ទីភ្នាក់ងារ​ AP​ បាន​ចូល​មើល​មណ្ឌលឃុំឃាំង​ធំ​បំផុត​នៅ​តំបន់​ស៊ីនជាំង

រូបឯកសារ៖ មន្ត្រីសន្តិសុខចិនឈរយាមនៅបរិវេណនៃមជ្ឈមណ្ឌលឃុំឃាំង Urumqui លេខ ៣ ក្នុងសង្កាត់ Dabancheng ភាគខាងលិចនៃតំបន់ Xinjiang ដែលសំបូរដោយជនជាតិភាគតិច Uyghur រស់នៅ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១។

សង្កាត់​ Dabancheng​ — ប្រទេសចិន អ្នក​ទោសជនជាតិភាគតិច ​Uyghur ​ស្លៀកពាក់​ឯកសណ្ឋាន​អ្នក​ទោស ​អង្គុយ​ពែន​ភ្នែន​ជា​ជួរ​ មាន​ពាក់​លេខ​និង​ស្លាកសញ្ញា។ ​ពួកគេ​មើល​ទូរទស្សន៍​ផ្សាយ​វីដេអូ​ឯកសារ​ពណ៌​ខ្មៅ​ស ​អំពី​ប្រវត្តិ​គណបក្ស​កុម្មុយនិស្ត​ចិន។​

នេះ​ជា​បន្ទប់​មួយ​ក្នុង​បណ្តា​បន្ទប់​ប្រមាណ​ចំនួន​ ២៤០​ នៅ​ក្នុង​ផ្នែក​មួយ​នៃ​មជ្ឈមណ្ឌល​ឃុំឃាំង​ Urumqi​ លេខ ​៣​ នៅ​សង្កាត់​ Dabancheng​ ដែលក្រុម​អ្នក​កាសែត​នៃ​ទី​ភ្នាក់ងារ​ព័ត៌មាន​ Associated Press ​បាន​មើល​ឃើញ​ នៅពេល​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ក្នុង​ទីនោះ​ នៅ​ក្នុង​ទស្សនកិច្ច​ចាត់ចែង​ដោយ​រដ្ឋ​ក្នុង​ផ្នែក​ខាង​លិច​បំផុត​នៃ​តំបន់ ​Xinjiang។​

មជ្ឈមណ្ឌល​នេះ​ជា​មជ្ឈមណ្ឌល​ឃុំឃាំង​ធំ​បំផុត​ក្នុង​ប្រទេស​ចិន​ ហើយ​ប្រហែល​ធំ​ជាង​គេ​ក្នុង​ពិភពលោក​ដែរ ដោយ​មាន​ទំហំ​ ៨៩០,៣០៨​ ម៉ែត្រ​ការ៉េ​ គឺ​ពីរ​ដង​ធំជាង​វិមាន​វ៉ាទីកង់។​ ស្លាក​សញ្ញា​នៅ​ខាង​មុខ​បង្ហាញ​ថា​ កន្លែង​នេះ​ជា ​«kanshousuo» ​គឺ​កន្លែង​ឃុំឃាំង​មនុស្ស​ មុន​ការកាត់ក្តី។​

ក្រុម​មន្ត្រី​ចិន​បាន​ប្រកែក​មិនព្រម​និយាយ​អំពី​ចំនួន​អ្នក​ទោស​នៅ​ក្នុង​មជ្ឈមណ្ឌល​នេះ​ទេ​ ដោយ​ថ្លែង​ថា​ ​ចំនួន​អ្នក​ទោស​ប្រែប្រួល។​ ក៏​ប៉ុន្តែ ​ទី​ភ្នាក់ងារ​ព័ត៌មាន​ Associated Press ​បាន​ស្ទង់​ប្រមាណ​ថា មជ្ឈមណ្ឌល​នេះ​អាច​ដាក់​មនុស្ស​បាន​ប្រមាណ​ ១ ​ម៉ឺន​នាក់ ហើយ​អាច​លើស​នេះ​ច្រើន​ ​បើ​ចង្អៀត។​

ការ​ស្ទង់​ប្រមាណ​នេះ​ផ្អែក​លើ​រូបថត​ពី​ផ្កាយ​រណបនិង​បន្ទប់​ ព្រម​ទាំង​កៅអី​វែង​ ដែល​ត្រូវ​បាន​មើល​ឃើញ​នៅ​ក្នុង​ទស្សនកិច្ច​នោះ។​ វិទ្យុ​និង​ទូរទស្សន៍ ​BBC​ និង​ទី​ភ្នាក់ងារ​ព័ត៌មាន ​Reuters​ បាន​រាយ​ការណ៍​ពី​មុនៗ​ពី​ខាង​ក្រៅ ប៉ុន្តែ​ទី​ភ្នាក់ងារ​ព័ត៌មាន ​AP ​ជា​អង្គការ​ផ្សាយ​ព័ត៌មាន​បស្ចឹម​ប្រទេស​ទី​ ១ ​ដែលត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​មជ្ឈមណ្ឌល​នេះ។​

មជ្ឈមណ្ឌល​នេះ​នាំ​ឱ្យ​មាន​ការ​យល់​ឃើញ​ថា ប្រទេស​ចិន​នៅ​តែ​ឃុំឃាំង​និង​គ្រោង​ឃុំឃាំង​ក្រុម​ជន​អំបូរ​ Uyghur ​និង​ក្រុម​ជន​ភាគតិច​កាន់​សាសនា​ឥស្លាម​ច្រើន​នាក់​ទៀត។​ រូបថត​ពី​ផ្កាយរណបបង្ហាញ​អគារ​ថ្មីៗ​ប្រវែង​ប្រហែល​ ១៦០០ ​ម៉ែត្រ​ ដែល​ត្រូវ​កសាង​បន្ថែម​ក្នុង​មជ្ឈមណ្ឌល​ឃុំឃាំង​ នៅសង្កាត់​ Dabancheng​ កាល​ពី​ឆ្នាំ​ ២០១៩។​

