អ្នកគាំទ្រតារាចម្រៀងអាមេរិកាំងកញ្ញា Taylor Swift ប្រមាណ ៣ម៉ឺននាក់នៅសិង្ហបុរីនិងតំបន់ជុំវិញ បានសម្រុកទៅកាន់ក្រុងសិង្ហបុរីកាលពីសប្តាហ៍កន្លងទៅនេះ ដើម្បីទស្សនាការប្រគុំតន្រ្តីរបស់តារាចម្រៀងដ៏ល្បីឈ្មោះរូបនេះ ដែលមានចំនួនសរុប ៦លើក ហើយដែលសំបុត្រត្រូវបានលក់អស់។
សិង្ហបុរីគឺជាទីដៅប្រគុំតន្រ្តីតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការប្រគុំតន្រ្តីជុំវិញពិភពលោក Eras tour របស់តារាចម្រៀង Taylor Swift ហើយអ្នកគាំទ្របានចំណាយលើការធ្វើដំណើរតាមយន្តហោះ និងសណ្ឋាគារដើម្បីមកមើលតារាចម្រៀងដែលពួកគេស្ងើចសរសើររូបនេះ។
នៅមុនការប្រគុំតន្រ្តីកាលពីថ្ងៃសៅរ៍ ទី៩ ខែមីនា ទីភ្នាក់ងារព័ត៌មាន Agence France-Presse បាននិយាយជាមួយអ្នកគាំទ្រដ៏ខ្លាំងក្លាចំនួនប្រាំមួយនាក់របស់តារាចម្រៀង Taylor Swift ដែលពួកអ្នកគាំទ្រទាំងនេះត្រូវបានគេហៅថា «Swifties» អំពីបទចម្រៀងដែលពួកគេពេញចិត្ត និងឥទ្ធិពលរបស់តារាចម្រៀងរូបនេះមានមកលើពួកគេ។
កញ្ញា Searle Lira អាយុ ៣៣ឆ្នាំ បានកា្លយជាអ្នកគាំទ្រតារាចម្រៀង Taylor Swift ពេលរៀននៅវិទ្យាល័យ បន្ទាប់ពីស្តាប់បទចម្រៀងក្រោមចំណងជើងថា «Teardrops on My Guitar»។ បទចម្រៀងនេះជួយឱ្យកញ្ញាងើបរើពីការខូចចិត្តពីស្នេហាតែម្ខាង។
កញ្ញា Lira ដែលជាអ្នកសារព័ត៌មានក្រៅស្ថាប័នមួយរូបពីហ្វីលីពីន បាននិយាយក្នុងសម្តីដើមថា៖ «ខ្ញុំគិតថា កញ្ញា Taylor Swift ជាអ្នកផ្តល់ការប្រឹក្សាផ្នែកផ្លូវចិត្តដោយប្រយោលមួយចំពោះស្រ្តីវ័យក្មេង»។
កញ្ញាបានបន្តថា៖ «អ្វីទាំងអស់ដែលពួកគេបានឆ្លងកាត់ ពួកគេអាចផ្សារភ្ជាប់ជាមួយនឹងបទចម្រៀងរបស់កញ្ញា Taylor Swift»។
កញ្ញា Lauren Fang អាយុ ២៣ឆ្នាំ បានស្តាប់បទចម្រៀងរបស់កញ្ញា Taylor Swift ដំបូងនៅពេលកញ្ញាស្ថិតនៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាលជំងឺ។
កញ្ញា Fang ដែលជាអ្នកជំនាញផ្នែកធនធានមនុស្សពីកោះតៃវ៉ាន់និយាយថា ពេលនោះកញ្ញាមានអាយុ ១៨ឆ្នាំ ហើយបាននិយាយទៀតថា បទចម្រៀងរបស់កញ្ញា Taylor Swift បានជួយជ្រោមជ្រែងឱ្យកញ្ញាជាសះស្បើយ។
