ចិន ​និង​អាស៊ាន​រំពឹង​ថា​នឹង​អនុម័ត​គម្រោង​ស៊ីអូស៊ី​លើ​បញ្ហា​សមុទ្រចិន​ ​នៅ​ហ្វីលីពីន

រូបឯកសារ៖ ទិដ្ឋភាពពីលំហរអាកាសបង្ហាញសំណង់របស់ចិននៅតំបន់ថ្មប៉ប្រះទឹកសិប្បនិមិ្មត្ត Subi Reff ដែល​ជា​ផ្នែកមួយនៃបណ្តុំកោះ Spratly នៅក្នុងតំបន់សមុទ្រចិនខាងត្បូង កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧។

គម្រោង​ស៊ីអូស៊ី ​រវាង​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​អាស៊ាន​ និង​ចិន​ ដែល​រំពឹង​ថា​ នឹង​យល់​ព្រម​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ និង​អាស៊ាន​ នៅ​ខែ​សីហា​នោះ​ បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្តថ្មី​ទៀត​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។ ​

ទោះជា​មាន​ការ​ព្រមព្រៀង​គ្នា​រួច​ហើយ​ក្តី​ តែក្រុម​អ្នក​វិភាគ​ស្រាវជ្រាវ​កិច្ចការ​តំបន់​ខ្លះ នៅតែ​ដាក់​មន្ទិល​សង្ស័យ​លើ​ខ្លឹមសារ​នៃ​ការ​តាក់តែង​ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី។

បើតាម​សេចក្តី​ព្រាង​គម្រោង​ក្រម​ប្រតិបត្តិ​រវាង​ចិន​និង​អាស៊ាន ​ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ត្រូវដាក់​ជូន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​នៃ​ភាគី​ទាំងពីរ​ក្នុង​ក្រុង​ម៉ានីល​ នៅ​ដើម​ខែសីហា​នេះ​ បាន​បញ្ជាក់​បន្ថែម​អំពី​ការ​ប្តេជ្ញា​នៃ​កិច្ច​សហ​ប្រត្តិបត្តិការ​បន្ថែម​ទៀត​ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ដោយ​ការ​ចៀសវាង​បង្ក​ជម្លោះ​ហើយ​ធ្វើ​ឲ្យ​តំបន់​មាន​សន្តិភាព​ និង​ស្ថិរភាព​ជំនួស​វិញ។​

សេចក្តី​ព្រាង​ដែល​ VOA ​បាន​ទទួល​ពី​មន្ត្រី​ក្នុង​តំបន់​ ដែល​សុំមិន​បញ្ចេញ​ឈ្មោះ​ បាន​សុំ​ឲ្យ​មាន​ការ​គិត​ពិចារណា​ថា​ គោល​បំណង​នៃ​ការ​បង្កើត​សេចក្តី​ព្រាង​ច្បាប់​នេះ​គឺ​មាន​បទដ្ឋាន​មួយ​ឈុត​ដើម្បី​ឲ្យ​ភាគី​នានា​ដំណើរការ​ និង​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​លើ​ផ្ទៃ​សមុទ្រ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​ សេចក្តីព្រាង​បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើម​ថា៖​

«ដើម្បី​លើក​កម្ពស់​ទំនុកចិត្ត​ទៅវិញ​ទៅមក​ កិច្ច​សហការ​ ហើយនឹង​ការ​ជឿជាក់​ រារាំង​ហេតុ​ការណ៍​អាក្រក់​នានា ​ទប់ស្កាត់​មិន​ឲ្យវា​កើត​ឡើង​ និង​បង្កើត​បរិយាកាស​អនុគ្រោះ​គ្នា​ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​ ពេល​មាន​ជម្លោះ​ដើម្បី​ធានា​សន្តិសុខ ​និង​សុវត្ថិភាព​ហើយនឹង​សេរីភាព​នាវាចរ​ និង​ការ​ហោះហើរ‍»។​ នេះ​បើ​តាម​សេចក្តី​ព្រាង​នេះ។​

រូបឯកសារ៖ នាវាជើងទឹក​ចិន​ធ្វើដំណើរ​សំដៅ​រក​ទូក​នេសាទ​ហ្វីលីពីន នៅពេល​ដែល​ភាគី​ទាំង​កំពុង​ប្រឈម​មុខ​គ្នា​នៅ​តំបន់​ឆ្នេរ​ទឹក​រាក់ Scarborough Shoal នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង កាលពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥។

