នៅចុងសប្ដាហ៍នេះ ពលរដ្ឋខ្មែរ-អាមេរិកាំង កាន់ព្រះពុទ្ធសាសនាជាច្រើនរយនាក់ដែលរស់នៅក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន បានជួបជុំគ្នាប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យសាសនាដ៏ធំមួយរបស់ពុទ្ធបរិស័ទខ្មែរ នៅវត្តពុទ្ធិការាមក្នុងរដ្ឋម៉ារីលែន។
រួមដំណើរជាមួយនឹងក្រុមគ្រួសារញាតិមិត្ត ដោយមានចំណីអាហារបែបខ្មែរដ៏ច្រើនសន្ធឹកសន្ធាប់ផងអ្នកចូលរួមមួយចំនួនប្រាប់ VOAថាការប្រារព្ធពិធីបុណ្យប្រពៃណីរបស់ខ្មែរ រយៈពេល១៥ថ្ងៃក្នុងសហរដ្ឋអាមេរិកគឺជាការរំឭកដល់បុព្វការីជននិងផ្សារភ្ជាប់ខ្លួននិងក្រុមគ្រួសារទៅនឹងប្រពៃណីខ្មែរដែលខ្លួនតែងនឹកមិនភ្លេច។
លោក ប៉ង់ នុត ពលរដ្ឋខ្មែរអាមេរិកាំងវ័យ៦០ឆ្នាំយល់ថាក្រៅពីរំឭកដល់បុព្វការីជននិងរំឭកគុណដល់អ្នកទាំងនោះ ពិធីបុណ្យភ្ជុំនៅសហរដ្ឋអាមេរិក ក៏បានភ្ជាប់ពលរដ្ឋខ្មែរ-អាមេរិកាំងទៅនឹងសហគមន៍របស់ខ្លួនផងដែរ។
«យើងមកនេះគឺនឹងឃើញតែម្ដាយឪពុកយើង ជីដូនជីតាយើង ដែលយើងធ្លាប់ស្គាល់គាត់ហ្នឹង ឱ្យបានដឹងថាយើងមកហើយ អត់បានភ្លេចទេ! ជារៀងរាល់ឆ្នាំគឺថាភ្ជុំបិណ្ឌហ្នឹងគឺថាចាំជានិច្ចអីច៊ឹងតែម្ដង ទោះម្ដាយឪពុកចែកឋានទៅ ឬក៏ជីដូនជីតាចែកឋានទៅក៏អត់ភ្លេចដែរ»។
ក្រៅពីប្រគេនចង្ហាន់ដល់ព្រះសង្ឃដែលគង់ក្នុងវត្ត ពិធីបុណ្យភ្ជុំបិណ្ឌខ្មែរក្នុងរដ្ឋម៉ារីលែនសហរដ្ឋអាមេរិក ក៏មានការលក់អាហារកម្ពុជាដ៏ឆ្ងាញ់ពិសា និងវត្ថុប្រើប្រាស់នានាសម្រាប់អ្នកមកចូលរួមផងដែរ។
ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនធំ ក៏រៀបចំអាហារបែបខ្មែរដ៏សម្បូរបែបដើម្បីពិសារួមគ្នានៅក្នុងបរិវេណវត្តផងដែរ។
កំពុងញ៉ាំអាហារជួបជុំញាតិមិត្តដែលមកពីរដ្ឋក្បែរតំបន់វ៉ាស៊ីនតោន អ្នកស្រី ស៊ូ សូរីដា ពលរដ្ឋខ្មែរ-អាមេរិកាំង វ័យ៤៩ឆ្នាំ មកពីរដ្ឋ Virginia និយាយថាការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌបានបើកឱកាសឱ្យជនជាតិខ្មែរដែលរស់នៅតំបន់វ៉ាស៊ីនតោនអាចថែរក្សាប្រពៃណីវប្បធម៌របស់ជាតិខ្លួន។មួយវិញទៀតពិធីនេះបានជួយឱ្យពួកគាត់បានជួបជុំនិងស្គាល់ជនជាតិខ្មែរដែលរស់នៅក្នុងតំបន់ផ្សេងទៀត។
អ្នកស្រី ស៊ូ សូរីដា បានបង្ហាញពីអារម្មណ៍ដែលបានចូលរួមពិធីបុណ្យភ្ជុំបិណ្ឌយ៉ាងដូច្នេះ៖
«ខ្ញុំសប្បាយជួបជុំខ្មែរយូរៗម្តង ព្រោះអីយើងមិនសូវ យើងធ្វើការរាល់ថ្ងៃ យូរៗយើងបានជួបជុំខ្មែរច្រើនម្ដងចឹងសប្បាយដែរ»។
លោក សេង វែង អាយុ៣៥ឆ្នាំដែលមករស់នៅសហរដ្ឋអាមេរិកជាង១៥ឆ្នាំបានបញ្ជាក់ប្រាប់ VOA ថាសម្រាប់រូបលោក ការមកប្រារព្ធពិធីបុណ្យភ្ជុំនៅវត្តខ្មែរជាមួយក្រុមគ្រួសារគឺជាឱកាសក្នុងការអប់រំនិងបង្ហាត់បង្រៀនអំពីប្រពៃណីខ្មែរដល់កូនតូចៗទាំងពីររបស់លោក។
