សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​ក្នុង​សំណុំរឿង​លោក អ៊ុំ សំអាន

រូបឯកសារ៖ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ត្រូវបាន​សន្តិសុខ​មន្ទីរ​ឃុំឃាំង​នាំ​ខ្លួន​ទៅ​កាន់​សាលាឧទ្ធរណ៍​នៅរាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។​ (AP Photo/Heng Sinith)

នៅ​ក្រោយ​សវនាការ​សាលា​ឧទ្ធរណ៍ ដែល​គ្មាន​វត្ត​មាន​របស់​លោក អ៊ុំ សំអាន នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក ហែម សុជាតិ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក អ៊ុំ សំអាន ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​សម្រេច​របស់​តុលាការ​គ្មាន​ភាព​ឯករាជ្យ និង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​កូន​ក្ដី​របស់​លោក។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​សកម្ម​នឹង​រឿង​ព្រំដែន​ បាន​ហៅ​ការ​ច្រាន​ចោល​បណ្ដឹង​មិន​សុខ​ចិត្ត​នឹង​ការ​សម្រេច​កាត់​ទោស​កូន​ក្ដី​របស់​លោក​ឲ្យ​ជាប់​ពន្ធនាគារ​ថា ជា​ការ​សម្រេច​បែប​នយោបាយ និង​បាន​រំលោភ​សិទ្ធិ​កូន​ក្ដី​របស់​លោក​ធ្ងន់ធ្ងរ។

នៅ​ក្រោយ​សវនាការ​សាលា​ឧទ្ធរណ៍ ដែល​គ្មាន​វត្ត​មាន​របស់​លោក អ៊ុំ សំអាន នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក ហែម សុជាតិ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក អ៊ុំ សំអាន ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​សម្រេច​របស់​តុលាការ​គ្មាន​ភាព​ឯករាជ្យ និង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​កូន​ក្ដី​របស់​លោក។

លោក​បន្ថែម​ថា ក្រុម​មេធាវី​បាន​លើកឡើង​ពី​មូលដ្ឋាន​ច្បាប់​ដើម្បី​ការពារ​កូន​ក្ដី ប៉ុន្តែ​លោក​ថា តុលាការ​បែរ​ជា​បកស្រាយ​តាម​បែប​នយោបាយ​ទៅ​វិញ។

«សាលា​ឧទ្ធរណ៍​មិន​បាន​ឆ្លើយ​តប​នូវ​ការ​បកស្រាយ​មួយៗ​ទេ។ នៅ​ចុង​បញ្ចប់ ហេតុ​ផល​របស់គាត់ គឺ​គាត់​បាន​លើក​ថា អ្វី​ដែល​អ្នក​តំណាងរាស្ត្រ​បាន​ធ្វើ​ គឺ​វា​ប៉ះពាល់​កិត្តិយស​រដ្ឋាភិបាល វា​ប៉ះពាល់​កិត្តិយស​សង្គម វា​មាន​ភាព​វឹកវរ។ ពាក្យ​សម្ដី​នេះ​បើ​យើង​និយាយ​ទៅ​វា​សឹង​ថា​ជា​ច្បាប់​ដែរ ប៉ុន្តែ​ដូចជា​មាន​លក្ខណៈ​ជា​ច្បាប់​បែប​នយោបាយ ព្រោះ​ថា​សាលា​ឧទ្ធរណ៍​ត្រូវ​បកស្រាយ​តាម​លក្ខណៈ​បច្ចេកទេស។

លោក ឃុត សុភាង អគ្គ​ព្រះរាជ​អាជ្ញា​ បាន​លើក​ឡើង​នៅ​ក្នុង​សវនាការ​ថា ការ​បង្ហោះ​សារ​លើ​ទំព័រ Facebook របស់​លោក អ៊ុំ សំអាន ជា​ចេតនា​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ក្នុង​ន័យ​បង្ខូច​កេរ្តិ៍​ឈ្មោះ​រដ្ឋាភិបាល និង​ធ្វើ​ឲ្យ​មាន​ចលាចល​សង្គម។