សេចក្តី​ព្រាង​ដដែល​បាន​អំពាវនាវ​បន្ថែម​សុំឲ្យ​មាន​ការ​គោរព​តាម​គោល​ការណ៍​ធម្មនុញ្ញ​របស់​អ.ស.ប.​ ច្បាប់​សមុទ្រ​របស់​អ.ស.ប.​ ឆ្នាំ​១៩៨២​ ហៅ​ថា ​UNCLOS​ គោរព​តាម​សន្ធិ​សញ្ញា​មិត្តភាព​ និង​កិច្ច​សហ​ប្រត្តិបត្តិការ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ហៅ​ថា​ TACO​ គោរព​គោល​ការណ៍​ច្បាប់​អន្តរជាតិ​នានា​ ទាក់ទង​នឹង​សន្តិសហវិជ្ជមាន​ ដូចជា​សេចក្តី​ថ្លែង​ការណ៍​អាស៊ាន-ចិន​ ឆ្នាំ​២០០២ ​ទាក់ទង​នឹង​ជម្លោះ​ ហើយនឹង​ដំណោះ​ស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ​ដែល​អនុម័ត​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី៨​ ក្នុង​ប្រទេស​កម្ពុជា ​ហៅ​ថា​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ (DOC)។​ សេចក្តីថ្លែង​ការណ៍​ដដែល​បញ្ជាក់​តាម​ខ្លឹមសារ​ដើម​ទៀត​ថា៖​

«ប្តេជ្ញា​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​ និង​មាន​ប្រសិទ្ធភាព​ ចំពោះ​សេចក្តី​ថ្លែង​ការណ៍​ប្រត្តិបត្តិ​ DOC ​ហើយ​គោរព​ឯករាជ្យភាព​ បូរណភាព​ និង​អធិបតេយ្យ​ភាព​គ្នា​ទៅវិញ​ទៅមក​តាម​ច្បាប់​អន្តរជាតិ​ និង​គោល​ការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​រដ្ឋ​នានា‍»។

បើទោះជា​ប្រទេស​ចិន​ត្រូវ​គេ​ស្តី​បន្ទោស​ថា​ មិន​គោរព​តាម​ក្តី ​តែ​ការ​ប្តេជ្ញា​ស្រដៀង​គ្នា​នេះ​បាន​កើត​ឡើង​រវាង​អាស៊ាន​ និង​ចិន ​ចាប់តាំង​ពី​ឆ្នាំដែល​សេចក្តី​ថ្លែង​ការណ៍​ប្រត្តិបត្តិ ​DOC ​បាន​អនុម័ត​កាល​ពី១៥​ឆ្នាំ​មុន​ម្ល៉េះ។ ​សេចក្តី​ថ្លែង​ការណ៍​ប្រត្តិបត្តិ​ DOC​ បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើម​ថា៖​

«ភាគី​ពាក់ព័ន្ធ​យល់ព្រ​មដោះស្រាយ​ជម្លោះ​ដែន​អធិបតេយ្យ​ និង​ដែន​សមត្ថកិច្ច​ដោយ​ប្រើ​មធ្យោបាយ​អហិង្សា ​មិន​នាំ​ទៅ​ដល់​ការ​គំរាម​កំហែង​ ឬ​ការ​ប្រើប្រាស់​កម្លាំង​ និង​តាម​រយៈ​កិច្ច​ពិភាក្សា​ និង​ចរចា​ដោយ​ឈរ​លើ​ស្មារតី​មិត្តភាព​ ដោយ​រដ្ឋ​អធិបតេយ្យ​ ដែល​ពាក់ព័ន្ធ​ផ្ទាល់​ ដោយ​ផ្អែក​លើច្បាប់ ​និង​គោល​ការណ៍​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ​ រួមទាំង​ច្បាប់​សមុទ្រ​របស់​អ.ស.ប.​ ឆ្នាំ​១៩៨២។

ភាគី​ពាក់ព័ន្ធ​នានា​យល់ព្រម​ទប់ស្កាត់​មិន​បង្ក​សកម្មភាព​នានា ​ដែល​បង្ក​ភាព​ស្មុគស្មាញ​ ឬ​ពង្រីក​ជម្លោះ​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សន្តិភាព​ ស្ថិរភាព»។​