រូបឯកសារ៖ មន្ត្រីប៉ូលិសចិនឈរយាមនៅមុខច្រកទ្វារចូលក្នុងបរិវេណមជ្ឈមណ្ឌលឃុំឃាំង Urumqui លេខ ៣ ក្នុងសង្កាត់ Dabancheng ភាគខាងលិចនៃតំបន់ Xinjiang ដែលសំបូរដោយជនជាតិភាគតិច Uyghur រស់នៅ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១។

ប្រទេស​ចិន​បាន​ហៅ​ការ​ឃុំឃាំងជន​អំបូរ​ភាគ​តិច​មួយ​លាន​នាក់​ ឬ​ច្រើន​ជាង​នេះ​កាល​ពី​បួន​ឆ្នាំ​មុន​ ថា​ជា​ «សង្គ្រាម​ប្រឆាំង​ភេរវកម្ម» ​ក្រោយ​ពី​មាន​ការ​វាយ​ប្រហារ​និង​ការ​បំផ្ទុះ​គ្រាប់​បែក​ដោយ​ជនជាតិ​ Uyghur​ ជ្រុល​និយម​មួយ​ចំនួន​តូច​ ដែល​ជា​អ្នក​ស្រុក​ Xinjiang។​ ក្នុង​ចំណោម​បណ្តា​ទិដ្ឋភាព​ចម្រូង​ចម្រាស​បំផុត​ គឺ​អ្វី​ដែល​ចិន​ហៅ​ថា​ «មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល» ​វិជ្ជាជីវៈ​ ប៉ុន្តែ​អតីត​អ្នក​ទោស​ហៅ​ថា​ ជំរំ​ឃុំឃាំង​ឃោរឃៅ​ហ៊ុំព័ទ្ធ​ដោយ​លួស​បន្លា​ ហើយ​មាន​ការ​យាម​ដោយ​ក្រុម​ឆ្មាំ​ប្រដាប់​អាវុធ។​

ជា​ដំបូង​ប្រទេស​ចិន​បាន​បដិសេធ​ថា​ គ្មាន​មជ្ឈមណ្ឌល​នេះ​ទេ​ តែ​បន្ទាប់​ពី​មាន​ការ​រិះគន់​ខ្លាំង​ពី​អន្តរជាតិ ប្រទេស​ចិន​ក៏​បាន​និយាយ​កាល​ពី​ឆ្នាំ ​២០១៩​ ថា ក្រុមជន​ទាំង​អស់​ដែល​ស្ថិត​ក្នុង​ទី​នោះ​បាន​រៀនចប់​ ហើយ​បាន​«ទទួល​សញ្ញា​ប័ត្រ»​ ហើយ។​

ទស្សនកិច្ច​នៅ​សង្កាត់​ Dabancheng​ ដោយ​អ្នក​កាសែត​ AP​ និង​រូបថត​តាម​ផ្កាយ​រណបនិង​បទ​សម្ភាសន៍​ជា​មួយ​អ្នក​ជំនាញ​និង​អតីត​អ្នក​ជាប់​ឃុំឃាំង​ បង្ហាញ​ថា​ ទោះ​ជា​ «មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល»​ ជា​ច្រើន​ត្រូវ​បាន​បិទ​ក៏​ដោយ​ ក៏មជ្ឈមណ្ឌល​ខ្លះ​ដូច​ជា​កន្លែង​នេះ​ជា​ដើម ​ត្រូវ​បាន​កែប្រែ​ជា​ពន្ធនាគារ​ ឬ​កន្លែង​ឃុំឃាំង​មុនការ​កាត់​ក្តី។​ រូប​ថត​ពី​ផ្កាយរណបក៏បង្ហាញ​ថា កន្លែង​ថ្មី​ជា​ច្រើន​ត្រូវ​បាន​កសាងឡើង ដោយ​មាន​រួម​បញ្ចូល​ទាំង​មជ្ឈមណ្ឌល​ឃុំឃាំង​ថ្មី​មួយ​មាន​ទំហំ​ ២២.២៥៧​ ម៉ែត្រ​ការ៉េ ស្ថិត​តាម​ដង​ផ្លូវ​ពី​មជ្ឈមណ្ឌល​ឃុំឃាំង ​Urumqi​ លេខ ​៣ ​នៅ​សង្កាត់​ Dabancheng​ ដែល​បាន​ប្រតិបត្តិការ​ ហួស​ពី​ឆ្នាំ ​២០១៩​ទៅ​ទៀត។​

ការ​ផ្លាស់​ប្តូរ​នេះ​ហាក់​ដូច​ជា​ការ​ប៉ុនប៉ង​មួយ ​ដើម្បី​ប្តូរ​ពី​ «មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល»​ បណ្តោះ​អាសន្ន​ក្រៅ​ប្រព័ន្ធ​ច្បាប់​ ទៅ​ជា​ប្រព័ន្ធ​ពន្ធនាគារ​អចិន្ត្រៃយ៍ ​និង​កន្លែង​ឃុំឃាំង​មុន​ការ​កាត់​ក្តី​ ដើម្បី​ធ្វើ​យុត្តកម្ម​។​ នៅ​ពេល​ដែល​ក្រុម​ជន​អំបូរ ​Uyghur ​ខ្លះ​ត្រូវ​បាន​ដោះលែង​ ​ អ្នក​ឯ​ទៀត​បាន​ត្រូវ​បញ្ជូន​ទៅ​កាន់​បណ្តាញ​ពន្ធនាគារ​នេះ។​

