យុទ្ធនាការ​ប្រឆាំង​សាច់​សុនខ​ត្រូវ​ប៉ូលិស​រារាំង

  • នៅ វណ្ណារិន

អ្នក​ចូល​រួម​ដង្ហែ​ក្បួន​ជាមួយ​ឆ្កែ​ចិញ្ចឹម​របស់​ពួក​គេ​ ដែល​ប្រឆាំង​ការ​ហូប​សាច់​សត្វ​ចិញ្ចឹម​ ត្រូវ​បាន​ប៉ូលីស​បញ្ជា​​ឲ្យ​បំបែក​​ក្រុម​ចេញ​ពី​សួន​ច្បារ​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៥​ ខែ​មេសា ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/ VOA)

ក្រុម​អ្នក​ស្រឡាញ់​សត្វ​សុនខ​បាន​ធ្វើ​ការរិះ​គន់​អាជ្ញាធរ​ដែល​រារាំង​មិន​ឲ្យ​មាន​ការ​ជួបជុំ​ និង​ធ្វើការ​ដើរ​ក្បួន​យុទ្ធនា​ការ​មួយ​ប្រឆាំង​នឹង​ការ​បរិភោគ​សាច់​ឆ្កែ​និង​ឆ្មា​កាល​ពីថ្ងៃ​អាទិត្យ​កន្លង​មក​នេះ។ ​ក៏​ប៉ុន្តែ​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ​បាន​និយាយ​ការពារ​ចំណាត់​ការ​នេះ​ ដោយ​ថ្លែង​ថា​ ​វា​ជា​រឿង​ចម្លែក​ បើ​អនុញ្ញាត​ឲ្យ​មាន​ការ​ដើរ​ក្បួន​សត្វ​ចិញ្ចឹម​នៅ​ទីសារធារណៈ​នោះ។​

ក្រុម​សកម្មជន​និង​អ្នក​ស្រឡាញ់​សត្វ​ចិញ្ចឹម​បង្ហាញ​ពី​ការ​មិន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​នា​ថ្ងៃ​ច័ន្ទ​នេះ​ ​បន្ទាប់​ពី​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ធ្វើ​ការ​ហាមប្រាម​មិន​ឲ្យ​មាន​ការ​ដើរ​ក្បួន​ប្រឆាំង​នឹង​ការ​ហូប​ និង​សម្លាប់សត្វ​ឆ្កែ​និង​ឆ្មា។ ​ពួក​គេ​ថា​ ការ​បំបិទ​សិទ្ធិ​នេះ​នឹង​បើក​ឱកាស​ឲ្យ​មាន​ការ​សម្លាប់​សត្វ​ទាំង​នេះ​ជា​ចំណី​បន្ត​ទៀត។​

Your browser doesn’t support HTML5

យុទ្ធនាការ​ប្រឆាំង​សាច់​សុនខ​ត្រូវ​ប៉ូលិស​រារាំង

កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន​ ក្រុម​សមត្ថកិច្ច​ចម្រុះ​ស្លៀកពាក់ឯក​សណ្ឋាន និង​ស្លៀកពាក់​ស៊ីវិល​របស់​ខណ្ឌ​ចំការមន​ប្រ​ហែល​៣០​នាក់​ បានរារាំងការ​ជួបជុំ​ និង​ការដើរ​ក្បួន​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​បរិភោគ​សាច់​ឆ្កែ​ និង​ឆ្មា​នោះ។ ​អ្នក​ចូលរួម​ប្រហែល​៣០​នាក់​ រួម​ និង​សត្វ​ឆ្កែ​របស់​ពួក​គេ​ ត្រូវ​បាន​ដេញ​ចេញ​ពី​សួនច្បារ​ក្បែរ​វិមាន​ឯករាជ​ ​នៅ​ពេល​ដែល​ពួក​គេ​យក​ទីតាំង​នេះ​ធ្វើ​ជា​ទី​កន្លែង​ចាប់​ផ្តើម​ដើរ​ក្បួន​យុទ្ធនាការនេះ។ សមត្ថ​កិច្ច​សំអាង​ថា​ ​អាជ្ញាធរ​ហាម​ឃាត់​ដោយសារយុទ្ធនាការ​នេះ​មិន​មាន​ការ​អនុញ្ញាត​ត្រឹម​ត្រូវ​ពីសាលា​រាជធានីភ្នំពេញ។​