ទោះជា​យ៉ាងណា​ក៏ដោយ ​នៅក្នុង​សេចក្តី​ព្រាង​ដែល​មាន​បុព្វកថា គោល​បំណង​ និង​គោល​ការណ៍​មិន​បាន​បញ្ជាក់​អំពី​យន្ត​ការ​ដោះស្រាយ​ជម្លោះ​ទេ ​តែ​បញ្ជាក់​ថា​ គម្រោង​ស៊ីអូស៊ី​នេះ​មិនមែន​ជា​ឯកសារ​សម្រាប់​ដោះស្រាយ​ជម្លោះ​ដែន​អធិបតេយ្យ​ ឬ​កំណត់​ដែន​អធិបតេយ្យ​លើ​ផ្ទៃ​សមុទ្រ​ទេ។​

រូបឯកសារ៖ ​រដ្ឋមន្ត្រី​ការបរទេស​ប្រចាំ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) នៅ​ខេត្ត Aklan ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

សមាជិក​អាស៊ាន​ជាច្រើន​ប្រទេស​ដែល​មាន​ការ​ទាមទារ​ដែន​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ប្រទេស​ចិន ​រួមមាន​ប្រទេស​វៀតណាម ​ហ្វីលីពីន​ ម៉ាឡេស៊ី ​ប៊្រុយណេ​ និង​ដែនដី​តៃវ៉ាន់​ជាដើម។​ មាន​ក្រុម​អ្នក​តាក់តែង​គោល​នយោបាយ​ និង​អ្នក​ស្រាវជ្រាវ​ និង​ប្រទេស​អាស៊ាន​ជាច្រើន​ បាន​តស៊ូ​មតិឲ្យ​ភាគី​ជម្លោះ​ដោះស្រាយ​ជា​ពហុភាគី​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រកាន់​ឥរិយាបទ​ដោះស្រាយ​ជម្លោះ​ទ្វេ​ភាគី​វិញ។​ ​

ជាចុងក្រោយ​នេះ​ ក្រុម​មន្ត្រី​ជាន់ខ្ពស់​ចិន​និង​មន្ត្រី​ជាន់ខ្ពស់​អាស៊ាន​ទាំង​១០​ប្រទេស​ បាន​ព្រមព្រៀង​គ្នា​លើ​គម្រោង​ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី​ក្នុង​ក្រុង​ គូយ៉ាង ​(Guiyang) ​ប្រទេស​ចិន​ បន្ទាប់ពី​មាន​កិច្ច​ពិភាក្សា​រយៈពេល​២​ថ្ងៃ។​ ប្រទេស​ហ្វីលីពីន​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​នឹង​ទទួល​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​និង​កិច្ចប្រជុំ​កំពូល​ដទៃទៀត​ក្នុង​ខែ​វិច្ឆិកា​ ដែល​មេដឹកនាំ​ពិភព​លោក​ រួមទាំង​លោក​ប្រធានាធិបតី​ស.រ.អា. ដូណាល់​ ត្រាំ​ ផង គ្រោង​នឹង​ចូល​រួម​ផង​ដែរ។

​ក៏ប៉ុន្តែ​ គម្រោង​ស៊ីអូស៊ី​ដែល​បាន​ព្រមព្រៀង​គ្នា​ដោយ​មន្ត្រី​ជាន់ខ្ពស់​ចិន​និង​អាស៊ាន​ហើយ​នោះ ​នឹង​ត្រូវ​ដាក់ឲ្យ​មាន​ការ​អនុម័ត​ដោយ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ​និង​ចិន​នៅដើមខែ​សីហា​ ដែល​ក្រុម​អ្នក​វិភាគ​ចាត់ទុក​ថា​ ជា​ជំហ៊ាន​រីកចម្រើន​ទៅមុខ​ក្នុង​ការ​បញ្ចប់​ការ​តាក់តែង​ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី​ឲ្យ​បាន​ឆាប់ ក្រោយពី​គេ​បាន​រង់ចាំ​១៥​ឆ្នាំ​មក​ហើយ​នោះ។​

លោក ​តាំង ស៊ូមុន ​(Tang Siew Mun) ​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ និង​ជា​នាយក​មជ្ឈមណ្ឌល​ការ​សិក្សា​អាស៊ាន​នៃ​វិទ្យាស្ថាន​ ISEAS – YusofIshak​ មាន​មូលដ្ឋាន​ក្នុង​ប្រទេស​សិង្ហបូរី ​បាន​ថ្លែង​ប្រាប់​ VOA ​ថា​ ការ​បញ្ចប់​គម្រោង​ស៊ីអូស៊ី​គឺ​ជា​សញ្ញា​ដែល​អាស៊ាន​និង​ចិន​ អាច​ធ្វើការ​រួមគ្នា​ឆ្ពោះទៅ​កាន់​លទ្ធផល​ជា​វិជ្ជមាន ​ទោះ​នេះជា​រឿង​ស្មុគ​ស្មាញ​ក្តី។​ លោក​មាន​ប្រសាសន៍​តាម​ខ្លឹមសារ​ដើម​ថា៖​

