អាជ្ញាធរ​អប្សរា​ហាមឃាត់​ការ​ហូបចុក​អាហារ​នៅ​ប្រាសាទ​​អង្គរ

រូបឯកសារ៖ មគ្គុទេសក៍​ទេស​ចរណ៍​ម្នាក់​ដឹក​នាំ​​ភ្ញៀវ​ទេសចរនៅ​ប្រសាទ​អង្គរនៃ​ខេត្ត​សៀមរាប ​នៅ​ថ្ងៃសៅរ៍ ទី១៦ ខែ​កក្កដា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)

លោក​ឡុង កុសល្យ​ ​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​សាធារណៈ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃអង្គារនេះថា​ អាជ្ញាធរ​មិនទាន់​បាន​គិត​ដល់​វិធានការ​ដាក់​ពិន័យ​លើ​ភ្ញៀវ​ទាំង​ឡាយ​ដែល​មិន​គោរព​តាមការ​ណែនាំ​ថ្មីនេះទេ។​

ក្រុម​អាជ្ញាធរ​ការពារ​តំបន់​រមណនីយដ្ឋាន​អង្គរ​កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​ណែនាំ​ឲ្យអ្នក​ទស្សនា​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នេះ​ កុំ​បរិភោគ​អាហារ​ក្នុង​ពេល​ដើរ​មើល​ប្រាង្គ​ប្រាសាទ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រក្សា​អនាម័យ​ល្អ​ និង​ដើម្បីតម្កល់​តម្លៃ​ដល់ដូនតា​ខ្មែរ​ដែល​បាន​បន្សល់​ទុក​ប្រាង្គ​ប្រាសាទ​នានា​នៅក្នុង​ខេត្ត​សៀម​រាប។ ​នេះ​បើយោង​តាម​សេចក្តី​ជូន​ដំណឹងមួយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ​ដែល​បាន​ប្រកាស​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អាជ្ញាធរ​នេះ​ កាល​ពីដើម​ខែ​មីនា។

សេចក្តី​ជូនដំណឹង​ចុះ​ហត្ថលេខា​ដោយ​លោក​ហង់ ពៅ​ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កាល​ពីថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ បាន​ផ្តល់​ការ​ណែនាំ​ជាច្រើន​ដល់​អ្នកទស្សនា​ប្រាង្គប្រាសាទ​ផ្សេងៗក្នុង​តំបន់​អង្គរ​ ដោយ​អាជ្ញាធរ​ជាតិ​នេះ​ បាន​ហាម​ភ្ញៀវមិន​ឲ្យ​បរិភាគ​អាហារ​ក្នុង​បរិវេណ​ប្រាសាទ​ ក្នុង​ពេល​ទស្សនា​ប្រាសាទ ជាពិសេស​អាហារ​វេច​ខ្ចប់​ក្នុង​អំឡុង​ពេល​ទស្សនា​ថ្ងៃ​រះ​ ឬ​ថ្ងៃ​លិច។

អាជ្ញាធរ​ជាតិ​អប្សរា​ ក៏​បានប្រាប់​ភ្នាក់​ងារ​ទេសចរណ៍​ សមាគម​ទេសចរណ៍​ ក៏ដូចជា​មគ្គុទេ្ទសក៍​ទេសចរណ៍​ ត្រូវ​ជួយ​ណែនាំ​ភ្ញៀវ​របស់​ខ្លួន​កុំ​ឲ្យ​បរិភោគ​អាហារ​វេច​ខ្ចប់​នៅ​ក្នុង​បរិវេណ​ប្រាសាទ ហើយ​និង​គ្រឹះស្ថាន​អង្គរ​ឲ្យ​ជួយ​ណែនាំ​ភ្ញៀវ​ និង​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​វេច​ខ្ចប់​អាហារ​ចូល​ទស្សនា​ប្រាសាទ​ទាំង​ក្នុង​អំឡុង​ពេល​ទិញបណ្ណ​ និង​ពេល​ពិនិត្យ​បណ្ណ​ចូល​ទស្សនា​ប្រាសាទ។

