វោហាសាស្ត្រ​មេដឹកនាំ​ប្រទេស​មហា​អំណាច​​ធ្វើឲ្យ​ចុះ​ខ្សោយ​សិទ្ធិ​មនុស្ស​សកល

របាយ​ការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Amnesty International ​ដែល​មាន​ឈ្មោះ​ថា​ «ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ពិភពលោក»​ ​និយាយ​ថា អ្នក​នយោបាយ​ក្នុង​ប្រទេស​រំលោភ​សិទ្ធិ​មនុស្ស​ផ្សេងៗ​​បាន​ប្រើ​លេស​ខាង​សេដ្ឋកិច្ច​ និង​សន្តិសុខ​ដើម្បី​បង្ក្រាប​ការ​រិះគន់​ខាង​នយោបាយ។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Amnesty International ​និយាយ​ថា ​មេ​ដឹកនាំ​នយោបាយ​ក្នុង​ពិភពលោក​ រួមមាន​លោក​ប្រធានាធិបតី​ស.រ.អា.​ Donald Trump​ ប្រើ​វោហា​សាស្ត្រ​មិន​គប្បី ដែល​មេដឹកនាំ​ប្រទេស​តូចៗ​ប្រើប្រាស់​ធ្វើឲ្យ​ចុះ​ខ្សោយ​ប្រសិទ្ធ​ភាព​បេសកកម្ម​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ពិភពលោក។

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​២០១៦​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Amnesty International ​និយាយ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​ចំនួន​១៥៩ ដោយ​ផ្តោត​សំខាន់​លើ​សិទ្ធិ​មនុស្ស​ក្នុង​ពេល​សង្គ្រាម​ និង​វិបត្តិ​ជន​ភៀស​ខ្លួន​ហើយ​នឹង​ការ​រឹត​បន្តឹង​សេរីភាព​ពលរដ្ឋ​ក្នុង​ប្រទេស​នានា ​ដែល​មេដឹកនាំ​យក​វោហាសាស្ត្រ​មិន​សម​ហេតុផល​របស់​មេដឹកនាំ​ប្រទេស​ធំៗ​ធ្វើ​ជាលេស។

របាយ​ការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Amnesty International ​ដែល​មាន​ឈ្មោះ​ថា​ «ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ពិភពលោក»​ ​និយាយ​ថា អ្នក​នយោបាយ​ក្នុង​ប្រទេស​រំលោភ​សិទ្ធិ​មនុស្ស​ផ្សេងៗបាន​ប្រើ​លេស​ខាង​សេដ្ឋកិច្ច​ និង​សន្តិសុខ​ដើម្បី​បង្ក្រាប​ការ​រិះគន់​ខាង​នយោបាយ។

ក្រោយពី​ការ​ចេញ​របាយការណ៍​របស់​អង្គការ​ Amnesty International លោក ​Adotei Akwei ​នៃ​អង្គការ​ពារសិទ្ធិមនុស្ស​អន្តរជាតិ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ​ប្រចាំ​ស.រ.អា.​ ​និយាយ​ថា ​មេដឹក​នាំ​ប្រទេស​តូចៗ​តែងតែ​ប្រើប្រាស់​វោហា​សាស្ត្រ​ និង​នយោបាយ​របស់​មេដឹកនាំ​ប្រទេស​ធំៗ​ដូច​ជា​ស.រ.អា.​ជាដើម ​ដើម្បី​ធ្វើ​ជាលេស​បង្ក្រាប​អ្នក​ប្រឆាំង។

«មិនមែន​គ្រាន់តែ​វោហា​សាស្ត្រ​នោះ​ទេ​ដែល​បង្កគ្រោះ​ថ្នាក់​នោះ។ ​ការ​អនុវត្ត​គោល​នយោបាយ​ក៏​នាំឲ្យ​រដ្ឋាភិបាល​ផ្សេងៗ​ធ្វើ​តាម​ដែរ»។​

ជាក់ស្តែង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ នៅ​សប្តាហ៍​នេះ​ បាន​បន្ត​ប្រើ​ប្រាស់​ចំណាត់​ការ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​ស.រ.អា.​ Donald Trump ​ជា​ហេតុផល​សម្រាប់​អ្វី​ដែល​រដ្ឋាភិបាល​របស់​លោក​ធ្វើការ​បង្ក្រាប​លើ​បាតុកម្ម ការ​បញ្ចេញ​មតិ ​និង​វិធាន​ការ​ប្រឆាំង​បណ្តាញ​ព័ត៌មាន មន្ត្រី​សង្គមស៊ីវិល ហើយ​នឹង​រហូត​ដល់​ការ​ថត​សំឡេង​សន្ទនា​ឯកជន។

