សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានបដិសេធបណ្តឹងរបស់អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ដែលស្នើឱ្យទម្លាក់ចោលការចោទប្រកាន់បទបរិហារកេរ្តិ៍ជាសាធារណៈប្រឆាំងរូបលោក ទាក់ទិនការអត្ថាធិប្បាយអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២។
ក្នុងការបដិសេធនេះ សាលាឧទ្ធរណ៍បានរក្សាទុកសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ និងតម្រូវឱ្យលោក សុន ឆ័យ សងប្រាក់ខូចខាតទៅគណបក្សប្រជាជនកម្ពុជាពីជាង៧០ម៉ឺនដុល្លារអាមេរិកទៅដល់១លានដុល្លារសហរដ្ឋអាមេរិក ទៅតាមការស្នើសុំរបស់មេធាវីការពារក្តីឱ្យគណបក្សកាន់អំណាច។
ទាំងលោក សុន ឆ័យ និងមេធាវីរបស់លោកចាត់ទុកសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍នេះថា មិនអាចទទួលយកបានទេ និងជារឿងអយុត្តិធម៌។
លោក សុន ឆ័យ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា លោកនឹងបន្តតតាំងក្តីនេះនៅតុលាការកំពូល ព្រោះការទាមទារសំណងខូចខាតពីភាគីគណបក្សអំណាចមានចំនួនច្រើនហួសហេតុ ដែលមិនអាចលៃលកបាន។
លោកថ្លែងថា៖ «មេធាវីក៏បានសួរដែរថា ហេតុអីបានមកទារសុន ឆ័យ ដល់១លាន[ដុល្លារ]ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ យ៉ាងហោចណាស់ប្រវត្តិសាស្ត្រប្រទេសកម្ពុជា មិនដែលមានបទបរិហារកេរ្តិ៍ហ្នឹង ទារដល់មួយលាន។ ប៉ុន្តែបើខ្ញុំមិនយល់ច្រឡំទេ លោកមេធាវីរបស់គណបក្សប្រជាជនថា ដោយសារមិនធ្លាប់មានហ្នឹងហើយគឺធ្វើឱ្យមានម្តងបាទ»។
បើតាមលោក សុន ឆ័យ ការអត្ថាធិប្បាយរបស់លោកកន្លងមកជាមួយប្រព័ន្ធផ្សព្វផ្សាយអំពីការបោះឆ្នោតឃុំសង្កាត់នោះ មិនអាចឱ្យលោករងការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ទេ ដោយថា លោកបានយោងតាមរបាយការណ៍គណបក្សរបស់លោក ហើយក៏មានការរិះគន់ផ្សេងទៀតចំពោះភាពមិនប្រក្រតីនៃការបោះឆ្នោតឃុំសង្កាត់កន្លងមកផងដែរ។
លោកថ្លែងថា៖ «ខ្ញុំអត់មានបរិហារកេរ្តិ៍គណបក្សឬក៏ស្ថាប័នណាទេ។ ខ្ញុំគ្រាន់តែជាអ្នកនិយាយអំពីភាពមិនប្រក្រតីដែលកើតមាន ហើយភាពមិនប្រក្រតីខ្ញុំ មិនមែនតែខ្ញុំម្នាក់និយាយទេ។ គណបក្សខ្ញុំបានធ្វើសេចក្តីថ្លែងការណ៍ ដូចអ្វីដែលខ្ញុំនិយាយ។ ខ្ញុំជាអ្នកនាំពាក្យរបស់គណបក្ស»។
លោករៀបរាប់ទៀតថា៖ «ខ្ញុំនិយាយភាពមិនប្រក្រតីដោយយោងលើរបាយការណ៍របស់គណបក្ស។ បណ្តឹងរបស់សកម្មជន គណបក្សដែលនៅមូលដ្ឋាន ហើយក៏មានអង្គការមិនមែនរដ្ឋាភិបាល និងគណបក្សនយោបាយ គេរិះគន់...រួមទាំងអង្គការសហប្រជាជាតិផង។ ដូច្នេះ វាមិនមែនជាកំហុសទេ។ វាជាការដែលយើងត្រូវតស៊ូមតិ ដើម្បីកែលម្អស្ថាប័នជាតិ ហើយនឹងគណបក្សដែលកាន់អំណាចហ្នឹងឱ្យជួយមើលកូនចៅនៅមូលដ្ឋានហ្នឹង កុំឱ្យធ្វើការងារអីដែលប៉ះពាល់ទៅដល់ការបោះឆ្នោតសេរី និងយុត្តិធម៌បាទ»។
កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឱ្យលោក សុន ឆ័យ ចាញ់ក្តីដើមបណ្តឹងដែលជាគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) ដោយតម្រូវឱ្យបង់សំណងជំងឺចិត្តដល់គណបក្សកាន់អំណាចជាទឹកប្រាក់រហូតដល់ប្រមាណ៧៥ម៉ឺនដុល្លារអាមេរិក។ ចំណែកឯស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប.ទាមទារឱ្យលោក សុន ឆ័យសុំទោសជាសាធារណៈ។