សេចក្តី​ជូន​ដំណឹង​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា៖​

​«អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាង​លើ​ សូម​គ្រប់​ស្ថាប័ន​ជាតិ​-អន្តរជាតិ​ អាជ្ញាធរ​ដែន​ដី​ មន្ទីរ​-អង្គភាព​ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​ សមាគម​មគ្គុទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍​ទេសចរណ៍​ ក្រុមហ៊ុន​ទេសចរណ៍​ សមាគម​ដឹក​ជញ្ជូន​ភ្ញៀវ​ទេស​ចរ​ អ្នក​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ជាតិ​ អន្តរជាតិ​ បងប្អូន​អាជីវករ​ និង​សាធារណ​ជន​ទាំង​អស់​មេត្តា​ជ្រាប​ និង​ចូល​រួម​សហការ​អនុវត្ត​ឲ្យ​បាន​ល្អ​ប្រសើរ​នូវ​លិខិត​ជូន​ដំណឹង​នេះ សំដៅ​ធ្វើ​យ៉ាង​ណា​រក្សា​ឲ្យ​បាន​នូវ​សណ្តាប់​ធ្នាប់​ របៀប​រៀបរយ​ អនាម័យ​ល្អ​ និង​សេចក្តី​ថ្លៃ​ថ្នូរ​នៅ​ក្នុង​រមណីយ​ដ្ឋាន​អង្គរ»។​

លោក​ឡុង កុសល្យ​ ​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​សាធារណៈ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃអង្គារនេះថា​ អាជ្ញាធរ​មិនទាន់​បាន​គិត​ដល់​វិធានការ​ដាក់​ពិន័យ​លើ​ភ្ញៀវ​ទាំង​ឡាយ​ដែល​មិន​គោរព​តាមការ​ណែនាំ​ថ្មីនេះទេ។​

លោក​ថា​ ការ​បញ្ជ្រាប​ព័ត៌មាន​នេះ​ ​តាម​ភ្នាក់​ងារ​ទេសចរណ៍​នានា​ និង​អ្នកនាំ​ភ្ញៀវ​ដើរ​កំសាន្ត​ ហើយ​និង​ការ​ណែនាំ​គ្នា​ទៅវិញ​ទៅ​មក​នោះ​ គឺ​គ្រប់​គ្រាន់​ ដើម្បី​ទប់ស្កាត់​ការ​ទទួល​ទាន​អាហារ​ក្នុងពេលដើរ​ទស្សនាក្នុង​បរិវេណ​សួន​ឧទ្យាន​ប្រវត្តិសាស្រ្ត​អង្គរ​នេះ។​

«ការណ៍​ដែល​យើង​កំណត់ថា​ ដាក់​ពិន័យ​នេះ​ ដាក់​ពិន័យ​នោះ​ គឺជា​រឿង​មួយ​ទេ​ ប៉ុន្តែ​រឿង​មួយ​ទៀត​ គឺការ​ផ្តល់​ព័ត៌មាន​ឲ្យបាន​ជាក់​លាក់​ ការ​ផ្តល់​ព័ត៌មាន​ឲ្យបាន​ត្រឹមត្រូវ​ ហើយ​និង​ផ្តល់​ការ​អប់រំ​ឲ្យ​បាន​ស្រប​ទៅតាម​ខ្លឹមសារ​ នៃ​លិខិត​នៃ​ការ​ស្នើ​ នៃ​ការ​ហាម​នោះ​ ដូច្នេះ​នោះ​ គឺ​ជា​ប្រសិទ្ធភាព​ខ្ពស់​ហើយ។ យើង​មិន​ចាំ​បាច់​ ដាក់​ពិន័យ​ដើម្បី​ ដើម្បី​បញ្ជាក់​ថា​ ដើម្បី​បញ្ជាក់​អំពី​ រឿង​ដែល​គេ​ហៅថា​ [...]​ អំពី​ការអនុវត្ត​នោះ​ទេ។ សំខាន់​គឺនៅពេល​ដែល​យើង​ឃើញ​ថា​ បុគ្គល​ម្នាក់​ធ្វើ​ខុស​ ភ្ញៀវ​ម្នាក់​ធ្វើ​ខុស​ យើង​ណែនាំ​ យើង​អប់រំ​ នៅ​ទីនោះ​ហើយ​គាត់​ ជួយ​អប់រំ​បន្ត​ ឬ​ជួយ​ផ្តល់​ព័ត៌មាន​បន្ត​ដល់​ទៅ​អ្នក​ដទៃ​ទៀត​ អាហ្នឹង​គឺ​ជា​ជម្រើស​សំខាន់​របស់​យើង»។