យ៉ាង​ណា​ក៏​ដោយ ​ក៏​ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា​ ជា​ញឹកញយ​ ក្រុម​មនុស្ស​ស្លូត​ត្រង់​គ្មាន​ទោស​ពៃរ៍​ត្រូវ​បាន​ចាប់​ដាក់គុក ដោយសារ​ពួក​គេ​បាន​ទៅ​ប្រទេស​ក្រៅ ឬ​បាន​ចូល​រួម​ក្នុង​ការ​ជួបជុំ​គ្នា​ខាង​សាសនា។​ លោក ​Darren Byler ​ដែល​ជា​នរវិទូ​សិក្សា​អំពី​ក្រុម​ជន​អំបូរ​ Uyghur ​នៃ​សាកល​វិទ្យាល័យ​ Colorado​ បាន​កត់​សម្គាល់​ថា ​អ្នក​ទោស​ច្រើន​នាក់​មិន​បាន​ប្រព្រឹត្ត​ «ឧក្រិដ្ឋកម្ម​ពិត​ប្រាកដ​តាមស្តង់ដារ​ណា​មួយ​ទេ» ហើយ​ពួក​គេ​ត្រូវ​បាន​កាត់​ទោស​ដោយ​តុលាការ​សម្រេច​ជា​មុន​ស្រេច​ ដោយ​គ្មាន​នីតិវិធី​ត្រឹមត្រូវ​ទេ។​

លោក​ Darren Byler​ បាន​និយាយ​ថា​៖ «ប្រទេស​ចិន​បាន​ក្លាយ​ពី​រដ្ឋ​ប៉ូលិស​ទៅ​ជា​រដ្ឋ​ចាប់​មនុស្ស​ច្រើន​នាក់​ដាក់​គុក។​ មនុស្ស​រាប់​សែន​នាក់​បាន​បាត់​ខ្លួន។​ នេះ​ជាការ​ដាក់​ទោស​ឧក្រិដ្ឋ​សម្រាប់​អាកប្បកិរិយា​ធម្មតា»។​

នៅ​ក្នុង​ទស្សនកិច្ច​កាលពី​ខែ​មេសា នៅ​ឯ​មជ្ឈមណ្ឌល​ឃុំឃាំង ​Urumqi​ លេខ​ ៣​ នៅ​សង្កាត់​ Dabancheng​ ​មន្ត្រី​ចិន​បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ថា មជ្ឈមណ្ឌល​នេះ​មិន​ទាក់​ទង​«មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល»​ ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​អះអាង​ថា​ ត្រូវ​បិទ​ហើយ​នោះ​ទេ។​

រូបឯកសារ៖ មន្ត្រីសន្តិសុខចិនក្នុងឯកសណ្ឋានការពារការឆ្លងមេរោគ បង្ហាញផ្លូវដល់អ្នកធ្វើទស្សនកិច្ចក្នុងមជ្ឈមណ្ឌលឃុំឃាំង Urumqui លេខ ៣ ក្នុងសង្កាត់ Dabancheng ភាគខាងលិចនៃតំបន់ Xinjiang ដែលសំបូរដោយជនជាតិភាគតិច Uyghur រស់នៅ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១។

រូបឯកសារ៖ លោក Zhao Zhongwei ប្រធានផ្នែកសន្តិសុខសាធារនៈចិន ឈរនៅកន្លែងចតយានយន្ត នៅខាងក្រៅមជ្ឈមណ្ឌលឃុំឃាំង Urumqui លេខ ៣ ក្នុងសង្កាត់ Dabancheng ភាគខាងលិចនៃតំបន់ Xinjiang ដែលសំបូរដោយជនជាតិភាគតិច Uyghur រស់នៅ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១។

លោក​ Zhao Zhongwei​ នាយក​ការិយាល័យ​សន្តិសុខ​សាធារណៈ​របស់​មជ្ឈមណ្ឌល​ឃុំឃាំង​ Urumqi​ បាន​និយាយ​ទទូច​ថា៖ ​«គ្មាន​ការ​ទាក់ទិន​រវាង​មជ្ឈមណ្ឌល​ឃុំឃាំង​របស់​យើង​ជា​មួយ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ទេ។ ​គ្មាន​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ស្ថិត​នៅ​ជិត​ទី​នេះ​ទេ»។​

​មន្ត្រី​ចិន​ទាំង​នេះ​បាន​និយាយ​ថា មជ្ឈមណ្ឌល​ Urumqi​ លេខ​ ៣ ​ជា​ភស្តុតាង​បង្ហាញ​អំពី​ការ​ប្តេជ្ញា​របស់​ប្រទេស​ចិន​ក្នុង​ការ​កែប្រែ​នីតិសម្បទា​ និង​អប់រំ​អំពី​នីតិរដ្ឋ​ ដោយ​បាន​ផ្តល់​ឱ្យ​ក្រុម​អ្នក​ទោស​នូវ​ម្ហូប​អាហារ​ក្តៅៗ​ ការ​ហាត់​ប្រាណ​ ​មាន​មេធាវី​និង​ការ​បង្រៀន​តាម​ទូរទស្សន៍​អំពី​ឧក្រិដ្ឋកម្ម​របស់​ពួក​គេ។​ មន្ត្រី​ចិន​ទាំង​នេះ​ថ្លែង​ថា សិទ្ធិ​ត្រូវ​បាន​ការពារ ហើយ​មាន​តែ​ក្រុមអ្នក​បំពាន​ច្បាប់ទេ​ដែល​បារម្ភ​អំពី​ការ​ឃុំឃាំង។​

