ដូចជាសាច់រឿង ដេវីត(David) និងហ្គោឡាយត៍ (Goliath) កើតមានឡើងនៅតំបន់សាវ៉ាណា (savanna) ក្នុងទី្វបអាហ្រ្វិកដូច្នោះដែរ សត្វស្រមោចដែលស្រឡាញ់ដើមឈើ កំពុងការពារខ្លួនពីហ្វូងសត្វដំរីដែលឃ្លានចង់ស៊ីដើមឈើនោះជាអាហារ ជារឿងដែលបង្ហាញភស្ដុតាងជាថ្មីម្តងទៀតថា តាមធម្មជាតិ មាឌ និងកម្លាំង មិនអាចទទួលជ័យជំនះរហូតបានទេ។ ហើយការដែល ស្រមោចការពារដើមឈើដែលជាសំបុករបស់ខ្លួន ក៏កំពុងរក្សាតុល្យភាពបរិស្ថានអេកូដ៏មានសារៈសំខាន់ផងដែរ នៅតាមវាលស្មៅក្នុងព្រៃឈើនៃទី្វបអាហ្រិ្វក។
តំបន់សាវ៉ាណាស្ថិតនៅលើខ្ពង់រាបភាគកណ្តាលនៃប្រទេសកេនយ៉ា (Kenya) ជាកន្លែងដ៏លំបាកឲ្យរុក្ខជាតិ ដូចជាដើមអាកាស្យា (Acacia) ចាក់ឫសបាន។ ដីច្រើនមានសណ្ឋានជាស្រទាប់ដីឥដ្ឋយ៉ាងក្រាស់។ ដីរីក ហើយរួមមកវិញជាបន្តបន្ទាប់នៅរដូវវស្សា និងរដូវប្រាំង។ ហើយហ្វូងដំរីដែលដើរត្រាច់ចរចូលចិត្តស៊ីស្លឹក និងសំបកឈើ ដោយធ្វើឲ្យដើមឈើជាច្រើនដាច់ដោចគ្មានសល់។ នេះក៏ជាទីកន្លែងដែលលោកថឌ ផាមើ (Todd Palmer) សាស្ត្រាចារ្យខាងជីវសាស្ត្រ នៃសាកលវិទ្យាល័យហ្ល័ររីដា (University of Florida) សិក្សាអំពីប្រតិកម្មទៅវិញទៅមកដ៏ចម្លែករវាងស្រមោច និងដំរី នៅក្នុងកន្លែងមួយនៃតំបន់សាវ៉ាណា ដែលគ្របដណ្តប់ទៅដោយដើមឈើអាកាស្យាមាំល្អពាសពេញនិងយ៉ាងក្រាស់។
«ដំរីមិនប៉ះពាល់ដើមឈើទាំងនេះទាល់តែសោះ។ ពួកវាពិតជា បំផ្លាញដើមឈើដុះនៅដីមានលក្ខណ:ម៉្យាងនៅក្បែរនោះ ដែលមានដើមអាកាស្យាដុះ ប៉ុន្ដែគ្មានស្រមោចរស់នៅ។ ពួកវាបោច ដើមឈើដាច់ចេញពីគ្នា។ ប៉ុន្តែនៅលើដីពណ៌ខ្មៅ មានដាំកប្បាស ដែលជា’រុក្ខជាតិមានស្រមោច’រស់នៅវិញ ដំរីមិនបានប៉ះពាល់ដើមឈើភាគច្រើនទាំងនោះទេ»។
លោកផាមើធ្វើ ការសាកល្បងមើល ការស៊ីអាហារដែលលោកអាចត្រួតពិនិត្យបាន ដើម្បីរកឲ្យឃើញថាតើរុក្ខជាតិទាំងនោះគ្មានរស់ជាតិឆ្ងាញ់ ចំពោះសត្វស្បែកក្រាស់ទាំងនេះ ឬក៏ថាតើស្រមោចធ្វើជាសត្វការពារដើមឈើ ជាទង្វើដើម្បីជាថ្នូរដូរទុកដើមឈើនោះធ្វើជាអាហារ និងទីជម្រករបស់ខ្លួនឬយ៉ាងណា។
«នៅពេលដែលអ្នកយកស្រមោចចេញពីដើមឈើ អ្នកអាចឃើញថា ដំរីចូលចិត្តស៊ីដើមឈើនោះដូចគ្នា។ នៅពេលដែលអ្នកដាក់ស្រមោចនៅលើដើមឈើទាំងពីរនោះវិញ អ្នកអាចឃើញថាដំរី គេចចេញដូចគ្នាដែរ។ ដូច្នេះ ដំរីមិនចូលចិត្ដស៊ីរុក្ខជាតិដែលមានស្រមោចទេ នៅពេលដែលរុក្ខជាតិនោះមានស្រមោច។ ដំរីក៏មិនចូលចិត្ដស៊ីរុក្ខជាតិជាអាហារដែលខ្លួនចូលចិត្តដែរ ប្រសិនបើរុក្ខជាតិនោះ មានជាប់ក្លិនស្រមោច»។
