សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចលើកសវនាការលើកទី៧របស់លោក កឹម សុខា ក្រោមហេតុផលដាច់ចរន្តអគ្គិសនី។ នេះបើតាមសហមេធាវីការពារក្តីលោក កឹម សុខា។
សវនាការដែលគ្រោងធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះត្រូវបានចូលរួមតាមដានដោយមន្ត្រីសិទ្ធិមនុស្ស និងបណ្តាអង្គទូតបរទេសមួយចំនួនផងដែរ។

លោក អាង ឧត្តម ផ្តល់បទសម្ភាសន៍ឱ្យក្រុមអ្នកសារព័ត៌មាន ក្រោយសវនាការត្រូវបានរំសាយនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
លោក អាង ឧត្តម សហមេធាវីការពារក្តីលោក កឹម សុខា ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយសវនាការត្រូវបានរំសាយថា នៅពេលដែលសវនាការចាប់ផ្តើមនៅនាទីដំបូង សហមេធាវីការពារក្តីបានលើកឡើងបាន៣ទៅ៤សំណួរ ហើយបម្រុងនឹងបន្តសំណួរផ្សេងទៀត ស្រាប់តែមានការដាច់ចរន្តអគ្គិសនីនៅក្នុងសាលសវនាការ។ ក្រុមប្រឹក្សាជំនុំជម្រះក៏ប្រកាសលើកពេល ដោយសារតែដាច់ចរន្តអគ្គិសនីនៅក្នុងសាលសវនាការ ហើយសវនាការរបស់អតីតមេបក្សប្រឆាំងត្រូវលើកទៅធ្វើនៅថ្ងៃទី៩ខែឧសភាវិញ។
លោកថ្លែងថា៖ «ថ្ងៃនេះយើងអត់បានធ្វើសវនាការអីធំដុំទេដោយសារតែដាច់ភ្លើងម៉ោង៩:២០នាទី បន្ទាប់ពីរង់ចាំប្រហែលកន្លះម៉ោងតុលាការសម្រេចថា លើកពេលសវនាការទៅថ្ងៃទី៩ ខែឧសភា ខែក្រោយទៅវិញ។
ហើយមុននឹងដាច់ភ្លើងយើងបានធ្វើសវនាការខ្លីមួយដែរ គឺដល់ពេលដែលយើងខ្ញុំជាមេធាវីហ្នឹងសួរសំណួរឯកឧត្តម កឹម សុខា បន្តពីភាគមុនទាក់ទងនឹងអង្គហេតុចោទប្រកាន់នានា»។
សវនាការរបស់លោកកឹម សុខា ដែលបានបន្តដំណើរការជារៀងរាល់ពីរសប្តាហ៍ម្តងជារឿយៗប្រើពេលយ៉ាងតិចណាស់ជាង៣ម៉ោង ប៉ុន្តែ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សវនាការបានប្រព្រឹត្តទៅមិនដល់៣០នាទីផង។
ទោះយ៉ាងណា សហមេធាវីការពារក្តីលោក កឹម សុខា មួយរូបទៀតគឺអ្នកស្រី ម៉េង សុភារី បញ្ជាក់ថា នៅក្នុងសវនាការកាលពីថ្ងៃព្រហស្បតិ៍នេះ ក្រុមមេធាវីការពារក្តីបានបន្តសួរសំណួរលោក កឹម សុខា ពាក់ព័ន្ធនឹងអង្គហេតុមួយចំនួនអំពីអំពើក្បត់ជាតិ និងគម្រោងការនៃគប់គិតជាមួយបរទេស ដើម្បីមកផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
អ្នកស្រី ម៉េង សុភារី សហមេធាវីការពារក្តីលោក កឹម សុខា ផ្តល់កិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់សវនាការលើកទី៦ នៅពីមុខសាលាឧទ្ធរណ៍ភ្នំពេញ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
អ្នកស្រីបានបន្ថែមថា មេធាវីការពារក្តីបានសួរលោក កឹម សុខា អំពីទំនាក់ទំនងជាមួយអង្គការបរទេសមួយចំនួនដូចជា NDI និង IRI ហើយថាតើគណបក្សសង្គ្រោះជាតិធ្លាប់ទទួលបានជំនួយហិរញ្ញវត្ថុឬយ៉ាងណាពីអង្គការអន្តរជាតិទាំងពីរនេះ។
អ្នកស្រីថ្លែងថា៖ «សំណួរដែលយើងសួរគឺទាក់ទងទៅនឹងរឿងថា តើគាត់បានមានគំនិតគប់គិត រៀបចំផែនការសម្ងាត់ជាមួយបរទេសណាដើម្បីប្រឆាំងព្រះរាជាណាចក្រកម្ពុជាដែរឬទេ? ថា តើបរទេសដែលគាត់ធ្លាប់ទំនាក់ទំនងកន្លងមកដូចជា NDI (វិទ្យាស្ថានជាតិប្រជាធិបតេយ្យ) IRI (វិទ្យាស្ថានអន្តរជាតិសាធារណរដ្ឋរបស់សហរដ្ឋអាមេរិក) USAID តើអង្គការទាំងអស់ហ្នឹងដែលគាត់ធ្លាប់បានទំនាក់ទំនងក្នុងគោលបំណងដើម្បីប្រឆាំងព្រះរាជាណាចក្រកម្ពុជា ឬមួយក៏ដើម្បីផលប្រយោជន៍កម្ពុជា?»
