មន្ទីរបញ្ចកោណ៖ គ្រប់យុទ្ធនាការឃោសនាបោះឆ្នោតរដ្ឋសភាពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ផ្តោតលើបញ្ហាក្នុងស្រុក ប៉ុន្តែលទ្ធផលក៏នឹងប៉ះពាល់ដល់វិស័យសន្តិសុខជាតិដែរ។ ប៉ុន្តែ ក្រុមអ្នកជំនាញរំពឹងថា សម្លេងភាគច្រើនរបស់គណបក្សសាធារណរដ្ឋនិយមក្នុងសភាតំណាងរាស្ត្រ ព្រមទាំងការកើនឡើងសម្លេងយ៉ាងច្រើននៅក្នុងព្រឹទ្ធសភា នឹងមិនជះឥទ្ធិពលជាដុំកំភួនទៅលើសង្រ្គាម នៅប្រទេសអាហ្វកានីស្ថាន ឬគោលនយោបាយការពារជាតិសំខាន់ៗផ្សេងទៀតរបស់សហរដ្ឋអាមេរិកឡើយ។
នៅពេលដែលក្រុមអ្នកបោះឆ្នោតអាមេរិក ចេញទៅបោះឆ្នោតកាលពីថ្ងៃអង្គារ ទី២ ខែវិច្ឆិកា ឆ្នាំ២០១០នេះ ក្រុមអ្នកវិភាគថ្លែងថា អ្នកបោះឆ្នោតភាគច្រើន ធ្វើការសម្រេចចិត្ត ដោយផ្អែកលើបញ្ហាសេដ្ឋកិច្ច ការចំណាយរបស់រដ្ឋាភិបាល និងគោលនយោបាយថែទាំសុខភាព។ ប៉ុន្តែ ពេលគេភ្ញាក់ពីដំណេកនៅព្រឹកថ្ងៃពុធ បានឮថា នៅខែមករាខាងមុខនេះ រដ្ឋសភានឹងត្រូវគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋនិយម ហើយព្រឹទ្ធសភាគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលឈ្នះក្នុងកម្រិតតិចតួច ពួកគេដឹងថា នៅក្នុងស្ថានភាពនេះ គោលនយោបាយសន្តិសុខជាតិអាចនឹងមានភាពកាន់តែប្រទាំងប្រទើសគ្នាថែមទៀត។
លោកស្រី ហ៊ីឌឺ ហើលប៊ត (Heather Hurlburt) គឺជាអ្នកវិភាគនៃបណ្តាញសន្តិសុខជាតិ (National Security Network) មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន មានប្រសាសន៍ថា៖
«ប្រហែលជាផលប៉ះពាល់ធំបំផុតតែមួយគត់នោះគឺថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងកាន់តែលំបាកនិយាយឲ្យបានច្បាស់លាស់អំពីបញ្ហាសន្តិសុខជាតិ ដែលមានសមាសធាតុអង្គនិតិបញ្ញតិ្តមួយនៅក្នុងនោះ»។
លោកស្រី ហើលប៊តមានប្រសាសន៍ថា បញ្ហាទាំងនោះ រួមមានបញ្ហាថវិកាសម្រាប់ក្រសួងការពារជាតិ ដែលរដ្ឋសភាបានព្យាយាមប្រើ ដើម្បីឲ្យមានឥទ្ធិពលទៅលើគោលនយោបាយសង្រ្គាម ប៉ុន្តែមិនសូវទទួលបានជោគជ័យ។
