លោកស្រី ប៊ូ រចនា ភរិយារបស់លោក កែម ឡី អ្នកវិភាគនយោបាយខ្មែរដែលបានបាត់បង់ជីវិតកាលពីខែកក្កដាកន្លងទៅ បានថ្លែងប្រាប់ VOA តាមទូរស័ព្ទកាលពីថ្ងៃអាទិត្យកន្លងទៅអំពីការងឿងឆ្ងល់របស់លោកស្រី ចំពោះជំហររបស់កងទ័ពមួយចំនួនដែលជំទាស់នឹងគម្រោងតម្កល់រូបសំណាកលោក កែម ឡី នៅទីលានប្រជាធិបតេយ្យ ជាទីសំដែងសេរីភាពដ៏ចម្រូងចម្រាស។
នៅថ្ងៃអាទិត្យដដែលនោះ លោកស្រី ត្រូវគេរាយការណ៍ថាបានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ទីមួយដែលមានសុវត្ថិភាពនៅក្រៅប្រទេស។
លោកស្រី បានចេញពីប្រទេសកម្ពុជាទាំងមានកូនក្នុងផ្ទៃ ព្រមទាំងកូនប្រុសបួននាក់ទៀតរបស់លោកស្រី។
ការចាកចេញពីប្រទេសកម្ពុជាយ៉ាងស្ងាត់ស្ងៀមរបស់លោកស្រី ត្រូវក្រុមអ្នកតាមដានស្ថានការណ៍នយោបាយយល់ថា ជាការរងសម្ពាធដោយបញ្ហាសន្តិសុខផ្ទាល់ខ្លួននិងក្រុមគ្រួសារ។
ការចាកចេញពីប្រទេសកំណើតរបស់ខ្លួននេះ បានកើតឡើង ខណៈដែលដំណើរការស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នងការបាញ់ប្រហារស្វាមីលោកស្រីត្រូវគេមើលឃើញថាមានសភាពយឺតយ៉ាវ និងពិបាកមើលឃើញពន្លឺយុត្តិធម៌។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម បានប្រាប់ VOA កាលពីថ្ងៃអង្គារថា ប្រព័ន្ធការពារសន្តិសុខ ដែលមិនទាន់មានភាពរឹងមាំ និងប្រព័ន្ធយុត្តិធម៌ ដែលមិនទាន់ឯករាជ្យក្នុងប្រទេសកម្ពុជា បានធ្វើឲ្យ លោកស្រី ប៊ូ រចនាខ្លាចរអា និងត្រូវបង្ខំចិត្ត នាំកូនៗរបស់លោកស្រី ចាកចេញពីប្រទេស។
លោកនិយាយថា គ្រួសារនិងកូនៗលោកស្រី បានភៀសខ្លួនឯងទៅរស់នៅឯជាយក្រុងសម្រាប់សុវត្ថិភាពផ្ទាល់ខ្លួន ជាហេតុធ្វើកូនៗលោកស្រីខកខានមិនបានទៅសាលារៀន ចាប់ពីតាំងពីស្លាប់របស់លោក កែម ឡីនោះមកម្ល៉េះ។
«រឿងការខាតបង់ទៅលើអនាគតរបស់កូនបាទ។ ខ្ញុំបានទៅជួបគ្រួសារគាត់ផ្ទាល់ ហើយខ្ញុំបានឃើញស្ថានភាពបែបហ្នឹង។ អញ្ចឹង រឿងការចេញទៅក្រៅ វាសំខាន់គឺបានទៅសម្រាប់អនាគតរបស់កូន»។
លោកមាស នី បានបន្តថា ក្រុមបញ្ញវន្តខ្មែរ ឬស្ថាប័នផ្ដល់ការអប់រំនានា អាចជួយកសាងសមត្ថភាពលោកស្រី ប៊ូ រចនា ដើម្បីអនុញ្ញាតឲ្យលោកស្រី បន្តយុទ្ធនាការរកយុត្តិធម៌ជូនលោក កែម ឡី។
ប៉ុន្តែ លោកបន្ថែមថា ដោយក្នុងស្ថានភាពបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកស្រី ប៊ូ រចនាក្នុងប្រទេសកម្ពុជា ការកសាងសមត្ថភាពនេះ ត្រូវទុកមួយអន្លើសិន ហើយការចាកចេញទៅក្រៅប្រទេសនេះជាជម្រើសល្អបំផុត។
