ស្ត្រី​ជនជាតិ​លីបេរីយ៉ា​និង​យេម៉ែន​ត្រូវ​បាន​គេ​ប្រគល់​ជូន​រង្វាន់​ណូបែល​សន្តិភាព​ពិភពលោក

French CRS riot police are covered with paint during clashes with demonstrators in front of tire-maker Goodyear Dunlop's France headquarters in Rueil Malmaison, near Paris.

ស្ត្រី​ពីរ​រូប​មក​ពី​ប្រទេស​លីបេរីយ៉ា​និង​ម្នាក់​ទៀត​មក​ពី​ប្រទេស​យេម៉ែន​ត្រូវ​បាន​គេ​ប្រគល់​ជូន​នូវ​រង្វាន់​ណូបែល​សន្តិភាព​កាល​ពី​ថ្ងៃ​សៅរ៍​ទី​១០​ខែ​ធ្នូ​ សម្រាប់​កិច្ច​ប្រឹងប្រែង​នានា​កន្លង​មក​របស់​ពួកគេ​ក្នុង​ការ​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​ដោយ​សន្តិភាព​មួយ​ដល់​ប្រទេស​របស់ពួកគេ។ ប្រធានាធិបតី​លីបេរីយ៉ា លោកស្រី អេឡែន ចនសុន សឺលៀហ្វ (Ellen Johnson Sirleaf) សកម្មជន​លីបេរីយ៉ា អ្នកនាង លីម៉ា ហ្គបូវី (Leymah Gbowee) និង សកម្មជន​យេម៉ែន អ្នកនាង តាវាក់កូ ការម៉ាន (Tawakkol Karman) បាន​ទទួល​រង្វាន់​របស់​ពួកគេ​នៅ​ឯ​ពិធី​ប្រគល់​រង្វាន់​មួយ​ក្នុង​ទីក្រុង​អូស្លូ (Oslo) នៃ​ប្រទេស​ន័រវេស។

ក្រុម​អ្នក​ផ្លុំ​ត្រែ​ប្រចាំ​រាជវាំង​បាន​បញ្ចេញ​សំឡេង​ត្រែ​ដើម្បី​បើក​ពិធី​ប្រចាំ​ឆ្នាំ​មួយ​នេះ នៅ​ពេល​ដែល​ព្រះ​រាជវង្សានុវង្ស​ន័រវែស និង ជ័យលាភី​ណូបែល​ឆ្នាំ​នេះ បាន​នាំ​គ្នា​ដើរ​ចូល​ក្នុង​សាល​ពិធី។ គណៈកម្មាធិការ​រង្វាន់​ណូបែល​បាន​ជ្រើសរើស​ស្ត្រី​ទាំង​បី​នាក់ ដោយសារ​តែ​សកម្មភាព​របស់​ពួកគេ​ ក្នុង​បុព្វហេតុ​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ដោយ​សន្តិភាព​មួយ​ក្នុង​ប្រទេស​របស់​ពួកគេ។ ប៉ុន្តែ​លោកស្រី​ប្រធានាធិបតី​ សឺលៀហ្វ បាន​និយាយ​ថា ​ពាន​រង្វាន់​មួយ​នេះ​តាម​ពិត​ទៅ​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ជា​ច្រើន​ទៀត​ដែល​ត្រូវ​បាន​គេ​ជិះជាន់​ធ្វើ​បាប​នៅ​ទូទាំង​ពិភពលោក។

«ពាន​រង្វាន់​នេះ​គឺ​ជា​របស់​មនុស្ស​ទាំងឡាយ​ណា​ ដែល​យើង​មាន​បុព្វសិទ្ធិ​តំណាង​ឲ្យ​សេចក្តី​ប្រាថ្នា​របស់​ពួកគេ​ ហើយ​ដែល​សិទ្ធិ​និង​សេរីភាព​របស់​ពួក​គេ​នេះ​ ​យើង​មាន​កាតព្វកិច្ច​ត្រូវ​ការពារ។ ប្រវត្តិសាស្ត្រ​នឹង​វិនិច្ឆ័យ​យើង​មិន​មែន​ទៅ​លើ​អ្វី​ដែល​យើង​និយាយ​នា​ពេល​នេះ​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​នឹង​ធ្វើ​បន្ទាប់​ពី​នេះ​ដើម្បី​លើក​កម្ពស់​ជីវិត​រស់​នៅ​របស់​ជន​រួម​ជាតិ​យើង​ទាំង​បុរស​និង​ស្ត្រី។»

ជន​រួម​ជាតិ​លីបេរីយ៉ា​របស់​លោកស្រី គឺ​ អ្នកនាង ហ្គបូវី ជា​អ្នក​ដែល​បាន​ដឹកនាំ​ស្ត្រី​ពាក់​អាវ​យឹត​ពណ៌​ស​មួយ​ក្រុម​ ដែល​បាន​ប្រឆាំងយ៉ាង​មុះមុត​ចំពោះ​មេ​ដឹកនាំ​សឹក​នានា​ ដើម្បី​ជួយ​ឱ្យ​មាន​ការ​បញ្ឈប់​ទាំង​ស្រុង​នូវ​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​របស់​នាង​ ក៏​បាន​និយាយ​អំពី​មនុស្ស​រាប់​លាន​នាក់​ផ្សេង​ទៀត​ដែរ​ ដែល​មិន​មាន​វត្តមាន​នៅ​លើ​វេទិកា​ក្នុង​ទីក្រុង​អូស្លូ កាល​ពី​ថ្ងៃសៅរ៍​នេះ។

