កម្មកររោងចក្រផលិតស្រាបៀរអង្គរជាង៤០០នាក់ កាលពីថ្ងៃច័ន្ទ បានបន្តធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនផ្តល់ការងារដល់អ្នកគ្រប់គ្រងឃ្លាំងស្តុកស្រាបៀរម្នាក់គឺលោកលឹម រ័ត្ន ដែលត្រូវក្រុមហ៊ុនបញ្ឈប់ការងារ ដោយក្រុមហ៊ុនចោទអ្នកគ្រប់គ្រងនេះថា បានប្រព្រឹត្តអំពើពុករលួយ។
ការតវ៉ារបស់កម្មករក៏មានបំណងទាមទារឲ្យក្រុមហ៊ុនគោរពសិទ្ធិរបស់សហជីពដែរ។ នេះបើយោងតាមការបញ្ជាក់ពីតំណាងនៃប្រធានសហព័ន្ធសហជីពកម្មករ ចំណីអាហារ និងសេវាកម្មកម្ពុជា។
ការតវ៉ារបស់កម្មករបានចាប់ផ្តើមឡើង កាលពីថ្ងៃសៅរិ៍កន្លងទៅ បន្ទាប់ពីក្រុមហ៊ុនបានដកលោកលឹម រ័ត្ន ដែលក្រុមសហជីពអះអាងថា ជាអ្នកការពារកូនចៅក្រោមបង្គាប់របស់លោក។
លោកខែម ម៉ៅ ប្រធានសហព័ន្ធសហជីពកម្មករ ចំណីអាហារ និងសេវាកម្មកម្ពុជាប្រចាំរោងចក្រផលិតស្រាបៀរអង្គរស្ថិតក្នុងខណ្ឌមិត្តភាព ក្រុងព្រះសីហនុ បានប្រាប់ VOA កាលពីយប់ថ្ងៃច័ន្ទថា កម្មករបានផ្ទុះកំហឹងប្រឆាំងការដកលោក លឹម រ័ត្ន ដែលត្រូវបានចោទថា បានប្រព្រឹត្តអំពើពុករលួយ។ ក្រុមកម្មករបាននិយាយថា ពួកគេមិនអាចទទួលយកការចោទប្រកាន់នេះបានទេ ហើយថា លោកលឹម រ័ត្ន ត្រូវតែទទួលការងាររបស់លោក ក្នុងមុខនាទីដដែលវិញ។
លោកបញ្ជាក់ទៀតថា កម្មករក៏ទាមទារឲ្យដកលោក Wai K. Vong អគ្គនាយកក្រុមហ៊ុនដែលត្រូវកម្មករអះអាងថា មានចិត្តចង្អៀតចង្អល់ជាមួយកម្មករនោះ។
«ទីមួយហ្នឹងគឺទាមទារចាំចាច់គឺត្រូវតែឲ្យលឹម រ័ត្ន ហ្នឹងចូលធ្វើការវិញ ហើយដោយរក្សាតំណែងរបស់គាត់ ការងាររបស់គាត់ដូចដើមអញ្ចឹងណ៎ា ហើយទីពីរ គឺចាំបាច់ត្រូវតែដក Wai K. Vong ហ្នឹងចេញពីក្រុមហ៊ុនស្រាបៀរអង្គរហ្នឹងឲ្យផុត អត់ អត់អាចទទួលយកវិញបានទេ ព្រោះអីគាត់ជាមនុស្សផ្តាច់ការ ហើយគាត់ជា និយាយរួមទៅគាត់ ការងារគាត់ហ្នឹងគឺគាត់ផ្តាច់ការពេញទំហឹងតែម្តង មិនដែលមាននរណាហ៊ានតមាត់។ សូម្បីតែកម្មករ គ្រាន់តែមិនបាច់ចាំដល់ឃើញមុខទេ គ្រាន់តែក្រឡេកឃើញក្បាលឡានបត់មក កម្មកររត់គេចពួនអស់ហើយ»។