អគ្គ​ព្រះ​រាជ​អាជ្ញា​រូប​នេះ​បន្ថែម​ថា ការ​ចាប់​ឃុំ​ខ្លួន​លោក អ៊ុំ សំអាន ដោយ​មិន​ដក​អភ័យ​ឯកសិទ្ធិ​ធ្វើ​ឡើង ​ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​លោក អ៊ុំ សំអាន ជា​បទ​ល្មើស​ជាក់ស្ដែង។

ប៉ុន្តែ ​ក្រុម​មេធាវី​ការពារ​លោក អ៊ុំ សំអាន បាន​លើក​ឡើង​ថា លោក អ៊ុំ សំអាន ជា​តំណាងរាស្ត្រ​ដែល​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ដើម្បី​ស្ថាបនា​ ហើយ​ថា​ការ​ផ្សព្វផ្សាយ​ឯកសារ​តាម​បណ្ដាញ​សង្គម​នោះ​គឺ​ក្នុង​ន័យ​ការពារ​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ។

ក្រោយ​បញ្ចប់​សវនាការ​ជាង​២ម៉ោង ប្រធាន​ក្រុម​ប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​សាលាឧទ្ធរណ៍ លោក សេង ស៊ីវុត្ថា បាន​ប្រកាស​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ ដោយ​យោង​លើ​មូល​ហេតុ​នៃ​ការ​សន្និដ្ឋាន​របស់​អគ្គ​ព្រះ​រាជអាជ្ញា និង​សាលក្រម​សាលា​ដំបូង​ថា​ត្រឹមត្រូវ។

លោក ហែម សុជាតិ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក អ៊ុំ សំអាន ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​សម្រេច​របស់​តុលាការ​មិន​បាន​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់​នោះ​ទេ។

«ឥលូវ​សួរ​ថា​បទល្មើស​ជាក់​ស្ដែង ​ខ្ញុំ​លើក​ឡើង​៣​ចំណុច អញ្ចឹង​គាត់​ត្រូវ​តែ​បកស្រាយ​មក​វិញ បញ្ហា​មាត្រា​៨០​គាត់​ត្រូវ​តែ​បកស្រាយ មាត្រា​៥​គាត់​អត់​មាន​បាន​ទេ»។

មាត្រា​៨០​នៃ​រដ្ឋ​ធម្មនុញ្ញ​ចែង​ថា ​ការ​ចោទ​ប្រកាន់ ការ​ចាប់​ខ្លួន ការ​ឃាត់​ខ្លួន ឬ​ការ​ឃុំ​ខ្លួន សមាជិក​ណា​មួយ​នៃ​រដ្ឋ​សភា​ នឹង​អាច​ធ្វើ​ទៅ​បាន ​លុះ​ត្រា​តែ​មាន​ការ​យល់​ព្រម​ពី​រដ្ឋ​សភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​រដ្ឋ​សភា។ ការ​សុំ​ការ​យល់​ព្រម​ពី​រដ្ឋសភា​នេះ ត្រូវ​បាន​លើកលែង​ក្នុង​ករណី​បទ​ល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្ដែង។

មាត្រា​៥​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ចែង​ពី​ការ​បកស្រាយ​ច្បាប់​ព្រហ្មទណ្ឌ​ថា ក្នុង​រឿង​ព្រហ្មទណ្ឌ​ច្បាប់​ត្រូវ​បកស្រាយ​យ៉ាង​តឹងរ៉ឹង។ ចៅក្រម​មិន​អាច​ពង្រីក​វិសាលភាព​អនុវត្ត ឬ​ប្រព្រឹត្ត​តាម​សទិសភាព​បាន​ឡើយ។

ក្នុង​បទ​សម្ភាសន៍​ជាមួយ VOA អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​លោក ទូច ថារិទ្ធ ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ ដោយ​លោក​អះអាង​ថា ចៅក្រម​សម្រេច​សេចក្ដី​ស្រប​តាម​នីតិវិធី​ច្បាប់។

