អ្នក​វិភាគ៖ បណ្តឹង​ប្រឆាំង​លោក​​ អ៊ូ វីរៈ​ បង្ហាញ​ពី​ចេតនា​រឹតត្បិត​លើ​សេរីភាព​បញ្ចេញ​មតិ

  • នៅ វណ្ណារិន

លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ប្រទេស​កម្ពុជា​។ (ឡេង ឡែន/VOA)

ការ​ដំណើរ​ការ​ពាក្យ​បណ្តឹង​លើ​រូប​លោក​ អ៊ូ វីរៈ​ គឺ​ហាក់​ដូច​ជា​មាន​ល្បឿន​លឿន​ខុស​ពី​ករណី​បណ្តឹង​ផ្សេងៗ ហើយ​ការ​ប្តឹង​លើ​អ្នក​វិភាគ​រូប​នេះ​ គឺ​បង្ហាញ​ពី​ដំណើរ​ចាក​ឆ្ងាយ​ពី​នីតិរដ្ឋ​ និង​លទ្ធិប្រជាធិបតេយ្យ។

លោក​ អ៊ូ វីរៈ​ អ្នក​វិភាគ​នយោបាយ នឹង​ឡើង​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ នា​សប្តាហ៍​ខាង​មុខ តាម​បណ្តឹង​បរិហារកេរ្តិ៍​របស់​គណបក្ស​កាន់​អំណាច​ ដែល​ការ​វិវត្ត​នយោបាយ​នេះ បង្ហាញ​ពី​ការ​គាប​សង្កត់ និង​គំរាមកំហែង​ដល់​សិទ្ធិ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ នេះ​បើ​តាម​អ្នក​វិភាគ ​និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស ​ដែល​ថ្លែង​អះអាង​ប្រាប់ VOA នៅ​ថ្ងៃ​ច័ន្ទ​នេះ។

ការ​លើក​ឡើង​នេះ​គឺ​ស្រប​ពេល ​ដែល​តុលាការ​ក្រុង​ភ្នំពេញ ​កោះ​ហៅ​អ្នក​វិភាគលោក​ អ៊ូ វីរៈ ឲ្យ​ចូល​ខ្លួន​នា​ថ្ងៃ​ទី១២ ខែ​ឧសភា​ខាង​មុខ​ តាម​បណ្តឹង​បរិហារកេរិ៍្ត​របស់​លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ធ្វើ​ឡើង​កាល​ពី​សប្តាហ៍​កន្លង​ទៅ​នេះ។​

លោក ​អំ សំអាត​ ប្រធាន​ការិយល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ថ្លែង​ប្រាប់ ​VOA ​នា​ថ្ងៃ​ច័ន្ទ​នេះ​ថា៖​

«យើង​ឃើញ​ថា ​ការ​ប្តឹង​នេះ​គឺ​ជា​សារ​មួយ​ដែល​ផ្ញើ​ថា ​កា​រិះគន់​ និង​ការ​បញ្ចេញ​មតិ​ទាំងឡាយ ត្រូវ​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ ​ហើយ​ត្រូវ​តែ​មាន​ការ​ពិចារណា។ ​នេះ​គឺ​ដូច​ជា​ការណ៍​មួយ​ ដែល​ផ្ញើសារ​មួយ​គំរាមកំហែង​ដល់​អ្នក​រិះគន់​ ឬ​ក៏​បញ្ចេញ​មតិ​ទាំងឡាយ​ ដែល​មាន​ការិះគន់​នេះ​ បាទ!»។

លោក​បន្ត​ថា​ ការ​ដំណើរ​ការ​ពាក្យ​បណ្តឹង​លើ​រូប​លោក​ អ៊ូ វីរៈ​ គឺ​ហាក់​ដូច​ជា​មាន​ល្បឿន​លឿន​ខុស​ពី​ករណី​បណ្តឹង​ផ្សេងៗ ហើយ​ការ​ប្តឹង​លើ​អ្នក​វិភាគ​រូប​នេះ​ គឺ​បង្ហាញ​ពី​ដំណើរ​ចាក​ឆ្ងាយ​ពី​នីតិរដ្ឋ​ និង​លទ្ធិប្រជាធិបតេយ្យ។​

