មន្ត្រី​សិទ្ធិ​មនុស្ស​ខក​ចិត្ត​នឹង​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​រក្សា​ទោស​បាតុករ​វេងស្រេង​១៣​នាក់

រូបឯកសារ៖ ប៉ូលីស​ប្រឆាំង​កុប្បកម្ម​ប្រដាប់​ដោយ​ដំបង​និង​ខែល ដើរ​ក្បួន​ទៅ​កាន់​របារ​ខណ្ឌ​រះរាំង​ ​ដើម្បី​ទប់ស្កាត់​​ការដើរក្បួន​របស់​បាតុករ​ក្នុង​ការតវ៉ា​ប្រឆាំង​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ នៅ​ក្បែរ​រដ្ឋសភា​ជាតិ​ កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កក្កដា​ ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា/VOA)

លោក​ចៅក្រម​បាន​អាន​ពាក្យ​បណ្តឹង​របស់​អាជ្ញាធរ​ដែល​ថា ​សមត្ថកិច្ច​បាន​ព្រមាន​បាតុករ​មិន​ឲ្យ​ប្រើ​អំពើ​ហិង្សា ​និង​អនុញ្ញាត​ឲ្យ​មាន​ចរាចរ​ឡើងវិញ ​តែ​បាតុករ​មិន​ស្តាប់។

​សាលា​ឧទ្ធរណ៍​នៅ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​បានប្រកាស​សាលក្រម​របស់​ខ្លួន​ ដោយ​តម្កល់​សាលក្រម​ឆ្នាំ​២០១៥​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​ថា ​ក្រុម​បាតុករ​១៣​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្រោយ​មាន​បាតុកម្ម​នៅ​តាម​ផ្លូវ​វេងស្រេង​ កាល​ពី​ថ្ងៃ​៣​ ខែ​មករា​ ឆ្នាំ​២០១៤​ កន្លង​ទៅ​នេះ ត្រូវ​ជាប់ចោទ​ពី​បទ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់ ​បំផ្លាញ​មន្ទីរពេទ្យ​មួយ ​និង​បង្ក​របួស​ស្នាម​ដល់​មន្ត្រី​មាន​សមត្ថកិច្ច។​

​លោក​ ចាយ​ ច័ន្ទតារាវណ្ណ ​ប្រធាន​អង្គ​ជំនុំជម្រះ​បាន​ប្រកាស​សាលក្រម​ថា៖

​«ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ»។​

សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​សំណុំ​រឿង​នេះ​ កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​មករា ​ដោយ​មិន​មាន​វត្តមាន​របស់​ចុង​ចោទ​ទេ​ នៅ​គ្រា​ដែល​មេធាវី​មិន​អាច​រក​កូន​ក្តី​ឃើញ ​ដោយសារ​ពួក​គេ​ដូរ​អាស័យដ្ឋាន។ ​ការ​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក៏ធ្វើ​ឡើង​ដោយ​មិន​មានវត្តមាន​ទាំង​កូន​ក្តី​ ទាំង​មេធាវី។

លោក​ចៅក្រម​បាន​អាន​ពាក្យ​បណ្តឹង​របស់​អាជ្ញាធរ​ដែល​ថា ​សមត្ថកិច្ច​បាន​ព្រមាន​បាតុករ​មិន​ឲ្យ​ប្រើ​អំពើ​ហិង្សា ​និង​អនុញ្ញាត​ឲ្យ​មាន​ចរាចរ​ឡើងវិញ ​តែ​បាតុករ​មិន​ស្តាប់។ ពាក្យ​បណ្តឹង​របស់​សមត្ថកិច្ច​នេះ​បាន​រៀបរាប់​ថា​ ប៉ូលិស​ម្នាក់​បាក់​ខ្ទង់​ច្រមុះ និង​ម្នាក់​ពិការ​ភ្នែក។

លោក ​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​នីតិវិធី​ច្បាប់​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។ ​លោក​ពន្យល់​ប្រាប់ VOA ​ថា ​តុលាការចាត់​វិធានការ​សម្រាប់​ពាក្យ​បណ្តឹង​របស់​សមត្ថកិច្ច​ តែយុត្តិធម៌​សម្រាប់​កម្មករ​បាត់​បង់​ជីវិត​នោះ​មិន​មាន​ពន្លឺ​អ្វី​សោះ។

​លោក​និយាយ​ថា​ តុលាការ​ចាត់​វិធាន​ការ​លឿន​ចំពោះ​ពាក្យ​បណ្តឹង​របស់​មន្ត្រី​អាជ្ញាធរប្រឆាំង​បាតុករ ​ដោយ​សារ​តែ​មាន​បញ្ហា​របួស​ស្នាម។ ​តែ​យុត្តិធម៌​សម្រាប់​កម្មករ​៤នាក់​ដែល​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​ពិត ​ពេល​អាជ្ញាធរ​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​បាតុកម្ម​នោះ​ មិន​ទាន់​មាន​ពន្លឺ​នៅ​ឡើយ។​