លោក​បាន​អះអាង​ថា​ មិនមាន​ការ​បារម្ភ​ណាមួយ​ចំពោះ​ ប្រជាពលរដ្ឋ​ខ្មែរម្ចាស់​ស្រុក​ក្នុង​ការ​ថែ​ទាំ​អនាម័យ​នៅក្នុង​ទឹកដី​អង្គរ​ ដែល​ជា​ទឹកដី​នៃ​ទីសក្ការៈបូជា​របស់​ពួកគេ​នោះ​ទេ។​

«តំបន់​អង្គរ​គឺ​ជា​តំបន់​ដែល​ជា​ទីសក្ការៈ​ ជាទី​តំបន់​ដែល​ស័ក្តិសិទ្ធិ​ ជាទីតំ​បន់​ដែល​មាន​ដួង​ព្រលឹង​ មាន​វិញ្ញាណ។ ប្រជាពលរដ្ឋ​ខ្មែរយើង​តែង​តែ​ទៅ​អុជធូប​ បូជា​ផ្កា​ បូជា​អី​ដើម្បី​រំឮក​ទៅ​ដល់​ដួង​វិញ្ញាណ​ រំឮក​ទៅ​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ទាំង​អស់នោះ​ ដើម្បី​សុំបួង​សួង​ សុំ​សេចក្តី​សុខ​បាទ។ អ៊ីចឹង​ យើង​កម្រ​ឃើញ​ខ្មែរ​យើង​ទៅ​ ទៅ​ដើរ​ញាំ​ នៅក្នុង​ប្រាសាទ​ណាស់»។​

កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅនេះ​ គ្រឹះស្ថាន​អង្គរ​កម្ពុជា​ដែល​គ្រប់គ្រង​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​វត្ត បាន​បញ្ជាក់​ឲ្យដឹង​ថា​ កម្ពុជា​ទទួល​បាន​ចំណូល​សរុប​ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ​ ​ជាង​១១៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​និង​ជាង​១០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០១៧​ ​ដែល​មាន​កំណើន​៨​ភាគរយ។​

នៅក្នុង​រយៈពេល​ពីរខែ​ដើម​ឆ្នាំ​២០១៩នេះ​ តំបន់​ប្រាង្គប្រាសាទ​អង្គរ​ រក​បាន​ប្រាក់​ចំណូល​ជាង​២៥លាន​ដុល្លារ​សហរដ្ឋអាមេរិក​ពីភ្ញៀវ​ចំនួន​សរុប​ជាង​៥សែន​នាក់​ ពោល​គឺ​ថយចុះ​៨,៧៧​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅឆ្នាំ​២០១៨។

លោក​ ​ឡុង កុសល្យ​ ​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​សាធារណៈ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ថ្លែង​ថា​ លោក​មិន​បាន​ដឹង​ពី​មូលហេតុ​នៃ​ការ​ធ្លាក់ចុះ​ចំនួន​ភ្ញៀវ​ក្នុង​រយៈពេល​ពីរខែ​ដំបូង​នៃ​ឆ្នាំ​២០១៩​នេះ​ទេ។​

កាលពីឆ្នាំ​២០១៧​ ​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា ​ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ជាប់​ជា​សំណង់​ប្រវត្តិសាស្ត្រ​លំដាប់​កំពូល​ទី​មួយ​របស់​ពិភពលោក​ តាម​រយៈ​កម្មវិធី​ផ្តល់​រង្វាន់​របស់​គេហទំព័រ​ប្រឹក្សា​ធ្វើ​ដំណើរ​ដ៏​ល្បី​របស់​អាមេរិក​ឈ្មោះ​ ​TripAdisor (TripAdvisor’s 2017 Traveller’s Choice Awards - Landmarks)។​

ចំណាត់​ថ្នាក់​នេះ​ ត្រូវបានធ្វើ​ឡើង​ ក្នុង​ចំណោម​សំណង់​ប្រវត្តិសាស្ត្រ​ដែល​មាន​ចំនួន​២៥ផ្សេង​ទៀត​ រួម​មាន​មជ្ឈមណ្ឌល​ព្រះវិហារ​សាសនា​អ៊ីស្លាម​ដ៏​ប្រណិត​ឈ្មោះ​ថា​ ​Sheikh Zayed​ ​ក្នុង​ប្រទេស​អារ៉ាប់រួម​ ប្រាសាទ​ Mezquita Cathedral de Cordoba ​របស់​ប្រទេស​អេស្ប៉ាញ​ សំណង់​ St Peter’s Basilica ​ក្នុង​បុរី​វ៉ាទីកង់​ និង​សំណង់​ Taj Mahal ​របស់​ប្រទេស​ឥណ្ឌា៕