មេធាវីការពារក្តីឱ្យលោក សុន ឆ័យ គឺលោក ជូង ជូងី យល់ថា សេចក្តីវិនិច្ឆ័យរបស់ចៅក្រមនៃសាលាឧទ្ធរណ៍ធ្វើឡើងដោយតក់ក្រហល់ និងមិនស្របតាមនីតិវិធី ដោយសារចៅក្រមយកបណ្តឹងពីរគឺពីភាគីគ.ជ.ប. និងគណបក្សប្រជាជនកម្ពុជាមកកាត់ក្នុងអង្គហេតុតែមួយ។
លោកប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា៖ «គឺអង្គហេតុតែមួយ គឺការផ្តល់បទសម្ភាសន៍តែមួយឱ្យThe Cambodia Daily ប៉ុន្តែមានបណ្តឹងពីរផ្សេងគ្នា ហើយតុលាការកាត់ក្តីទៅលើបណ្តឹងពីរផ្សេងគ្នាហ្នឹង បានន័យថា កាត់ក្តីក្នុងសំណុំរឿងពីរផ្សេងគ្នាក្នុងអង្គហេតុតែមួយ។ អានេះ គឺខុសគោលការណ៍ច្បាប់ហើយ គោលការណ៍ច្បាប់ កាលណាអង្គហេតុតែមួយ មិនកាត់ក្តីលើសពីមួយដងទេ»។
លោកមេធាវីបន្ថែមថា ចៅក្រមដូចជាបានរៀបចំសេចក្តីសម្រេចចិត្តទុកជាមុន ក្នុងពេលបើកសវនាការជំនុំជម្រះបណ្តឹងរបស់លោក សុន ឆ័យ កាលពីថ្ងៃពុធ ដោយចៅក្រមមិនបានមើលលម្អិតទៅលើភ័ស្តុតាងដោះបន្ទុកដែលមេធាវីការពារជនជាប់ចោទបានដាក់ចូលតុលាការ។
លោកលើកឡើងថា៖ «គឺមេធាវីធ្វើសេចក្តីសន្និដ្ឋានការពារច្រើនណាស់ ប៉ុន្តែក្នុងរយៈពេលដ៏ខ្លី តុលាការឬសាលាឧទ្ធរណ៍មកប្រកាសតែម្តងបានន័យថា គាត់អត់មានពេលវេលាច្បាស់លាស់យកទៅពិចារណា ទៅនឹងការសន្និដ្ឋានរបស់មេធាវីដោះបន្ទុក ហើយនឹងអត់មានពេលវេលាសមរម្យទៅពិចារណាពីភ័ស្តុតាងដោះបន្ទុកទេ គឺគាត់ហាក់ដូចជាមានការវិនិច្ឆ័យទុកជាមុន។ អ៊ីចឹង គឺគ្រាន់តែសម្រាកបន្តិច ប្រកាសសេចក្តីសម្រេចទាំងយប់តែម្តង។ នេះជាភាពមិនប្រក្រតីនៃការវិនិច្ឆ័យសេចក្តីរបស់សាលាឧទ្ធរណ៍»។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីលោក គី តិច មេធាវីការពារក្តីរបស់គណបក្សប្រជាជនកម្ពុជា តែមិនមានការឆ្លើយតបទៅនឹងសំណួរដែលបានផ្ញើតាមតេឡេក្រាមទេ។ វីអូអេក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ប្លង់ សំណាង តាមទូរស័ព្ទបានដែរនៅថ្ងៃព្រហស្បតិ៍នេះ។
គួររំឭកថា ការជំនុំជម្រះបណ្តឹងសាទុក្ខរបស់លោកសុន ឆ័យ នៅសាលាឧទ្ធរណ៍ ធ្វើឡើងក្រោយពីសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាមួយបង្គាប់ឱ្យរឹបអូសទ្រព្យសម្បតិ្តជាអចលនវត្ថុពីរកន្លែងរបស់លោក សុន ឆ័យ ទុកជាបណ្តោះអាសន្ន។ ការសម្រេចរបស់តុលាការក្រុងភ្នំពេញធ្វើឡើងទៅតាមសំណើរបស់មេធាវីគណបក្សប្រជាជនកម្ពុជា ក្រោមហេតុផលថា លោក សុន ឆ័យ មានចិត្តរឹងទទឹង មិនគោរពទៅតាមច្បាប់ និងគ្មានឆន្ទៈនៅក្នុងការបង់សងជំងឺចិត្តទៅតាមអ្វីដែលតុលាការបានសម្រេច។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត កត់សម្គាល់ថា ក្តីក្តាំលោក សុន ឆ័យ ត្រូវគេមើលឃើញថាមានចរិតនយោបាយជាជាងការអនុវត្តច្បាប់ ហើយបើរឿងនេះនៅបន្តដោះស្រាយតាមប្រព័ន្ធតុលាការនោះ វាអាចនឹងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់បរិយាកាសនយោបាយមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ និងនាំឲ្យការរិះគន់បន្ថែមទៀត៕