«ថ្ងៃ​នេះ​សុទ្ធ​តែ​ជា​បទ​ល្មើស​មជ្ឈិម ​ហើយ​ចំពោះ​បទ​ល្មើស​ឧក្រិដ្ឋ​ដែល​ទាក់ទង​នឹង​ការ​ស្លាប់​ជីវិត​មនុស្ស​ហ្នឹង ​មក​ដល់​ពេល​នេះ​ហាក់​ដូច​ជា​មិន​ទាន់​មាន​ពន្លឺ​នៃ​ការ​ស៊ើប​អង្កេត​ ដើម្បី​ផ្តល់​យុត្តិធម៌​សម្រាប់​ពួក​គាត់​នោះ​ទេ។ ​អញ្ចឹង​យើង​មើល​ទៅ​ហាក់​ដូច​ជា​គ្មាន​ឆន្ទៈ​ណាមួយ​ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់​អ្នក​បាត់បង់​ជីវិត​នោះ​ទេ»។​

ក្នុង​សវនាការ​របស់​សាលា​ឧទ្ធរណ៍​កាលពី​ថ្ងៃ​២៧​មករា​នោះ​ មាន​តែ​មន្ត្រី​កងរាជ អាវុធហត្ថ​១០​នាក់​ និង​ប៉ូលិស​៨​នាក់​ប៉ុណ្ណោះ​ ចូលរួម​សវនាការ។ រីឯចុងចោទ​មិន​មាន​វត្តមាន​ទេ។ ​

លោក​ អំ សំអាត​ បាន​ឲ្យ​ដឹង​ថា ​មេធាវី​៣​នាក់​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ដាក់​សុំ​ពន្យារ​សវនាការ​ថ្ងៃ​២៧​ ខែ​មករា​ នៅ​សាលា​ឧទ្ធរណ៍ ដើម្បី​ស្វែង​រក​កូន​ក្តី​ជាមុន​សិន។​ ប៉ុន្តែ​ជា​អកុសល​ តុលាការ​មិន​បាន​ពិចារណា​ទៅ​តាម​ពាក្យ​ស្នើ​សុំ​របស់​មេធាវី​ទេ ​ហើយ​ក៏​មិន​បាន​ពន្យារ​ពេល​សវនាការ​ដែរ។​

លោក វន់ ពៅ​ ប្រធាន​សមាគម​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៃ​កម្ពុជា ​និង​ជា​សកម្ម​ជន​ការពារ​សិទ្ធិ​កម្មករ​ដ៏​សកម្ម​នោះ​ ​បាន​ប្រាប់​ VOA​ តាម​ទូរស័ព្ទ​ថា ​លោក​មិន​ភ្ញាក់ផ្អើល​នឹង​សាលក្រម​តុលាការ​សាលា​ឧទ្ធរណ៍​នោះ​ទេ។​

«សាលា​ឧទ្ធរណ៍​ប្រហែល​ជា​គិត​ថា ​មិន​អាច​រក​យុត្តិធម៌​ឲ្យ​អ្នក​ទាំងអស់​គ្នា​ហ្នឹង​បាន​ទេ។ ​អញ្ចឹង​ហើយ​យើង​គិត​ថា ​សាលក្រម​នេះ​គ្រាន់​តែ​ការ​ប្រកាស​ទទួល​ស្គាល់​សាលក្រម​របស់​សាលា​ដំបូង​តែ​ប៉ុណ្ណោះ»។​

ដូច​ជន​ជាប់​ចោទ​១៣​នាក់​នេះ​ដែរ​ លោក វន់ ពៅ​ ក៏​កំពុង​មាន​សេរីភាព​ ដោយ​ការ​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំឃាំង​ដោយ​ការ​ព្យួរ​ទោស។ កាល​ពី​ដើម​ខែ​មករា ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ព្រមាន​លោក​ វន់ ពៅ​ ក្រោយ​ពី​លោក​នៅ​តែ​បន្ត​សកម្មភាព​ការពារ​សិទ្ធិ​កម្មករ។

លោក ​អំ សំអាត​ បាន​ឲ្យ​ដឹង​ថា ​បាតុករ​ជាប់​ចោទ​ទាំង​១៣​នាក់​បាន​ប្តឹង​ឧទ្ធរណ៍ប្រឆាំង​ការ​សម្រេច​របស់​តុលាការ​សាលាដំបូង​ ទោះ​បី​ជា​ពួក​គេ​នៅ​ក្រៅ​ឃុំ​ក៏​ដោយ​ព្រោះ​ពួកគេ​បដិសេធ​ថា​ ខ្លួន​មិន​មាន​កំហុស​នោះ​ទេ៕