ក្រុមមន្រ្តីស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកជឿជាក់ថា ឥឡូវនេះ ពួកអាល់កៃដា (Al-Qaida) នៅក្នុងឧបទ្វីបអារ៉ាប់ គឺជាការគំរាមកំហែងផ្នែកភេរវកម្មដ៏សំខាន់ជាងគេបំផុតចំពោះសហរដ្ឋអាមេរិកហើយក្រុមអ្នកវិភាគនិយាយថា អង្គការដែលមានមូលដ្ឋាននៅក្នុងប្រទេស យ៉េមែន (Yemen) កំពុងទទួលបានផលប្រយោជន៍ពីអំពើហិង្សានិងភាពវឹកវរនៅក្នុងប្រទេសនេះ។
ពួកអាល់កៃដានៅក្នុងឧបទ្វីបអារ៉ាប់ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ ដោយការរួមបញ្ចូលគ្នានូវសាខាទាំងឡាយនៃក្រុមភេរវករនៅក្នុងប្រទេស សាអូឌី អារ៉ាប៊ី (Saudi Arabia) និងប្រទេស យ៉េមែន (Yemen) ហើយស្ទើរតែភ្លាមៗនោះពួកគេបានចាប់ផ្តើមផ្តោតការយកចិត្តទុកដាក់ទៅលើការវាយប្រហារសហរដ្ឋអាមេរិក។
នៅក្នុងខែធ្នូនៃឆ្នាំនោះក្រុមនេះបាននិយាយថាពួកគេទទួលខុសត្រូវចំពោះការប៉ុនប៉ងដាក់គ្រាប់បែកមួយនៅលើយន្តហោះពាណិជ្ជកម្មមួយឆ្ពោះទៅកាន់ទីក្រុងឌីទ្រយ (Detroit) នៅថ្ងៃបុណ្យណូអែល។
នៅក្នុងខែតុលាឆ្នាំ២០១០គម្រោងដាក់គ្រាប់បែកមួយត្រូវបានគេរកឃើញនៅពេលដែលកញ្ចប់ដែលផ្ទុកទៅដោយរំសេវផ្ទុះចំនួនពីរត្រូវបានរកឃើញនៅលើយន្តហោះដឹកទំនិញដែលហោះហើរឆ្ពោះទៅកាន់សហរដ្ឋអាមេរិក។ កញ្ចប់ទាំងពីរនេះត្រូវបានផ្ញើចេញពីប្រទេសយ៉េមែន។
អ្នកវិភាគ ខាថឺរីន ហ្សីមមឺមែន (Katherine Zimmerman) មានជំនាញឯកទេសពីរឿងប្រទេស យ៉េមែននៃវិទ្យាស្ថានសហគ្រាសអាមេរិកាំងបាននិយាយថាស្ថានភាពដ៏គ្រោះថ្នាក់បំផុតសម្រាប់សហរដ្ឋអាមេរិកគឺចេញមកពីអ្វីដែលពួកអាល់កៃដានៅក្នុងឧបទ្វីបអារ៉ាប់ទទួលបានពីភាពវឹកវរនាពេលបច្ចុប្បន្ននេះ។
«កងកម្លាំងប្រឆាំងភេរវកម្មបានផ្លាស់ចេញពីតំបន់កាន់កាប់របស់ពួកអាល់កៃដានៅក្នុងប្រទេស យ៉េមែនទៅកាន់រដ្ឋធានីដើម្បីការពារផលប្រយោជន៍របស់របបនេះដូចជាវិមានប្រធានាធិបតីនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដទៃទៀត។ អ្វីដែលកងកម្លាំងនេះបានធ្វើបានបង្កើននូវទំហំប្រតិបត្តិការ ដែលពួកអាល់កៃដាមាននៅក្នុងប្រទេសយ៉េមែន»។
លោកគ្រីស្តូហ្វ័រ ប៊ូសេក (Christopher Boucek) នៃមូលនិធិទេយ្យទាន ខានឺជី (Carnegie Endowment) សម្រាប់សន្តិភាពអន្តរជាតិផ្តោតទៅលើបញ្ហាភេរវកម្មនិងស្ថិរភាពនៅក្នុងប្រទេស យ៉េមែននិយាយថាបុគ្គលនីមួយៗនិងក្រុមតូចៗរបស់ពួកអាល់កៃដានៅក្នុងប្រទេសយ៉េមែនកំពុងរៀបចំផែនការវាយប្រហារមកលើសហរដ្ឋអាមេរិក។
«អស្ថិរភាពនៅក្នុងប្រទេស យ៉េមែន គឺមិនមែនជារឿងមួយដែលនៅឆ្ងាយនោះទេ។ វាប៉ះពាល់ដល់សន្តិសុខនៅក្នុងស្រុករបស់សហរដ្ឋអាមេរិក។ អស្ថិរភាពនិងអសន្តិសុខនៅក្នុងប្រទេសយ៉េមែន គឺជាបញ្ហាសន្តិសុខក្នុងស្រុកមួយរបស់សហរដ្ឋអាមេរិក»។
អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេស យ៉េមែន លោក អែដម៉ុនដ៍ ហ៊ុល (Edmund Hull) ដែលបានធ្វើជាអ្នកសម្របសម្រួលស្តីទីសម្រាប់ការប្រឆាំងភេរវកម្ម ប្រចាំនៅក្នុងក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថាពួកអាល់កៃដានៅក្នុងឧបទ្វីបអារ៉ាប់ អាចនឹងចាប់ផ្តើមធ្វើការវាយប្រហារមួយទៀតទៅលើសហរដ្ឋអាមេរិក។
«ហើយពួកគេបាននិយាយថាទោះបីជានៅក្នុងការព្យាយាមក្តីក៏ពួកគេទទួលជោគជ័យខ្លះហើយ ប្រសិនបើពួកគេអាចធ្វើឱ្យយើងបន្ថែមបន្ទុកទៅលើបញ្ហាសន្តិសុខទៀត។ដូច្នេះពួកគេអាចឈ្នះ ទោះបីជាពួកគេមិនមានជោគជ័យមួយរយភាគរយក្តី»។
ក្រុមភេរវករបានបោះពុម្ពទស្សនាវដ្តីជាភាសាអង់គ្លេសមួយនៅលើប្រព័ន្ធអ៊ីនធឺណិតដែលមានការណែនាំរបៀបធ្វើគ្រាប់បែកហើយបានស្វែងរកជ្រើសរើសប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីប្រព្រឹត្តភេរវកម្ម។
រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) នៅក្នុងដំណើរទស្សនកិច្ចថ្នាក់ខ្ពស់មិនប្រក្រតីមួយទៅកាន់ប្រទេសយ៉េមែននៅដើមឆ្នាំនេះបានមានប្រសាសន៍ថារដ្ឋបាលរបស់លោកប្រធានាធិបតី អូបាម៉ា (Obama) «បានធ្វើការថ្លឹងថ្លែងម្តងទៀត» ទៅលើកម្មវិធីជំនួយរបស់សហរដ្ឋអាមេរិកដូច្នេះជំនួយនេះលែងផ្អៀងទៅរកបញ្ហាភេរវកម្មនិងសន្តិសុខទៀតហើយ។
លោកស្រី គ្លីនតុន បានមានប្រសាសន៍ថា ស្ទើរតែជិតពាក់កណ្តាលនៃកម្មវិធីជំនួយចំនួន៣រយលានដុល្លារសម្រាប់ឆ្នាំនេះ គឺក្នុងគោលបំណងជួយប្រទេស យ៉េមែន ដើម្បីដោះស្រាយនឹងការធ្លាក់ចុះនៃធនធានប្រេង និងការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ៕
ប្រែសម្រួលដោយ ឌី ខាំបូលី