​លោក​ អំ សំអាត ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​ VOA ​នៅ​ក្នុង​បរិវេណ​តុលាការ​កំពូល​ កាល​ពីថ្ងៃ​ពុធ​ ទី​២​ ខែ​មីនា ឆ្នាំ​ ២០១៦។​ (ហ៊ុល​ រស្មី/VOA)​

លោក អំ សំអាត​ ពន្យល់​ថា៖​«ខ្ញុំ​គិត​ថា​ រឿង​លោក​ អ៊ូ វីរៈ​ បើ​យើង​មើល​ទៅ​លើ​ប្រទេស​ដែល​មាន​លទ្ធិប្រជាធិប្បតេយ្យ​ និង​នីតិរដ្ឋ​ហ្នឹង ​គឺ​យើង​ពិនិត្យ​មើល​លើ​ការ​បញ្ចេញ​មតិ​ជា​ធំ ពីព្រោះ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ គឺ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ហ្នឹង​ហើយ។​ ហើយ​មួយ​ទៀត​ស្ថាប័ន​ក៏​ដោយ​ គណបក្ស​នយោបាយ​ក៏​ដោយ​ ​យើង​ត្រូវ​តែ​ប្រឈម ឬ​ក៏​រាជរដ្ឋាភិបាល​ក៏​ដោយ យើង​ត្រូវ​គិត​ថា​ វា​តែងតែ​មាន​ការ​រិះ​គន់ ដើម្បី​ធ្វើ​ការ​ស្ថាបនា​ ឬ​ក៏​មាន​ការ​រិះគន់​ដោយ​ចៀស​មិន​ផុត​ទេ ​ព្រោះ​អា​នេះ​ វា​គឺ​ជា​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ»។​

ស្រប​គ្នា​នោះ​ដែរ​ លោក កែម ឡី ​អ្នក​ស្រាវជ្រាវ​សង្គម ​និង​ជា​អ្នក​វិភាគ​នយោបាយ​ថ្លែង​ថា ​ការ​ប្តឹង​ផ្តល់​នេះ​ គឺ​វា​ហាក់​ដូច​ជា​ «មិន​សម​ហេតុ​ផល»​ ដោយ​គ្រាន់​តែ​អ្នក​វិភាគ​ធ្វើ​ការ​រិះគន់ ​និង​វិភាគ​អ្វី​ដែល​អាច​នឹង​កើត​ឡើង​នោះ។​ លើស​ពី​នេះ​ទៀត​ គណបក្ស​កាន់​អំណាច ​មិន​គួរ​ប្រើប្រាស់​បទ​បរិហារ​កេរ្តិ៍​ យក​មក​ធ្វើ​ការ​គាប​សង្កត់​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នោះ​ទេ។​

លោក កែម ឡី ថ្លែង​ប្រាប់ VOA ថា៖​«ខ្ញុំមើល។​ ខ្ញុំ​មិន​មែន​អ្នក​ច្បាប់​ទេ​ តែ​វា​មិន​សមហេតុ​មិន​សម​ផល​ទេ។ កាល​ណា​យើង​ធ្វើ​ជា​អ្នក​នយោបាយ​ យើង​ធ្វើ​ជា​គណបក្ស​ វា​ត្រូវ​តែ​ផ្តល់​ឱកាស​ឲ្យ​គេ​រិះ​គន់​ទៅ​វិញ​ទៅ​មក។​ បើ​សិន​ជា​ធ្វើ​អ្នក​នយោបាយ​ ធ្វើ​គណបក្ស​មិន​ឲ្យ​រិះគន់ មិន​ឲ្យ​គេ​កែ​តម្រូវ មិន​ឲ្យ​គេ​ផ្តល់​យោបល់​ វា​គួរ​តែ​នាំ​គ្នា​ទៅ​ដាំ​ដំឡូង​វិញ។ អា​ហ្នឹង​វា​ប្រសើរ​ជាង ​មិន​មាន​នរណា​គេ​ទៅ​រិះ​គន់​ហ្អេ​ ហ្នឹង​រឿង​មួយ។​ រឿង​ទី​២​ គឺ​យើង​មិន​មាន​និយមន័យ​ច្បាស់​លាស់​ ហើយ​យើង​យក​បទ​បរិហាកេរ្តិ៍​យក​មក​ធ្វើ​ការ​គាប​សង្កត់​លើ​សិទ្ធិ​សេរីភាព​គំនិត សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចូលរួម​នោះ​ទេ ពីព្រោះ​វា​គ្រាន់​តែ​ជា​ការ​ចេញ​ជា​ការ​និយាយ។ វា​មាន​ខុស​មាន​ត្រូវ»។