ក្នុង​សុន្ទរកថា​កាលពី​ថ្ងៃ​ចន្ទ នៅក្នុង​ពិធី​សម្ពោធ​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង ​លោក​ហ៊ុន សែន ​និយាយ​ថា ​សូម្បីតែ​ស្រុក​អាមេរិក​ក៏​មាន​ទំនាស់​នយោបាយ​ដែរ ​ហើយ​លោក​ចាំតែ​បន្ទរ​តាមក្រោយ​ប៉ុណ្ណោះ។ ​

លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែងក្នុង​សុន្ទរកថា​នៅក្នុង​ពិធី​សម្ពោធ​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ចន្ទ ទី៦ ខែមីនា ឆ្នាំ២០១៧។ (រូបដកស្រង់ចេញពី​ទំព័រហ្វេសប៊ុក​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន)

លោក​ហ៊ុន សែន ​បាន​បន្ត ​ដោយ​លើក​យក​ការ​ចាប់​បាតុករ​បង្កការ​បំផ្លាញ​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ក្រោយ​ការ​បោះឆ្នោត​នៅ​ស.រ.អា.​ធ្វើការ​ការពារ​មូលហេតុ​សម្រាប់​ការ​បង្ក្រាប​បាតុកម្ម​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​កម្មករ​ស្លាប់​យ៉ាង​តិច៤​នាក់ ​ដោយសារ​ការ​បាញ់​គ្រាប់​កាំភ្លើង​ពិត​ទៅលើ​បាតុករ។

«ពីមុន​នេះ ពេល​បាតុកម្ម​គ្រឹប ​នៅស្រុក​អាមេរិក​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ មាន​ការ​បង្ក្រាប​ចាប់​រាប់​រយ​ រាប់​ពាន់នាក់។ ខាង​សារព័ត៌មាន​មួយ​ចំនួន​សម្ភាស​ NGOs​ ស្រុក​ខ្មែរ​ថា ​តើខុស​ច្បាប់​ទេ​បង្ក្រាប​ហ្នឹងត្រូវ​ឬ​មិន​ត្រូវ រំលោភ​សិទ្ធិ​មនុស្ស​ឬ​អត់? គេថា អត់ទេ​ ធ្វើហ្នឹង​ត្រឹមត្រូវ​ហើយ​ អត់​រំលោភ​សិទ្ធិ​មនុស្ស​ទេ ​ដើម្បី​ការពារ​ដើម្បី​រក្សា​ស្ថិរភាព​នយោបាយ​នៅស្រុក​អាមេរិក។​ អីចឹង​ខ្ញុំឆ្លើយ​ទៅវិញ​ថា ​ បើ​អីចឹង ខ្ញុំធ្វើ​ពីមុន​ក៏​មិន​ខុស​ដែរ ​ដើម្បីរ​ក្សា​ស្ថិរភាព​ស្រុក​ខ្មែរ»។​

ទោះ​ជាយ៉ាងណា​ ​បាតុកម្ម​នៅ​ស.រ.អា.​ដែល​មាន​មនុស្ស​កន្លះ​លាន​នាក់ ​ចូលរួម​មិន​មាន​មនុស្ស​ស្លាប់ ​និង​គ្មានការ​បាញ់គ្រាប់​កាំភ្លើង​ពិត​លើ​បាតុករ​ទេ។​

លោក​យ័ប គឹមទឹង ​ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ និយាយ​ប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារ​ថា ​លោក​នាយក​រដ្ឋ​មន្ត្រី​គួរ​យក​ចំណុច​ល្អ​ធ្វើ​ជា​គំរូ​ទើប​ប្រជាជន​ស្រឡាញ់​ច្រើន។ ​លោក​បន្ត​ថា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​មិន​អាច​យក​វិធាន​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​ពេល​បាតុកម្ម​នៅ​ស.រ.អា.​ទៅ​ប្រៀបធៀប​នឹង​ការ​បង្ក្រាប​ដោយ​នៅ​ប្រទេស​កម្ពុជា​ ​ដែល​មាន​ការ​បាញ់​ស្លាប់​បាតុករ​នោះ​ទេ។​

