ខណៈពេលដែលបដិវត្ដន៍ក្នុងពិភពអារ៉ាប់ ហៅនិទាឃរដូវអារ៉ាប់ ដែលបន្ដដំណើរការរហូតដល់ពេលនេះ នាំឲ្យមានលទ្ធផលល្អ និងអាក្រក់ លាយឡំគ្នាដែរ ខាងវិស័យការពារសិទ្ធិមនុស្សនោះ សកម្មជននៅជុំវិញពិភពលោកនិយាយថា គេបានត្រូវលើកទឹកចិត្ដពីចលនានោះដើម្បីប្រយុទ្ធឲ្យមានការផ្លាស់ប្ដូរនយោបាយនៅក្នុងប្រទេសរបស់គេ ខណៈដែល ពិភពលោក កំពុងរៀបចំឲ្យមានការប្រារពពិធីបុណ្យទិវាសិទ្ធិមនុស្សនៅក្នុងថ្ងៃទី ១០ ខែធ្នូ។
ក្រុមអ្នកតាក់តែងច្បាប់ថ្មីនៅពេលក្រោយរបបគ្រប់គ្រងផ្ដាច់ការនៃប្រទេសទុយណេស៊ី នឹងក្រុមអ្នកបោះឆ្នោត ក្នុងប្រទេសអេហ៊្សីប នៅទីបញ្ចប់ បានចូលរូមក្នុងការបោះឆ្នោតសេរី និង យុត្ដិធម៌អ្នកទាំងនោះជាលទ្ធផលច្បាស់លាស់នៅ ក្នុងចលនានៃការបដិវត្ដន៍ អារ៉ាប់។
ការតវ៉ា ដែលចាប់ផ្ដើមកាលពីឆ្នាំមុន បានធ្វើឲ្យរង្គើ ដល់រដ្ឋាភិបាលដែលកាន់អំណាចផ្ដាច់ការនៅក្នុងមជ្ឈឹមបូព៌ាប្រទេស និងតំបន់អាហ្វ្រីកខាងជើង។
ការប៉ះទង្គិចគ្នានៅតាមផ្លូវ នៅតែមានបន្ដ សូម្បីនៅក្នុងប្រទេសដែលមេដឹកនាំយូរអង្វែង បានត្រូវបណ្ដេញចេញពីអំណាចក៏ដោយ ដូចជានៅក្នុងប្រទេស អេហ៊្សីប ជាដើម។ នៅក្នុងប្រទេស ស៊ីរីគេឃើញមានការប្រែប្រួលតិចតួច តែនៅ មានអំពើឃោរឃៅជាច្រើន។
ប្រទេសខ្លះដូចជាប្រទេស បារ៉េន គេឃើញ មានការតវ៉ា និយម លទ្ធិប្រជាធិបតេយ្យ មិនឈប់ឈរ ក្រោយពីរដ្ឋាភិបាលសន្យា នឹងធ្វើការផ្លាស់ប្ដូរ តែគេមិនឃើញមានសកម្មភាពធំដំទេ។ រាជាណាចក្រនៃប្រទេស បារ៉េន កាលពីពេលថ្មីនេះ និយាយថានឹងសិក្សាអំពីសេចក្ដីស្នើថ្មីរបស់គណកម្មការមូយ របស់ រដ្ឋាភិបាល ដើម្បីពង្រីកសេរីភាពក្នុងការសម្ដែងមតិ និង សេរីភាពក្នុងការជួបប្រជុំ។
តែអ្នកស្រាវជ្រាវម្នាក់ នៃ អង្គការ Amnesty International ក្នុងប្រទេសបារ៉េន Said Boumedouha ស្ទាក់ស្ទើរ មិនចង់ប្រារពពិធីបុណ្យទិវា សិទ្ធិមនុស្សនៅក្នុងប្រទេសរបស់លោក។
«មានករណី ឬ ឧទាហរណ៍ជាច្រើន ដែលអង្គការអន្ដរជាតិ ឬ អង្គការតំបន់ បានផ្ដល់អនុសាសន៍ ទៅឲ្យរដ្ឋាភិបាល តែ គេមិនឃើញមានការអនុវត្ដន៍ទេ។ ហេតុដូច្នេះហើយបានជាប្រជាពលរដ្ឋមានការមន្ទិលសង្ស័យចំពោះរឿងទាំងនោះ ថា តើ រដ្ឋាភិបាល នឹងអនុវត្ដតាមសេចក្ដីស្នើទាំងនោះ ឬ ទេ?»