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញលោក ឃុន លាងម៉េងបាននៅឡើយទេ។
ពាក់ព័ន្ធនឹងការដាច់ចរន្តអគ្គិសនី នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោកអំ សំអាត យល់ឃើញថា ជាករណីនៃការសិក្សាថ្មីមួយសម្រាប់តុលាការ និងក្រសួងយុត្តិធម៌ ដើម្បីយកទៅពិនិត្យមើល និងស្វែងរកដំណោះស្រាយមិនឱ្យបញ្ហានេះកើតមានតទៅទៀត ដើម្បីការពារសិទ្ធិរបស់អ្នកពាក់ព័ន្ធផ្សេងៗក្នុងសំណុំរឿងលោកកឹម សុខា។
លោកថ្លែងថា៖ «កាលណាប្រសិនបើមានការដាច់ភ្លើងហើយមិនអាចភ្លើងភ្ជាប់បាន ហើយមានការលើកពេលហ្នឹងក៏វាប៉ះពាល់ដែរសម្រាប់សិទ្ធិ ឬក៏ការធ្វើដំណើរ ប្រសិនបើជាសាក្សី ឬក៏ជនត្រូវចោទដែលបញ្ជូនពីពន្ធនាគារមកដើម្បីសវនាការហើយលើកពេលត្រូវបញ្ជូនត្រឡប់ទៅវិញ ត្រឡប់ទៅត្រឡប់មក ហើយសាក្សីត្រូវចូលបំភ្លឺអីត្រូវលើកពេលគាត់ត្រូវចំណាយពេលផ្សេង។ហ្នឹងសុទ្ធតែរឿងប៉ះពាល់។ មួយទៀតក៏វាជាការប៉ះពាល់ដល់អារម្មណ៍សម្រាប់មន្រ្តី ចៅក្រម ព្រះរាជអាជ្ញាដែលគាត់ធ្វើការនៅក្នុងហ្នឹងដែរ ព្រោះអីដាច់ភ្លើងវានឹងប៉ះពាល់នឹងបរិស្ថាន ពាក់ព័ន្ធនឹងភាពស្អុះស្អាប់អីជាដើម»។
យ៉ាងណាមិញ កាលពីថ្ងៃទី៧ ខែមេសានេះ អគ្គិសនីកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបានបញ្ជាក់ថា ប្រទេសកម្ពុជាក្នុងរដូវប្រាំង ឆ្នាំ២០២៤នេះ ស្ថិតក្នុងបាតុភូតអែលនីញ៉ូ (El Nino) ដែលចាប់ពីដើមខែមេសា សីតុណ្ហភាពកើនកម្តៅខ្លាំង បណ្តាលឱ្យការប្រើប្រាស់អគ្គិសនីចេញពីប្រព័ន្ធផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជាកើនឡើងប្រមាណជា៣០% បើប្រៀបធៀបជាមួយឆ្នាំមុន។ អគ្គិសនីកម្ពុជាក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់អគ្គិសនីសន្សំសំចៃដើម្បីកាត់បន្ថយការចំណាយខ្ពស់ក្នុងអំឡុងពេលមានការខ្វះខាតប្រភពអគ្គិសនី។
អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោសពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬគប់គិត ត្រូវរ៉ូវគ្នាជាមួយបរទេស ដែលស្មើនឹងអំពើក្បត់ជាតិកាលពីឆ្នាំ ២០២៣ ហើយតាមការផ្តន្ទាទោសនោះ លោកត្រូវបានដាក់ឱ្យស្ថិតក្រោមការឃុំខ្លួននៅក្នុងផ្ទះរយៈពេល ២៧ ឆ្នាំ។
ស្របពេលការជំនុំជម្រះបណ្តឹងសាទុក្ខសំណុំរឿងក្បត់ជាតិរបស់លោកកឹម សុខាបានបន្តនៅសាលាឧទ្ធរណ៍ភ្នំពេញ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិខ្លះ ដូចជាលោកគង់ សភា កូនប្រុសលោកគង់ គាំ និងលោកជា ប៉ូច បានចេញលិខិតសុំការអភ័យទោសពីអតីតនាយករដ្ឋមន្ត្រីលោកហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ចំពោះសកម្មភាពកន្លងមកដែលនាំដល់ការកសាងសំណុំរឿងនៅតុលាការឈានដល់ការចោទប្រកាន់និងការដកសិទ្ធិនយោបាយ៕