«ខ្ញុំចង់ឱ្យកូនខ្ញុំរៀនស្គាល់ពីប្រវត្តិប្រជាជនខ្មែរយើង ហើយដូចខ្ញុំអីចឹងកាលណាយើងអត់បង្រៀនកូនយើងអីចឹង ថ្ងៃក្រោយទៅវាអាចបាត់បង់តិចៗទៅហ្អា សូម្បីតែកូនខ្ញុំរាល់ថ្ងៃហ្នឹងកើតនៅអាមេរិកនេះក៏ដោយ ក៏ខ្ញុំនៅតែបង្រៀនកូនខ្ញុំឱ្យស្គាល់អីចឹងតាមអ្វីដែលខ្ញុំដឹងមក បង្រៀនឱ្យកូនខ្ញុំឱ្យស្គាល់ពីប្រពៃណីខ្មែរយើង ហើយហ្នឹងទំនៀមទម្លាប់ខ្មែរយើងដូចគ្នា»។
អ្នករស់នៅក្នុងតំបន់វ៉ាស៊ីនតោនម្នាក់ទៀតគឺ អ្នកស្រី ផា កនិ្នកា វ័យ៣០ឆ្នាំ ដែលទើបតែមករស់នៅសហរដ្ឋអាមេរិកបាន៣ឆ្នាំ បានកត់សំគាល់ថាបើទោះជាពិធីបុណ្យភ្ជុំបិណ្ឌនៅសហរដ្ឋអាមេរិកមិនសូវអធិកអធមដូចនៅកម្ពុជា ក៏ការប្រារព្ធពិធីរយៈពេល១៥ថ្ងៃគឺវាស្រដៀងគ្នា ដើម្បីតបស្នងសងគុណដល់បុព្វការីជនរៀងៗខ្លួន។
«នៅកន្លែងនេះ សហគមន៍របស់យើងវារាងតូចជាងស្រុកខ្មែរ តែការ Celebrate [ប្រារព្ធ] គឺវាសប្បាយដូចគ្នា ហើយការមកធ្វើបុណ្យការជួបជុំគ្នាគឺវាដូចគ្នា អាហ្នឹងសំខាន់លើចិត្តយើង។ យើងមកធ្វើបុណ្យ យើងជ្រះថ្លា យើងចង់ចូលរួមជាមួយពុទ្ធសាសនា គឺដូចតែគ្នានោះឯង»។
ព្រះចៅអធិការវត្តពុទ្ធិការាម ព្រះតេជគុណ អ៊ុក ចាន់ហន បានប្រាប់ VOA ថាវត្តពុទ្ធិការាមដែលជាវត្តចំណាស់មួយក្នុងតំបន់វ៉ាស៊ីនតោនបានដើរតួនាទីយ៉ាងសំខាន់ដើម្បីរក្សាទំនៀមទម្លាប់ខ្មែរ និងជាទីសម្រាប់សហគមន៍ខ្មែរដែលរស់នៅឆ្ងាយពីប្រទេសរបស់ផងខ្លួន ជួបជុំគ្នាដើម្បីបង្កើនសាមគ្គីនិងទំនាក់ទំនងគ្នាទៅវិញទៅមក។ ព្រះតេជគុណ អ៊ុក ចាន់ហន បន្តថាវត្តពុទ្ធិការាមតែងតែប្រារព្ធពិធីបុណ្យសាសនានិងប្រពៃណីខ្មែរជាប្រចាំ ដើម្បីបង្កើតឱកាសឱ្យពុទ្ធសាសនិកខ្មែរជួបជុំគ្នានិងរក្សាវប្បធម៌ទំនៀមទម្លាប់ខ្មែរ។
«តួនាទីសំខាន់ព្រោះខ្មែរយើងមក រស់នៅឆ្ងាយពីប្រទេសជាតិ ហើយបានមកឃើញវត្តអារាម ឃើញអីហ្នឹង គឺប្រជាពលរដ្ឋយើងនៅ States [រដ្ឋ] នានាមក តែងតែមកសាមគ្គីគ្នាធ្វើបុណ្យធ្វើអារាម។ មានវត្តកន្លែងណាប្រជាជនយើងមូលគ្នានៅកន្លែងហ្នឹង។ ហើយមានប្រយោជន៍ត្រង់ថាឱ្យប្រជាជនយើងបានស្គាល់គ្នារាប់អានគ្នាសាមគ្គីធម៌ ហើយធ្វើឱ្យប្រជាជនយើងហ្នឹងមានលំនឹងសាមគ្គីបានល្អ ក្នុងការទ្រទ្រង់នូវសម្បត្តិវប្បធម៌ជាតិផង»។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ ក្នុងវត្តពុទ្ធិការាមក្នុងរដ្ឋម៉ារីលែននិងវត្តខ្មែរមួយចំនួនទៀតនៅសហរដ្ឋអាមេរិក បានបញ្ចប់ ដោយពលរដ្ឋភាគច្រើនពិសាអាហាររួមគ្នាក្នុងបរិវេណវត្ត ជាមួយមុខម្ហូបខ្មែរដ៏សម្បូរបែប៕