កិច្ចសហ​ប្រតិបត្តិការ​ណាមួយ​រវាង​យោធា​រុស្ស៊ី​និង​កូរ៉េ​ខាងជើង​នាំឱ្យ​សហរដ្ឋ​អាមេរិក​បារម្ភ

ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​មេដឹកនាំ​កូរ៉េខាងជើងកំពុង​ស្ថិត​នៅ Vostochny cosmodrome​ ចម្ងាយ​ប្រមាណ​២០០គីឡូម៉ែត្រ​ពី​ទីក្រុង Blagoveshchensk ប្រទេស​រុស្ស៊ី​កាលពីថ្ងៃទី​១៣ កញ្ញា ឆ្នាំ២០២៣។

អ្នកនាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​សេតវិមាន ​លោក John Kirby ​បាន​ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃពុធ​ថា​សហរដ្ឋ​អាមេរិក​មាន​ការព្រួយបារម្ភ​អំពី​កិច្ចសហ​ប្រតិបត្តិការ​អ្វី​ក៏​ដោយ​ខាង​វិស័យ​ការពារ​ប្រទេស​រវាង​ប្រទេស​រុស្ស៊ី​និង​កូរ៉េ​ខាងជើង។

លោក Kirby ​បាន​ថ្លែង​ថា​សហរដ្ឋ​អាមេរិក​កំពុងតែ​ឃ្លាំមើល​យ៉ាង​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​ទាក់ទង​គ្នា​រវាង​រដ្ឋាភិបាល​ទីក្រុងមូស្គូ​និង​ព្យុងយ៉ាង។

លោក​ថ្លែ​ងថា៖​ «គ្មាន​ប្រទេស​ណាមួយ​ គ្មាន​នណា​ម្នាក់​ គួរ​ជួយ​លោក​ Putin ​សម្លាប់​ពលរដ្ឋ​អ៊ុយក្រែន​ស្លូតត្រង់​ទេ។ ហើយ​បើសិនជា​ពួកគេ​សម្រេច​បង្កើត​កិច្ចព្រមព្រៀង​លក់ដូរ​អាវុធ​ណាមួយ​នោះ ​យើង​ច្បាស់ជា​នឹង​ចាត់វិធានការ ​ដើម្បី​ឆ្លើយតប​យ៉ាង​សមស្រប‍»។

ប្រធានាធិបតី​រុស្ស៊ី ​លោក Vladimir Putin ​កាលពី​ថ្ងៃពុធ​បានជួប​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង ​លោក Kim Jong Un ​នៅ​កន្លែងបង្ហោះ​យានអវកាស​ទំនើប​បំផុត​របស់​រុស្ស៊ី ​ទោះជា​មាន​ការព្រមាន​ពី​សហរដ្ឋ​អាមេរិក ​និង​កូរ៉េ​ខាងត្បូង​ប្រឆាំងនឹង​លទ្ធភាព​នៃ​ការផ្ទេរ​អាវុធ​ណាមួយ​ក៏ដោយ។

លោក Kim ​បាន​សន្យា​គាំទ្រ​យ៉ាងពេញ​ទំហឹង​និង​ដោយ​គ្មាន​លក្ខខណ្ឌ ​នូវ​សេចក្តី​សម្រេច​ទាំងអស់​របស់​លោក Putin ​ដែលជា​ការនិយាយ​សំដៅ​ទៅលើ​សង្គ្រាម​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន ​ក្នុង​អំឡុង​ការពិភាក្សាគ្នា ​នៅកន្លែង​បង្ហោះ​យាន​អវកាស​ Vostochny Cosmodrome ​ដែល​ស្ថិត​នៅ​ចុង​ភាគ​បូព៌ា​នៃ​ប្រទេស​រុស្ស៊ី ​ក្បែរ​ទល់​ដែន​ចិន។

លោក Kim ​ក៏បាន​អញ្ជើញ​លោក Putin ​ឱ្យ​ទៅ​ទស្សនា​ប្រទេស​កូរ៉េ​ខាងជើង​ដែរ ​ហើយ​លោក Putin ​បាន​យល់ព្រម។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​ របស់​កូរ៉េ​ខាងជើង។

កាលពី​ពេលមុន​នេះ ​សេចក្តី​រាយការណ៍​ព័ត៌មាន​មួយ​ចំនួន ​បាន​ដកស្រង់​សម្តី​របស់​ក្រុមមន្ត្រី​បស្ចិម​ប្រទេស​ខ្លះ​ដោយ​មិន​បញ្ចេញ​ឈ្មោះ ​ដែល​បាន​និយាយ​ថា ​រុស្ស៊ី​សង្ឃឹម​ថា​នឹង​ទទួល​បាន​គ្រាប់​កាំភ្លើង​របស់​កូរ៉េ​ខាងជើង​សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន។ ចំណែក​ក្រុងព្យុងយ៉ាង​វិញ ​ហាក់​ដូចជា​ចង់​បាន​បច្ចេកវិទ្យា​ទំនើប ​សម្រាប់​ផ្កាយរណប ​និង​នាវាមុជទឹក​ដែល​ប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរ​របស់​ខ្លួន ​ព្រមទាំង​ជំនួយ​ស្បៀង​អាហារ​ពី​រដ្ឋាភិបាល​ក្រុងមូស្គូ៕

លោក ​Lee Juhyun ​បាន​ចូលរួម​ផ្តល់​ព័ត៌មាន​ដល់​សេចក្តី​រាយការណ៍​នេះ។ ព័ត៌មាន​មួយ​ចំនួន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន​ Associated Press ​និង​ Reuters ។