សាលាឧទ្ធរណ៍ភ្នំពេញនឹងបើកសវនាការលើបណ្តឹងប្តឹងទាស់សាលក្រាមសាលាដំបូងរាជធានីភ្នំពេញរបស់មេដឹកនាំគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ពាក់ព័ន្ធដីកាសម្រេចឃុំខ្លួនបណ្តោះអាស្នន នៅថ្ងៃអង្គារស្អែកនេះ។
លោក ជូង ជូងី មេធាវីការពារក្តីជូនលោក ស៊ុន ចន្ធី ប្រាប់វីអូអេថា នៅថ្ងៃអង្គារថាស្អែកនេះ សាលាឧទ្ធរណ៍នឹងមានការបើកសវនាការបណ្តឹងទាស់នឹងដីកាសម្រេចឃុំខ្លួនលោក ស៊ុន ចន្ធី ឱ្យដោះលែងមានសេរីភាពវិញ។
លោកប្រាប់វីអូអេថា៖ «ប៉ុន្តែខ្ញុំជាមេធាវី កាលដែលប្តឹងឧទ្ធរណ៍នេះ ប្តឹងតាំងពីថ្ងៃ១០ [ឧសភា] ពេលដែលសម្រេចឃុំខ្លួនគាត់ភា្លមៗ ប្តឹងភា្លមៗហ្នឹង។ អ៊ីចឹងគោលបំណងនៃការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការឃុំខ្លួនហ្នឹងគឺទាមទារឱ្យដោះលែងវិញ»។
បើតាមទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ប្រាប់វីអូអេថា សមាជិកបក្សនឹងនាំគ្នាទៅគាំទ្រ និងលើកទឹកចិត្តលោក ស៊ុន ចន្ធី ក្នុងសវនាការប្តឹងជំទាស់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ នៅឯសាលាឧទ្ធរណ៍ភ្នំពេញនាថ្ងៃស្អែកនេះ។ លោកបន្ថែមថា គណបក្សកម្លាំងជាតិក៏នឹងត្រៀមជួបជុំសម្តែងមតិនៅទីស្នាក់ការបក្ស នាថ្ងៃទី១៦ ខែមិថុនា ដើម្បីទាមទារឱ្យមានការដោះលែងប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី និងសកម្មជនដទៃទៀតឱ្យមានសេរីភាពវិញ។
មេដឹកនាំគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៩ព្រឹក នៅពេលលោកទើបតែវិលត្រឡប់មកពីប្រទេសជប៉ុនវិញ ទីដែលលោកបានជួបសំណេះសំណាលជាមួយសកម្មជន និងអ្នកគាំទ្រគណបក្ស។ បច្ចុប្បន្នលោកត្រូវបានតុលាការឃុំខ្លួននៅពន្ធធនាគារខេត្តពោធិ៍សាត់ពីបទ ដែលគេគិតថានិយាយប៉ះពាល់ដល់ថ្នាក់ដឹកនាំប្រទេសនិងរដ្ឋាភិបាល។
ស្របពេលដែលមានសវនាការលើបណ្តឹងឧទ្ធរណ៍ឲ្យមានការដោះលែងនេះ អង្គភាពសារព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាលកាលពីថ្ងៃទី៨ ខែមិថុនានេះ បានផ្សព្វផ្សាយលិខិតសុំទោសរបស់លោក ស៊ុន ចន្ទី ត្រូវបានធ្វើចេញពីពន្ធធនាគារដោយមិនបានចុះថ្ងៃខែនៅឡើយទេ។
លិខិតសុំទោសរបស់លោក ស៊ុន ចន្ធី សរសេរថា៖ «ខ្ញុំបាទពិតជាមានការសោកស្តាយ និងសូមទោសដោយសុចរិតចំពោះសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំងមូលនូវមតិលើកឡើងខុសឆ្គងដោយអចេតនាមកលើរាជរដ្ឋាភិបាលកម្ពុជា»។
លិខិតសុំទោសដែលអង្គភាពសារព័ត៌មាន Fresh News បានផ្សព្វផ្សាយនោះក៏បញ្ជាក់ថា លោក ស៊ុន ចន្ទី ប្រធានគណបក្សកម្លាំងជាតិ ពិតជាមានការសោកស្តាយចំពោះមតិដែលបានលើកឡើងក្នុងកម្មវិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរប្រមាណ២០នាក់ នៅខេត្តអ៊ីបារ៉ាគិ ក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិរបស់រដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោក ជូង ជូងី មេធាវីការពារក្តីជូនលោក ស៊ុន ចន្ធី ប្រាប់វីអូអេថាលោកមិនបានដឹងពីលិខិតសុំទោសនោះទេ។ ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ប្រាប់វីអូអេថា គណបក្សកម្លាំងជាតិមិនទាន់អាចវាយតម្លៃបានថាលិខិតសុំទោសដែលមានស្នាមមេដៃ និងរូបថតរបស់លោក ស៊ុន ចន្ធី នោះជាលិខិតពិតឬយ៉ាងណានោះទេ ដោយសារតែលិខិតនោះមិនបានចុះកាលបរិច្ឆេទច្បាស់លាស់ ហើយគណបក្សក៏មិនទាន់បានជួបសាច់ញាតិរបស់លោក ស៊ុន ចន្ធី ផងដែរ។
លោកបញ្ជាក់ទៀតថា បើសិនជាលិខិតនោះជាលិខិតពិតប្រាកដមែន នោះវាគ្រាន់តែជាការសម្តែងមតិ និងសេរីភាពរបស់បុគ្គលប៉ុណ្ណោះ ហើយមិនធ្វើឱ្យប៉ះពាល់ដល់ជំហរនយោបាយរបស់គណបក្សកម្លាំងជាតិឡើយ។
លោកថ្លែងថា៖ «ជំហរគណបក្សគឺនៅតែរឹងមាំ ហើយយើងនឹងធ្វើការងារទៅតាមផែនការរបស់យើងឆ្ពោះទៅឆ្នាំ២០២៧ ២០២៨ [ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតសកល]»។
អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា មិនបានបញ្ជាក់ឱ្យចំៗថា លិខិតសុំទោសរបស់លោក ស៊ុន ចន្ធី ដែលត្រូវបានបង្ហោះជាសាធារណៈក្នុងបណ្តាញសង្គមនោះជាលិខិតពិត ឬយ៉ាងណានោះទេ ដោយលោកថា បើលិខិតនោះមានស្នាមមេដៃរបស់បុគ្គល ដូច្នេះវាជាលិខិតពិតប្រាកដ។
មេដឹកនាំរដ្ឋាភិបាលឬនាយករដ្ឋមន្ត្រីជាធម្មតាត្រូវស្នើឲ្យមានការលើកលែងទោសក្រោយពេលដំណើរការនីតិវិធីតុលាការត្រូវបញ្ចប់ ប្រសិនបើទទួលយកការសុំទោស។
ឆ្លើយតបទៅនឹងលិខិតសុំទោសរបស់លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បញ្ជាក់ឱ្យដឹងថា នៅពេលមានការសម្រេចយ៉ាងណាពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងមានការជូនដំណឹងតាមក្រោយ៕