ប្រសិនបើស្រមោច ត្រូវដំរីដែលកំពុងស៊ីអាហារយាយីខ្លួន ស្រមោចនឹងចោមរោម ប្រម៉ោយដំរីទាំងនោះ ហើយចាប់ផ្តើមខាំ។ ខណៈដែលផ្នែកខាងក្រៅនៃច្រមុះយ៉ាងវែងនេះ មានភាពស្វិតហើយក្រាស់ជាងខ្សែកាបធ្វើពីដែកថែបទៅទៀតនោះ ផ្នែកខាងក្នុងមានសភាពទន់ និងឆាប់ឈឺចុកចាប់។ លោកផាមើមានប្រសាសន៍ថា ដំរីអាចដឹងយ៉ាងឆាប់រហ័សថាត្រូវគេចចេញពីដើមឈើមានស្រមោច។
«ថាតើដំរីធំៗបង្ហាញឧទាហរណ៍ដល់ដំរីតូចៗ ថារុក្ខជាតិជាអាហារអ្វីខ្លះដែលខ្លួនអាចស៊ីបាន និងមិនអាចស៊ីបាន នៅមិនទាន់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែគេក៏អាចយល់បានថា មួយដងមួយកាល កូនដំរីនឹងព្យាយាមក្របួចស្លឹកឈើមួយបាច់ និងចុងមែកឈើតូចៗ ពីដើមឈើដែលមានស្រមោច ហើយត្រូវស្រមោចចូលច្រមុះពេញ ហើយពេលនោះ គិតថា «ខ្ញុំលែងធ្វើអញ្ជឹងទៀតហើយ»។
ខណៈដែលចំនួនដំរីកំពុងធ្លាក់ចុះជាទូទៅនៅក្នុងទី្វបអាហ្វ្រិក នៅតាមកន្លែងដូចជាតំបន់សាវ៉ាណានៅលើខ្ពង់រាបភាគកណ្តាលនៃកេនយ៉ា ជាទីដែលគេការពារសត្វ ចំនួនដីរីកំពុងកើនឡើងជាប្រចាំ។ ហើយប្រការនោះ ជាការដាក់សម្ពាធច្រើនថែមទៀតទៅលើចំនួនដើមឈើវិញ។ លោកផាមើបានឲ្យដឹងទៀតថា ដើមឈើទាំងនោះបានដើរតួនាទីដ៏មានសារៈសំខាន់ខាងប្រព័ន្ធបរិស្ថានអេកូវាលស្មៅ ហើយត្រូវការថែរក្សាទុក។
«ចំនួនដើមឈើគ្របដណ្តប់នៅក្នុងប្រព័ន្ធនោះដឹកនាំ ឲ្យមានសម្បត្ដិខាងប្រព័ន្ធបរិស្ថានអេកូ ដូចជាសារធាតុចិញ្ចឹមដីវិលចុះវិលឡើង ប្រភពទឹក និងអ្វីៗគ្រប់យ៉ាងនៅតំបន់សាវ៉ាណា។ ដូច្នេះ កត្តាដែលគ្រប់គ្រងតុល្យភាពរវាងដើមឈើនិងស្មៅពិតជាមានសារៈសំខាន់ណាស់»។
កត្តាទាំងនោះរួមមានភ្លើង ភ្លៀង ប្រភេទដី និងសកម្មភាពរបស់សត្វស៊ីរុក្ខជាតិជាអាហារ។ លោកផាមើនិយាយថា ស្រមោចបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យមានតុល្យភាពបរិស្ថានអេកូនេះដែរ។
«ការរាំងខ្ទប់សត្វដែលមានមាឌធំៗទាំងនេះកុំឲ្យបំផ្លាញផលដំណាំ និងផលផ្សេងៗទៀតគឺថា ដំរីគិតឃើញភ្លាមៗថា «ផលទាំងនោះមានក្លិនអាក្រក់ ។ ប៉ុន្តែគ្មានស្រមោចនៅទីនោះទេ»។ ប៉ុន្តែយើងនៅរង់ចាំមើលសិន យើងនៅធ្វើការស្រាវជ្រាវខាងវិទ្យាសាស្ត្រច្រើនថែមទៀត»។
រូបភាពតាមផ្កាយរណបនៅចន្លោះឆ្នាំ២០០៣ និង២០០៨ បញ្ជាក់បន្ថែមចំពោះការសិក្សារបស់លោកផាមើ ហើយបង្ហាញថា ស្រមោចកំពុងមានផលប៉ះទង្គិចដ៏មានប្រយោជន៍យ៉ាងទូលំទូលាយទៅលើព្រៃឈើ ដែលគ្របដណ្តប់លើតំបន់សាវ៉ាណា។ ការសិក្សាត្រូវបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដី មានចំណងជើងថា ជីវសាស្ត្របច្ចុប្បន្ន (Current Biology)។ លោកផាមើនិយាយថា ការរកឃើញអាចយកទៅអនុវត្តសម្រាប់ក្រុមអ្នកគ្រប់គ្រងលើការអភិរក្សទូទាំងពិភពលោក។ ប្រព័ន្ធបរិស្ថានអេកូនៃព្រៃឈើមានវាលស្មៅ ដែលគ្របដណ្តប់លើផ្ទៃដីខាងលើ ចំនួន២០ភាគរយរបស់ផែនដី៕.
ប្រែសម្រួលដោយលីសុខខឃាង