«នៅពេលហ្នឹង គឺយើងមិនអាចទៅបង្ខំគាត់ឲ្យធ្វើអីបានទេ សំខាន់គឺធ្វើម៉េចឲ្យគាត់បានទៅកន្លែងណាមួយដែលវាមានសុវត្ថិភាពសិន ហើយខ្ញុំគិតថា ការវិលត្រឡប់របស់គាត់មកវិញ នៅពេលដែលកូនបានមានកន្លែងរៀនសូត្រស្រួលបួលហើយ ហើយមកធ្វើកិច្ចការដើម្បីយុត្តិធម៌សម្រាប់ប្ដីគាត់ ខ្ញុំគិតថា ជាជម្រើសល្អសម្រាប់ថ្ងៃមុខ»។
អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គមរូបនេះ បន្ថែមថា ការស៊ើបអង្កេតរកយុត្តិធម៌សម្រាប់លោក កែម ឡី ផ្ដើមមានភាពយឺតយ៉ាវ ដែលនាំឲ្យលោកមិនរំពឹងថា យុត្តិធម៌នឹងកើតឡើង ដើម្បីប្រឆាំងនឹងការបាញ់សម្លាប់លោក កែម ឡីនោះឡើយ។
ព្រះរាជអាជ្ញារង លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ VOA តាមសារអេឡិចត្រូនិកTelegramកាលពីថ្ងៃព្រហស្បតិ៍ថា ចៅក្រមស៊ើបសួរ បាននិងកំពុងបន្តចាត់ការស៊ើបសួររឿងក្ដីនេះតាមនីតិវិធី។
ប៉ុន្តែ លោក មិនបានបញ្ជាក់ច្បាស់ពីនីតិវិធីនោះថា នឹងផ្ដល់តម្រុយនៃអ្នករៀបគម្រោងវាយប្រហារលើលោក កែម ឡីបានពេលណានោះទេ។
លោក កែម ឡី ដែលរមែងតែរិះគន់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងគណបក្សជំទាស់នោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅនឹងកន្លែងក្នុងហាងលក់ទំនិញមួយ ស្ថិតក្នុងស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច កាលពីថ្ងៃទី ១០ ខែកក្កដា កន្លងទៅ នៅគ្រាលោកទៅទទួលទានកាហ្វេនៅទីនោះ។
ការបាញ់សម្លាប់លោក កែម ឡី កើតឡើងប៉ុន្មានថ្ងៃតែប៉ុណ្ណោះ បន្ទាប់ពីលោកបានផ្ដល់ការអធិប្បាយជាមួយអ្នកសារព័ត៌មាន អំពីរបាយការណ៍មួយរបស់អង្គការ Global Witness ដែលបានទម្លាយឲ្យដឹងពីទ្រព្យសម្បត្តិ និងការគ្រប់គ្រងក្រុមហ៊ុនរបស់សមាជិកគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលមានទឹកប្រាក់២០០លានដុល្លារ។
របាយការណ៍កម្រាស់ជាង ៥០ទំព័រ របស់អង្គការ Global Witness និយាយពីការកសាងទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារសាច់ញាតិលោកនាយករដ្ឋមន្ត្រី ហ៊ុន សេនដដែលនេះ បានឲ្យដឹងថា លោកហ៊ុន សែន គឺជានាយករដ្ឋមន្ត្រី កាន់តំណែងយូរជាងគេលំដាប់ទី ៦ នៅក្នុងពិភពលោក ពោលគឺក្ដាប់អំណាចរយៈពេលជាង៣០ឆ្នាំ ដែលមានការបន្លំសន្លឹកឆ្នោត និងការដាក់គំនាបយ៉ាងខ្លាំងក្លាលើគណបក្សនយោបាយប្រឆាំង តាមរយៈការធ្វើទុក្ខបុកម្នេញ និងការចាប់ដាក់ពន្ធនាគារតាមអំពើចិត្ត។