«ក៏​ប៉ុន្តែរឿង​នេះមិន​មែន​មានន័យ​ថា​ គម្លាត​នៃ​ទំនុកចិត្ត​ជា​យុទ្ធសាស្ត្រ​អាច​នឹង​ខិតជិត​គ្នា​បាន​ក្នុង​ពេល​តែមួយ​យប់​នោះ​ទេ។ ​ភាគី​ទាំងអស់​ចាំ​បាច់​ត្រូវ​បន្តកសាង​ទំនុក​ចិត្ត​តាមរយៈ​ឥរិយាបទ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ក្នុង​រឿង​សមុទ្រ​ចិន​ខាងត្បូង​នេះ។​ គ្មាន​ហេតុផល​ត្រូវ​ពង្រីក​ដើម​ទុន​នយោបាយ​និង​ពេល​វេលា​ ដើម្បី​ចរចា​លើ​ឯកសារ​ដែល​ព្រមព្រៀង​តាម​ច្បាប់​គតិយុត្តិ​ទេ​ នៅពេល​ដែល​ភាគី​ជាច្រើន​បន្ត​ប្រកាន់​ឥរិយាបទ​ផ្ទុយ​យ៉ាងច្បាស់​ក្រឡែត​ទៅនឹង​ស្មារតី​ចរចា​លើ​បញ្ហា​ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី‍»។​

លោក​បាន​បន្ត​ថា​ កិច្ច​ព្រមព្រៀង​គ្រាន់​តែ​ជា​ជំហ៊ាន​មួយ​ក្នុង​ចំណោម​ជំហាន​ជា​ច្រើន​ ហើយ​ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី ​ទំនង​ជាត្រូវ​ការ​ពេល​វេលា​យូរ​ដើម្បី​បញ្ចប់​ ​ប្រសិន​បើ​មាន​ឥរិយាបទ​មិនចុះ​សម្រុង​គ្នា។​ លោក​មាន​ប្រសាសន៍​ថា៖​

«ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី​អាច​ជា​ឯកសារ​មានន័យ​ ប្រសិន​បើវា​ជា​កិច្ច​ព្រមព្រៀង​តាម​ផ្លូវ​ច្បាប់។​ ក៏ប៉ុន្តែ​វា​ជា​រឿង​មិន​ប្រាកដ​ទេ​ថា​ តើ​គូភាគី​ចរចា​នានា​មាន​ការ​ព្រមព្រៀង​ទៅលើ​រចនា​សម្ព័ន​ប្រកប​ដោយ​យុត្តិ​ធម៌​ត្រឹមត្រូវ​ ទាក់ទង​នឹង​ការ​គ្រប់គ្រង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ឬ​យ៉ាង​ណា​នោះ‍»។​

លោកស្រី ​Shihoko Goto ​អ្នក​ស្រាវជ្រាវ​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​តាក់តែង​គោល​នយោបាយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​Woodrow Wilson Center ​បាន​ថ្លែង​ប្រាប់ ​VOA ​ថា ​ ទោះ​ជា​កិច្ច​ពិភាក្សា​អំពី​បញ្ហា​ក្រម​ប្រត្តិបត្តិ​ស៊ីអូស៊ី​បាន​កើត​ឡើង​ ហើយ​បាត់​ទៅវិញ​តាំងពី​ឆ្នាំ​២០០០​ក្តី​ ​តែ​ការរីក​ចម្រើន​ចុង​ក្រោយ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​គម្រោង​ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី​នេះ​គឺ​អាច​កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​តំបន់។​

«ការ​រីក​ចម្រើន​ចុងក្រោយ​នេះ​មាន​ន័យ​ថា​ វា​មិនមែន​គ្រាន់តែ​ធ្វើ​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​និង​ចិន ​អាច​កំណត់​បាន​ថា​ អ្វី​ជា​ប្រភព​នៃ​ជម្លោះ​ប៉ុណ្ណោះទេ ​តែ​វាថែម​ទាំង​អាច​ធ្វើឲ្យ​ភាគី​ទាំងពីរ​ប្តេជ្ញា​ធ្វើ​កិច្ចការ​ជាមួយគ្នា​ដើម្បី​រក​ចំណុច​រួម​ក្នុង​ការ​ធានា​ថា​ ភាព​តានតឹង​ទាំងឡាយ​មិន​ត្រូវ​រីករាល​ដាល​ទេ។ ​នេះ​ជា​ការ​រីកចម្រើន​ ​ខណៈ​ដែល​ក្តី​បារម្ភ​អំពី​ការ​ទាមទារ​ដែន​កម្ម​សិទ្ធិ​កើត​មាន​ជា​បន្ត‍»។​