នៅពីចម្ងាយ ប្រមាណ ១ ម៉ឺន គីឡូម៉ែត្រ ក្នុងរដ្ឋធានីវ៉ាស៊ីនតោនJessica Mazour បានចូលរួមធ្វើបាតុកម្ម ជាលើកតំបូង។ នាងខិតខំប្រមូលមនុស្សទូទាំង សរអ ដូចចលនាហៅ Occupy ឲ្យចូលរួមធ្វើការតវ៉ាក្នុងរដ្ឋរបស់នាង Iowa ដែលនៅ ខែមករា នឹង មានការចាប់ផ្ដើមការតែងតាំងបេក្ខជនប្រធានាធិបតី សរអ សម្រាប់ការបោះឆ្នោត ឆ្នាំ ២០១២។
នាង ម៉ាសួរ ថ្លែងថា ក្រុមបាតុករ នៅមជ្ឈឹមបូព៌ា បានលើកទឹកចិត្ដនាងឲ្យមានចិត្ដតស៊ូជានិច្ច ដើម្បីទាមទារឲ្យមានការផ្លាស់ប្ដូរ នៅក្នុងរដ្ឋាភិបាល របស់នាង។
«នៅគ្រប់ពេលវេលាដែល អាជ្ញាធរ ព្យាយាមឃាត់ឃាំងយើង តែយើងនឹងតស៊ូរឹតតែខ្លាំងឡើង រហូតដល់ មន្ដ្រីទាំងនោះយល់ព្រមតាមយើង ហើយនេះ មានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋ។»
ចលនា Occupy មិនមានគោលការណ៍ជាក់លាក់ទេ តែ បាតុករជាច្រើននៅក្នុង សរអ នេះ និយាយថា គេ ចង់បានឱកាសការងារច្រើន មានការបែងចែកប្រាក់ចំណូលស្មើគ្នា ព្រមទាំងការកាត់បន្ថយឥទ្ធិពលអ្នកមានទ្រព្យសម្បត្ដិ មកលើនយោបាយ ដែលជាការទាមទារស្រដៀងគ្នា នៅតំបន់មជ្ឈឹមបូព៌ា។
Zaid Jelani បានតាមដានការបះបោរនៅជុំវិញពិភពលោក យ៉ាងដិតដល់ ហើយជា សកម្មជនសរសេរ ប្ល៉គ សម្រាប់អង្គការមួយ ក្នុងរដ្ឋធានី វ៉ាស៊ិនតោន ហៅ Think Progress។
«រឿងសំខាន់ដែលយើងអាចនិយាយនៅឆ្នាំ ២០១១ គឺថា មានការងើបតវ៉ានិយមលទ្ធិប្រជាធិបតេយ្យ នៅជុំវិញពិភពលោក ។ វាជារឿងមូយដែលពលរដ្ឋនៅគ្រប់ទីកន្លែងក្នុងពិភពលោក និយាយថា ថ្នាក់ដឹកនាំប្រទេសគេ មិនបានបំរើពលរដ្ឋទេ ហើយជីវិតរបស់គេ ធ្លាក់ចុះដុនដាបដោយសារតែសេដ្ឋកិច្ចជាតិចុះអន់ខ្សោយ។ គេនិយាយថា បើចង់បានសម្រេចតាមគោលបំណង គេត្រូវ ធ្វើការតវ៉ាដោយដើរលើផ្លូវដោយអនុវត្ដលទ្ធិប្រជាធិបតេយ្យពីឬសគល់ ស្ដាប់មតិរបស់ប្រជាពលរដ្ឋ។ ការរំលោភលើប្រជាពលរដ្ឋ និង នយោបាយការប្រើបាសវិធានការមិនស្របតាមចំណង់ពលរដ្ឋ រឿងទាំងនោះត្រូវយកមកដោះស្រាយ។»
ក្រុមបាតុករ និយាយថា បើកាលណា ជំរំនៅលើទីវាល បានត្រូវបំបិទហើយជនទាំងនោះប្រឈមមុខនឹងការវាយបង្រ្កាប មិនឈប់ឈរពីកងកម្លាំងសន្ដិសុខ ការតស៊ូសង្គមដ៏ខ្លាំងក្លា របស់គេនៅពេលនេះ ដើម្បីធ្វើឲ្យប្រសើរដល់សិទ្ធិមនុស្ស នឹងប្រើពេលយូរ ហើយមុខជាបន្ដឆ្ងាយហួសពីឆ្នាំនេះទៅទៀត៕
ប្រែសម្រួលដោយ អ៊ូ ធួក