ជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង និងការអភិវឌ្ឍសេដ្ឋកិច្ចគឺជា បញ្ហាដ៏ធំចំនួនពីរហើយមានលក្ខណៈប្រទាក់ក្រឡាគ្នា ដែលកំពុងប្រឈមមុខមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅពេល ដែលមេដឹកនាំទាំង១០ជួបប្រជុំគ្នាក្នុងរយៈពេលពីរសប្តាហ៍ទៀតនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន និងប្រារព្ធខួបលើកទី ៥០ឆ្នាំនៃការបង្កើតសមាគមថ្នាក់តំបន់នេះ។
ប្រទេសជាសមាជិកអាស៊ានចំនួន ៥ ដែលមានប្រទេសប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីននិងវៀតណាម មានជម្លោះដែនទឹកជាមួយនឹងប្រទេសចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូងដោយសារតែប្រទេសចិនទាមទារយកដែនទឹក និងកោះចំនួន ៩០ភាគរយ។ ប្រទេសកម្ពុជា ដែលជាសមាជិកមួយរបស់អាស៊ានគាំទ្រប្រទេសចិន ហើយបានបដិសេធរាល់ការប៉ុនប៉ងណាមួយ ដែលពង្រីកជម្លោះនេះ ដោយប្រកាន់យកតាមគោលការណ៍ឯកភាពគ្នានៅលើជម្លោះនេះ។
ក្នុងពេលជាមួយគ្នានោះដែរសមាជិកទាំងអស់ ដែលរួមមានប្រទេសភូមា ឡាវ ថៃ និងសិង្ហបុរី បានប្រើប្រាស់គោលការណ៍ឯកភាពគ្នានេះ ដើម្បីអភិវឌ្ឍតំបន់នេះឱ្យទទួលបានជោគជ័យដ៏ធំធេងនៅក្នុងយុគសម័យនៃសេដ្ឋកិច្ចទំនើប។ នេះបើតាមការលើកឡើងរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។ អាស៊ានក៏មានសេដ្ឋកិច្ចធំលំដាប់ទីបីនៅក្នុងទ្វីបអាស៊ី ដោយមានផលទុនសរុបក្នុងស្រុកចំនួនជាង២,៦ លានលានដុល្លារ និងការរីកលូតលាស់ប្រចាំឆ្នាំចន្លោះពី ៤ទៅ៥ភាគរយ។
ជំនួបនៅក្នុងទីក្រុងម៉ានីលកើតមានឡើងមួយឆ្នាំ ក្រោយពីការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានដែល «មានទស្សនៈវិស័យឱ្យមានទីផ្សារតែមួយនិងផ្អែកលើផលិតកម្ម... ដែលមានការអភិវឌ្ឍសេដ្ឋកិច្ចស្មើៗគ្នា និងធ្វើសមាហរណកម្មចូលក្នុងសេដ្ឋកិច្ចពិភពលោក ដោយមានច្បាប់វិនិយោគនិងពាណិជ្ជកម្មស៊ីសង្វាក់គ្នា ហើយអាស៊ានដែលជាអង្គការមួយផ្អែកលើច្បាប់ និងពង្រឹងខ្លួនឱ្យក្លាយទៅជាគោលដៅ ដែលមានលក្ខណៈទាក់ទាញសម្រាប់ការវិនិយោគ»។ នេះបើតាមការបញ្ជាក់នៅក្នុងគេហទំព័រផ្លូវការរបស់សមាគមអាស៊ាន។
លោកឈាង វណ្ណារិទ្ធ អ្នកស្រាវជ្រាវនៃវិទ្យាស្ថាន Iseas-Yusof Ishak ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានបញ្ជាក់ថា៖
«យើងឃើញថា ការប្រកួតប្រជែងអំណាចធ្វើឱ្យបណ្តាប្រទេសអាស៊ានមួយចំនួនគឺ បាត់បង់នូវលំនឹងភាពរបស់ខ្លួន ហើយប្រសិនបើអាមេរិក និងចិននៅតែបន្តការប្រកួតប្រជែងអំណាចនៅក្នុងតំបន់ទេ វាអាចធ្វើឱ្យប៉ះពាល់ដល់សាមគ្គីភាពរបស់អាស៊ាន»។
សាមគ្គីភាពនេះបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជាតិអាស៊ាន។ នេះបើតាមការអះអាងរបស់លោកឈាង វណ្ណារិទ្ធ។
លោកបានបន្ថែមថា៖