លោក ឡូរ៉េន ថមសុនស៍ (Loren Thompson) នៃវិទ្យាស្ថានឡិចស៊ីងតោន (Lexington Institute) មានមូលដ្ឋាននៅរដ្ឋវើជីនៀរ (Virginia) រំពឹងថា នឹងមិនមានការផ្លាស់ប្តូរទេ។ លោកបានថ្លែងថា នៅក្នុងគណបក្សនយោបាយធំទាំងពីរ មិនចុះសម្រុងគ្នាលើបញ្ហាសង្គ្រាម ហើយថា មិនមានមូលនិធិដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិ ដូចដែលអ្នកសាធារណរដ្ឋនិយមតែងតែចង់បាននោះឡើយ។ លោកបន្តថា៖
«អ្នកដឹងទេថា ដោយសារតែក្រុមអ្នកសាធារណរដ្ឋនិយមមិនអាចផ្តល់លុយថែមទៀតទៅវិស័យការពារជាតិ ដោយសារតែការខ្វះខាតធនធានពីខាងរតនាគារជាតិ ការតស៊ូប្រឆាំងគ្នាយ៉ាងច្រើនខាងវិស័យការពារជាតិ នឹងក្លាយជានិមិត្តរូបមួយនៅក្នុងរដ្ឋសភាថ្មី»។
លោក ថមសុនស៍ បញ្ជាក់ថា ទោះជាយ៉ាងណា លោកប្រធានាធិបតី អូបាម៉ា នឹងអនុញ្ញាតការចំណាយលើវិស័យការពារជាតិកើនឡើងយ៉ាងបន្តិចម្តងៗ។ លោកថ្លែងថា សេចក្តីសម្រេចចិត្តរបស់លោកប្រធានាធិបតី ដើម្បីបង្កើនវត្តមានយោធាសអាមេរិកយ៉ាងច្រើន នៅអាហ្វកានីស្ថាន នឹងចាប់ផ្តើមដកកងទ័ពជាបន្តបន្ទាប់ដោយផ្អែកលើស្ថានភាពនៅខែកក្កដាក្រោយ អាចទទួលយកបានផ្នែកខាងនយោបាយ ពីសំណាក់ក្រុមអ្នកតាក់តែងច្បាប់ភាគច្រើនភាគបំផុតរបស់គណបក្សទាំងពីរនេះ។ លោកថមសុនស៍ថ្លែងថា៖
«សង្រ្គាមនោះ បានចាប់ផ្តើមបាត់បង់ការគាំទ្រនៅក្នុងគណបក្សទាំងពីរនេះ។ ហើយជាលទ្ធផល កាលវិភាគដែលលោកប្រធានាធិបតី អូបាម៉ា បានបង្ហាញនៅពេលដែលលោកត្រូវបង្កើនការដកកងទ័ព នឹងទទួលស្វាគមន៍ពីគណបក្សទាំងពីរយ៉ាងពិតប្រាកដ»។
លោកថមសុនស៍ កត់សម្គាល់ទៀតថា យ៉ាងហោចណាស់ក្នុងរយៈពេលខ្លីមួយ ប្រធានាធិបតីអាចធ្វើអ្វីដែលខ្លួនចង់ធ្វើទាក់ទងនឹងគោលនយោបាយសង្គ្រាម ។ ជាឧទាហរណ៍ អតីតលោកប្រធានាធិបតី ចចជ៍ ដាប់បិលយូ ប៊ូស (George W. Bush) អាចពង្រីកសង្គ្រាមអ៊ីរ៉ាក់ ទោះបីជាមានការជំទាស់ពីរដ្ឋសភា និងសាធារណជនក៏ដោយ។ លោកបន្តទៀតថា៖
«ប្រសិនបើប្រធានាធិបតីចង់បន្តសង្គ្រាម ហើយលោកមានបំណងទទួលខុសត្រូវចំពោះមតិសាធារណៈស្តីពីសង្រ្គាមនោះ លោកអាចធ្វើបាន។ ផ្ទុយទៅវិញ ប្រសិនបើលោកចង់ដើរចេញវិញ រដ្ឋសភាពិតជាមិនអាចបញ្ឈប់លោកបានឡើយ»។
ស្រដៀងគ្នានេះដែរ លោកថមសុនស៍ និយាយថា ដោយមានការផ្តោតការយកចិត្តទុកដាក់ លើបញ្ហាក្នុងស្រុក ផែនការដើម្បីបញ្ចប់វត្តមានកងទ័ពអាមេរិកនៅអ៊ីរ៉ាក់ នាដំណាច់ឆ្នាំក្រោយ ទំនងជានឹងមិនបង្កឲ្យមានការជំទាស់ពីរដ្ឋសភាច្រើននោះទេ។
កាលពីថ្ងៃព្រហស្បតិ៍ លោកដ្យេហ៍្វ ម៉ូរ៉េល (Geoff Morrell) អ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថា គោលនយោបាយការពារជាតិ ជាទូទៅគឺជាកិច្ចការនៃគណបក្សទាំងពីរ ហើយលោករំពឹងថា នឹងមិនមានបញ្ហាជាមួយរដ្ឋសភាថ្មីនេះទេ។ លោកម៉ូរ៉េល ថ្លែងថា៖
«យើងសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនៃគណបក្សទាំងពីរលើបញ្ហាសន្តិសុខជាតិ ដែលយើងធ្លាប់មានជាច្រើនឆ្នាំមកហើយ នឹងបន្តនៅក្រោមរដ្ឋសភាថ្មីនេះ»។
ប៉ុន្តែ លោកស្រីហ៊ីឌឺ ហើលប៊ឺត បានព្រមានថា ទាក់ទងនឹងគោលនយោបាយក្នុងស្រុក ការបង្កើតគោលនយោបាយការពារជាតិរបស់អាមេរិកនៅក្នុងរដ្ឋាភិបាលដែលមានភាពមិនចុះសម្រុងគ្នាខាងនយោបាយនឹងមិនងាយស្រួលទេ។ លោកស្រី និយាយថា កិច្ចការនោះទំនងជាបង្កឲ្យមានការភាន់ច្រឡំនៅបរទេស ដោយសារសមាជិករដ្ឋសភា និងក្រុមមន្រ្តីរដ្ឋបាល ធ្វើការប្រកាសផ្ទុយគ្នាស្តីពីបញ្ហាការពារជាតិ។ ប៉ុន្តែ លោកស្រី ហើលប៊ឺត ថ្លែងទៀតថា ប្រហែលជា លទ្ធផលនឹងមិនមានការផ្លាស់ប្តូរជាដុំកំភួននៅក្នុងគោលនយោបាយសន្តិសុខជាតិដ៏ទូលំទូលាយរបស់អាមេរិកនោះទេ។ លោកស្រីថ្លែងថា៖
«គ្មាននរណាម្នាក់នឹងភ្ញាក់ឡើងនៅពេលព្រឹក ទទួលដំណឹងថា កិច្ចការនៅក្នុងប្រព័ន្ធសន្តិសុខរបស់គេ បានផ្លាស់ប្តូរខុសពីមុននោះទេ ពីព្រោះ នោះមិនមែនជារបៀបដែលនយោបាយរបស់យើងដំណើរការ ហើយនោះមិនមែនជាចេតនារបស់អ្នកណាម្នាក់នោះទេ»។
លោកស្រី ហ៊ីលប៊ឺត ក៏បានថ្លែងទៀតថា ការផ្តោតការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទៅលើការពង្រឹងសេដ្ឋកិច្ចរបស់អាមេរិក មានសារៈសំខាន់សម្រាប់សម្ព័ន្ធមិត្តរបស់អាមេរិក ដោយសារតែថា ប្រសិនបើសេដ្ឋកិច្ចមិនរឹងមាំនោះទេ អាមេរិកនឹងមានការលំបាកក្នុងការរក្សាកម្លាំងយោធារបស់ខ្លួន និងការប្តេជ្ញាចិត្តផ្នែកសន្តិសុខអន្តរជាតិរបស់ខ្លួន។
ស្របពេលជាមួយគ្នានេះដែរ លោកស្រី មានប្រសាសន៍ថា ការប្តេជ្ញាចិត្តលើវិស័យការពារជាតិ ប្រហែលជាត្រូវសម្រួល ដើម្បីឲ្យត្រូវនឹងលទ្ធភាពរបស់អាមេរិក៕
ប្រែសម្រួលដោយ លី សុខឃាង