មន្ត្រីជាន់ខ្ពស់កម្ពុជាអះអាងថាកម្ពុជាសាទរនិងជំរុញឱ្យប្រទេសទីម៉រខាងកើតចូលជាសមាជិកទី១១របស់អង្គការតំបន់អាស៊ាន ស្របពេលដែលមេដឹកនាំអាស៊ាន កាលពីថ្ងៃសុក្រ បានអនុញ្ញាតប្រទេសមួយនេះចូលជាសមាជិក តាមគោលការណ៍ តែមិនទាន់ពេញសិទ្ធិ។
នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលប្រចាំថ្ងៃនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន និងជារដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានលើកឡើងថា បញ្ហាពាក់ព័ន្ធការដែលប្រទេសទីម័រខាងកើតសុំចូលជាសមាជិករបស់អាស៊ានបានអូសបន្លាយអស់រយៈពេលជាង១១ឆ្នាំមកហើយ ខណៈឆ្នាំនេះកម្ពុជាជាប្រធានប្តូរវេនរបស់អាស៊ានបានបោះជំហានដ៏សំខាន់ក្នុងការនាំប្រទេសមួយនេះចូលក្នុងប្លុក ដែលមានសមាជិក១០ប្រទេសនេះ។
លោក គង់ ភោគ ថ្លែងថា៖ «ខ្ញុំគិតថា ការចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត នឹងនាំមកនូវប្រយោជន៍មិនមែនត្រឹមតែប្រជាជនយើងនៅក្នុងតំបន់នេះទេ ប៉ុន្តែប្រជាជននៅទីម័រខាងកើតដែរ ទាំងជាប្រយោជន៍សេដ្ឋកិច្ច ទាំងជាប្រយោជន៍យុទ្ធសាស្ត្រ។ ប៉ុន្តែក្នុងពេលជាមួយគ្នាក៏ជាលទ្ធភាពសម្រាប់បណ្តាប្រទេសអាស៊ានផ្សេងទៀតទៅជួយពង្រឹងទីម័រខាងកើត ហើយប្រជាពលរដ្ឋនៅទីនោះមានជីវភាពល្អ ហើយអនុញ្ញាតឱ្យគាត់ចូលរួមចំណែកត្រឡប់មកវិញ ដើម្បីកសាងសហគមន៍អាស៊ានផងដែរ»។
បើតាមសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានស្តីពីសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើតចុះផ្សាយកាលពីថ្ងៃសុក្រ អាស៊ានបានអនុញ្ញាតឱ្យប្រទេសទីម័រខាងកើតចូលជាសមាជិកទី១១ តាមគោលការណ៍ ហើយបើកផ្លូវឱ្យចូលរួមរាល់កិច្ចប្រជុំរបស់អាស៊ានទាំងអស់ក្នុងឋានៈជាអ្នកសង្កេតការណ៍។ សេចក្តីថ្លែងការណ៍បន្តថា អាស៊ានក៏បានបង្កើតជាផែនទីបង្ហាញផ្លូវផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹតសម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រខាងកើត រួមទាំងផ្អែកលើសមិទ្ធផលសំខាន់នានាផងដែរ។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា៖ «ប្រទេសសមាជិកអាស៊ានទាំងអស់និងដៃគូខាងក្រៅត្រូវផ្តល់ការគាំទ្រដោយពេញលេញ ចំពោះទីម័រខាងកើត ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផលដែលបានកំណត់ទាំងនោះ តាមរយៈការកសាងសមត្ថភាព និងផ្តល់ការគាំទ្រចាំបាច់ផ្សេងៗទៀតសម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រខាងកើត»។
ឯកអគ្គរដ្ឋទូតរបស់ទីម័រខាងកើតប្រចាំនៅកម្ពុជា លោក អឺមេណេហ្ស៊ីដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ប្រាប់វីអូអេនៅថ្ងៃសៅរ៍នេះថាលោកពេញចិត្តនិងមានមោទនភាពយ៉ាងខ្លាំងចំពោះការដែលមេដឹកនាំអាស៊ានសម្រេចចិត្តឱ្យប្រទេសរបស់លោកចូលជាសមាជិកទី១១របស់អាស៊ាន ហើយនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ាននិងអាស៊ានទាំងមូលតែម្តង។
ព័ត៌មានទាក់ទង៖ LIVE BLOG: កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១លោកអះអាងប្រទេសរបស់លោកមានការប្តេជ្ញាចិត្តគោរពទៅតាមគោលការណ៍របស់អាស៊ាន ដើម្បីឱ្យបានក្លាយជាសមាជិកពេញសិទ្ធិនៅពេលកិច្ចប្រជុំកំពូលរបស់អាស៊ានមកដល់នាឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