លោកសន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) បានប្រាប់ VOA ថា ការសម្រេចចេញពីប្រទេសដ៏ក្រីក្រ របស់លោកស្រី ប៊ូ រចនា មិនបានអាស្រ័យលើតែការគិតពិចារណារបស់លោកស្រីផ្ទាល់នោះទេ ប៉ុន្តែវាជាការចួលរួមផ្ដល់គំនិតយោបល់មួយភាគធំពីមហាជនខ្មែរ ដែលផ្ដល់តម្លៃដល់ការនិយាយការណ៍ពិតអំពីបញ្ហាសង្គមរបស់លោក កែម ឡី។
ពាក់ព័ន្ធនឹងការបន្តបេសកកម្មរបស់លោក កែម ឡី នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជារូបនេះនិយាយថា ជាការពិបាកនឹងប៉ាន់ស្មានថា នរណាមួយក្នុងចំណោមកូនលោក កែម ឡីអាចបន្តវីរភាពរបស់ឪពុកខ្លួនបាន ខណៈដែលកូនៗលោក កែម ឡីមានវ័យក្មេងនៅឡើយ។
«ក៏ប៉ុន្តែជា ជាធម្មជាតិ កូនក្នុងចំណោមកូនមួយ ឬក៏ពីរ ជៀសមិនរួចនៅក្នុងការស្នងក្នុងការប្រតិបត្តិតាមអ្វីដែលជាចំណុចសំខាន់របស់ឪពុកខ្លួនហើយ»។
លោក កែម ឡី ដែលបានរួមចំណែកក្នុងការបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវគេដឹងថា បានទទួលការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងតាមរយៈការអធិប្បាយវិភាគមិនសំចៃមាត់លើបញ្ហារសើបនានា ទៅតាមចំណេះដឹង និងគំនិតជ្រៅជ្រះរបស់លោក ដើម្បីធ្វើការវែកញែកចំណោទបញ្ហាក្នុងសង្គម រួមទាំងសកម្មភាពទាំងឡាយរបស់លោកក្នុងការចូលរួមរកដំណោះស្រាយបញ្ហាទាំងនោះ។
បញ្ហាដែលលោកច្រើនលើកឡើងតាមការសម្ភាសន៍ជាមួយបណ្ដាញព័ត៌មានមិនលំអៀងទៅរដ្ឋាភិបាល រួមមានវិបត្តិដីធ្លី បំណុលកសិករ ប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ ការការពារបូរណភាពទឹកដី និងជំហរនយោបាយអន្តរជាតិកម្ពុជារវាងប្រទេសកុម្មុយនិស្តចិន និងសហរដ្ឋអាមេរិកជាដើម។
លោកក៏ធ្លាប់ព្យាករណ៍ថា បដិវត្តន៍មិនអាចកើតមានទេ វាលែងតែវាជាបដិវត្តន៍ក្លែងក្លាយ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយក្នុងស្រុក ថ្លែងថា ការរិះគន់ទៅលើជំហរទន់ខ្សោយរបស់លោកស្រី ប៊ូ រចនា ដើម្បីតតាំងរកយុត្តិធម៌ជូនស្វាមីលោកស្រីនៅកម្ពុជា មិនអាចធ្វើឡើងបាននោះទេ ដោយសារ លោកស្រី មានក្តីបារម្ភពីសុវត្ថិភាពក្រុមគ្រួសាររបស់លោកស្រី ក្រោយពេលដែលជំហរក្នុងគ្រួសារគឺលោក កែម ឡី បានបាត់បង់ជីវិត។
លោកនិយាយថា ក្តីបារម្ភបញ្ហាសន្តិសុខ គឺជាកត្តាទីមួយសម្រាប់ការចាកចេញ រីឯអនាគតរបស់កូន គឺជាអ្វីដែលលោកស្រីមិនអាចធ្វេសប្រហែសបាន។