«យើងមើលឃើញថាការធ្វើសមាហរណកម្មសេដ្ឋកិច្ចមានលក្ខណៈស៊ីជម្រៅជាពិសេសក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ក្រោយពីការបញ្ចប់នូវសង្គ្រាមត្រជាក់។ នៅដើមទសវត្សរ៍ទី៩០រហូតមកដល់បច្ចុប្បន្ននេះ យើងឃើញថាសមាហរណកម្មសេដ្ឋកិច្ចមានលក្ខណៈស៊ីជម្រៅ និងរស់រវើកហើយទៅថ្ងៃអនាគតការពឹងពាក់គ្នាខាងសេដ្ឋកិច្ចគឺជា កត្តាមួយដ៏សំខាន់ដើម្បីសម្រេចបាននូវសហគមន៍អាស៊ាន»។
ដែនសមុទ្រដែលមានជម្លោះ
ការតានតឹងក្នុងសមុទ្រចិនខាងត្បូងបានកើនឡើងចាប់តាំងពីឆ្នាំ២០១០ នៅពេលដែលប្រទេសចិនបង្កើនវត្តមាននៅលើដែនសមុទ្រដែលមានទំហំ ៣,៥លានគីឡូម៉ែត្រក្រឡា ដែលសំបូរទៅដោយធនធានមច្ឆា និងប្រេង។ តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់សមាជិកអាស៊ាន ដែលមានដូចជា ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីនត្រួតគ្នាលើតំបន់ ដែលប្រទេសចិនទាមទារ។
ជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូងគឺ លាតសន្ធឹងហួសពីតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេសនីមួយៗ ដែលតាមច្បាប់អន្តរជាតិកំណត់ថា មិនឱ្យលើសពីចម្ងាយ ៣៧០គីឡូម៉ែត្រពីឆ្នេរសមុទ្រទេ។
រយៈពេលបួនឆ្នាំ ក្រោយពីប្រទេសចិនបានចូលកាន់កាប់ប្រជុំកោះតូចៗមួយ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ ដែលមានមូលដ្ឋានក្នុងទីក្រុងឡាអេ បានចេញសាលក្រមក្នុងឆ្នាំ២០១៦ សម្រេចគាំទ្រប្រទេសហ្វីលីពីន ដោយបញ្ជាក់ថា ប្រទេសចិនមិនមានមូលដ្ឋានច្បាប់អ្វីគាំទ្រដល់ការទាមទារសិទ្ធិជាប្រវត្តិសាស្រ្តរបស់ខ្លួននៅលើផ្នែកជាច្រើននៃដែនទឹកមានជម្លោះគ្នានោះទេ។ ប្រធានាធិបតីចិនស៊ី ជិនពីងបានច្រានចោលសេចក្តីសម្រេចនោះ។
លោកស្រី បូន្នី ក្លាសេ អ្នកឯកទេសខាងផ្នែកកិច្ចការចិន និងអាស៊ីនៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្តនិងកិច្ចការអន្តរជាតិ ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនបានបញ្ជាក់ថា បញ្ហានេះនឹងស្ថិតនៅក្នុងតំបន់នេះជាច្រើនឆ្នាំ ជាពិសេសក្នុងការចរចាឱ្យមានក្រមប្រតិបត្តិដែនសមុទ្រដ៏មានប្រសិទ្ធភាពមួយ។
ការចរចាអស់រយៈពេលជាច្រើនឆ្នាំសម្រេចបានតែក្របខណ្ឌនៃក្រមប្រតិបត្តិ ដែលមិនតម្រូវឱ្យត្រូវតែគោរពតាម ដែលប្រទេសសមាជិកបានអនុម័តកាលពីខែសីហា។ សហរដ្ឋអាមេរិក អូស្ត្រាលីនិងជប៉ុនចង់ឱ្យវាមាន «អំណាចផ្លូវច្បាប់ មានអត្ថន័យត្រឹមត្រូវ មានប្រសិទ្ធភាព និងស្របគ្នាជាមួយច្បាប់អន្តរជាតិ»។
លោកស្រី បូន្នី ក្លាសេ បានប្រាប់ដល់អ្នកចូលរួមក្នុងកិច្ចពិភាក្សាមួយកាលពីពាក់កណ្តាលខែតុលាថា៖
«ដូច្នេះនេះជា ការបង្ហាញយ៉ាងច្បាស់ថា ការចរចានេះនឹងមិនជឿនលឿនទៅមុខលឿនជាងអ្វីដែលចិនចង់បានទេហើយខ្ញុំគិតថា សមាជិកគ្រប់ប្រទេសហាក់ដូចជា យល់ស្របតាមហ្នឹង»។
លោកជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកបានមានប្រសាសន៍ថាការចូលពាក់ព័ន្ធពីមហាអំណាច ដែលមិនមែនជាសមាជិកអាស៊ាននឹងមិនឈានទៅដល់ការឈ្លោះប្រកែកគ្នានៅក្នុងចំណោមប្រទេសជាសមាជិកទេ។
«អាស៊ាននៅតែសាមគ្គីគ្នាអីចឹងពីព្រោះសិទ្ធិនៃការសម្រេចទៅលើបញ្ហាជម្លោះនានាដែលមានរវាងប្រទេសក្នុងសមាគមអាស៊ាន ជាមួយនឹងប្រទេសណាមួយមិនអាចមានអ្នកដទៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាបានទេ។ គេត្រូវតែដោះស្រាយតាមទ្វេភាគីនៃប្រទេសដែលមានជម្លោះ»។
ចំណែកលោកផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីបានបន្ថែមដែរថា៖
«ដោយសារអាស៊ានយកគោលការណ៍សំខាន់ដែលមិនអាចមើលរំលងបានគឺ សន្តិភាព រួមគ្នាដោះស្រាយរកមធ្យោបាយមិនកាន់ជើងខាងណាឱ្យបាន បង្កើតជាវេទិកាពិភាក្សាឱ្យបានច្រើនហើយមានដំណោះស្រាយជាបន្តបន្ទាប់។ នេះមានសារៈសំខាន់ណាស់»។
កិច្ចសហការសេដ្ឋកិច្ច
ក្រៅពីប្រទេសចិន នៅមានតួអង្គដែលមិនមែនជាសមាជិកអាស៊ានមួយទៀតគឺ សហរដ្ឋអាមេរិក។ រដ្ឋបាលទីក្រុងវ៉ាស៊ីនតោននឹងប្រារព្ធខួបលើកទី ៤០នៃចំណងទាក់ទងជាមួយនឹងតំបន់អាស៊ាន។ លោកមែត ម៉ាធ្យូ ឧបការីរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិកនិងជាឯកអគ្គរដ្ឋទូតប្រចាំនៅអង្គការ APEC នៃការិយាល័យទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ សហរដ្ឋអាមេរិកបានផ្តោតខ្លាំងលើបញ្ហាចំនួនបួនធំៗគឺ ពាណិជ្ជកម្ម គោលនយោបាយ ឋាមពល និងការបង្កើតថ្មី។
លោកមែត ម៉ាធ្យូបានព្យាករណ៍ថា ការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នឹងកាន់តែស៊ីជម្រៅទៀត៖
លោកម៉ាធ្យូបានប្រាប់ដល់វេទិកាមួយនៅឯមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្តនិងកិច្ចការអន្តរជាតិកាលពីពាក់កណ្តាលខែតុលាថា៖
«រួមគ្នាជាមួយនឹងដំណើរទៅចូលរួមប្រជុំរបស់លោកប្រធានាធិបតីនៅខែវិច្ឆិកា យើងនឹងអាចធានាដល់មេដឹកនាំទាំងនោះថា យើងស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងនាមជាមហាអំណាចនៅអាស៊ីប៉ាស៊ីហ្វិក ដោយមិនទៅណាទេ»។
លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណល់ ត្រាំ គ្រោងនឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ី និងប៉ាស៊ីហ្វិកពីថ្ងៃទី១១ ដល់១២ខែវិច្ឆិកា នៅប្រទេសវៀតណាម និងធ្វើដំណើរទៅប្រទេសហ្វីលីពីន ដើម្បីចូលរួមក្នុងការប្រារព្ធខួបលើកទី ៥០ឆ្នាំនៃការបង្កើតសមាគមអាស៊ាន និងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងអាស៊ាននៅថ្ងៃទី១២ និង១៣ខែវិច្ឆិកា។ សេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាននានានៅសប្តាហ៍នេះឱ្យដឹងថាលោកប្រធានាធិបតីត្រាំនឹងមិនស្នាក់នៅប្រទេសហ្វីលីពីនរហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់បណ្តាប្រទេសអាស៊ីបូព៌ាទេ។
