។ ​ការ​លើក​ពេល​នេះ ដោយ​មូលហេតុ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ជាច្រើន​រូប ​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ខាង​លើ»។​

កាល​បរិច្ឆេទ​នៃ​កិច្ច​ប្រជុំ​លើក​ក្រោយ ​មិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ​ទេ។​

វីអូអេ​ មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ​កុយ គួង​ បាន​នៅ​ឡើយ​ទេ។​

សារ​ព័ត៌មាន ​South China Morning Post​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ពុធ ​ដោយ​ដក​ស្រង់​សម្តី​អ្នក​នាំពាក្យ​របស់​រដ្ឋមន្រ្តី​ការ​បរទេស​ម៉ាឡេស៊ី​ថា​ រដ្ឋមន្រ្តី​ មិន​អាច​ចូល​បាន​ ដោយសារ​ជាប់​រវល់​កិច្ច​ប្រជុំ​សភា​បន្ទាន់ទាក់​ទង​នឹង​បញ្ហា​ទឹក​ជំនន់​ក្នុង​ប្រទេស។​

ការ​លើក​ពេល​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​អាស៊ាន ​ដោយ​មិន​ទាន់​កំណត់​ពេល​នេះ ​ធ្វើ​ឡើង​ក្រោយ​ពី​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ទៅ​ជួប​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ កាលពី​ថ្ងៃ​ទី​៧​ ខែ​មករា​ ឆ្នាំ​២០២២ ​ដែល​រង​ការ​រិះគន់​អំពី​ការ​ទទួល​ស្គាល់​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា។​

សារ​ព័ត៌មាន ​South China Morning Post ​បាន​ចុះ​ផ្សាយ​ថា ​មាន​ការ​ព្យាយាម​គេច​ ដោយសារ​ការ​អញ្ជើញ​រដ្ឋមន្រ្តី​ការ​បរទេស​ ដែល​តែងតាំង​ដោយ​ក្រុម​យោធា​មីយ៉ាន់ម៉ា ​គឺ​លោក Wunna Maung​ Lwin។​

គួរ​បញ្ជាក់​ថា​ កាលពី​កន្លង​ទៅ ​លោក ​Joko Widodo ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ បាន​ឲ្យ​ដឹង​នៅ​លើ​ទំព័រ ​Twitter ​របស់​លោក​ថា ប្រសិន​បើ​មិន​មាន​វិវឌ្ឍនភាព​គួរ​ឲ្យ​កត់​សម្គាល់​ទៅ​លើ​៥​ចំណុច​ដែល​បាន​ឯកភាព​គ្នា​ទេ ​តំណាង​របស់​ប្រទេស​មីយ៉ាន់ម៉ា​ អាច​ចូល​រួម​ប្រជុំ​អាស៊ាន​បាន ​តែ​ក្នុង​កម្រិត​មិន​មែន​នយោបាយ​តែ​ប៉ុណ្ណោះ៕