កញ្ញា​ហ៊ាង​ កញ្ញារី​ ជា​និសិត្យ​ឆ្នាំ​ទី៤​ផ្នែក​គ្រប់គ្រង​ពាណិជ្ជ​កម្ម ​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ​នាង​ជា​អ្នកចិញ្ចឹម​សត្វ​ឆ្កែ ​ឬ​សុនខ​ចំនួន​៥​ក្បាល។​ នាង​ចាត់​ទុក​សត្វ​ទាំង​នេះ​ជា​សមាជិក​ក្នុង​គ្រួសារ​ផង​ដែរ។​ កញ្ញា​ហ៊ាង​ កញ្ញារីបាន​និយាយថា​វា ​ជា​«ការ​ខកបំណង»​មួយ​ដែល​សមត្ថកិច្ច​ធ្វើ​ការ​ហាមឃាត់​មិន​ឲ្យ​មាន​ការ​ជួបជុំ​ និង​មិន​ឲ្យ​ធ្វើ​សកម្មភាព​សង្គម​មួយ​នេះ។

កញ្ញា​យល់​ឃើញ​ថា ​ការ​ហាម​ឃាត់​នេះ​ដូច​ជាជំរុញឲ្យ​មាន​ការ​បរិភោគ​និង​លួច​សត្វ​ចិញ្ចឹម​កាន់​តែ​ច្រើន​ថែម​ទៀត។

«របៀប​គេធ្វើ​ដូចជា​ការ​ផ្សព្វផ្សាយរឿង​ហ្នឹង​ ទៅ​ធ្វើ​ឲ្យ​មាន​ការ​ជួញ​ដូរ​សាច់​ឆ្កែ​ច្រើន។​ ប្រសិន​បើ​មាន​ការ​ជួញដូរ​សាច់​ហ្នឹងច្រើន​អញ្ចឹង​ យើង​ម៉េច​ដឹង​ថា ​ថ្ងៃ​ណា​មួយ​នឹង​មាន​នរណា​គេ​មក​លួច​ឆ្កែ​យើង​ ដែល​យើង​ស្រឡាញ់​នៅ​ផ្ទះ​ និង​រួចយក​ទៅ​លក់​ និង​បរិភោគ។ ​អញ្ចឹង​ វា​ហាក់​ដូច​ជា​សម្លាប់​មិត្តភក្តិ​យើង​មួយ​រូប​អញ្ចឹង»។

កញ្ញា ​អ៊ុង ចាន់ណាវី​ ជា​ម្ចាស់​សត្វ​ឆ្កែ​ម្នាក់​ទៀត។​ នាង​យល់​ថា សមត្ថ​កិច្ច​គួរ​តែ​ជំរុញឲ្យ​មាន​ព្រឹត្តិការណ៍​បែប​នេះ​ទៅ​វិញ​ ​ព្រោះ​វា​ជា​សកម្មភាព​មួយ​ដែល​ផ្សព្វផ្សាយ​ពី​ផលវិបាក​នៃ​ការ​បរិភោគ​សាច់​បែប​នេះ។​ ហើយ​ការ​ហាមប្រាម​នេះធ្វើ​ឲ្យ​បាត់បង់​ប្រយោជន៍​សង្គម​ទៅ​វិញ​ទេ។​

