ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) ហៅកាត់ថា APHR ដែលជាបណ្តាញអ្នកតំណាងរាស្ត្រគាំទ្រការលើកកម្ពស់សិទ្ធិមនុស្សក្នុងតំបន់អាស៊ីអាគ្នេយ៍បានអំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យដោះលែងអ្នកកាសែតឯករាជ្យលោក ម៉ិច ដារ៉ា ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៣០ ខែកញ្ញា។
លោក ដារ៉ា ត្រូវបានកងកម្លាំងអាជអាវុធចាប់ខ្លួនកាលពីចន្ទ ពេលលោកធ្វើដំណើរជាមួយគ្រួសារចេញពីខេត្តព្រះសីហនុ កាត់តាមស្រុកស្រែអំបិល ខេត្តកោះកុង ឆ្ពោះមកកាន់រាជធានីភ្នំពេញ ហើយត្រូវបានចោទដោយតុលាការកម្ពុជាពីបទញុះញង់ ជុំវិញការបង្ហោះព័ត៌មានរបស់លោកលើបណ្តាញសង្គម។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ១ ខែតុលា ប្រធានក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស អ្នកស្រី Mercy Chriesty Barends ត្រូវបានស្រង់សម្តីតាមអត្ថន័យដើមថា៖ «រដ្ឋាភិបាលកម្ពុជាត្រូវតែដោះលែងលោក ដារ៉ា ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ»។ អ្នកស្រីបន្ថែមថា៖ «រដ្ឋាភិបាលត្រូវតែធានាអំពីសុវត្ថិភាព និងសុខុមាលភាពរបស់គាត់»។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សបានឱ្យដឹងទៀតថា ការចូលរួមចំណែកដ៏មានសារៈសំខាន់ក្នុងវិជ្ជាជីវៈសារព័ត៌មានរបស់លោក ដារ៉ា ជាពិសេសក្នុងការស៊ើបអង្កេតទៅក្នុងអគារបម្រើដល់ការឆបោកតាមប្រព័ន្ធអនឡាញនៅប្រទេសកម្ពុជាបានបង្ហាញយ៉ាងច្បាស់អំពីការកេងប្រវ័ញ្ច និងបញ្ហានានាពាក់ព័ន្ធនឹងការជួញដូរមនុស្ស។ កិច្ចខិតខំរបស់លោកត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិកាលពីឆ្នាំមុន នៅពេលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ពានរង្វាន់ឱ្យលោកចំពោះសេចក្តីក្លាហានក្នុងវិជ្ជាជីវៈសារព័ត៌មាន។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សយល់ឃើញថា ការចាប់ខ្លួនលោក ដារ៉ា មិនត្រឹមតែបំបិទសំឡេងរិះគន់ទេ ប៉ុន្តែថែមទាំងបានផ្ញើសារដ៏គួរឱ្យព្រួយបារម្ភទៅកាន់សហគមន៍ប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជា និងហួសពីប្រទេសនេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃអង្គារ សមាជិកក្រុមប្រឹក្សាភិបាល APHR និងជាតំណាងរាស្ត្រនៅសភាប្រទេសហ្វ៊ីលីពីនអ្នកស្រី Arlene D Brosas ត្រូវបានស្រង់សម្តីតាមអត្ថ័យដើមថា៖ «យើងរំឭករដ្ឋាភិបាលកម្ពុជាអំពីកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិដើម្បីការពារ និងតម្កល់ទុកសេរីភាពសម្តែងមតិ និងសារព័ត៌មាន»។
អ្នកស្រីបានសង្កត់ធ្ងន់ថា៖ «ប្រព័ន្ធផ្សព្វផ្សាយគឺជាសរសរស្តម្ភមួយដែលទ្រទ្រង់លទ្ធិប្រជាធិបតេយ្យ ហើយដែលមានសារៈសំខាន់ដល់ការការពារសិទ្ធិមនុស្ស និងការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព»។
បើតាមក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស សេរីភាពសម្តែងមតិ ក្នុងនោះគឺមានសេរីភាពសារព័ត៌មាន គឺជាសិទ្ធិមូលដ្ឋានដែលត្រូវបានការពារនៅក្រោមកិច្ចសន្យាជាផ្លូវការស្តីពីសិទ្ធិស៊ីវិលនិងនយោបាយហៅកាត់ថា ICCPR ដែលមាតា្រ១៩នៃកិច្ចសន្យានេះ បានធានាសិទ្ធិរបស់បុគ្គល និងអ្នកកាសែតដើម្បីស្វែងរកទទួល និងចែករំលែកព័ត៌មានដោយគ្មានការគំរាមកំហែងទាំងចំណាត់ការ និងពាក្យសម្តី។