លោក ​Liu Chang​ ដែល​ជា​មន្ត្រី​ម្នាក់​នៃ​ក្រសួង​ការ​បរទេស​ចិន​ បាន​និយាយ​ថា​៖ «សេចក្តីរាយ​ការណ៍​របស់​ BBC​ ថា នេះ​ជា​មជ្ឈមណ្ឌល​អប់រំ​ជា​ថ្មី។ ​មិនមែន​ដូច្នេះ​ទេ។ វា​ជា​មជ្ឈមណ្ឌល​ឃុំឃាំង»។​

ទោះ​ជា​មាន​ការ​អះអាង​បែប​នេះ​ដោយ​ពួក​មន្ត្រី​ចិន​ក៏​ដោយ​ ក៏​មាន​ភស្តុតាង​បង្ហាញ​ថា​ មជ្ឈមណ្ឌល​ Urumqi​ លេខ​ ៣​ ប្រាកដ​ជា​មជ្ឈមណ្ឌល​ឃុំឃាំង​មែន។​ រូប​ថត​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​ ថត​ស្លាក​មជ្ឈមណ្ឌល​នេះ​កាលពី​ខែ​កញ្ញា​ឆ្នាំ​ ២០១៨​ បង្ហាញ​ថា កន្លែង​នោះ​ធ្លាប់​មាន​ឈ្មោះ​ថា​ «មជ្ឈមណ្ឌល ​Urumqi​ អប់រំ​និង​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ »។ ​ឯកសារ​សាធារណៈ​ ដែល​ប្រមូល​ដោយ​លោក​ Shawn Zhang ​ដែលជា​និស្សិត​នៅ​ប្រទេស​កាណាដា​ បញ្ជាក់​ថា ​ ​មជ្ឈមណ្ឌល​មួយ​មាន​ឈ្មោះ​ដូច​គ្នា​នេះ​ត្រូវ​បាន​កសាង​នៅ​កន្លែង​តែមួយ​នេះ​ កាល​ពី​ឆ្នាំ​ ២០១៧។​

ឯកសារ​កំណត់​ត្រា​ក៏​បាន​បង្ហាញ​ដែរ​ថា​ ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ព័ត៌មាន​ចិន​ឈ្មោះ​ Hengfeng​ ទទួល​បាន​កិច្ចសន្យា​មាន​ទឹកប្រាក់​ ១១​ លាន​ដុល្លារ​ សម្រាប់​រៀបចំ​សម្ភារ:​នៅ​ឯ​« មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ Urumqi»។ បុរស​ម្នាក់​ដែល​បាន​ឆ្លើយ​ទូរសព្ទ​ឱ្យ​ក្រុមហ៊ុន ​Hengfeng​ បាន​បញ្ជាក់​ថា​ ក្រុម​ហ៊ុន​នេះបាន​ចូល​រួម​ក្នុង​ការ​សាងសង់​ «មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល»​ នេះ​មែន​ តែ​ក្រុម​ហ៊ុន​នេះ​មិន​បាន​ឆ្លើយ​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​ថែម​ទៀត​ទេ។​

អតីត​អ្នក​ធ្វើ​កិច្ចសន្យា​សាងសង់​ដែល​បាន​ទៅ​ទស្សនា​មជ្ឈមណ្ឌល​នៅ​សង្កាត់ Dabancheng​ កាល​ពី​ឆ្នាំ​ ២០១៨ បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AP​ ថា​កន្លែង​នេះ​ដូច​គ្នា​នឹង​ «មជ្ឈមណ្ឌល​ Urumqi​ អប់រំ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ» ​ហើយ​ត្រូវ​បាន​កែប្រែ​ជា​មជ្ឈមណ្ឌល​ឃុំឃាំង​ កាល​ពី​ឆ្នាំ​ ២០១៩​ ដោយ​មាន​ការ​ប្តូរ​ស្លាក​ឈ្មោះ​កន្លែង​នោះ។​ លោក​បាន​ប្រកែក​មិន​ព្រមប្រាប់​ឈ្មោះដោយ​បារម្ភ​អំពី​ការ​សងសឹក​ប្រឆាំង​នឹង​គ្រួសារ​លោក។​

លោក​បាន​ថ្លែង​ថា៖ ​«អតីត​សិស្ស​ទាំង​អស់​នៅ​ទីនោះ​បាន​ក្លាយ​ជា​អ្នក​ទោស»។

កន្លែង​ដ៏​ធំ​ធេង​នេះ​មាន​ជញ្ជាំង​ស៊ីម៉ង់ត៍​កម្ពស់ ​៧,៦២ ម៉ែត្រ​ លាប​ពណ៌​ខៀវ​ ព័ទ្ធ​ជុំវិញ​មាន​ប៉ម​យាម ហើយ​មាន​របង​លួស​បន្លា​ដាក់​ខ្សែ​ភ្លើង​ថែម​ទៀត​ផង។​ មន្ត្រីចិនបាន​នាំ​ក្រុម​អ្នក​សារ​ព័ត៌មាន​ AP​ ដើរ​កាត់​ទ្វារ​ធំ​ចូល​ក្នុង​មជ្ឈមណ្ឌល​នោះ ដោយ​ឆ្លង​កាត់​ការ​ពិនិត្យ​មើល​មុខ​មាត់ និង​មាន​ក្រុម​ឆ្មាំ​មាន​កាំភ្លើង​វែង​ស្លៀក​ពាក់​ខោអាវ​ទាហាន។​

