ក្រោយដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិកមកកាន់កម្ពុជាកាលពីសប្តាហ៍មុន អ្នកវិភាគមើលឃើញទំនាក់ទំនងយោធារវាងកម្ពុជានិងអាមេរិក រាងប្រសើរជាងមុន ប៉ុន្តែនៅមានបញ្ហាមួយចំនួនត្រូវដែលមិនទាន់បានដោះស្រាយ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកមកកម្ពុជា បាននាំមកលទ្ធផលរីកចម្រើនមួយចំនួន ដោយសហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាមួយចំនួន និងការបន្តផ្តល់អាហារូបករណ៍ដល់និស្សិតយោធាកម្ពុជាទៅសិក្សានៅសហរដ្ឋអាមេរិក។
លោកបញ្ជាក់ថា៖ «វាអាចជារបត់ឬក៏ជាច្រកចាប់ផ្តើមបើកឡើងវិញនូវទំនាក់ទំនងល្អជាមួយកម្ពុជានិងអាមេរិក កុំឱ្យមានភាពល្អក់កក។ កន្លងមក មានភាពល្អក់កករមួយចំនួនដែលយើងអត់បានលាងសម្អាត ឬក៏ធ្វើឱ្យវាជ្រះស្រឡះក៏ដូចជាការដាក់បន្ទុកការសង្ស័យលើមូលដ្ឋានទ័ពចិននៅកម្ពុជា នៅរាមហ្នឹងក៏ជាបញ្ហាធ្វើឱ្យកម្ពុជានិងអាមេរិកក៏មើលមុខគ្នាមិនចំដែរ ហើយនៅចំណុចផ្សេងៗទៀត»។
បើតាមសាស្ត្រាចារ្យរូបនេះបញ្ហាដែលនៅមានភាពស្រពិចស្រពិលមានដូចជាសមយុទ្ធយោធា «ឆ្មាំអង្គរ» ដែលប្រទេសទាំងពីរធ្លាប់ធ្វើរួមគ្នា ហើយត្រូវបានផ្អាកកាលពីឆ្នាំ ២០២១៧ និងការហុំព័ទ្ធមិនឱ្យកម្ពុជានាំចូលឧបករណ៍យោធារបស់អាមេរិកកាលពីឆ្នាំ ២០២២។
លោកថ្លែងថា៖ «អ៊ីចឹងទេទាមទាឱ្យភាគីទាំងពីរសហរដ្ឋអាមេរិកហ្នឹង ចរចា ជជែកគ្នាឱ្យបានច្រើននៅក្នុងក្របខណ្ឌបច្ចេកទេស នយោបាយដើម្បីជំរុញ ស្តារឬក៏លុបបំបាត់អាភាពមិនទុកចិត្តគ្នា ឱ្យបានជ្រះស្រឡះទើបទំនាក់ទំនងគ្រប់វិស័យទាំងអស់ វាស្តារទៅល្អប្រសើរ ទាំងវិស័យការទូត ពាណិជ្ជកម្ម វាល្អប្រសើរជាងហ្នឹង»។
កម្ពុជាត្រូវបានគេមើលឃើញថា ងាកកាន់តែខ្លាំងទៅរកចិន ហើយកម្ពុជាបានសម្រេចលុបចោលសមយុទ្ធដែលមានឈ្មោះថា «ឆ្មាំអង្គរ» ជាមួយសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៧ ក្រោមហេតុផលថា កាលនោះកម្ពុជាមមាញឹកជាមួយការបង្ក្រាបគ្រឿងញៀន និងត្រៀមសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ មកទល់ពេលនេះ គេមិនទាន់ឃើញមានសញ្ញានៃការធ្វើសមយុទ្ធជាមួយគ្នាសាជាថ្មីឡើយរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។
នៅអំឡុងពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយ អូស្ទីន (Lloyd Austin) កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៤ បានប្រកាសថា សហរដ្ឋអាមេរិកនឹងបើកការអនុញ្ញាតឡើងវិញឱ្យនិស្សិតកម្ពុជាទៅសិក្សានៅបណ្ឌិតសភាយោធា West Point របស់អាមេរិក ផ្លាស់ប្ដូរការកម្មវិធីក្នុងវិស័យយោធា ដូចជាសមយុទ្ធរួមគ្នាដើម្បីសង្គ្រោះ គ្រប់គ្រងគ្រោះមហន្តរាយ បន្តការបណ្ដុះបណ្ដាលក្នុងវិស័យដោះមីននិងគ្រាប់មិនទាន់ផ្ទុះ កិច្ចសន្ទនាគោលនយោបាយការពារជាតិ ដែលជាជំហានទី ១ នៃការដោះស្រាយភាពខុសគ្នា ដើម្បីកសាងនូវទំនុកចិត្តឱ្យកាន់តែខ្លាំងរវាងប្រទេសទាំងពីរ ដែលមានផលប្រយោជន៍ទៅវិញទៅមក។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិបាននៅឡើយទេ។
អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ លោក សេង វណ្ណលី លើកឡើងថា នៅក្នុងដំណើរទស្សនកិច្ចនោះគឺភាគីទាំងពីរបានពិភាក្សាពីលទ្ធភាពនៃការស្តារសមយុទ្ធយោធាឡើងវិញ ប៉ុន្តែលោកថាអាចទៅរួចប៉ុណ្ណាគឺចាំមើលជាក់ស្តែង។
ទោះជាយ៉ាងណាក្តី បើតាមអ្នកតាមដានរូបនេះ ការស្តារកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជានិងអាមេរិក គឺមិនអាចកាត់ផ្តាច់ឬទប់ទល់ឥទ្ធិពលរបស់ចិននៅកម្ពុជាបានឡើយ ដោយសារតែទំនាក់រវាងចិននិងកម្ពុជាមានភាពស៊ីជម្រៅគ្រប់វិស័យ។
លោកថ្លែងថា៖ «ក៏ប៉ុន្តែដើម្បីធ្វើម៉េចឱ្យទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកនេះអាចនឹងកាត់បន្ថយឥទ្ធិពលរបស់ចិននៅក្នុងស្រុក ខ្ញុំមើលទៅខ្ញុំគិតថាវាពិបាកទៅរួចដោយសារតែទំនាក់ទំនងកម្ពុជាជាមួយចិន គឺវាគ្រប់ជ្រុងជ្រោយទៅលើវិស័យសេដ្ឋកិច្ច សង្គម នយោបាយ និងការទូត ហើយទំនាក់ទំនងរវាងថ្នាក់ដឹកនាំកម្ពុជានីមួយៗជាមួយចិនគឺមានភាពជិតដិតខ្លាំងបំផុត អាចផ្លាស់ប្តូរទស្សនជុំវិញគ្រប់ប្រធានបទទាំងអស់ទាំងបញ្ហាអន្តរជាតិ បញ្ហាតំបន់និងបញ្ហាក្នុងស្រុក»។
លោក សេង វណ្ណលី អះអាងថា ដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិករូបនេះ គឺដើម្បីបង្ហាញពីចេតនារបស់អាមេរិកក្នុងការរក្សាភាពពាក់ព័ន្ធរបស់ខ្លួននៅក្នុងកិច្ចការសន្តិសុខនិងយោធាដើម្បីត្រួតពិនិត្យសកម្មភាពយោធារបស់ចិននៅក្នុងតំបន់។
ប្រធានអង្កការតាក់តែងគោលនយោបាយកម្ពុជា Future Forum លោក អ៊ូ វីរៈ ថា អាមេរិកទំនងចង់បានសមយុទ្ធរួមគ្នាជាមួយកម្ពុជាឡើងវិញ ក្នុងចំណោមកិច្ចសហប្រតិ្តបត្តិការផ្សេងៗទៀតជាមួយកម្ពុជា ក្រោយទស្សនកិច្ចរដ្ឋមន្ត្រីការពារជាតិអាមេរិកដែលបានបង្កើនការរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការឡើងវិញ។
លោកបញ្ជាក់ថា៖ «បើសិនជាមានការធ្វើសមយុទ្ធឡើងវិញនោះគឺជាសញ្ញាមួយដែលល្អ ជាសញ្ញាមួយឆ្លុះបញ្ចាំងថាកម្ពុជាផ្ញើសារជាអន្តរជាតិថា កម្ពុជាមិននៅក្នុងស៊ងរបស់ចិនទាំងស្រុង។អាហ្នឹងគឺជាសារមួយដ៏ល្អសម្រាប់កម្ពុជាហើយជាសារមួយសំខាន់»។
នៅក្នុងជំនួបរវាងប្រមុខការពារជាតិអាមេរិក និងប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ភាគីទាំងពីរបានឯកភាពគ្នាក្នុងការខិតខំពង្រីកនូវទំនាក់ទំនងល្អឱ្យប្រសើរឡើងវិញ ខណៈលោក ហ៊ុន សែន បានចាត់ទុកថាទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរមិនអាក្រក់ពេកនោះទេ បើប្រៀបធៀបនឹងអតីតកាល។
លោក ហ៊ុន សែនថា កន្លងមក ភាគីយើងទាំងពីរ ខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះត្រូវរកវិធីខិតខំកសាងជំនឿទុកចិត្តគ្នាឱ្យបានច្រើន តាមរយៈគ្រប់គ្រងភាពខុសគ្នា ទស្សនខុសគ្នា បង្រួញភាពខុសគ្នាឱ្យតូច ទោះពិបាកក៏ដោយ។ ការខ្វះខាតមួយទៀត គឺការខ្វះខាតព័ត៌មានទៅវិញទៅមក និងការវិនិច្ឆ័យខុស ដែលធ្វើឱ្យភាគីមានការយល់ច្រឡំគ្នា ដោយសារមិនបានប្ដូរព័ត៌មានគ្នា មិនបានធ្វើការពិភាក្សាគ្នា»។ នេះបើតាមការបង្ហោះនៅទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៤៕