«ខ្ញុំ​ជឿ​ជាក់​ថា​ ពាន​រង្វាន់​នា​ឆ្នាំ​នេះ​មិន​ត្រឹម​តែ​ទទួល​ស្គាល់​ការ​ពុះពារ​របស់​ពួក​យើង​ ក្នុង​ប្រទេស​លីបេរីយ៉ា​និង​យេម៉ែន​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជា​ការ​ទទួល​ស្គាល់​ផង​ដែរ​នូវ​ការ​ពុះពារ​របស់​ស្ត្រីទាំង​ឡាយ​ដែល​ធ្វើ​សកម្មភាព​នៅ​មូលដ្ឋាន ​ក្នុង​ប្រទេស​អេហ៊្សីប សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ កូតឌីវ័រ ទុយនីស៊ី បាឡេស្ទីន និង​ប្រទេស​អ៊ីស្រាអែល​ និង​នៅ​គ្រប់​ទិសទី​ដែល​មាន​បញ្ហា​ក្នុង​ពិភពលោក។»

អ្នក​នាង ហ្គបូវី បាន​និយាយ​ថា​ «ជ័យជម្នះ​គឺ​វា​នៅ​ឆ្ងាយ​ត​ទៅ​ទៀត...យើង​គ្មាន​ពេល​វេលា​ដើម្បី​សម្រាក​ទេ។»

ប្រធាន​គណៈកម្មាធិការ​រង្វាន់​ណូបែល បាន​និយាយ​ថា​ គាត់​បាន​ឮ​សំឡេង​របស់​សកម្មជន​យេម៉ែន​ អ្នក​នាង តាវាក់កូ ការម៉ាន ដំបូង​បំផុត នៅ​ពេល​ដែល​អ្នកនាង​កំពុង​តែ​និយាយ​ចេញ​ពី​ជំរំ​មួយ​នៅ តំបន់​ សាណាអាស តារី ស្វ៊ែរ (Sana'a's Tahrir Square)។ ប៉ុន្មាន​ខែ​ក្រោយ​មក​ នាង​បាន​ក្លាយ​ជា​ស្ត្រី​ជនជាតិ​អារ៉ាប់​ដំបូង​និង​ក្មេង​ជាង​គេ​បំផុត​ ដែល​បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព​ពិភពលោក​នេះ។

នៅ​លើ​វេទិកា​រង្វាន់​ណូបែល អ្នកនាង​បាន​និយាយ​ថា​ រង្វាន់​នេះ​នឹង​លើក​ទឹកចិត្ត​ ហើយ​នឹង​គាំទ្រ​ដល់​បំណង​ប្រាថ្នា​របស់​ជនជាតិ​អារ៉ាប់​ទាំង​ឡាយ​ ដែល​កំពុង​តែ​តស៊ូ​ពុះពារ​ដោយ​សន្តិវិធី​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវិត​រស់​នៅ​របស់​ពួកគេ។

អ្នក​នាង ការម៉ាន​ ដែល​ហៀប​នឹង​ហូរ​ទឹក​ភ្នែក​ទៅ​ហើយ​នោះ​ បាន​តាំង​អារម្មណ៍​របស់​នាង​ដើម្បី​ថ្លែង​សុន្ទរកថា​ដ៏​រឹងប៉ឹង​មួយ ដោយ​បាន​និយាយ​ថា​ បដិវត្តន៍​អារ៉ាប់​នានា​ក្នុង​ឆ្នាំ​នេះ​បាន​ប្រឈម​មុខ​នឹង​មេ​ដឹកនាំ​ផ្តាច់ការ​ទាំងឡាយ​ណា​ដែល​បាន​ចូលជ្រៅ​ហួស​ហេតុ​ក្នុង​ការ​ដក​ហូត​សិទ្ធិ​និង​សេរីភាព​របស់​ប្រជាជន​ពួកគេ។ អ្នកនាង​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ធ្វើ​អ្វី​បន្ថែម​ទៀត​ ដើម្បី​បំពេញ​តាម​សន្យា​និង​សេចក្តី​សម្រេច​នានា​របស់​ខ្លួន​ ក្នុង​ការ​ទាមទារ​ឱ្យ​មាន​សន្តិភាព​ សេរីភាព​ និង​សិទ្ធិ​នារី។

ជ័យលាភី​រង្វាន់​ណូបែល​ទាំង​បី​នាក់​ ម្នាក់ៗ​ទទួល​បាន​មេដាយ​មួយ​និង​សញ្ញាប័ត្រ​មួយ​ ហើយ​នឹង​ទទួល​បាន​ថវិកា​រួម​គ្នា​ចំនួន​១.៥​លាន​ដុល្លារ។ រង្វាន់​ណូបែល​ផ្នែក​វេជ្ជសាស្ត្រ​ គីមីវិទ្យា​ រូបវិទ្យា​ និង​ ផ្នែក​អក្សរសាស្ត្រ​ និង​រង្វាន់​ដែល​ទាក់ទង​នឹង​សេដ្ឋសាស្ត្រ ត្រូវ​បាន​គេ​ប្រគល់​ជូន​នៅ​ពេល​ក្រោយ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ ក្នុង​ទីក្រុង​ ស្តុកខុល (Stockholm)៕

ប្រែ​សម្រួល​ដោយ ឃួន ធារ៉ា