នៅ​ក្នុង​ជ្រុង​មួយ​នៃ​មជ្ឈមណ្ឌល​នេះ​ ​ក្រុម​អ្នក​ទោស​ពាក់ម៉ាស​អង្គុយ​ជា​ជួរ។​ ភាគ​ច្រើន​នៃ​ជន​ទាំង​នេះ​ហាក់​ដូចជា​ក្រុម​ជន​អំបូរ​ Uyghur។​ លោក ​Zhu Hingbin ​នាយក​មជ្ឈមណ្ឌល​នេះ​ បាន​គោះ​បង្អូច​បន្ទប់​ដាក់​អ្នក​ទោស។

គាត់​បាន​និយាយ​ថា​៖ «បង្អួច​នេះ​មិន​អាច​បំបែក​បាន​ទេ» ។​ លោក​ Zhu Hingbin​ និយាយ​ដូច្នេះ​តិចៗ​ពី​ក្នុង​សម្លៀក​បំពាក់​ពេទ្យ​ ដែល​គ្រប​ពី​ក្បាល​ដល់​ចុង​ជើង។​

នៅ​ក្នុង​បន្ទប់​ត្រួត​ពិនិត្យ​ ក្រុម​បុគ្គលិក​សម្លឹង​មើល​កញ្ចក់​ទូរទស្សន៍​ប្រមាណ​ ២៤​ គ្រឿង​ នៅ​ពេញ​ជញ្ជាំង​ទាំងអស់​ដើម្បី​ពិនិត្យ​មើល​អ្នក​ទោស​ នៅ​ក្នុង​បន្ទប់​ទាំង​អស់​ក្នុង​មជ្ឈមណ្ឌល​នោះ។​ កញ្ចក់​ទូរទស្សន៍​មួយ​ទៀត​ផ្សាយ​កម្មវិធី​ទូរទស្សន៍​រដ្ឋ CCTV ​ដែល​លោក​ Zhu​ បាន​ថ្លែង​ថា​កំពុង​ផ្សាយ​សម្រាប់​ក្រុម​អ្នក​ទោស។

លោក​ Zhu​ បាន​និយាយ​ថា​៖ «យើង​ត្រួត​ពិនិត្យ​អ្វី​ដែល​ក្រុម​អ្នកទោស​មើល។​ យើង​អាច​មើល​ឃើញ​ ប្រសិន​បើ​ពួក​គេ​បំពាន​បទ​បញ្ញត្តិ​ ឬ​ប្រសិន​បើ​ពួក​គេ​ធ្វើ​ទារុណ​កម្ម​ខ្លួន​ឯង​ ឬ​សម្លាប់​ខ្លួន»។​

លោក​ Zhu​ បាន​ថ្លែង​ថា​ មជ្ឈមណ្ឌល​នេះ​ក៏​បញ្ចាំង​វីដេអូ​បង្រៀន​ពួកគេ​អំពី​ឧក្រិដ្ឋ​កម្ម​របស់​ពួក​គេដែរ។​ លោក​ Zhu​ បាន​ពោល​ថា​៖ «ពួក​គេ​ត្រូវ​បាន​បង្រៀន​ថា​ហេតុអ្វី​សម្លាប់​មនុស្ស​ជា​អំពើ​អាក្រក់ការ​លួច​ជា​អំពើ​អាក្រក់»។​

រូបឯកសារ៖ មន្ត្រីសន្តិសុខចិនក្នុងឯកសណ្ឋានការពារការឆ្លងមេរោគ បង្ហាញផ្លូវដល់អ្នកធ្វើទស្សនកិច្ចក្នុងមជ្ឈមណ្ឌលឃុំឃាំង Urumqui លេខ ៣ ក្នុងសង្កាត់ Dabancheng ភាគខាងលិចនៃតំបន់ Xinjiang ដែលសំបូរដោយជនជាតិភាគតិច Uyghur រស់នៅ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១។

បន្ទប់​ចំនួន​ ២២​ មាន​កៅអី​និង​កំព្យុទ័រ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ទោស​និយាយ​ជា​មួយ​មេធាវី​ ញាតិ​សន្តាន​និង​ប៉ូលិស​តាម​វីដេអូ នៅ​ពេល​ពួក​គេ​ត្រូវ​ចង​ភ្ជាប់​នឹង​កៅអី។ នៅ​តាម​របៀង​ មាន​ការិយាល័យ​រដ្ឋ​អាជ្ញា​មជ្ឈមណ្ឌល​ Urumqi​ ដែល​ជា​សញ្ញា​មួយ​ទៀត​នៃ​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់​ប្រព័ន្ធ​ពន្ធនាគារ​ផ្លូវការ។​

បន្ទប់​ពេទ្យ​មួយ​នៅ​ជិត​ទី​នោះ​ មាន​រទេះ​រុញ​អ្នក​ជំងឺ​ដែល​មាន​បំពង់​អុកស៊ីហ្សែន​ និង​មាន​តុ​ឱសថ​ផង​ដែរ។​ គោល​ការណ៍​ណែនាំ​ដែល​ព្យួរ​លើ​ជញ្ជាំង​ប្រាប់​ពួក​បុគ្គលិក​អំពី​វិធានការ​ព្យាបាល​អ្នក​ទោស​មាន​ជំងឺ​ និង​វិធី​បញ្ចូល​អាហារ​រាវ​ដល់អ្នក​ធ្វើ​កូដកម្ម​អត់​អាហារ ដោយ​បញ្ចូល​បំពង់​ប្លាស្ទិច​តាម​ច្រមុះ។​