«ស្រុក​អាមេរិកាំង​មាន​ច្បាប់​ត្រឹមត្រូវ​ច្រើន ហើយ​គេ​ធ្វើហ្នឹង ​គេ​មាន​ច្បាប់​ចាប់ បើ​សិន​ធ្វើ​ខុស។​ ហើយ​យើង​ទៅប្រៀបធៀប​ ​ដូចខ្ញុំ​ឃើញ​តាម​វីដេអូ បាតុកម្ម​ស្រុក​ខ្មែរ​ ខ្ញុំ​ឃើញ​ប៉ូលិស​យក​ដែក​ យក​អីទៅវ៉ៃ​មនុស្ស​ច្បាស់ៗ​ហ្មង ​ ដូច​ថា ​ជាក់​ស្តែង​ហ្មង​ណា៎។​ អាហ្នឹង​មើល​ទៅ​ឃើញ​ថា ​ឃោរឃៅ​ខ្លាំង។ នៅ​ស.រ.អា.​គេ​ចាប់​មនុស្ស​ចាប់អី​ លើក​លែងតែ​មនុស្ស​នោះ​តដៃ​តអី​វ៉ៃ​មក​គេ ​ហើយ​គេ​មិន​វ៉ៃ​ជាក់ស្តែង​អីយ៉ាង​នេះ​ទេ។ ​គេខំ​ចាប់​តាម​សម្រួល​ បាទ»។​

លោក​និយាយ​ថា ​នៅ​ស.រ.អា.​មាន​តុល្យភាព​អំណាច​ ហើយ​តុលាការ​ស.រ.អា.​ឯករាជ្យ​ពី​អំណាច​ប្រធានាធិបតី។ ប្រព័ន្ធ​តុលាការ​នៅ​ស.រ.អា.​មិន​ចេះតែ​ធ្វើ​តាម​វិធាន​ការ​នីតិ​ប្រតិបត្តិ​របស់​លោក​ប្រធានាធិបតី​ Donald Trump ​នោះ​ទេ។​

«នៅ​ស្រុក​អាមេរិក​ដូច​លោក ​Donald Trump ​អី​អញ្ចឹងគាត់​ខំ​ធ្វើ​ប្រទ្រូល​ប្រត្រាស់​ ប៉ុន្តែ​គេ​នៅ​មាន​តុលាការ​របស់​គេ នៅ​មាន​រដ្ឋសភា​របស់​គេ។ ប្រធានាធិបតី​មាន​អំណាច​មួយ​ចំណែក តុលាការ​មាន​អំណាច​មួយ​ចំណែក​រដ្ឋសភា​មាន​អំណាច​មួយ​ចំណែក​ដែរ។ ​ប្រទេស​ខ្មែរ​យើង​អង្គការ​ជាច្រើន​ដាក់ពិន្ទុ​ខ្មែរ​យើង​ថា ​ ប្រទេស​អត់​មាន​សេរីភាព​ អត់​មាន​ច្បាប់​អី​ត្រឹមត្រូវ ពីព្រោះ​ តុលាការ រដ្ឋសភា ព្រឹទ្ធ​សភា​អី​ អត់​មាន​អំណាច​ទៅ​ទប់ទល់​លោក​[នាយក​រដ្ឋមន្ត្រី] ម៉្លោះ​ហើយ​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ថា ​ប្រទេស​ខ្មែរ​ហ្នឹង​ដើរ​តាម​ដូចជា​ថា​អំណាច​ផ្តាច់ការ»។

របាយ​ការណ៍​អង្គការ​ការពារសិទ្ធិមនុស្សអន្តរជាតិ Amnesty International ក៏​បាន​បង្ហាញ​កង្វល់​ថា ​ប្រទេស​នានា​ដែល​ធ្លាប់​ជួយ​លើក​ស្ទួយ​ប្រជាធិបតេយ្យ​ហាក់​ដូចជា​បិទភ្នែក​មិន​មើល​គ្រោះថ្នាក់​ខាង​សិទ្ធិ​មនុស្ស ​ហើយ​បន្ថយ​ការ​តាំង​ចិត្ត​គាំទ្រ​ផ្នែក​សិទ្ធិ​មនុស្ស៕