លោក​ កែម ឡី​ អ្នក​វិភាគ​សង្គម​កម្ពុជា ផ្តល់​បទសម្ភាសន៍​ជូន​អ្នក​សារព័ត៌មាន​អំពី​ករណី​ស្នេហា​លួចលាក់​របស់​លោក​ កឹម​ សុខា កាលពី​អង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)

​កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​កន្លង​ទៅ ​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន​ សម្រេច​ដាក់​ពាក្យ​បណ្តឹង​បរិហារកេរិ៍្ត​ប្រឆាំង​លោក​ អ៊ូ វីរៈ ​នាយក​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ស្រុក ក្រោយ​ពេល​ដែល​លោក​ធ្វើ​កិច្ច​វិភាគ​តាម​ប្រពន្ធ័​ផ្សព្វផ្សាយ​ថា​ រឿងរ៉ាវ​នាង​ ខុម ចាន់តារ៉ាទី​ អាច​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់​អំណាច។​

​បណ្តឹង​បរិហារ​កេរ្តិ៍​មួយ​របស់​លោក​ សុខ ឥសាន​ តំណាង​ឲ្យ​គណ​បក្ស​កាន់​អំណាច​ ​ទាមទា​ជំងឺ​ចិត្ត​ដល់​៤០០​លាន​រៀល ឬ​១០ម៉ឺន​ដុល្លារ​អាមេរិក។​ បណ្តឹង​ដដែល​នេះ​បាន​បញ្ជូល​ដល់​តុលាការ​ក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​កន្លង​ទៅ​ គឺ​មិន​ប៉ុន្មាន​ម៉ោង​ក្រោយ​ពេល ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​គំរាម​ប្តឹង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ចំពោះ​«ជន​ណា​ក៏​ដោយ» ដែល​ធ្វើ​ការ​មួល​បង្កាច់​ និង​លាប​ពណ៌​ក្លែង​បន្លំ​ដល់​គណបក្ស​កាន់​អំណាច​នោះ។

​នា​សប្តាហ៍​នេះ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​កោះ​ពីរ​ផ្សេង​គ្នា ដើម្បី​កោះ​ហៅ​តំណាងគណបក្ស​កាន់​អំណាច​ គឺ​លោក​ សុខ ឥសាន​ ឲ្យ​ចូល​បំភ្លឺ​នា​ថ្ងៃ​សុក្រ​ខាង​មុខ និង​លោក​ អ៊ូ វីរៈ​ ឲ្យ​ចូល​ខ្លួន​នា​ថ្ងៃ​ទី១២​ ខែ​ឧសភា​ លើ​ករណី​បរិហារ​កេរ្តិ៍​នេះ។

​យ៉ាងណា​ក៏​ដោយ​ លោក អ៊ូ វីរៈ ​បាន​បញ្ជាក់​ប្រាប់ VOA ថា ​លោក​នឹង​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ក្រុង​ បើ​ទោះ​ជា​លោក​មាន​ក្តី​បារម្ភ​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​រូប​លោក​ក៏​ដោយ។