លោកស្រី​បាន​បន្ថែម​ថា៖​

«យ៉ាងណា​ក៏​ដោយ ​ទោះជា​មាន​ការ​រីក​ចម្រើន​មែន​ តែនៅ​មាន​ហានិភ័យ​ពីរ​ទៀត ​គឺទី​១ ​ចិន​ជា​អ្នក​ដើរ​តួ​យ៉ាង​ធំធេង​ក្នុង​បរិបទ​មិន​ច្បាស់លាស់​នេះ​ ហើយ​ចិន​នឹង​គ្រប់គ្រង​ដំណើរការ​តាក់តែង​ក្រម​នានា ​ក៏ដូច​ជា​ក្រម​ទាក់ទង​នឹង​គម្រោង​ក្រម​ប្រតិបត្តិ​ផង​ដែរ។​ ដូច​យើង​បាន​ឃើញ​រួច​ជាស្រេច​ចំពោះ​សកម្ម​ភាព​ឡូស៊ិក​ពិតៗ។​ រឿង​នោះ​ គឺ​ថា​ តុលាការ​អន្តរជាតិ​បាន​កាត់​ក្តី​ដែល​ផ្តល់​ផល​ប្រយោជន៍​ទាំង​ស្រុង​ដល់​ហ្វីលីពីន​ កាលពី​រដូវ​ក្តៅ​ឆ្នាំ​ទៅ ​ទាក់ទង​នឹង​ការ​ទាមទារ​ដែន​អធិបតេយ្យ​នោះ ​តែ​រដ្ឋាភិបាល​លោក​ ឌុយតិតេ ​(Rodrigo Duterte) ​ខកខាន​ក្នុង​ការ​ទាមទារ​តាម​សាលក្រម​នោះ​ តែ​ជាជំនួស​វិញ​ ​លោក​បាន​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ចិន​ ជា​ជាង​ការ​ព្យាយាម​អនុវត្ត​សាលក្រម​នោះ‍»។​

លោកស្រី​ក៏​បាន​បន្ថែម​ថា៖​

«ទី២​ ការ​ស្ទាក់​ស្ទើ​របស់​ស.រ.អា.​ក្នុងការ​ចូលរួម​ក្នុង​ដំណើរការ​តាក់តែង​ក្រម​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ បាន​ក្លាយជា​រឿង​កាន់តែ​ច្បាស់​ក្រឡែត។​ រឿង​នោះ​ជា​ប្រថ្នូល​អាក្រក់​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ដ៏ទូលំ​ទូលាយ​នៃ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ក្នុង​ការ​ធានា​សន្តិសុខ​ក្នុង​តំបន់​ ហើយ​កាន់តែ​ផ្តល់​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាន់តែ​កើន​ឥទ្ធិពល​ដែល​មិន​ធ្លាប់​មាន​ពីមុន​ក្នុង​តំបន់។​ ការ​ខ្វះការ​ចូលរួម​របស់​ស.រ.អា.​ក្នុង​ការ​តាក់តែង​ក្រម​ ហើយ​ការ​ស្ទាក់ស្ទើរ​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​អនុវត្ត​សាលក្រម​តុលាការ​ដែល​បាន​ចេញ​កាល​ពី​រដូវ​ក្តៅ​ឆ្នាំទៅ​នោះ ​មិនគ្រាន់​តែ​បាន​ពង្រឹង​កណ្តាប់​ដៃ​ចិន​ឲ្យ​ក្លាយជា​ប្រទេស​នាំមុខ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​អ្នក​នាំមុខ​ដ៏​ធំ​បំផុត​គឺ​មានន័យ​ថា​ ជា​ប្រទេស​នាំមុខ​គេ​ចំពោះ​ការ​គ្រប់គ្រង​ផ្នែក​ច្បាប់​ក្នុង​តំបន់​ផង​ដែរ‍»។​

រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នាមួយ​ជាមួយ​នឹង​រដ្ឋមន្ត្រីការ​បរទេស​ហ្វីលីពីន Alan Peter Cayetano នៅទីក្រុង​ Taguig ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧។

