ផលិតផល​អេបផល (Apple)​ មាន​ឥទ្ធិពល​ក្នុង​ជីវិត​របស់​អតិថិជន

Pope Benedict greets the crowd from the central balcony of St. Peter's Basilica at the Vatican, April 19, 2005.

ផលិតផល​ក្រុមហ៊ុន​ Apple ​ដែល​ផ្តល់​សេវា​គមនាគមន៍​ផង ​កម្សាន្ត​ផង​ បាន​ប្តូរ​របៀប​ប្រើ​បច្ចេកវិជ្ជា​ និង​របៀប​ផ្តល់​ព័ត៌មាន​ទូទាំង​ពិភពលោក។​ អ្នក​ដឹកនាំ​ដំណើរវិវឌ្ឍន៍​នេះ​គឺ​លោក​ Steve​ Jobs។ ​តើ​ហេតុអ្វី​ក្រុម​ Apple ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​លក់​ផលិតផល​របស់ខ្លួន? ហើយ​តើ​អតិថិជន​គិត​យ៉ាង​ណា​អំពី​ផលិតផល​ Apple ​ក្រោយពី​មរណភាព​របស់​លោក​ Steve​ Jobs?

Jill​ Lenahan ​ជា​អតិថិជន​ដ៏​ស្មោះស្ម័គ្រ​របស់​ផលិតផល​ Apple។

«ខ្ញុំ​មាន ​iPhone 4 ​និង iPod ហើយ​មាន​កំព្យួទ័រ​ MacBook​ មួយ​ក្នុង​សំពាយ»។

Lenahan ​និយាយ​ថា ​ប្រើ​កំព្យូទ័រ​ផ្សេង​ មិន​ស្រួល​ដូច​កំព្យួទ័រ​ Apple​ ទេ។

«ប្រើ​កំព្យូទ័រ​ PC​ គាំង​ញឹក​ញាប់ ​ហើយ​យឺត។​ ប្រើ​កំព្យួទ័រ​ Macintosh ​ស្រួល​គ្រប់​យ៉ាង»។

Lenahan ​និយាយ​ថា ​iPhone ​ធ្វើ​ឲ្យ​ជីវិត​របស់​គាត់​ស្រួល។

តែ​ក្រុមហ៊ុន​ Apple​ មិន​ធ្វើ ​smart​ phone​ ម៉ាស៊ីន​ចាក់​ mp3 ​ឬ​កំព្យួទ័រ​បន្ទះ​ទេ។​Andrew​ Lih ​នៃ​សាលា​គមនាគមន៍ ​និង​សារព័ត៌មាន​នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រនីញ៉ា​ខាងត្បូង​ និយាយ​ថា ​បច្ចេកវិជ្ជា​ចុច​លើ ​អេក្រង់​របស់​ក្រុមហ៊ុន​ Apple​ ស្រួល​ប្រើប្រាស់​ សូម្បី​ចំពោះ​អ្នក​ដែល​គ្មាន​ជំនាញ។

«ខ្ញុំ​គិត​ថា ​ក្រុមហ៊ុន ​Apple ​ត្រួសត្រាយ​បច្ចេកវិជ្ជា​ប្រភេទ​នេះ ​ដូច​ជា ​mp3​ កុន​តាម​អ៊ីនធឺណែត​ កំព្យូទ័រ​បន្ទះ»។

សមត្ថភាព​ច្នៃ​ប្រឌិត​របស់​ក្រុមហ៊ុន​ Apple ​ដែល​ស្រួល​ប្រើ ​បាន​ទាក់​ទាញ​ ឲ្យ​អតិថិជន​ជា​ច្រើន​ក្នុង​ពិភពលោក​ជ្រើសរើស​ផលិតផល ​Apple​ ច្រើន​ជាង​ផលិតផល​ផ្សេង។

«នេះ​ជា​ចំណុច​ពិសេស​របស់​ផលិតផល​ Apple​ គឺ​ល្អ​ណាស់ ​ហេតុនេះ​ហើយ​បាន​ជា​អតិថិជន​ចូលចិត្ត។ ​មិន​ចាំបាច់​រៀន​ក៏​ចេះ​ប្រើ​ដែរ។ ​ទិញ​មក​ភ្លាម​ចេះ​ប្រើ​ភ្លាម។​ ស្នាដៃ​នេះ​ទាមទារ​ធនធាន​មនុស្ស ​និង​ពេលវេលា។ ​ហើយ​ក្រុមហ៊ុន​ជា​ច្រើន​ធ្វើ​មិន​ដូច​ ទាំង​គំនិត​ច្នៃ ​ទាំង​ផលិតផល​សម្រេច»។

Lih ​និយាយ​ថា ​ផលិតផល​ Apple ​ជា​ផ្នែក​នៃ​«របៀប​រស់​នៅ​កម្រិត​ខ្ពស់» (lifestyle)​ ហើយ​ល្បី​ឈ្មោះ​ខាង​ផលិត​ឧបករណ៍​ស្រួល​ប្រើ​តាំង ​ចាប់​ផ្តើម​ក្នុង​ទសវត្ស​១៩៧០។

«ក្នុង​ទសវត្ស​១៩៧០ ​ក្រុមហ៊ុន ​Apple ​ចាប់​ផ្តើម​ផលិត​កំព្យូទ័រ​ប្រើ​តាម​ផ្ទះ​តម្លៃ​សមរម្យ»។

Elizabeth​ Fife ​អ្នកវិភាគ​ខាង​គមនាគមន៍​ និយាយ​ថា ​សព្វថ្ងៃ​ផលិតផល​ Apple ​ថ្លៃ​ជាង​ផលិតផល​គូ​ប្រជែង ​តែ​ក្រុមហ៊ុន​នេះ​នៅ​តែ​អាច​ទាក់​ទាញ​អតិថិជន។

«ផលិតផល​ Apple ​មាន​លក្ខណៈ​ពិសេស​ដោយ​អាច​បង្កើត​បរិយាកាស​រំភើប មាន​តាំង​ពី​របស់​កាន់​តាម​ខ្លួន​ ដូច​ជា​ iPhone ​កំព្យូទ័រ​យួរ​ដៃ​ iPad ​និង​ផលិតផល​ជា​ច្រើន​ទៀត។​ ដូច្នេះ​ក្រុមហ៊ុន​នេះ​ពូកែ​ខាង​ធ្វើ​ផលិតផល​បែប​នេះ»។

ថ្វីបើ​លោក ​Steve​ Jobs ​ស្លាប់​ក្តី ​អ្នក​វិភាគ​ជា​ច្រើន​រំពឹង​ថា​ ក្រុមហ៊ុន​ Apple ​នឹង​បន្ត​កេរ្តិ៍​តំណែល​នេះនឹង​បម្រើ​អតិថិជន​បួន​ប្រាំឆ្នាំ​ទៅ​មុខ​ទៀត៕

ប្រែសម្រួល​ដោយ​ ពិន​ ស៊ីសុវណ្ណ