«វា​ជា​ការ​ខាត​បង់។​ និយាយ​រួម​ខ្ញុំ​អត់​មាន​ការ​ពេញ​ចិត្ត​ទេ​ បើ​គាត់​ហាម​ឃាត់​រឿង​ប៉ុណ្ណឹង​ ព្រោះ​ថា​ ការ​ធ្វើ​ប៉ុណ្ណឹង​គឺ​អត់​មាន​ប៉ះពាល់​ដល់​នរណា​គេផង​ ហើយ​វា​បង្ហាញ​ពិភពលោក​ថា ​ប្រទេស​យើង​ក៏​ចូលរួម​ចំណែក​ដូច​ប្រទេស​គេ​ផ្សេងៗ​ដែរ»។​

ការ​និយម​បរិភោគ​សាច់​សត្វ​ឆ្កែ​ និង​សត្វ​ឆ្មា​ក្នុង​ចំណោម​ប្រជាពល​រដ្ឋ​កម្ពុជា​បាន​បង្កើត​ឲ្យ​មាន​ទី​ផ្សារ​លក់​សាច់​សត្វ​ទាំង​នេះជា​ចំហ​ ជាពិសេស​ការ​ជួញ​ដូរ​ និង​ការ​លក់​សត្វ​ឆ្កែ​ និង​សាច់​ឆ្កែ។​ ម្យ៉ាង​វិញ​ទៀត​ដោយ​សារ​សត្វ​ឆ្កែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​សត្វ​ដែល​គេ​ប្រលែង​ឲ្យ​ដើរ​សេរី ​ដូច្នេះ​មាន​អំពើ​ចោរ​កម្ម​ជា​ច្រើន​ដើម្បី​ចាប់​សត្វ​ទាំង​នេះ​យក​ទៅ​លក់​ផ្គត់​ផ្គង់​ទី​ផ្សារ​ម្ហូប​សាច់​ឆ្កែ។​

ការ​ប៉ុនប៉ង​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​បរិភោគ​សាច់​ឆ្កែ​ និង​ឆ្មា​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ពិភពលោក​ដែល​ផ្តួច​ផ្តើម​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាលអន្តរជាតិ​ក្នុង​ប្រទេស​ចំនួន​២៥។ ​យុទ្ធនាការ​នេះ​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ «Say​ No to Dog Meat»​ គឺ​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​ផលវិបាក​នៃ​ការ​បរិភោគ​សាច់​ទាំង​នេះ​ ពិសេស​សាច់​ដែល​មិនមាន​ប្រភព​ច្បាស់​លាស់​ និង​ឆ្កែ​អនាថា។​ យុទ្ធនាការ​នេះ​ក៏​ដើម្បី​ប្រមូល​ការ​គាំទ្រ​ឲ្យ​មាន​ការ​បង្កើត​ច្បាប់​មួយ​ប្រឆាំង​នឹង​ការ​បរិភោគ​សាច់​ឆ្កែ​ និង​ឆ្មា​ដែល​មនុស្ស​មួយ​ចំនួន​ចាត់ទុក​ជា​សត្វ​ជា​ទី​ស្រឡាញ់​នៅ​ក្នុង​ផ្ទះ។

កញ្ញា​ វន វត្តី​ ជា​សមាជិក​និង​អ្នក​រៀបចំ​ការ​ដើរ​ដង្ហែ​ក្បួន​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ប្រាប់ VOA ខេមរភាសា​ថា ​សហ​សេវិក​របស់​នាង​មានការ​បាក់ស្បាត​និង​អន់ចិត្ត​យ៉ាង​ខ្លាំង​ក្រោយ​ពេល​ដែល​សមត្ថ​កិច្ច​ធ្វើ​ការ​បណ្តេញ​ពួក​គាត់​ និង​សត្វ​ចិញ្ចឹម​ឲ្យ​ចេញ​ពី​សួន​ច្បារ​សាធារណៈ​ទៀត ​បន្ទាប់​ពី​ពួកគាត់​យល់​ព្រម​បញ្ឈប់​ការ​ដើរ​ក្បួន​នោះ។​