«រឿងទីពីរគឺដើម្បីជីវិតគ្រួសាររបស់គាត់ ព្រោះម្ចាស់អ្នក អ្នកដែលរកលុយគាត់ស្លាប់បាត់ទៅហើយ ដោយសារអញ្ចឹងហើយគឺពួកគាត់ប្រឈមទៅអនាគត ទោះបីឥឡូវនេះ គឺមានប្រជាពលរដ្ឋឬមួយអ្នកដែលគេចូលលុយហ្នឹងគឺមាន ប៉ុន្តែមិនស្ថិតស្ថេរទេ ហើយមិនប្រយោជន៍យូរអង្វែងទេ អញ្ចឹងគាត់គិតពីអនាគតកូនចៅរបស់គាត់ ហ្នឹងគឺជារឿងមួយត្រឹមត្រូវ»។
ក្រុមអ្នកសង្កេតការណ៍សង្គមកម្ពុជា មើលឃើញ ថាឃាតកម្មកើតឡើងលើលោក កែម ឡី នឹងរឹតតែបង្ហាញឲ្យឃើញថា ប្រជារាស្ត្រខ្មែរ កំពុងរស់នៅក្នុងសន្តិភាព តែហ៊ុមព័ទ្ធដោយការប្រឈមនឹងសេចក្ដីគ្រោះថ្នាក់ទាំងផ្លូវកាយនិងផ្លូវចិត្ត។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និយាយថា ប្រទេសកម្ពុជា មានសន្តិសុខពេញលេញ និងសេរីភាពក្នុងការធ្វើដំណើរ មិនដូចការគិតពីក្រុមអ្នករិះគន់រដ្ឋាភិបាលអំពីបញ្ហាសន្តិសុខនេះទេ។
លោកលើកឡើងថា ការចាកចេញរបស់ភរិយាលោក កែម ឡី គឺធ្វើឡើងតែតាមចំណង់ចិត្តរបស់គាត់តែប៉ុណ្ណោះ។
«អញ្ចឹងគាត់ទៅនេះ អាហ្នឹងទៅតាមចិត្តចង់របស់គាត់ទេ ហើយខ្ញុំក៏មានការឆ្ងល់ដែរ។ ប្រពន្ធដែលជាទីស្រលាញ់របស់ប្ដី ហើយប្ដីស្លាប់បាត់បង់ជីវិតទៅមិនទាន់បាត់ត្រជាក់ផងនៅក្ដៅអ៊ុនៗ ឥឡូវផ្ដាំផ្ញើឲ្យ ភិក្ខុ ប៊ុនតិញ ធ្វើបុណ្យ១០០ថ្ងៃ ជូនជ្រងអ៊ីចឹង ខ្ញុំពិបាកយល់ដែរ»។
ទាក់ទិនការស៊ើបអង្កេតរកយុត្តិធម៌ ដើម្បីបំបាត់ការកសាងនិទ្ទណ្ឌភាព លោក សុខ ឥសាន ថ្លែងថា អាជ្ញាធរមិនទាន់បិទការស៊ើបអង្កេតលើករណីឃាតកម្ម ដែលកើតឡើងទាំងកណ្ដាលក្នុងរាជធានីភ្នំពេញនោះទេ។
ឃាតកម្មលើលោក កែម ឡី ត្រូវអ្នកវិភាគនិយាយថា ជាការដាក់សម្ពាធធ្ងន់មួយទៀតទៅលើក្រុមដែលមិនពេញចិត្តរបៀបរបបគ្រប់គ្រងប្រទេសសព្វថ្ងៃ ដែលធ្វើឲ្យក្រុមអ្នកមានកាន់តែមានទៅ រីឯអ្នកក្រ កាន់តែក្រខ្លាំង ដូចការលើកឡើងរបស់លោក កែម ឡី កាលគ្រាលោកនៅមានជីវិតផងដែរ។
ក្ដីសោកសង្រេងនៃការស្លាប់លោក កែម ឡី មិនបានស្ថិតតែក្នុងចិត្តលោក ស្រី ប៊ូ រចនានោះទេ តែមានប្រជារាស្ត្រខ្មែរយ៉ាងតិចរាប់សែននាក់ ក៏ចូលរួមចែករំលែកក្ដីសោកសង្រេងនេះដែរ។
ប្រជារាស្ត្រខ្មែរទាំងនៅក្នុងនិងក្រៅប្រទេស ក៏បានសំដែង ក្តីខឹងសម្បាចំពោះការសម្លាប់លោក កែម ឡី ដោយពួកគេបានទទូចឲ្យរដ្ឋាភិបាលបញ្ជាក់ការណ៍ពិតនៃអ្នកដែលផ្ដាច់ជីវិត លោក កែម ឡី ដែលបាននិយាយថា៖«ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត»៕