បទចម្រៀងដែលកញ្ញាពេញចិត្តមានចំណងជើងថា «Back to December» ដែលរៀបរាប់ពីការស្តាយក្រោយដោយសារបានចាកចេញពីមនុស្សម្នាក់។
កញ្ញាបានលើកឡើងឃ្លាមួយក្នុងបទចម្រៀងនោះដែលមានខ្លឹមសារថា៖ «ប្រសិនបើខ្ញុំអាចរស់ឡើងវិញសាជាថ្មី ខ្ញុំសច្ចាថា នឹងស្រឡាញ់ខ្លួនឯងឱ្យត្រឹមត្រូវ។ កញ្ញាបានបន្តថា៖ «បទចម្រៀងនេះបានបង្រៀនខ្ញុំថា ប្រសិនខ្ញុំអាចកែប្រែជីវិតរបស់ខ្ញុំឡើងវិញ ខ្ញុំសូមសច្ចាថា ខ្ញុំនឹងធ្វើរឿងត្រឹមត្រូវសម្រាប់ជីវិតរបស់ខ្ញុំ»។
កញ្ញា Sarah Lui អាយុ ២១ឆ្នាំ បានចាប់ផ្តើមស្តាប់បទចម្រៀងរបស់ Taylor Swift ពេលរៀននៅបឋមសិក្សា ហើយបន្តស្តាប់ជាប់មករហូត។
កញ្ញា Lui ដែលជិតនឹងបញ្ចប់ការសិក្សាផ្នែកឧក្រិដ្ឋវិទ្យានៅក្រុងហុងកុង និងត្រៀមបន្តការសិក្សាសញ្ញាប័ត្រផ្នែកច្បាប់ បាននិយាយថា៖ «ខ្ញុំនឹងនៅតែជា Swiftie ឬអ្នកគាំទ្រកញ្ញា Taylor Swiftជារៀងរហូត បើទោះបីជាខ្ញុំក្លាយជាមេធាវីក៏ដោយ»។
អ្វីដែលនាងកោតសរសើរកញ្ញា Taylor Swift បំផុតនោះគឺអំពើល្អ។
កញ្ញា Lui បាននិយាយថា៖ «កញ្ញា Taylor Swift តែងតែល្អជាមួយក្រុមការងារ អ្នកគាំទ្រ និងមនុស្សរាល់គ្នា។ គាត់ចិត្តល្អនិងជាមនុស្សដាក់ខ្លួន។ នេះជាអ្វីដែលមនុស្សគ្រប់គ្នានៅលើពិភពលោកគួរធ្វើ។ គាត់គឺជា តារាដ៏ល្បីឈ្មោះមួយរូប ប៉ុន្តែគាត់មិនដែលមានភាពគំរោះគំរើយដោយសារតែភាពល្បីល្បាញរបស់គាត់ទេ។ គាត់បានប្រើភាពល្បីល្បាញរបស់គាត់ដើម្បីធ្វើរឿងល្អ»។
លោក Men Ratiee អាយុ ២៣ឆ្នាំ និស្សិតផ្នែកគមនាគមន៍ពីក្រុងបាងកក បានស្គាល់ Taylor Swift តាមរយៈការផ្សាយព័ត៌មានកាលពីឆ្នាំ ២០១៤ នៅពេលការប្រគុំតន្រ្តីរបស់តារាចម្រៀងរូបនេះនៅប្រទេសថៃត្រូវបានលុបចោល ក្រោយមានរដ្ឋប្រហារ។
បទចម្រៀងរបស់កញ្ញា Taylor Swift ដែលលោកពេញចិត្តមានចំណងជើងថា «Shake It Off» ពីព្រោះវាធ្វើឱ្យលោកមានអារម្មណ៍ល្អ។
លោកបានថ្លែងថា៖ «កញ្ញា Taylor Swift គឺអ្នកដែលជំរុញទឹកចិត្តម្នាក់។ ខ្ញុំរៀនអង់គ្លេសពីបទចម្រៀងរបស់គាត់។ ខ្ញុំច្រៀងបទចម្រៀងទាំងនោះ។ គាត់ជាស្រ្តីម្នាក់ដែលជំរុញចិត្តខ្ញុំ ពីព្រោះគាត់ជាមនុស្សល្អ។ ជីវិតរបស់គាត់គឺអស្ចារ្យណាស់»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា