ក្រុមអ្នកវិភាគបាននិយាយថា ប្រទេសចិនស្ថិតនៅក្នុងជំហរដ៏ពិបាកមួយ ដោយសារតែទំនាក់ទំនងដ៏កក់ក្តៅរវាងរុស្ស៊ី និងកូរ៉េខាងជើង ដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ទៅកាន់ទីក្រុងព្យុងយ៉ាង នាពេលថ្មីៗនេះ។
ការចុះហត្ថលេខាលើសន្ធិសញ្ញាដែលចែងថា ប្រសិនបើប្រទេសណាមួយស្ថិតក្នុងស្ថានភាពនៃសង្រ្គាម ប្រទេសមួយទៀតនឹងផ្តល់ជំនួយផ្នែកយោធានោះ បានឈានដល់ដំណើរទស្សនកិច្ចដែលត្រូវបានឃ្លាំមើលយ៉ាងទូលំទូលាយ ដែលក្នុងនោះលោក ពូទីន ត្រូវបានស្វាគមន៍ដោយបដិសណ្ឋារកិច្ចដ៏អធិកអធម។
លោក ពូទីន បានពណ៌នាសន្ធិសញ្ញានេះថាជាឯកសារសមិទ្ធផលជោគជ័យមួយ ដែលនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដល់កម្រិតថ្មីមួយ។ លោក Kim បានហៅថានេះជាសន្ធិសញ្ញា «មានលក្ខណៈសន្តិភាព និងការពារ»។
អត្ថបទមួយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសចិន Global Times បានដកស្រង់អ្នកវិភាគចិនដោយនិយាយថា ការពង្រឹងសម្ពន្ធភាពរវាងកូរ៉េខាងជើងនិងរុស្ស៉ីគឺជា «ជម្រើសសមហេតុផល» បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តបានស្វះស្វែងរកវិធីធ្វើឲ្យឯកោ និងគាបសង្កត់ប្រទេសទាំងពីរជាយូរមកហើយនោះ។
ប៉ុន្តែលោក Kuo Yu-jen សាស្ត្រាចារ្យនៃការសិក្សាអំពីប្រទេសចិន និងអាស៊ីប៉ាស៊ីហ្វិកនៅសកលវិទ្យាល័យ National Sun Yat-sen នៅតៃវ៉ាន់ ជឿជាក់ថា ការពិចារណាផ្សេងទៀតរបស់លោក ពូទីន ក្នុងការបំពេញទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសកូរ៉េខាងជើង ក្នុងរយៈពេលជិត ២៥ ឆ្នាំ គឺជាការប្រើប្រាស់ទីក្រុងព្យុងយ៉ាង ដើម្បីទប់ទល់ប្រទេសចិន។
លោក Kuo បាននិយាយថា៖ «ការពឹងផ្អែកខាងសេដ្ឋកិច្ចរបស់លោក ពូទីន លើចិនកាន់តែស៊ីជម្រៅ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែនបានក្លាយទៅជាសង្រ្គាមពង្រិចពង្រិលគ្នា។ ដូច្នេះហើយលោក ពូទីន ត្រូវតែលេងកាតកូរ៉េខាងជើងដើម្បីទប់ចិន ដែលស្មើនឹងការនិយាយថារុស្ស៊ី និងចិនជាចំណាប់ខ្មាំងទៅវិញទៅមក។ កូរ៉េខាងជើងដែលបង្កបញ្ហានៅអាស៊ីបូព៌ាគឺជារឿងដ៏លំបាកសម្រាប់រដ្ឋាភិបាលទីក្រុងប៉េកាំង» ។
នៅពេលដែលសង្រ្គាមនៅអ៊ុយក្រែននៅតែបន្ត ការពឹងផ្អែកសេដ្ឋកិច្ចរបស់រុស្ស៊ីលើប្រទេសចិនកាន់តែស៊ីជម្រៅ ហើយតួនាទីរបស់ចិននៅក្នុងសង្រ្គាមកាន់តែមានសារៈសំខាន់បន្តិចម្តងៗ។ លោក ពូទីន បានចាប់ផ្តើមពង្រឹងទំនាក់ទំនងជាមួយកូរ៉េខាងជើង ដើម្បីបន្ធូរបន្ថយការពឹងផ្អែកផ្នែកហិរញ្ញវត្ថុរបស់ខ្លួនលើប្រទេសចិន។ កាលពីប្រាំបួនខែមុន លោក Kim បានធ្វើទស្សនកិច្ចនៅចុងបូព៌ារបស់រុស្ស៊ី។
លោក Deng Yuwen អ្នកអត្ថាធិប្បាយនយោបាយ និងអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលវិភាគ និងយុទ្ធសាស្ត្រចិន បាននិយាយក្នុងកម្មវិធីទូរទស្សន៍ចិនកាលពីថ្ងៃទី ១៩ ខែមិថុនា ថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់កូរ៉េខាងជើង ក៏ប្រហែលជាចង់រំលឹកប្រទេសចិនថាចិនមិនមែនជាសម្ពន្ធមិត្តតែមួយគត់របស់រុស្ស៊ីនោះទេ។
លោកថា៖ «តាមទស្សនៈរបស់ចិន វាមានការដាស់តឿនយ៉ាងជាក់លាក់ចំពោះប្រទេសចិនថា «ខ្ញុំមានមិត្តផ្សេងទៀត»។ ចិនតែងតែមានចិត្តគំនិតជាចៅហ្វាយនៅពេលខ្លួនមានទំនាក់ទំនងជាមួយរុស្ស៊ី»។
លោក Kuo បាននិយាយថា នៅពេលដែលរុស្ស៊ី និងកូរ៉េខាងជើងកាន់តែខិតជិតគ្នា ពួកគេនឹងដាក់សម្ពាធលើប្រទេសចិន ហើយក្នុងពេលជាមួយគ្នានោះ បំបែកប្រទេសជប៉ុន និងកូរ៉េខាងត្បូងចេញពីប្រទេសចិន។
មិនដូចរុស្ស៊ី និងកូរ៉េខាងជើង ទីក្រុងប៉េកាំងហាក់មានចេតនាបន្ថយសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់លោក ពូទីន។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយយ៉ាងសាមញ្ញថា៖ «នេះគឺជាទំនាក់ទំនងទ្វេភាគីរវាងរុស្ស៊ី និងកូរ៉េខាងជើង»។
លោក Lin បាននិយាយកាលពីថ្ងៃទី ១៣ ខែមិថុនាថា៖ «ប្រទេសចិនស្វាគមន៍រុស្ស៊ីក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយប្រទេស ដែលពួកគេមានមិត្តភាពប្រពៃណីជាមួយ»៕
ប្រែសម្រួលដោយលោក សុខ ខេមរា