លោកថ្លែងជាភាសាអង់គ្លេសហើយត្រូវបានបកប្រែជាភាសាខ្មែរថា៖ «យើងនឹងកាន់តែប្តេជ្ញាចិត្តចំពោះតម្រូវការនានាក្នុងក្របខណ្ឌអាស៊ាន។ យើងត្រូវអនុវត្តឱ្យបានទាំងអស់ដើម្បីឱ្យអាស៊ានហ្នឹងមានភាពស្និទ្ធស្នាលដូចជាបងប្អូន អាស៊ាន ដូចជាបងប្អូនប្រុស អាស៊ានដូចជាបងប្អូនស្រី អាស៊ានជាគ្រួសារ អាស៊ានមានបរិយាកាសល្អ។ អាស៊ានជាតំបន់មានសន្តិភាព។
ដូចនេះ អាស៊ាននឹងកាន់តែមានការវិនិយោគពីខាងក្រៅ ដែលនឹងនាំឱ្យសេដ្ឋកិច្ចកាន់តែមានភាពធន់។ ទីបំផុត អាស៊ាននឹងមានតំណែងលេខ១នៅក្នុងពិភពលោកនាពេលអនាគត»។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា ប្រាប់វីអូអេថា ការចូលជាសមាជិករបស់ទីម័រខាងកើតមានសារៈសំខាន់ ពីព្រោះថា វាបង្ហាញពីការរួបរួមគ្នារបស់ប្រទេសនៅក្នុងតំបន់ ធ្វើឱ្យអាស៊ានកាន់តែមានសក្តានុពលខាងផ្នែកទីផ្សារសេដ្ឋកិច្ចនិងផលិតកម្ម ព្រមទាំងកាន់តែមានឥទ្ធិពលនិងជ្រាលជ្រៅនៅក្នុងក្រសែភ្នែករបស់ពួកមហាអំណាច។
បើតាមលោក គិន ភា បញ្ហាប្រឈមសម្រាប់អាស៊ានមិនមានឡើយពាក់ព័ន្ធនឹងការចូលជាសមាជិករបស់ប្រទេសដែនកោះមួយនេះ។ ប៉ុន្តែលោកថា វានឹងប្រឈមសម្រាប់ទីម័រខ្លួនឯងផ្ទាល់ ដែលត្រូវបំពេញទៅតាមលក្ខខណ្ឌរបស់អាស៊ានដូចជាលក្ខខណ្ឌច្បាប់ និងហិរញ្ញវត្ថុដើម្បីក្លាយជាសមាជិកពេញសិទ្ធិ។
លោកថ្លែងថា៖ «ប្រទេសដែលជាសមាជិកអាស៊ានមានសេដ្ឋកិច្ចរីកលូតលាស់ហ្នឹងគួរជួយទីម័រ ដើម្បីឱ្យគាត់អាចមានលក្ខណៈសម្បត្តិពេញលេញក្នុងការចូលជាសមាជិកអាស៊ាន។ ហើយប្រទេសដៃគូអាស៊ានក៏គួរតែយកចិត្តទុកដាក់លើបញ្ហានេះដែរដើម្បីឱ្យសហគមន៍អាស៊ីអាគ្នេយ៍នេះជាសហគមន៍មួយដែលមិនមានប្រទេសណាមួយត្រូវបានផាត់ចេញពីក្នុងតំបន់»។
លោក គិន ភា អះអាងថា នៅក្នុងទំនាក់ទំនងអន្តរជាតិ កាលណាប្រទេសមួយមានទំនាក់ទំនងសេដ្ឋកិច្ចល្អប្រសើរជាមួយមហាអំណាចណាមួយ វាបង្ហាញពីឥទ្ធិពលរបស់ប្រទេសនោះទៅកាន់ប្រទេសមួយទៀត។
ទីម័រខាងកើត មានឈ្មោះជាផ្លូវការថាសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ជាប្រទេសដែនកោះមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសដែនកោះមួយនេះមានព្រំប្រទល់ជាប់ជាមួយប្រទេសឥណ្ឌូណេស៊ី ហើយមានប្រជាជនប្រមាណ១លាន៣សែននាក់ ព្រមទាំងមានផ្ទៃដីសរុប១៤ ៨៧០គីឡូម៉ែត្រក្រឡា។ ទីម័រខាងកើតមានរដ្ឋធានីឈ្មោះថា ឌីលី ហើយ
ភាសាផ្លូវការ គឺព័រទុយហ្គាល់ និងភាសាតាទុម រីឯសេដ្ឋកិច្ចរបស់ប្រទេសដែនកោះមួយនេះពឹងផ្អែកទាំងស្រុងលើពាណិជ្ជកម្មប្រេង។
ប្រទេសនេះធ្លាប់ស្ថិតក្រោមអាណានិគមរបស់ប្រទេសព័រទុយហ្គាល់ ហើយនៅក្នុងឆ្នាំ១៩៧៥ ប្រទេសនេះទទួលបានឯករាជ្យភាពវិញ។ ទោះយ៉ាងណា ក្រោយការទទួលបានឯករាជ្យភាពពីប្រទេសព័រទុយហ្គាល់ក្នុងរយៈពេល៩ថ្ងៃ ប្រទេសដែនកោះមួយនេះត្រូវបានឈ្លានពាននិងកាន់កាប់ដោយយោធាឥណ្ឌូណេស៊ី ហើយទទួលបានឯករាជ្យភាពពេញលេញវិញនៅឆ្នាំ២០០២។
ក្រោយទទួលបានឯករាជ្យភាពពីប្រទេសឥណ្ឌូណេស៊ី ទីក្រុងឌីលីបានខិតខំភ្ជាប់ខ្លួនជាមួយអង្គការអន្តរជាតិក៏ដូចជាតំបន់នានា។ កាលពីឆ្នាំ២០១១ ទីម័រខាងកើតបានដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការតំបន់អាស៊ាន ប៉ុន្តែដោយសារតែប្រទេសមួយនេះមិនទាន់មានគ្រប់លក្ខខណ្ឌក្នុងការចូលជាសមាជិក ហេតុនេះ វាបានអូសបន្លាយពេលមកជាង១១ឆ្នាំមកហើយ៕