ប្រទេស​ចិន​បាន​បង្កើន​ឥទ្ធិពល​ក្នុង​តំបន់​ និង​សម្រេច​បាន​គោល​ដៅធំ​បន្ថែម​ទៀត​ជាមួយនឹង​ការ​ដែល​ក្រុមមន្ត្រី​ជាន់ខ្ពស់​ប្រទេស​អាស៊ាន​បាន​យល់ព្រម​បង្កើត​គម្រោង​ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី​ជាមួយ​ចិន​កាល​ពីខែ​ឧសភា​ នៅពេល​ចិន​អំពាវនាវ​មិន​ឲ្យ​មាន​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​ ដែល​ទំនង​ជា​និយាយ​យោង​ដល់​ស.រ.អា.។​

លោក ​ឈាង វណ្ណារិទ្ធ​ អ្នក​វិភាគ​និង​ស្រាវជ្រាវ​កិច្ចការ​តំបន់​បាន​ថ្លែង​ប្រាប់​វីអូអេ​ដោយ​ ​ប្រយ័ត្ន​ប្រយែង​ថា​ ទោះជា​ផែនការ​នេះ​មិនមាន​ខ្លឹមសារ​ច្រើន​ក្តី​ តែវា​ជា​សញ្ញា​រីកចម្រើន​ជា​វិជ្ជមាន​ពី​ភាគី​ចិន។​

«ក៏ប៉ុន្តែ ​បញ្ហា​ចម្រូងចម្រាស​ក៏នៅ​មាន​ដែរ​ទាក់ទង​នឹង​ខ្លឹមសារ​ ហៅ​ថា​ សាច់។​ ឥឡូវ​យើង​មាន​តែឆ្អឹង​ទេ​ យើង​អត់​មាន​សាច់​ មានឈាម​ទេ​នៅ​ក្នុង​កិច្ចចរចា​ស៊ីអូស៊ី​ហ្នឹង​ តែ​យើង​ចង់ឲ្យ​មាន​សាច់ឲ្យ​បាន​ច្រើន​អីចឹងទៅ‍»។​

អ្នក​វិភាគ​ក្នុង​តំបន់​រូប​នេះ​បាន​លើក​ឡើង​ដូច​មន្ត្រី​ក្នុង​តំបន់​ខ្លះ​ដែល​និយាយ​ថា​ ប្រសិនបើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដោះស្រាយ​មិន​បាន​ល្អ​ទេ​ វា​អាច​ប៉ះពាល់​ដល់​គម្រោង​ផ្តួចផ្តើម​របស់​ចិន​ក្នុង​ការ​ស្ថាបនា​វិថី​សូត​ក្នុង​តំបន់។​ លោក​ ឈាង វណ្ណារិទ្ធ​បន្ថែម​ថា​ ចិន​គួរ​ត្រូវ​បន្ថយ​ជំហរ​ដែរ​ ទាក់ទង​នឹង​សមុទ្រ​ចិន​ខាងត្បូង។

«ដូច្នេះ​ដើម្បីឲ្យ​ចិន​សម្រេច​បាន​គេហៅ​ថា ​យុទ្ធ​សាស្ត្រ​ផ្លូវ​មួយ​ក្រវ៉ាត់​មួយ ​(one belt one road strategy) ​របស់​ខ្លួន​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ គេ​ត្រូវតែ​បន្ទន់​ជំហរ​ដែល​ទាក់ទង​នឹង​សមុទ្រ​ចិន​ខាងត្បូង‍»។​

សកម្មភាព​គឃ្លើន​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ​ដែល​ជា​តំបន់​ច្រកចេញ​ចូល​ទំនិញ​ធំជាង​គេមួយ​លើ​ពិភព​លោក ​និង​សម្បូរណ៍​ទៅដោយ​រ៉ែ​ និង​ធនធាន​ធម្មជាតិ​នេះ ​បាន​កើត​ឡើង​ជារឿយៗ ​ជាពិសេស​គឺ​ការ​កសាង​សំណង់​លើ​ដែន​កោះ​សិប្បនិមិ្មត្ត​ក្នុង​ពេល​ថ្មីៗ​នេះ ​ដែល​បាន​នាំឲ្យ​មាន​ការ​រិះគន់​ខ្លាំងៗ​លើ​ប្រទេស​ចិន។​

