អ្នក​ជំនាញ​វត្ថុ​បុរាណ​ត្រូវ​បាន​​ចោទ​ប្រកាន់​ពីបទ​លួច​វត្ថុ​បុរាណ​ខ្មែរ

រូបឯកសារ៖ គ្រឿងអលង្ការធ្វើពីមាសនិងសំរឹទ្ធកាលពីសម័យអង្គរ ដែលមួយចំនួនត្រូវបានបញ្ជូនមកប្រទេសកម្ពុជា ពីប្រទេសអង់គ្លេសមួយចំនួនទៀត ត្រូវបានមន្រ្តីប្រមែប្រមូលនិងកំណាយពីសម័យអង្គរនិងសម័យមុនអង្គរ យកមកតាំងបង្ហាញ ជាសាធារណៈនៅសារមន្ទីរជាតិចាប់ពីខែមករាដល់ខែកុម្ភៈ២០១៨។ (ទុំ ម្លិះ/VOA)

ក្រុម​រដ្ឋអាជ្ញា​នៅ​ទីក្រុង​ញូវយ៉កដែល​បាន​ស៊ើប​អង្កេត​សំណុំ​រឿង​វត្ថុ​បុរាណ​កម្ពុជា បាន​ចោទ​ប្រកាន់​លោក​ Douglas A.J. Latchford​ ដែល​ជា​អ្នក​ជំនាញ​ខាង​វត្ថុ​បុរាណ​ខ្មែរ​ពី​បទ​«រត់ពន្ធ​វត្ថុ​បុរាណ»​ដែល​ត្រូវ​បាន​គេ​លួច​ចេញ​ពី​ប្រទេស​កម្ពុជា និង​ការ​សម្រួល​ឲ្យ​វត្ថុ​បុរាណ​នោះ​ងាយ​ស្រួល​លក់​នៅ​លើ​ទីផ្សា​វត្ថុ​សិល្បៈ​អន្តរជាតិ​ ដោយ​សារ​លោក​បាន​ជួយ​លាក់​បាំង​ប្រវត្តិ​បាត់​បង់​វត្ថុ​ទាំង​នោះតាម​រយៈការ​ចេញ​ឯកសារ​ក្លែងក្លាយ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​ញូវយ៉ក​ថែមស៍។

ក្នុង​ឯកសារ​ចោទ​ប្រកាន់​របស់​តុលាការ​សហព័ន្ធ​ដែល​បាន​បើក​បង្ហាញ​កាល​ពី​ថ្ងៃ​ពុធ លោក​Latchford ​ដែល​មាន​អាយុ​៨៨​ឆ្នាំ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ធ្វើ​ជា​«បណ្តាញ‍»​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​សម្រាប់​វត្ថុ​បុរាណ​កម្ពុជា ដែល​ត្រូវ​បាន​គេ​លួច​ជីក​ដោយ​ខុស​ច្បាប់​ពី​ប្រាសាទ​បុរាណ​នៅ​ក្នុង​ព្រៃ​ ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា​ជួប​ប្រទះ​ស្ថានភាព​វឹកវរ​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ពាក់​កណ្តាល​ទសវត្សរ៍​ទី​៦០​ ហើយ​ឈាន​ទៅ​កកើត​ជា​សង្គ្រាម​ស៊ីវិល។​

បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ការិយាល័យ​រដ្ឋអាជ្ញា​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​ញូវយ៉ក​ លោក ​Latchford ​ដែល​មាន​សញ្ជាតិ​ថៃ​ និង​អង់គ្លេស​បាន​ក្លែងវិក្កយបត្រ ​និង​ឯកសារ​ដឹក​ជញ្ជូន​ដើម្បី​បង្ក​ការ​ងាយ​ស្រួល​លក់​ដូរ​វត្ថុបុរាណ​ដែល​ត្រូវ​គេ​លួច​ទាំង​នោះ​ទៅ​ឱ្យ​ហាង​លក់​ដេញ​ថ្លៃ​ អ្នក​លក់​ដូរ និង​សារៈមន្ទីរ។

រដ្ឋអាជ្ញា​បាន​បង្ហាញ​ឯកសារ​តុលាការ​ដែល​បក​អាក្រាត​មុខ​មាត់​ដ៏​អាក្រក់​របស់​លោក​ Latchford ​ដែល​នៅ​ប្រទេស​កម្ពុជា​គាត់​ត្រូវ​បាន​គេ​គោរព​ថា​ជា​អ្នក​ការពារ​វត្ថុ​បុរាណ​កម្ពុជា​ហើយ​បាន​បរិច្ចាគ​វត្ថុ​បុរាណ​កម្រ​ជា​ច្រើន​ និង​ថវិកា​ទៅ​ដល់​សារៈមន្ទីរ​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ។ ក្នុង​ឆ្នាំ​២០០៨​ លោក​ទទួលបាន​មេដាយ​ដ៏​ខ្ពង់​ខ្ពស់។ លោក​ក៏​ជា​សហ​និពន្ធ​សៀវភៅ ចំនួន​បី​ក្បាល​ដែល​មាន​ចំណង​ជើង​ថា​ «ការ​ស្ងើច​សរសើរ​និង​ភាព​ល្បី​ល្បាញ​នៃ​យុគ​សម័យ​មាស​នៃ​សិល្បៈ​ខ្មែរ‍» «មាស​ខ្មែរ‍» និង​ «សំរឹទ្ធ​ខ្មែរ‍» ដែល​បាន​ក្លាយ​ជា​ឯកសារ​យោង​សម្រាប់​អ្នកជំនាញ​នានា។

ផ្ទុយ​ទៅវិញ​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ហៅ​គាត់​ថា​ ជា​អ្នក​ដើរ​តួ​ដ៏​សំខាន់​ក្នុង​បណ្តាញ​ឧក្រិដ្ឋជន​ឆ្លង​ដែន​ដើម្បី​ជួញ​ដូរ​ទ្រព្យ​សម្បត្តិ​វប្បធម៌​ដើម្បី​ផ្តល់ឱ្យ​ស្ថាប័ន​នានា​នៅ​បស្ចិម​ប្រទេស​ និង​ជា​អ្នក​ប្រមូល​ទិញ​ផ្ទាល់​ខ្លួន​នូវ​វត្ថុ​បុរាណ​ដែល​បាន​លួច​ចេញ​តាំងពី​ទសវត្សរ៍​ទី​៧០។

សារព័ត៌មាន​ញូវយ៉ក​ថែម៍ ​មិន​អាច​ទាក់​ទង​ដើម្បី​សុំ​អត្ថាធិប្បាយ​ពី​លោក​ Latchford ​បាន​នៅ​ឡើយ​ទេ។ ជំនួយ​ការ​ម្នាក់​ដែល​លើក​ទូរស័ព្ទ​របស់​លោក​នៅ​ក្នុង​ប្រទេស​ថៃ​បាន​និយាយ​ថា​លោក ​Latchford ​កំពុង​ឈឺ និង​បាន​ចូល​សម្រាក​មន្ទីរ​ពេទ្យ​ក្រុង​បាងកក​ជាច្រើន​ខែ​មក​ហើយ៕