អ្នកវិភាគចោទសួរអំពីការធ្វើសវនកម្មពលកម្មរបស់ក្រុមហ៊ុនApple ខណៈដែលសហគ្រាស Foxconn កំពុងស្វែងរករោងចក្រថ្មី

  • Ivan Broadhead

iPhone 5

ប្រែ​សម្រួល​ដោយ ឃួន ធារ៉ា

ការ​ធ្វើសវនកម្ម​មួយ​បង្ហាញ​ថា ​លក្ខខណ្ឌ​ការងារ​ មាន​ភាព​ប្រសើរ​ឡើង ​នៅតាម​បណ្តា​រោងចក្រ​ចិន​ដែល​ផលិត​គ្រឿង​អេឡិចត្រូនិក​ឱ្យ​ក្រុមហ៊ុន​អេបផល (Apple)។ ប៉ុន្តែ​ក្រុមអ្នក​រិះគន់​និយាយ​ថា ​កិច្ចការ​ជា​ច្រើន​ថែម​ទៀត នៅ​តែ​មាន​ភាពចាំបាច់ ​មុនពេល​ដែល​រោងចក្រ​ទាំងនោះ អាច​ឆ្លើយ​តបតាម​បទដ្ឋាន​ ដែល​បាន​កំណត់​ដោយ​ច្បាប់​របស់ប្រទេស​ចិន។

សមាគម​សមភាព​ការងារ (Fair Labor Association) បាន​កោត​សរសើរ​ក្រុមហ៊ុន ​Apple និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដ៏​សំខាន់​របស់​ខ្លួន​ គឺ​សហគ្រាស ​ហ្វ័គខន (Foxconn) ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើងនូវសុវត្ថិភាព​ក្នុង​រោងចក្រ​ ​ហើយ​កំពុង​ឈាន​ទៅ​រកការ​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ​អតិបរមា​នៅ​ក្នុង​រោងចក្រ​ចំនួន​បី នៅប្រទេស​ចិន​ ដែល​ផ្តល់​ការងារ​ដល់​មនុស្ស​ជាង​១៥​ម៉ឺន​នាក់។

ក្រុមហ៊ុន ​Apple គឺ​ជា​ក្រុមហ៊ុន​អេឡិចត្រូនិកដំបូង​គេ​បង្អស់​ ដែល​បាន​ចូល​ជា​សមាជិករបស់សមាគម​សមភាព​ការងារ បន្ទាប់​ពី​កេរ្តិ៍​ឈ្មោះ​របស់​ក្រុមហ៊ុន​នេះ​រង​ផលប៉ះពាល់យ៉ាង​ខ្លាំង ដោយ​សារ​ការធ្វើ​អត្តឃាតរបស់​កម្មករ​ជា​បន្ត​បន្ទាប់ នៅក្នុង​សហគ្រាស​ Foxconn ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​២០១០ ព្រម​ទាំង​ការផ្ទុះនៅ​ក្នុង​រោងចក្រ​ដែល​បណ្តាល​ឳ្យ​ស្លាប់​មនុស្ស​ ​កាល​ពី​ឆ្នាំ​មុន។

លោកស្រី​ អេនីតា ចាន (Anita Chan) មក​ពី​មជ្ឈមណ្ឌល​ដើម្បី​ការ​ផ្លាស់ប្តូរ​សង្គម​និង​វប្បធម៌ ​សម្រាប់​ការ​វិនិយោគ​នៅប្រទេស​ចិន (Center for Social and Cultural Change in China Investment) នៃ​សកលវិទ្យាល័យ​បច្ចេកវិទ្យា​ស៊ីដនី (Sydney University of Technology) ទទួល​ស្គាល់​អំពី​ការ​រីក​ចម្រើននេះ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី លោកស្រី​ ចោទ​សួរអំពី​ភាព​ជឿ​ទុក​ចិត្ត​បាន​របស់របាយការណ៍​នេះ ដោយ​ហេតុ​ថា​ សមាគម​សមភាព​ការងារ​នេះ ត្រូវ​បានផ្តល់​មូលនិធិដោយ​សមាជិករបស់​ខ្លួន ​ដែល​រួមបញ្ចូលទាំង​ក្រុមហ៊ុន​Apple​ផង​ដែរ។

«​ប្រវត្តិសាស្ត្រ​សវនកម្ម ដែល​ជាវោ​ហាសាស្ត្រ​នៃ​ការស្ម័គ្រ​ចិត្តនេះ​ បាន​បរាជ័យ​ទាំង​ស្រុងហើយ។ កាល​ពីឆ្នាំ​២០០៧ សហភាពពាណិជ្ជកម្ម​មួយ​ត្រូវ​បាន​បង្កើត​ឡើងនៅក្នុង​សហគ្រាស ​Foxconn ប៉ុន្តែ​ការ​ធ្វើ​អត្តឃាត​ ​គឺ​ជា​ភស្តុតាង ដែល​បង្ហាញថា​អ្វី​ៗ​មិន​បាន​ផ្លាស់ប្តូរ​ទេ។ មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​ ចំពោះ​ការ​រំលោភ​បំពានមួយ​ចំនួន​ ​ក្នុង​កំឡុង​ពេល​ពីរ​បី​ខែនេះ បន្ទាប់​មក​រឿង​រ៉ាវទាំង​អស់បាន​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ។»