ការចាប់ខ្លួនលោក ម៉ិច ដារ៉ា កើតឡើងបន្ទាប់ពីមន្ត្រីរដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែងចេញវីដេអូឃ្លីបមួយ បដិសេធការបង្ហោះរូបភាពលើបណ្តាញសង្គមហ្វេសប៊ុក អំពីការបំផ្លិចបំផ្លាញនៅភ្នំឈើកាច់ ក្នុងស្រុកបាភ្នំ។ មន្ត្រីរដ្ឋបាលស្រុកបាភ្នំចោទថា ការបង្ហោះនោះដែលធ្វើឡើងដោយលោក ម៉ិច ដារ៉ាជា «ព័ត៌មានបំផ្លើសការណ៍ពិត និងញុះញង់»។
រដ្ឋបាលស្រុកបាភ្នំបានស្នើឱ្យក្រសួងព័ត៌មានតាមដានសកម្មភាពរបស់លោក ម៉ិច ដារ៉ា ចំពោះការបង្ហោះរូបភាពទាំងនោះ និងមានវិធានការច្បាប់លើអ្នកកាសែតរូបនោះ។
ក្រសួងព័ត៌មានបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងបន្តតាមដានសំណុំរឿងនេះយ៉ាងយកចិត្តទុកដាក់ ហើយបានលើកទឹកចិត្តឲ្យមេធាវីការពារក្តីលោក ម៉ិច ដារ៉ា និងអ្នកកាសែតរូបនោះខិតខំប្រមូលភស្តុតាងដើម្បីតតាំងក្តីនៅតុលាការ។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ ប្រាប់វីអូអេថា ករណីលោក ម៉ិច ដារ៉ា មិនពាក់ព័ន្ធនឹងការអនុវត្តវិជ្ជាជីវៈសារព័ត៌មានទេ ដូច្នេះលោកថា ទាំងលោក ម៉ិច ដារ៉ា និងមេធាវីត្រូវរកភស្តុតាងមកដោះបន្ទុកក្នុងដំណើរកាត់ក្តីនៅតុលាការ។
លោកថ្លែងថា៖ «យោងតាមខ្លឹមសារ ក៏ដូចជាយោងតាមអង្គហេតុដែលបានចេញផ្សាយរួចហើយដោយអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សំណុំរឿងរបស់ជនត្រូវចោទ ដែលពាក់ព័ន្ធនេះគឺមិនមានការពាក់ព័ន្ធនឹងការអនុវត្តវិជ្ជាជីវៈសារព័ត៌មានទេ»។
លោកបន្ថែមថា៖ «ហេតុដូច្នេះហើយសុំសមាគម អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធមួយចំនួនទៀត សុំកុំព្យាយាមភ្ជាប់ករណីមួយនេះទៅនឹងការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន ដែលជាការធ្វើការវាយតម្លៃខុសឆ្គង ហើយវាមិនមានមូលដ្ឋានលើវិស័យសារព័ត៌មាននៅកម្ពុជា ហើយសុំកុំតាំងខ្លួនជាតួឯក និងជាជើងឯកនៅក្នុងសេរីភាពសារព័ត៌មាននោះឡើយ»។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងព័ត៌មានចុះថ្ងៃទី ២ ខែតុលា បណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានរបស់ឈ្មោះ ម៉ិច ដារ៉ា បានហួសសុពលភាពតាំងពីចុងឆ្នាំ ២០២២ មកម្ល៉េះ និងមិនមានការស្នើសុំបន្តសុពលភាពជាថ្មីរហូតមកដល់ពេលនេះ ទោះក្នុងទម្រង់ស្ថាប័ន ឬជាអ្នកសារព័ត៌មានគ្មានអង្គភាព (freelancer)។
ក្រសួងបន្ថែមថា៖ «គេមិនត្រូវយកបុគ្គលប្រព្រឹត្តបទល្មើសម្នាក់មកវាយតម្លៃលើស្ថានភាពសារព័ត៌មាននៅកម្ពុជាឡើយ។ សេរីភាពសារព័ត៌មាននៅកម្ពុជាក៏មិនមែននៅលើបបូរមាត់របស់ជនបរទេសវាយតម្លៃដែរ»។
យ៉ាងណាក៏ដោយ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ថ្លែងថា សេរីភាពសារព័ត៌មានជាគ្រឹះមួយដើម្បីឱ្យប្រជាធិបតេយ្យដំណើរការបានត្រឹមត្រូវ។ ហេតុដូច្នេះ APHR ផ្តល់ការគាំទ្រដល់លោក ម៉ិច ដារ៉ា និងរាល់អ្នកកាសែតទាំងអស់នៅប្រទេសកម្ពុជា ដែលបន្តការងារយ៉ាងក្លាហាននៅក្រោមកាលៈទេសៈដ៏លំបាកនេះ៕