លោក អាស៊ុក មឺពូរី ឯកអគ្គរដ្ឋទូតប្រទេសសិង្ហបុរីប្រចាំសហរដ្ឋអាមេរិកបានថ្លែងទទួលស្គាល់ពីការចាប់អារម្មណ៍របស់សហរដ្ឋអាមេរិកលើតំបន់អាស៊ានក្នុងពេល ដែលមហាអំណាចមួយនេះកំពុងមានចំណាប់អារម្មណ៍នឹងភាពតានតឹងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។
លោក មឺពូរី បានបន្ថែមថា៖
«ខ្ញុំគិតថា នៅពេលណាដែលរដ្ឋបាលនេះមើលឃើញសារៈសំខាន់នៃតំបន់នេះ ខ្ញុំគិតថា រដ្ឋបាលនេះនឹងចាប់ផ្តើមយល់ថា ហេតុអ្វីបានជាសរសរស្តម្ភនៃសន្តិសុខ និងសេដ្ឋកិច្ចត្រូវដើរទន្ទឹមគ្នា។ សហរដ្ឋអាមេរិកមិនអាចផ្តោតតែលើសរសរស្តម្ភនៃសន្តិសុខ ដោយគ្មានការផ្តោតលើជ្រុងនៃសេដ្ឋកិច្ចទេ។ ខ្ញុំគិតថា នេះគឺជា អ្វីដែលយើងសង្ឃឹមថាអាចនឹងមើលឃើញក្នុងពេលអនាគត»។
យោងតាមតួលេខរបស់ក្រុមប្រឹក្សាពាណិជ្ជកម្មសហរដ្ឋអាមេរិកនិងអាស៊ាន គឺទំហំនៃពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាមេរិក និងអាស៊ានមានចំនួន ២៧៣ពាន់លានដុល្លារ។ ក្នុងឆ្នាំ២០១៥ អាស៊ានបាននាំទំនិញចូលក្នុងសហរដ្ឋអាមេរិកលើសចំនួន ៧៧ពាន់លានដុល្លារក្នុង ខណៈដែលសហរដ្ឋអាមេរិកផ្តល់ផ្នែកសេវាកម្មដល់អាស៊ានលើសបានចំនួន៨ពាន់លានដុល្លារ។
លោកម៉ាក មៀលី អនុប្រធានផ្នែកគោលនយោបាយនៃក្រុមប្រឹក្សាពាណិជ្ជកម្ម សហរដ្ឋអាមេរិក និងអាស៊ានបានថ្លែងថា៖
«ឥឡូវនេះយើងចាប់ផ្តើមមើលឃើញការវិនិយោគពីបរទេសកាន់តែច្រើនចូលមកក្នុងសហរដ្ឋអាមេរិកគឺ មកពីតំបន់អាស៊ាន។ យើងរំពឹងថា ក្នុងរយៈពេល៤០ឆ្នាំខាងមុខនិន្នាការនេះនឹងនៅបន្ត....វានឹងក្លាយជាសញ្ញាសម្គាល់យ៉ាងពិតប្រាកដនៃផលប្រយោជន៍មកដល់សហរដ្ឋអាមេរិកសម្រាប់ខួបលើកទី៤០នៃទំនាក់ទំនងការទូតជាមួយនឹងអាស៊ាន»។
សហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងដំណាក់កាលដំបូង
ប៉ុន្តែលោកមៀលីបានប្រាប់ VOA តាមទូរស័ព្ទថា សហគមន៍សេដ្ឋកិច្ចអាស៊ានគឺ ស្ថិត នៅក្នុងកម្រិតនៃ «គំនិតផ្តួចផ្តើមមូលដ្ឋាននៅឡើយទេ» ហើយមានកិច្ចការជាច្រើន ដែលត្រូវធ្វើដើម្បីធ្វើឱ្យប្រសើរឡើងខាងនីតិវិធី គយ ការដឹកជញ្ជូន ពាណិជ្ជកម្មលើផលិតផលកសិកម្ម ស្បៀងអាហារ និងទំនិញ។
លោកមៀលីបានស្នើឡើងថា សហគមន៍សេដ្ឋកិច្ចអាស៊ាននៅមានឱកាសសិក្សារៀនសូត្រពីកំហុសឆ្គង ដែលអង្គការតំបន់នានាបានប្រព្រឹត្តក្នុងពេលកន្លងមកក្នុងនោះមានដូចជា កំហុសឆ្គងរបស់សហគមន៍អឺរ៉ុប ដែលផ្តល់ផលប្រយោជន៍ច្រើនតែទៅលើប្រទេសសមាជិក ដែលមានការអភិវឌ្ឍច្រើន។ លោកបន្ថែមថា៖
«ផលប្រយោជន៍នៃការធ្វើសមាហរណកម្មតំបន់សេដ្ឋកិច្ចកាន់តែធំត្រូវតែហូរចូល ដោយផ្ទាល់ទៅឱ្យប្រទេសអាស៊ានដែលមានការអភិវឌ្ឍតិចតួចគឺ មិនមែនទៅតែប្រទេសសមាជិកអាស៊ាន ដែលមានការអភិវឌ្ឍខ្ពស់ទេ»។
អាស៊ានគួរតែយកចិត្តទុកដាក់លើប្រទេសដែលមានការអភិវឌ្ឍតិចដូចជាកម្ពុជា ឡាវ និងភូមា ដើម្បីឱ្យប្រទេសទាំងនេះចូលរួមពេញលេញ និងទទួលយកផលប្រយោជន៍ពីសហគមន៍សេដ្ឋកិច្ចអាស៊ាន។ នេះបើតាមការបញ្ជាក់របស់លោកម៉ាក មៀលី៕