មន្ត្រី​ម្នាក់​ទៀត​ឈ្មោះ​ Zhao​ បាន​និយាយ​ថា ពួក​អ្នក​ទោស​ត្រូវ​ជាប់​ឃុំឃាំង​ពី​ ១៥ ​ថ្ងៃ​ ទៅ​មួយ​ឆ្នាំ មុន​ការ​កាត់​ក្តី អាស្រ័យ​លើ​ឧក្រិដ្ឋកម្ម​របស់​ពួក​គេ​ និង​ដំណើរ​ការ​ផ្លូវ​ច្បាប់ ​គឺដូច​តំបន់​ឯទៀតៗ​នៃ​ប្រទេស​ចិន​ដែរ។​ លោក​បាន​ថ្លែង​ថា ​មជ្ឈមណ្ឌល​នេះ​ត្រូវ​បាន​កសាង​ ដើម្បី​ដាក់​ក្រុម​អ្នក​ទោស​ឆ្ងាយ​ពី​ទីក្រុង ដោយសារ​មាន​កង្វល់​អំពី​សុវត្ថិភាព។​

មជ្ឈមណ្ឌល​ឃុំឃាំង​ Urumqi​ លេខ​ ៣​ មាន​ទំហំ​ធំ​អាច​ធៀប​នឹង​កោះ​ Rikers ​ក្នុង​ទីក្រុង​ញូវយ៉ក​ តែ​តំបន់​នោះ​មាន​មនុស្ស​តិច​ជាង​បួន​លាន​នាក់ រីឯ​កោះ ​Rikers​ មាន​មនុស្ស​រស់​នៅ​ជិត ​២០ ​លាន​នាក់។​ មាន​មជ្ឈមណ្ឌល​ឃុំឃាំង​យ៉ាង​តិច​បី​កន្លែង​ទៀត នៅ​ទូទាំង​ក្រុង​ Urumqi​ ដោយ​មាន​គុក ​១០​ កន្លែង​ ឬ​ច្រើន​ជាង​នេះ​ទៅ​ទៀត។​

មជ្ឈមណ្ឌល​ឃុំឃាំង ​Urumqi​ លេខ ​៣ ​ហាក់​ដូច​ជា​គ្មាន​មនុស្ស​ពេញ​ទេ។​ ពួក​មន្ត្រី​ចិន​និយាយ​ថា​ ផ្នែក​មួយ​នៃ​មជ្ឈមណ្ឌល​នេះ​បាន​បិទ​ ហើយ​មាន​អ្នក​ទោស​ពី​ ៦ ​ទៅ ​១០ ​នាក់ ​អង្គុយ​ក្នុង​បន្ទប់​នីមួយៗ​ដោយ​នៅ​សល់​កៅអី​វែង​ពាក់​កណ្តាល​មិន​មាន​អ្នក​អង្គុយ​ទេ។​ ក៏​ប៉ុន្តែ​ស្ថិតិ​ជា​ផ្លូវការ​ថ្មីៗ​បំផុត​របស់​រដ្ឋាភិបាល​សម្រាប់​ឆ្នាំ​ ២០១៩​ បង្ហាញ​ថា​ ​នៅ​តំបន់​ Xinjiang ​ក្នុង​ឆ្នាំ​នោះ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ប្រមាណ​ទ្វេដង​ នៅ​មុន​ការ​បង្ក្រាប​ដែល​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ​ ២០១៧។​ មនុស្ស​រាប់​សែននាក់​ត្រូវ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ ដែល​ច្រើន​នាក់​ជាប់​រហូត​ដល់​ ៥ ​ឆ្នាំ​ ឬ​ច្រើន​ជាង​នេះ​ទៅ​ទៀត។​

អ្នកនាំ​ពាក្យ​ម្នាក់​របស់​អាជ្ញាធរ​តំបន់​ Xinjiang​ ឈ្មោះ​ Xu Guixiang ​បាន​ហៅ​ការ​ឃុំឃាំង​មនុស្ស​ច្រើន​នាក់​នេះ​ថា​ជា​ «វិធានការ​តឹងរ៉ឹង»​ ក្នុង​«សង្គ្រាម​ប្រឆាំង​ភេរវ​កម្ម»។​

លោក​ Xu ​បាននិយាយ​ថា​៖ «ជា​ការណ៍​ពិត​នៅ​ក្នុង​ដំណើរ​ការ​នេះ ​ចំនួន​មនុស្ស​ត្រូវ​កាត់​ទោស​តាម​ច្បាប់​នឹង​កើន​ច្រើន។​ នេះ​ជា​ការ​បញ្ជាក់​ច្បាស់​លាស់​អំពី​ប្រសិទ្ធ​ភាព​នៃ​ការងារ​របស់​យើង។​ ដោយ​សារ​វិធាន​ការ​ទាំង​នេះ​ពួក​ភេរវជន​ទំនង​ជា​ត្រូវ​នាំ​ខ្លួន​ឡើង​តុលាការ​ច្រើន​ឡើង»។​

ក៏​ប៉ុន្តែ​សាច់ញាតិ​ក្រុម​ជន​ជាប់​ក្នុង​ពន្ធនាគារ​ទាំង​នោះ​និយាយ​ថា​ ពួកគេ​ត្រូវ​កាត់​ទោស​តាម​ការ​ចោទ​ប្រកាន់​មិន​ត្រឹម​ត្រូវ​ ហើយ​ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា​ ភាព​ស្រពិច​ស្រពិល​នៃ​ប្រព័ន្ធ​ច្បាប់​តំបន់​ Xinjiang​ ជា​សញ្ញា​គ្រោះ​ថ្នាក់។​