លោកខែម ម៉ៅ បានបន្តថា កូដកម្មរបស់កម្មករក៏ទាមទារឲ្យក្រុមហ៊ុនកាត់វិភាគទានបង់ចូលទៅសហជីពតាមគណនេយ្យធនាគារ ផ្តល់អាហារមួយពេលដល់កម្មករ និងបញ្ឈប់ការរើសអើងមកលើសហជីព។
VOA មិនទាន់អាចទាក់ទងលោកយ៉ូវ ខេមរា ប្រធានមន្ទីរការងារខេត្តព្រះសីហនុ ដែលចូលរួមដោះស្រាយវិវាទការងារនេះបានទេ កាលពីយប់ថ្ងៃច័ន្ទ។
ក្រុមហ៊ុនស្រាបៀរខេមប្រ៊ូវត្រូវគេរាយការណ៍កាលពីពេលកន្លងមកថា ជាអ្នកមានចំណែកភាគហ៊ុនក្នុងការកសាងទំនប់វារីអគ្គិសនីដន សាហុង ដ៏ចម្រូងចម្រាសនៅក្នុងប្រទេសឡាវ។ ទំនប់វារីអគ្គិសនីនេះមានកម្រិត២៦០មេហ្គាវ៉ាត់ ហើយត្រូវគេរាយការណ៍ថា នឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋខ្មែរជាង៦លាននាក់ ដែលរស់នៅជុំវិញអាងទន្លេមេគង្គ និងទន្លេសាប។
លោកឆេង សុភ័ក្រ្ត ប្រធានរដ្ឋបាលក្រុមហ៊ុនស្រាបៀរខេមប្រ៊ូវបានប្រាប់ VOA ថា ការចរចារវាងក្រុមហ៊ុន និងកម្មករបានចាប់ផ្តើម ហើយថា ភាគីទាំងពីរបានព្រមព្រៀងលើចំណុចមួយចំនួនទាក់ទិនការបញ្ឈប់ការរើសអើងសហជីព និងការផ្តល់អាហារដល់កម្មករ។ លោកបញ្ជាក់បន្ថែមថា ចំណុចដែលមិនទាន់ត្រូវគ្នានោះគឺការទទួលយកលោកលឹម រ័ត្ន មកវិញ និងការដកលោក Wai K. Wong។
លោកអះអាងថា ក្រុមហ៊ុននឹងពន្លឿនការបញ្ចប់ទំនាស់នេះ ដោយក្រុមហ៊ុននឹងទៅរកជំនួយផ្លូវច្បាប់ពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីពិចារណាលើការទទួលលោកលឹម រ័ត្ន ឲ្យចូលធ្វើការវិញ។
«ធម្មតាពេលដែលយើងមានជម្លោះកើតឡើង ឬមួយក៏វិវាទកើតឡើង វាតែងតែខាតបង់ប្រយោជន៍ទាំងអស់គ្នា ទាំងកម្មករ ទាំងនិយោជក ទាំងនិយោជិក គឺខាតទាំងអស់គ្នាទេ។ អញ្ចឹងគឺឆន្ទៈរបស់យើងគឺព្យាយាមដោះស្រាយឲ្យបានលឿនកាលណាគឺវាល្អកាលហ្នឹង»។
លោកបានច្រានចោលការចោទប្រកាន់ដែលថា លោក Wai K. Wong ជាមនុស្សមានចិត្តចង្អៀតចង្អល់។ លោកនិយាយថា សកម្មភាពជិះជាន់កម្មករ ដូចជាទាសករមិនមានកើតមាននៅក្នុងក្រុមហ៊ុននេះទេ។
យ៉ាងណាក៏ដោយ ក្រុមសហជីពនិយាយថា ពួកគេនឹងបន្តការធ្វើកូដកម្ម រហូតទាល់តែការទាមទាររបស់ពួកគេមានដំណោះស្រាយ៕