«ហ្នឹង​គឺចូល​លក្ខណៈ​គាប​សង្កត់​ហើយ​ ពីព្រោះ​សូម្បី​តែ​យើង​ធ្វើការ​ជួប​ជុំ​គ្នា​បណ្តើរ​ឆ្កែ​សោះក៏​គេ​ហាម​ឈាត់​ដែរ។​ អញ្ចឹង​ខ្ញុំ​មិន​ដឹង​ថា ​ម៉េច​ទេ។​ និយាយ​ថា ​ពួកខ្ញុំ​មាន​ការ​ភ័យ​បាក់ស្បាត​អស់​ហើយ មិន​ដែល​ជួប​ប៉ូលិស​ផ្ទាល់​មក​ដេញ​ពួក​ខ្ញុំ​អញ្ចឹង​ទេ»។​

លោក​ឡុង ឌីម៉ង់​ អ្នកនាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ បាន​ឯកភាព​ថា​ យុទ្ធនាការ​នេះ​វា​«ល្អ»​ ដែល​ផ្សព្វ​ផ្សាយ​ពី​ផលវិបាក​នៃ​ការ​ពិសារ​សត្វ​ឆ្កែ​នេះ​ ក៏ប៉ុន្តែ​ការ​ធ្វើ​ការ​ដើរ​ក្បួន​បែប​នេះ​អាច​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​និង​អនាម័យសាធារណៈ។​

«យើង​បាន​ដឹង​ហើយ​វា​មិន​ដែល។ ​វា​ជា​រឿង​ចម្លែក​ដែល​ទៅ​ប្រមូល​សត្វ​ឆ្កែឲ្យ​ធ្វើការ​ដើរ​ក្បួន​សុំ​នេះ ​សុំ​នោះ។ ​អញ្ចឹង​វា​ដូច​ជា​ថ្មី​សម្រាប់រាជធានី​ភ្នំពេញ​ ហើយ​រាជធានី​ភ្នំពេញ​ យើង​សម្រេច​ថា ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ទេ»។​

ដោយ​ឡែក ​លោក​សុខ​ សំអឿន​ អ្នក​វិភាគ​ច្បាប់​ឯករាជ្យ​ បាន​មាន​ប្រសាសន៍​ថា​ នេះ​គឺ​ជា​ការ​បំបិទ​សិទ្ធិ​បញ្ចេញ​មតិនៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​អ្នក​នយោបាយ​ទាំងអស់​គួរ​តែ​បើ​ចំហ​ឲ្យ​មាន​សកម្ម​ភាពផ្នែក​សង្គម​បែប​នេះ​ឲ្យ​បាន​ច្រើន​ទើប​ល្អ។​

«បើ​យើង​មើល​ច្បាប់​បាតុកម្ម​យើង​ទៅ​ គឺ​អត់​មាន​ពាក្យ​«សូម​ការ​អនុញ្ញាត»​ទេ។​ ក៏​ប៉ុន្តែ​ការ​អនុវត្ត​សព្វ​ថ្ងៃ​គឺ​ត្រូវ​សុំ​ការ​អនុញ្ញាត។ ​ដូច្នេះ​បើ​និយាយ​ទៅ​ ប្រជាពល​រដ្ឋ​ស្រុកខ្មែ​រគឺ​បាត់​សិទ្ធិ​អស់​ហើយ»។​

សាច់​ឆ្កែ​ត្រូវ​បាន​គេ​ដឹង​ថា​ ពេញ​និយម​នៅ​ក្នុង​ប្រទេស​អាស៊ី​មួយ​ចំនួន​ដូច​ជា​ចិន​ កូរ៉េ​ និង​វៀតណាម។ ​ដោយ​មាន​ការ​យល់​ថា​ ការ​បរិភោគ​សាច់​ឆ្កែ​ធ្វើ​ឲ្យ​បុរស​មាន​កម្លាំងពិសេស​ ហើយ​ការ​ពិសារ​សាច់ឆ្កែ​ជួយ​ព្យាបាល​ជំងឺ​ហឺត​បាន​ តែ​សកម្មជន​និង​អ្នក​ស្រឡាញ់​សត្វ​ចិញ្ចឹម​យល់​ថា ​វា​អាច​បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​សុខភាព​ទៅ​វិញ​ទេ៕