ទោះ​ជា​ប្រទេស​ចិន​បាន​អនុញ្ញាត​ឱ្យ​មើល​សំណុំ​ឯកសារ​ច្បាប់​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ជិត​ ៩០​ ភាគ​រយ​នៃ​សំណុំ​ឯកសារ​ឧក្រិដ្ឋ​កម្ម​នៅ​តំបន់​ Xinjiang​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដឹង​ជា​សាធារណៈ​ទេ។ ឯកសារ​ខ្លះ​ ដែល​បាន​លេច​ចេញ​បង្ហាញ​ថា​ អ្នក​ខ្លះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ ​«ភេរវកម្ម» ​ឬ​ «ការ​បំបែក​រដ្ឋ»​ដោយ​សារ​បាន​ធ្វើ​សកម្ម​ភាព​ដែល​មនុស្ស​តិចតួច​ចាត់ទុក​ថា​ជា​សកម្ម​ភាព​ឧក្រិដ្ឋ​ ​ដូច​ជា​ការ​ព្រមាន​ពួក​សហសេវិក​កុំ​ឱ្យ​មើល​វីដេអូ​អាសអាភាស​ និង​ការ​ស្បថ​ ឬ​សូត្រ​ធម៌​ក្នុង​គុក​ជា​ដើម។​

លោក​ Gene Bunin ​ដែល​ជា​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ក្រុម​ជន​អំបូរ​ Uyghur​ ត្រូវ​បាន​បង្ខំ​ឱ្យ​ចុះ​ហត្ថលេខា​សារភាព​អំពី​អ្វី​ដែល​អាជ្ញាធរ​ហៅ​ថា ​«សកម្មភាព​ភេរវកម្ម»។​ សាច់​ញាតិ​ម្នាក់​បាន​និយាយ​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Associated Press​ ថា «មនុស្ស​ខ្លះ​ត្រូវ​បាន​ដោះលែង​ដោយ​រួមមាន​ម្នាក់​ដែល​បាន​ជាប់​ឃុំឃាំង​នៅ​សង្កាត់ ​Debancheng​ ​តែ​សាច់​ញាតិ​នេះ​មិន​ព្រម​ប្រាប់​ឈ្មោះ​ទេ​ ដើម្បី​ចៀសវាង​ការ​សងសឹក​អតីត​អ្នក​ជាប់​ឃុំឃាំង​នោះ។​

រូបឯកសារ៖ មន្ត្រីសន្តិសុខចិនក្នុងឯកសណ្ឋានការពារការឆ្លងមេរោគ ឈរនៅមុខបដាព័ត៌មានមួយក្នុងបន្ទប់សម្រាប់អ្នកធ្វើទស្សនកិច្ចនៃមជ្ឈមណ្ឌលឃុំឃាំង Urumqui លេខ ៣ ក្នុងសង្កាត់ Dabancheng ភាគខាងលិចនៃតំបន់ Xinjiang ដែលសំបូរដោយជនជាតិភាគតិច Uyghur រស់នៅ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១។

រូបឯកសារ៖ មន្ត្រីសន្តិសុខចិនឈរយាមនៅខាងក្រៅបរិវេណនៃមជ្ឈមណ្ឌលឃុំឃាំង Urumqui លេខ ៣ ក្នុងសង្កាត់ Dabancheng ភាគខាងលិចនៃតំបន់ Xinjiang ដែលសំបូរដោយជនជាតិភាគតិច Uyghur រស់នៅ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១។

អ្នក​ឃុំឃាំង​ឯ​ទៀត​មិន​បាន​ត្រូវ​ដោះលែង​ទេ។​ របាយ​ការណ៍​ប៉ូលិស​ដែល​បណ្តាញ​ព័ត៌មាន​I ntercept​ ទទួល​បាន​បាន​រៀប​រាប់​អំពី​ករណី​ជនជាតិ​ Uyghur​ ចំនួន​ ៨ ​នាក់​ នៅ​ក្នុង​សង្កាត់​មួយ​នៅ​មណ្ឌល​ Urumqi​ ត្រូវ​បាន​ឃុំឃាំង​នៅ​សង្កាត់​« Dabancheng»​ កាល​ពី​ឆ្នាំ​ ២០១៧ ​ដោយសារ​ពួកគេ​អាន​អត្ថបទ​សាសនា​ ដំឡើង​កម្មវិធី​សម្រាប់​ចែកចាយ​ឯកសារ​ឬ​គ្រាន់​តែ​ជា​«មនុស្ស​មិន​អាចទុក​ចិត្ត​បាន»។​

សេចក្តី​រាយ​ការណ៍​ទាំង​នេះ​បង្ហាញ​ថា​ កាលពី​ចុង​ឆ្នាំ​ ២០១៨​ រដ្ឋអាជ្ញា​ចិនបាន​កោះ​ហៅ​ពួក​គេ​ទៅ​ប្រជុំហើយ​កាត់​ទោស​ឲ្យ​ពួក​គេ​ទទួល​ការ​អប់រំ​កែប្រែ​ពី​ ២ឆ្នាំ ​ទៅ ​៥​ឆ្នាំ។​

