នៅថ្ងៃអង្គារនេះ ប្រទេសជប៉ុនបានជំរុញប្រទេសចិនឱ្យចាត់គ្រប់វិធានការទាំងអស់ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋជប៉ុននិងបេសកកម្មការទូតរបស់ជប៉ុននៅក្នុងប្រទេសចិន នៅចំពេលដែលមានការខឹងសម្បាពីសាធារណជន បន្ទាប់ពីប្រទេសជប៉ុនបានចាប់ផ្ដើមបញ្ចេញទឹកវិទ្យុសកម្មដែលចម្រោះរួចហើយពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលរងការខូចខាតធ្ងន់ធ្ងររបស់ខ្លួន។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បាននិយាយទៅកាន់អ្នកយកព័ត៌មាននៅក្នុងទីក្រុងតូក្យូថា ប្រទេសជប៉ុនបានស្នើឱ្យប្រទេសចិនប្រាប់ពលរដ្ឋរបស់ខ្លួនឱ្យរក្សាភាពស្ងៀមស្ងាត់ដើម្បីបង្ការកុំឱ្យស្ថានការណ៍នេះកាន់តែរីករាលដាល។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយថា ប្រទេសចិន «ការពារសុវត្ថិភាព» របស់ជនបរទេសនៅក្នុងប្រទេសចិន។
ប្រទេសជប៉ុនបានទទូចថា ការបញ្ចេញទឹកវិទ្យុសកម្មដែលចម្រោះរួចហើយនេះគឺមានសុវត្ថិភាព ដែលការអះអាងនេះទទួលបានការគាំទ្រពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAE)។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយថា វិធានការរបស់រដ្ឋាភិបាលជប៉ុននេះមានលក្ខណៈ «គិតពីប្រយោជន៍ផ្ទាល់ខ្លួនហួសហេតុ និងគ្មានការទទួលខុសត្រូវ»។
បន្ទាប់ពីរដ្ឋាភិបាលចិនបានហាមឃាត់ការនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុនមក ពលរដ្ឋចិនដែលប្រើអ៊ីនធឺណិតបានចាប់ផ្ដើមអំពាវនាវឱ្យមានការធ្វើពហិការលើផលិតផលជាច្រើនរបស់ជប៉ុន ចំណែកឯពលរដ្ឋផ្សេងទៀតបានព្យាយាមស្ដុកទុកនូវគ្រឿងឧបភោគបរិភោគសំខាន់ៗ។
អ្នកវិភាគមួយចំនួនបានថ្លែងថា ចិនកំពុងបញ្ជូនសារទៅកាន់ជប៉ុនតាមរយៈអារម្មណ៍ប្រឆាំងនឹងជប៉ុន។ ចិនប្រឈមនឹងបញ្ហាជាច្រើននៅក្នុងប្រទេស ដែលក្នុងនោះរួមមានទាំងបញ្ហាសេដ្ឋកិច្ចយឺតយ៉ាវ អត្រាអត់ការងារធ្វើខ្ពស់មិនធ្លាប់មាន និងការសើរើមន្ត្រីភ្លាមៗនៅក្នុងផ្នែកគោលនយោបាយការបរទេសនិងផ្នែកយោធា។
អ្នកតាមដានស្ថានការណ៍មួយចំនួនបាននិយាយថា រដ្ឋាភិបាលចិនកំពុងព្យាយាមចាប់ផ្ដើមកែខៃបញ្ហាខូចខាតមួយចំនួនតាមរយៈបង្វែរចំណាប់អារម្មណ៍សាធារណជននៅក្នុងប្រទេសនិងការផ្តោតលើបញ្ហាសុខភាពសាធារណៈដែលជាក្ដីបារម្ភរបស់ពលរដ្ឋចិន៕