​លោក​បាន​បញ្ជាក់​ពី​ភាព​សោក​ស្តាយ​ចំពោះ​ការ​ប្តឹង​រូប​លោក​យ៉ាង​ដូច្នេះ៖​ «វា​ជា​រឿង​សោកស្តាយ​មួយ​ ដែល​យើង​បំពុល​បរិយាកាស យើង​មិន​បាន​ជជែក​គ្នា​រឿង​សង្គម​ ហើយ​ឥឡូវ​នេះ​គឺ​រឿង​បញ្ហា​រាំង​ស្ងួត​ រឿង​ប្រជាពលរដ្ឋ​ប្រឈម​រាប់រយ​ រាប់ម៉ឺន​ជំពូក​ហ្នឹង​ យើង​អត់​មាន​បាន​ជជែក​គ្នា​សោះ​ តាំង​ពី​រឿង​គោក្របី​ ត្រី​ស្លាប់​ពេញ​បឹង​ពេញ​បួរ​ ពេញ​ភូមិ​ដែល។ អា​ហ្នឹង​ខ្ញុំ​ថា​ វា​សំខាន់​ជាង​រឿង​ខ្ញុំ។ ក៏​ប៉ុន្តែ​រឿង​ខ្ញុំ​នេះ​មិនមែន​ជា​រឿង​របស់​ខ្ញុំ​ទេ ​តែ​វា​ជា​រឿង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​ហើយ​រឿង​មាន​សារៈសំខាន់​សម្រាប់​យុវជន ដែល​ទើប​តែ​ជា​ពន្លក​ដែល​ចូលរួម​ក្នុង​បញ្ហា​សង្គម​ ​កំពុង​តែ​ចូល​រួម​ក្នុង​ការ​ជជែក​គ្នា​ក្នុង​បញ្ហា​សង្គម។​ ខ្ញុំ​ថា រឿង​ការ​តវ៉ា​របស់​ខ្ញុំ​នេះ​គឺ​ដើម្បី​ពួក​គាត់​ហ្នឹង​ហើយ​បាទ!»។​

​ឆ្លើយ​តប​នឹង​ការ​រិះគន់​នានា​ លោក​ សុខ ឥសាន​ បាន​ថ្លែង​ការពារ​ពាក្យ​បណ្តឹង​របស់​លោក​ប្រាប់​ VOA យ៉ាង​ដូច្នេះ៖​ «អត់​ចោទ​អញ្ចឹង​បានទេ។ ​បើ​កាល​ណា​កុំ​ឲ្យ​គេ​រឹត​បណ្តឹង​ គាត់​កុំ​ធ្វើ​អី​ឲ្យ​វា​តឹង គាត់​អ្នក​ធ្វើ​ឲ្យ​តឹង​ទេ​តើ។ ​បើ​គាត់​កុំ​និយាយ​រំលោភ​ទៅ​លើ​ក្រម​សីលធម៌ រំលោភ​ទៅ​លើ​គោលការណ៍​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ វា​អត់​មាន​បញ្ហា​អី​ទេ។ កន្លង​ទៅ​យើង​ ​អនុគ្រោះ​ច្រើន​មក​ហើយ រាប់​សិប​ឆ្នាំ​ទៅ​ហើយ។​ អញ្ចឹង​ទេ ​វាគួរ​តែ​ចាប់​គាត់​ទៅ​ក្នុង​នីតិរដ្ឋ​បាន​ត្រូវ។ ​បើ​ឥឡូវ​ បើ​យើង​មិន​ប្តឹង​ ​គេ​ចោទ​ថា​ យើង​បង្កើត​វប្បធម៌​និទន្ទភាព​ទៀត​ហើយ។​ មនុស្ស​មាន​ទោស​មិន​ព្រម​ប្តឹង​ ​ឥឡូវ​ដល់​តែ​យើង​ប្តឹង​ថា​ យើង​រឹត​បណ្តឹង។ មិន​មែន​រឹតបណ្តឹង​ទេ​ បើ​សិន​ណា​ជា​គាត់​គ្មាន​កំហុស​ទេ​ វា​អត់​មាន​ប្តឹង​នោះ​ទេ»។

​ពាក្យ​បណ្តឹង​លើ​លោក​ អ៊ូ វីរៈ​ គឺ​ធ្វើ​ឡើង​អំឡុង​ពេល​ដែល​ស្ថានការណ៍​នយោបាយ​មាន​ភាព​តានតឹង ការ​រិះគន់​ពី​អង្គការ​ជាតិ អន្តជាតិ​ ​និង​ស្ថានទូត​នានា​ទាក់ទិន​នឹង​ការ​ចាប់​ខ្លួន​មន្ត្រី​សិទ្ធិ​មុនស្ស​ប្រាំរូប ដែល​ជួយ​នាង​ ខុម ចាន់តារ៉ាទី។ យ៉ាង​ណា​ក៏​ដោយ​ នា​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ​លោក​ ​ហ៊ុន សែន ​បាន​តប​នឹង​ការ​រិះគន់​ទាំង​នោះ​ថា​ ប្រទេស​កម្ពុជា​មិន​មែន​ជា​វិបត្តិ​នយោបាយ​ ឬ​ការ​ឡើង​កម្ដៅ​អ្វី​នោះ៕