វិបត្តិនយោបាយបង្ហូរឈាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការកើនឡើងនៃភាពគឃ្លើនរបស់ចិនកំពុងគ្របដណ្តប់លើសន្និសីទកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ានដែលបានបើកធ្វើឡើងនៅថ្ងៃអង្គារនេះនៅរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី។
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានប្រាប់ក្រុមមេដឹកនាំដែលជាសហការីរបស់លោកនៅប្លុកក្នុងតំបន់ដែលមានប្រទេស១០ជាសមាជិកនេះថា អាស៊ាន«បានព្រមព្រៀងមិនធ្វើជារណបឱ្យមហាអំណាចមួយណាទេ» ហើយបាននិយាយទៀតថា ពួកគេត្រូវតែធ្វើជាកាពីទែន (នាយនាវា) របស់នាវាខ្លួនដើម្បីធ្វើឱ្យសម្រេចសន្តិភាព។
អាស៊ានបានត្រូវរារាំងនៅក្នុងការប៉ុនប៉ងរបស់ខ្លួនដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលត្រូវបានជាប់ផុងនៅក្នុងចលាចលចាប់តាំងពីពួកយោធាបានទម្លាក់លោកស្រី Aung San Suu Kyi មេដឹកនាំពិតប្រាកដរបស់រដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក។ ពួកយោធាបានយល់ព្រមចំពោះ«ការមូលមតិ»៥ចំណុចដែលត្រូវបានព្រាងដោយអាស៊ានតែប៉ុន្មានខែបន្ទាប់ពីរដ្ឋប្រហារនោះ ដែលរួមមានការបញ្ចប់ភា្លមៗនូវអំពើហិង្សា ការចរចាសន្តិភាពរវាងពួកយោធានិងគូប្រឆាំងរបស់ខ្លួននិងការផ្គត់ផ្គង់ជំនួយមនុស្សធម៌។
ក៏ប៉ុន្តែ ពួកយោធាមីយ៉ាន់ម៉ាបានខកខានធ្វើតាមផែនការរបស់អាស៊ាន ដោយបានធ្វើការបង្ក្រាបដ៏បង្ហូរឈាមលើបាតុកម្មប្រឆាំងរដ្ឋប្រហារ ហើយធ្វើការវាយប្រហារតាមអាកាសដ៏ប្រល័យលើកងកម្លាំងតស៊ូដែលត្រូវបានជួយដោយក្រុមឧទ្ទាមជនជាតិភាគតិចជាច្រើននៅតាមតំបន់ដាច់ស្រយាលដែលបានប្រយុទ្ធអស់រាប់ទសវត្សរ៍ដើម្បីស្វ័យភាពកាន់តែធំឡើងរបស់ខ្លួន។
ពួកមេដឹកនាំបានព្រមព្រៀងគ្នានៅថ្ងៃអង្គារនេះដើម្បីដកឋានៈជាប្រធានអាស៊ានរបស់មីយ៉ាន់ម៉ានៅឆ្នាំ២០២៦ ហើយប្រគល់ទៅឱ្យប្រទេសហ្វីលីពីនធ្វើជាប្រធានវិញ។
សន្និសីទកំពូលនៅថ្ងៃអង្គារនេះកើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពីចិនបានបញ្ចេញផែនទីសមុទ្រថ្មីមួយដែលបញ្ជាក់ការទាមទាររបស់ខ្លួនដល់ផ្នែកភាគច្រើននៃសមុទ្រចិនខាងត្បូង ដែលធ្វើឱ្យមានការតានតឹងជាមួយប្រទេសជិតខាងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រជែងទាមទារទឹកដីនោះដែរ។
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris នឹងចូលរួមសន្និសីទកំពូលអាស៊ាននៅសប្តាហ៍នេះដើម្បីជំនួសលោកប្រធានាធិបតី Joe Biden និងវេទិកាតំបន់ដ៏ធំមួយទៀតដែលនឹងរួមមានចូលរួមពីប្រទេសចិន រុស្ស៊ី ឥណ្ឌានិងជប៉ុនផងដែរ៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះមានប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters និង AFP។