«ដោយ​យោង​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់ ដោយ​សារ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ហ្នឹង ការ​ស៊ើប​អង្កេត​របស់​ចៅក្រម​ហ្នឹង​គាត់​ធ្វើ​ទៅ​តាម​ផ្លូវ​ច្បាប់​អស់​ហើយ ដល់​អញ្ចឹង​សាលា​ឧទ្ធរណ៍​យល់​ឃើញ​ថា​ការ​សម្រេច​ហ្នឹង​ វា​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ទម្រង់ និង​គតិ​ច្បាប់។ អញ្ចឹង​គេ​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​ហ្នឹង ​ទុក​ជា​បាន​ការ​ដដែល»។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​តុលា​កន្លង​ទៅ​នេះ​បាន​កាត់​ទោស​ លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ដែល​មាន​សញ្ជាតិ​អាមេរិកាំង​ផង​ដែរ​នោះ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ ​៦ខែ និង​ពិន័យ​ជា​ប្រាក់៤លាន​រៀល​ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ​ និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង» ក្រោយ​ពី​ការ​ស៊ើប​អង្កេត​របស់​ស្ថាប័ន​តុលាការ​ទៅ​លើ​ការ​អធិប្បាយ​នានា​របស់​លោក អ៊ុំ សំអាន ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​ផែនទី​សន្ធិ​សញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៥។

លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​អង្គការ​ការពារ​សិទិ្ធមនុស្ស​លីកាដូ​បាន ប្រាប់ VOA ថា​ រាល់​ករណី​បទ​ចោទ​ដែល​ពាក់​ព័ន្ធ​នឹង​នយោបាយ នឹង​មិន​អាច​ទទួល​បាន​យុត្តិធម៌​នោះ​ទេ។

លោក​បន្ថែម​ថា ករណី​ទាំង​នេះ​កើត​ឡើង​ដោយសារ​តុលាការ​មិន​ឯករាជ្យ។

«រឿង​លោក អ៊ុំ សំអាន នេះ ខ្ញុំ​ជឿ​ថា វា​ទាល់​តែ​ការ​ដោះ​ស្រាយ​ផ្នែក​នយោបាយ​ណា​មួយ​កើត​ឡើង អា​ហ្នឹង​បាន​អាច​នឹង​ត្រូវ​បាន​នៅ​ក្រៅ​ឃុំ​ដូច​ករណី​មុនៗ​នោះ»។

ស្ថានការណ៍​នយោបាយ​ ត្រូវ​បាន​អ្នកវិភាគ​មើល​ឃើញ​ថា​ មាន​ភាព​ធូរ​ស្រាល​ជាង​មុន បន្ទាប់ពី​ព្រះ​មហាក្សត្រ​លើក​លែង​ទោស​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ដំណើរ​ការ​នេះ​ ក៏​ត្រូវ​បាន​អ្នកវិភាគ​មើល​ឃើញ​ថា នឹង​អាច​មាន​ការ​សម្រប​សម្រួល​នយោបាយ​ដែល​នឹង​ឈាន​ទៅ​ដល់​ការ​ដោះលែង​សកម្មជន​គណបក្ស​ប្រឆាំង​ ដែល​កំពុង​ជាប់​ឃុំ​ផ្សេង​ទៀត។

បច្ចុប្បន្ន​នេះ ​មាន​សមាជិក​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង១០រូប កំពុង​ជាប់​ឃុំឃាំង ​ដែល​ក្នុង​នោះ​មាន​លោក​ ហុង​ សុខហួរ​ សមាជិក​ព្រឹទ្ធសភា​ត្រូវ​បាន​កាត់ទោស​ក្នុង​រឿង​ផែនទី និង​រឿង​ព្រំដែន​កម្ពុជា-វៀតណាម​ដូច​លោក​ អ៊ុំ សំអាន​ ដែរ៕