បន្ថែម​ពីលើ​នេះ​គឺ​ ប្រទេស​ចិន​ក៏​បាន​ប្រកាស​គម្រោង​ថា​ នឹង​បញ្ចប់​គម្រោង​ប្រតិបត្តិ​ស៊ីអូស៊ី​ជាមួយ​អាស៊ាន ​ដោយ​ទាត់ចោល​សាលក្រម​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ​ហៅ​ថា ​The Permanent ​Court ​of Arbitration ​ដែល​បាន​កាត់​សេចក្តី​ឲ្យ​ហ្វីលីពីន​ឈ្នះ​ក្តី​ប្រទេស​ចិន​ ​កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០១៦​កន្លង​ទៅ។​ ចិន​មិន​បាន​ទទួល​យក​សាលដីកា​នោះ​ទេ​ ​ដោយ​ចាត់​ទុក​ថា​ ដែន​អធិបតេយ្យ​របស់​ខ្លួន​បាន​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន​ជាង​២​ពាន់​ឆ្នាំ​មក​ហើយ។​

ប្រទេស​កម្ពុជា​ក៏ដូចជា​ប្រទេស​មួយ​ចំនួន​ដែល​ជា​សមាជិក​អាស៊ាន​ មិន​ហ៊ាន​រិះគន់​ចិន​ដោយ​ត្រង់ៗ​ទេ​ចំពោះ​ជម្លោះ​ដែន​សមុទ្រ​ចិន​នេះ​ តែ​បាន​មាន​កំណើន​ទាក់​ទំនង​ជាមួយ​ចិន​វិញ ​ដែល​គេ​រិះគន់​ថា​ ជាថ្នូរ​នឹង​ជំនួយ​និង​ការ​គាំទ្រ​ផ្នែក​នយោបាយ​នោះ។​

បើតាម​របាយ​ការណ៍​ទាក់ទង​នឹង​ការ​ពិភាក្សា​អំពី​គម្រោង​ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី​ ក្រោយពី​កិច្ច​ប្រជុំ​ក្នុង​ប្រទេស​ចិន​បានឲ្យ​ដឹង​ថា​ ប្រទេស​ចិន​បញ្ចេញ​គំនិត​របស់​ខ្លួន​ក្នុង​គម្រោង​ស៊ីអូស៊ី​ថា៖​

«វា​ជា​រឿង​សំខាន់​ក្នុង​ការ​ប្រកាន់​សារៈសំខាន់​នៃ​ដៃគូ​ជា​យុទ្ធ​សាស្ត្រ​រវាងចិន​និង​អាស៊ាន​ដើម្បី​ធានា​សន្តិភាព ​ស្ថិរភាព ​និង​ភាព​រីកចម្រើន​ក្នុង​តំបន់​ ជាមួយ​នឹង​ទស្សនៈ​ពង្រីក​ផល​ប្រយោជន៍​ដល់គ្នា​ទៅវិញ​ទៅ​មក‍»។​

របាយ​ការណ៍​ដដែល​បាន​បន្ត​ថា​ រីឯ​ប្រទេស​វៀតណាម​វិញ​បាន​ស្នើឲ្យ​មាន​ការ​ប្រើ​ឃ្លា​របស់​ខ្លួន​ក្នុង​វគ្គ​ដែល​និយាយ​ពី​ទិសដៅ ​ដោយ​បាន​បញ្ជាក់​តាម​ខ្លឹមសារ​ថា៖​

«ដើម្បី​ធ្វើឲ្យ​សមុទ្រ​ចិន​ខាងត្បូង​ក្លាយជា​សមុទ្រ​សន្តិភាព ​ស្ថិរភាព​ មិត្តភាព​ និង​សហ​ប្រតិបត្តិការ​ ឬក៏​ប្រើ​ភាសា​ដែល​បាន​ព្រមព្រៀង​គ្នា​ចេញពី​បញ្ជី​ទី២​នៃ​ចំណុច​ស្រប​រួម​គ្នា‍»។​

របាយ​ការណ៍​ដដែល​បាន​បញ្ជាក់​ផង​ដែរ​ថា​ ចំណែក​ប្រទេស​ហ្វីលីពីន​វិញ​បាន​សាទរ​ខ្លាំង​ចំពោះការ​បង្កើត​បាន​នូវ​ប្រព័ន្ធ​ទំនាក់​ទំនង​ពេល​មាន​អាសន្ន​ហៅ​ថា ​Hotline ​របស់​ក្រសួង​ការ​បរទេស​ក្រៅពី​បង្ហាញ​ជំហរ​ឲ្យ​មាន​ការ​ពិភាក្សា​ឆាប់ៗ​លើ​ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី។​

«ប្រទេស​នេះ​បញ្ចេញ​ទស្សនៈ​ថា​ បន្ទាប់ពី​ការ​សម្រេច​បាន​សេចក្តី​ព្រាង​គម្រោង​ស៊ីអូស៊ី ​ក្រុម​ការងារ​ចម្រុះ​គួរតែ​ចាប់ផ្តើម​ពិភាក្សា​លើ​បញ្ហា​ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​ ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី​ត្រូវតែ​ជា​ឯកសារ​ចុះ​កិច្ច​ព្រមព្រៀង​តាម​ច្បាប់‍»។​