សវនកម្ម​នេះ ទាមទារ​ថា ​សហគ្រាស ​Foxconn ​ធ្វើ​ការ​កែលម្អ​ចំនួន​៣៦០​ចំណុច​សម្រាប់​រោងចក្ររបស់​ខ្លួន ​មុន​ខែ​កក្កដា ឆ្នាំ​២០១៣។ ការ​កែ​លម្អ​ភាគ​ច្រើន​ត្រូវ​បាន​អនុវត្តរួចហើយ ដោយ​រាប់បញ្ចូល​ទាំង​ការ​ឈប់​សម្រាករយៈពេលខ្លី​ៗសម្រាប់ការ​ធ្វើ​លំហាត់ប្រាណ​ ​ដើម្បីបង្កា​រមិន​ឲ្យ​កើត​មាន​អាការៈ​រមួល​សាច់​ដុំ​ជា​ញឹក​ញាប់​ ក្នុង​ចំណោម​បុគ្គលិក និង​ការ​កែ​ទម្រង់​កម្មវិធី​ចុះ​កម្មសិក្សា ​ដើម្បី​បញ្ចប់​ការ​ធ្វើ​ការ​លើស​ម៉ោង​របស់​និស្សិត។

ភាគច្រើន​នៃ​និយោជិកចំនួន​១លាននាក់របស់សហគ្រាស ​Foxconn នៅ​ប្រទេស​ចិន ​គឺ​ជា​ជនអន្តោប្រវេសន៍​មក​ពីទី​ជនបទ ​ដែល​ផ្លាស់​ទី​លំនៅ​ទៅកាន់​ទីក្រុង​ ដើម្បី​រក​ប្រាក់​ឳ្យ​បាន​ច្រើន​ ​ក្នុង​រយៈពេល​ដ៏​ខ្លី​តាម​តែ​អាច​ធ្វើ​បាន។

លោក អៀល ប្រោន (Earl Brown) នៅ​ឯ​មជ្ឈមណ្ឌល​សាមគ្គីភាព​អាមេរិក (U.S. Solidarity Center) គឺ​ជា​មេធាវីជើង​ចាស់ការពារ​ពលករ​ ដែល​បាន​ផ្តល់​សក្ខីកម្មដល់​គណៈកម្មាការ​សភា​និងអង្គ​នីតិ​ប្រតិបត្តិ (Congressional-Executive Commission) ស្តីពី​ប្រទេស​ចិន​កាល​ពី​ខែ​មុន។ លោក​មាន​ការ​ព្រួយបារម្ភ​អំពី​វិធីសាស្ត្រ​សវនកម្ម ​ហើយ​និយាយ​ថា​បុគ្គលិក​ត្រូវ​តែ​មានសុវត្ថិភាព ក្នុង​ការ​សម្តែងទស្សនរបស់​ខ្លួនចំពោះ​ការ​គ្រប់គ្រង។

«​ក្រុម​កម្មករ​ បានបន្ថែម​សមាសភាព​ព័ត៌មានសំខាន់ៗ ចំពោះ​រូបភាព​នៃ​ការ​គោរព​តាម។ នៅ​ពេល​អ្នក​មាន​ទស្សនវិស័យ​ចំពោះ​ក្រុម​ហ៊ុន Foxconn​ ដែលរៀបចំ​និយោជិក​របស់​ខ្លួន ដោយ​ផ្តល់​ឧបករណ៍​ iPad ដល់​ពួកគេ​ ហើយ​ប្រាប់​ពួកគេ​ឱ្យ​ឆ្លើយ​សំណួរចំនួន​៥០របស់ទីភ្នាក់ងារ​សវនកម្ម​ពី​ខាង​ក្រៅ​ ក្រុមនិយោជិក​មាន​ការ​ភ័យ​ខ្លាច​ថា ​ចម្លើយ​ទាំង​នោះ​អាចត្រូវ​បានតាម​ដាន​ពួកគេ ប្រសិន​បើ​ពួកគេ​ផ្តល់​ចម្លើយអវិជ្ជមាន ពួកគេ​នឹង​ត្រូវ​បាន​បណ្តេញ​ចេញ។ នេះ​ជា​កំហុស​យ៉ាង​ធំធេង​មួយ។

លោក ប្រោន មាន​ប្រសាសន៍​ថា​ ប្រទេស​ចិន​មាន​ភាព​ជឿន​លឿនទៅ​មុខ​ដ៏គួរ​ឱ្យ​កត់​សម្គាល់​ផ្នែកគោល​នយោបាយ​ការងារ ថែម​ទាំងបាននាំ​មុខ​ស.រ.អាលើ​វិស័យជាច្រើន ដោយ​រាប់​បញ្ចូល​ទាំងសិទ្ធិ​មាតុភាព​របស់​កម្មករ​ទៀត​ផង។ ប៉ុន្តែ ​ដោយ​សារ​កំណើន​សេដ្ឋកិច្ច​កំពុងចុះ​ខ្សោយ​នៅប្រទេស​ចិន សិទ្ធិ​កម្មករ​អាច​ថមថយទៅវិញ​ ជា​ជាង​ប្រសើរ​ឡើង ដោយ​សារ​និយោជក​ព្យាយាម​រក្សា​កម្រិត​ប្រាក់​ចំណេញ​របស់​ពួកគេ។

លោក ម៉ៃ លី (Mike Lee) អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ចិន​សម្រាប់​កិច្ចការ​ ការទទួល​ខុស​ត្រូវ​សង្គម​អន្តរជាតិ (Social Accountability International) ថ្លែង​ថា ការ​ព្រួយ​បារម្ភ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អំពី​ទំនាក់​ទំនង​រវាងភាព​ចលាចល​របស់​កម្មករ​និង​អសន្តិសុខ​សង្គម កំពុង​តែ​ជំរុញ​ឱ្យ​មាន​កំណែ​ទម្រង់កាន់​តែ​ប្រសើរ​ឡើង​ដើម្បី​ការពារ​ពលករ​របស់​ប្រទេស​នេះ។

ឧទាហរណ៍ នៅ​ក្នុង​ទីក្រុង​ស្ហិនស្សេន (Shenzhen)ភាគ​ខាង​ត្បូង ​គម្រោងមេ ដែលគ្រប់គ្រង​ដោយ​សហជីព​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​តាមច្បាប់របស់ប្រទេស​នេះ​ ឈ្មោះ​សហជីព AFCTU ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ពេល​ថ្មី​ៗ​នេះ ដែល​កម្មករ​អាច​បោះ​ឆ្នោត​ជ្រើសរើស​អ្នក​តំណាង​របស់​ខ្លួនបាន។

«​ក្រុម​កម្មករ​ជំនាន់​ថ្មី ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៩០ គឺ​មាន​ភាព​ឯករាជ្យ​ខ្លាំង​ណាស់។ ពួកគេ​ត្រូវ​បាន​ផ្តល់​អំណាចច្រើនជាង​មុន ប៉ុន្តែ​ការ​ទំនាក់ទំនងរវាងនិយោជក ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ នោះ​ ​អាច​ជា​បញ្ហា​ដ៏​ជាក់ស្តែង​មួយ ដែល​អាច​ធ្វើ​ឱ្យ​មាន​កូដកម្ម​កាន់​តែ​ច្រើន​ឡើង។»

ប្រាក់​កម្រៃខាងពលកម្ម​មាន​ន័យ​ថា ​ប្រទេស​ចិន​កំពុង​តែឡើងថ្លៃ​ហើយ​សម្រាប់សហគ្រាស ​Foxconn ដែល​មាន​បុគ្គលិក​ជាង​មួយ​លាន​នាក់​នៅ​ទូទាំង​ប្រទេស​ នៅ​ក្នុង​បញ្ជីបើក​ប្រាក់​ខែ​របស់​ខ្លួន។

ខណៈពេល​ដែល​ទូរស័ព្ទ iPhone 5 វិវដ្ត​ឆ្ពោះ​ទៅ​រកខ្សែ​សង្វាក់ផលិតកម្ម ក្រុមហ៊ុន​នេះ​កំពុង​តែ​ស្វែងរក​មូលដ្ឋានផលិត​ដែល​មាន​តម្លៃ​ទាប​ជាង​នេះ។ កាល​ពីខែ​កក្កដា រដ្ឋមន្ត្រី​ឧស្សាហកម្ម​ឥណ្ឌូនេស៊ី​បាន​ប្រកាស​ថា​ក្រុម​ហ៊ុនយ៉ាង​ធំ​មួយ​របស់តៃវ៉ាន់ អាច​នឹង​វិនិយោគក្នុងទឹក​ប្រាក់​១០​ពាន់​លាន​ដុល្លារ​អាមេរិក ​ដើម្បី​កសាង​រោងចក្រ​មួយ​លើ​កោះ​ចាវ៉ា (Java)។

ទោះ​បី​ជា​ប្រទេស​ឥណ្ឌូនេស៊ី​ កំពុងក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក៏ដោយ កម្មករ​របស់​ប្រទេស​នេះ​ទទួល​បាន​ប្រាក់ខែ​ទាប​ជាងសមភាគីចិន​របស់​ខ្លួនទៅ​ទៀត ហើយ​មាន​ការ​ការពារ​តិចតួច​នៅ​ក្នុង​កន្លែង​ធ្វើ​ការទៀត​ផង៕