ក្រុម​អ្នក​សារ​ព័ត៌មាន​ AP ​មិន​បាន​ឃើញ​សញ្ញា​នៃ​ការ​ធ្វើ​ទារុណ​កម្ម​ ឬ​ការ​វាយ​ដំទេ ​ហើយ​ពួក​គេ​ក៏​មិន​អាច​និយាយ​ដោយ​ផ្ទាល់​ជា​មួយ​អតីត​អ្នក​ជាប់​ឃុំឃាំង ​ឬ​អ្នក​ជាប់​ឃុំឃាំង​បច្ចុប្បន្ន​ដែរ។​ តែ​ជន​ជាតិ​ Uyghur ​ម្នាក់​ឈ្មោះ​ Zumret Dawut ​ដែល​បាន​រត់​គេច​ខ្លួន​ចេញ​ពី​តំបន់​ Xinjiang ​បាន​និយាយ​ថា មិត្តភក្តិ​ម្នាក់​របស់លោក​ដែលបាន​ស្លាប់​និង​ដែល​បាន​ធ្វើការ​នៅ​ស្កាត់​ Dabancheng ​បាន​ឃើញ​ការ​ធ្វើ​បាប​យ៉ាង​ឃោរឃៅ​ ដែល​នាំ​ឱ្យ​អ្នក​ស្រី​សន្លប់​ឥត​ដឹង​ខ្លួន។ ​មិត្តភក្តិ​នេះ​គឺ​អ្នកស្រី​ Paride Amati​ បាន​ថ្លែង​ថា​ អ្នក​ស្រី​បាន​ឃើញ​យុវជន​ជំទង់​ពីរ​នាក់ ​ត្រូវ​បាន​បង្ខំ​ឱ្យ​ចុះ​ហត្ថលេខា​លើ​សេចក្តី​សារភាព​ថា ​ពួក​គេ​ទាក់ទិន​នឹង​ភេរវ​កម្ម​នៅ​ពេល​សិក្សា​ក្នុង​ប្រទេស​អេហ្ស៊ីប​ ហើយ​ពួក​គេ​ត្រូវ​វាយ​ដំ​បែក​ឈាម។​

សហសេវិក​ម្នាក់​ឈ្មោះ​ Qelbiniur Sedick ​ដែល​ឋិត​នៅក្នុង​ជំរំ​ដាច់​ដោយ​ឡែក​មួយ​ទៀត​ បាន​ឱ្យ​ដឹង​ថា​ គ្រូបង្រៀន​ម្នាក់​នៅ​សង្កាត់​ Dabancheng​ ក៏​បាន​និយាយ​ថា ស្ថានភាព​ក្នុង​មជ្ឈមណ្ឌល​នេះ​ «អាក្រក់​ជាង​ឋាននរក»។​ បើ​តាម​លោក​ Sedick​ ថា​ គ្រូ​បង្រៀន​រូប​នេះ​បាន​និយាយ​ថា​ នៅ​ពេល​គាត់​បង្រៀន​គាត់​អាច​ ឮ​សំឡេង​មនុស្ស​កំពុង​ត្រូវ​ធ្វើ​ទារុណ​កម្ម​ដោយ​ដំបង​ឆក់​និង​កៅអី​ដែក។​

ស្ថានភាព​នៅ​ក្នុង​មជ្ឈមណ្ឌល​ឃុំឃាំង​នៅ​កន្លែង​ឯ​ទៀតៗ ​ក្នុង​តំបន់​ Xinjiang​ គឺ​ខុសៗ​គ្នា។ មនុស្ស​ខ្លះ​បាន​ពណ៌នា​ថា​ មាន​ការ​រឹតត្បិត​តែ​គ្មាន​ការធ្វើ​បាប​លើ​រាងកាយ​ទេ។​ ចំណែក​មនុស្ស​ឯ​ទៀត​វិញ​អះអាង​ថា ពួក​គេ​ត្រូវ​បាន​ធ្វើ​ទារុណ​កម្ម។​ បញ្ហា​ទាំងនេះ​ពិបាក​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​ ហើយ​អាជ្ញាធរ​នៅ​តំបន់​ Xinjiang​ បាន​បដិសេធ​ថា គ្មាន​ការ​រំលោភ​បំពាន​ឡើយ។​

ពួក​មន្ត្រី​ចិន​ក៏​នៅ​តែ​បដិសេធ​តទៅ​ទៀត​ថា​ ពួក​គេ​មិន​បាន​ឃុំឃាំង​ក្រុម​ជនជាតិ Uyghur​ តាម​ការ​ចោទ​ប្រកាន់​មិន​ត្រឹមត្រូវ​នោះ​ទេ។​ នៅ​តាម​ដង​ផ្លូវ​ពី​មជ្ឈមណ្ឌល​ Urumqi​ លេខ​ ៣​ នេះ​ គេ​ឃើញ​ជញ្ជាំង​ខ្ពស់​ និង​ប៉ម​អ្នក​យាម​ក្នុង​កន្លែង​ ដូច​ដែល​រូបថត​ពី​ផ្កាយ​វិទ្យាសាស្ត្រ​បង្ហាញ​ថា​ជា​កន្លែង​ឃុំឃាំង​ថ្មី​មួយ។​

នៅ​ពេល​សួរ​ថា​កន្លែង​នោះ​ជា​អ្វី​ ពួក​មន្ត្រី​ចិន​ថា​មិន​ដឹង​ទេ។​ មន្ត្រី​ចិន​ទាំង​នោះ​និយាយ​ថា​៖ «យើង​មិន​ដឹង​ថា​កន្លែងនោះ​ជាអ្វី​ឡើយ»៕

ប្រែសម្រួលដោយលោក ឈឹម សុមេធ