ក្រុម​ប្រទេស​មួយ​ចំនួន​ទៀតដែល​មាន​ជំហរ​ដូច​ហ្វីលីពីន​ដែរ​គឺ​មាន​ប្រទេស​វៀតណាម​ ឥណ្ឌូនេស៊ី ​និងសិង្ហបូរី​ ដែល​ចង់​ឲ្យ​ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី​ត្រូវតែ​ជា​ឯកសារ​ចុះ​កិច្ច​ព្រមព្រៀង​តាមច្បាប់‍។​

តែ​ភាគីចិន​វិញ​ត្រូវ​អ្នក​ស្រាវជ្រាវ​ក្នុង​តំបន់​អះអាង​ថា​ បាន​ជំទាស់​នឹង​គំនិត​ទាំង​នោះ។​ នេះ​បើតាម​ការ​អះអាង​របស់​អ្នកវិ​ភាគ​ក្នុង​តំបន់ ​និង​អ្នក​ការទូត​ក្នុង​តំបន់។​

ក្រុម​មន្ត្រី​ដដែល​បាន​ថ្លែង​ថា​ ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​នៅ​រារែក​ ឬរក្សា​ភាព​ស្ងប់ស្ងៀម​ ដែល​គេគិត​ថា​ ​ការ​មិន​ចុះសម្រុង​គ្នា​អាច​កើត​ឡើង​ជាថ្មី​ក្នុង​ចំណោម​ប្រទេស​អាស៊ាន។​

លោក​ Achmad Rizal Purnama​ លេខាទូត​ទី១​ នៃ​ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ថ្លែង​ប្រាប់ ​VOA​ ដោយ​មាន​ជំនឿ​ថា ​ការ​បញ្ចប់​គម្រោង​ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី​ បង្ហាញ​ពីទំនុក​ចិត្ត ​និង​ការ​ជឿជាក់​រវាង​ភាគី​ទាំងពីរក្នុង​ការ​ដោះស្រាយ​បញ្ហា។​ លោក​បាន​ថ្លែង​បន្ត​ថា​ តំបន់​នេះ​នឹង​មាន​សន្តិភាព​ និង​ស្ថិរភាព ប្រសិន​បើគ្រប់​គ្នា​ដាក់​វិស័យ​ការទូត​ជាអាទិភាព​មុន​អ្វីៗ​ ដែល​លោក​និយាយ​យោង​ថា​ វិស័យ​ការទូត​នឹង​នាំមុខ​អ្វី​គ្រប់​យ៉ាង​ដែល​កើត​ឡើង​លើ​ផែនដី។

«ដូច្នេះ​ការ​សម្រេច​បាន​គម្រោង​ក្រម​ស៊ីអូស៊ី ​គឺជា​ជំហាន​ដំបូង​ដើម្បី​ឈាន​ទៅរក​ការ​ពិភាក្សា​ថា​ អ្វីជា​ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី។​ តែវា​ពិត​ជា​ស្នា​ដៃ​របស់​ភាគី​ទាំងពីរ​ គឺ​អាស៊ាន​និង​ចិន‍»។​

លោក ​Achmad Rizal Purnama​ បាន​ថ្លែង​ថា​ ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​គូស​បញ្ជាក់​យ៉ាងច្បាស់​ចាប់តាំង​ពីពេល​ចាប់ផ្តើម​ដំបូង ជាពិសេស​ការ​ធ្វើការ​សាកល្បង​ប្រព័ន្ធ​ទំនាក់​ទំនង​ Hotline។​ យន្តការ​នេះអាច​ឆ្លើយតប​តាម​វិធីបែប​អហិង្សា​ក្នុង​ការ​ធ្វើឲ្យ​ថមថយ​បញ្ហា​កើត​ឡើង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។​

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​ អាស៊ាន ​ដែល​រង​សម្ពាធ​ពី​អន្តរជាតិ​ ជាពិសេស​មហា​អំណាច​ពិភពលោក​នោះ​គឺ​ជា​តំបន់​ទីផ្សារ​សេដ្ឋកិច្ច​ទី៥ ​ក្នុង​ពិភពលោក ​ដែល​មាន​ផលិតផល​សរុប​រួមគ្នា​រហូត​ដល់​ទៅ​ជិត​២​លាន​លាន​ដុល្លារ៕