ការ​យល់​ឃើញ​ចម្រុះ​របស់​អ្នក​ពាក់ព័ន្ធ​នៅ​​កម្ពុជា ក្រោយ​លោក Biden ថ្លែង​សារ​នយោបាយ ពេល​ចូល​កាន់​តំណែង​ប្រធានា​ធិបតី​អាមេរិក

លោក Joe Biden ថ្លែង​សុន្ទរកថា បន្ទាប់​ពី​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី ៤៦ របស់​សហរដ្ឋ​អាមេរិក​នៅ​វិមានសភា រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ភ្នំពេញ — អ្នក​តាម​ដាន​សង្គម​កម្ពុជា​បាន​លើក​ឡើង​ថា​សារ​នយោបាយរបស់​លោក Joe Biden ដែល​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានា​ធិបតី​អាមេរិក កាល​ពី​យប់​ថ្ងៃ​ពុធ ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​ក្នុង​ប្រទេស​កម្ពុជា បាន​ផ្តោត​សំខាន់​បំផុត​ទៅលើ​ការ​ផ្សះ​ផ្សា​ជាតិ។

អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​មួយ​ទៀត គឺ​ការកសាង​ទំនុក​ចិត្ត​ឡើង​វិញ​ជាមួយ​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក។ បន្ថែម​ពី​នេះ លោក Biden ក៏​បាន​ថ្លែង​អំពី​គុណ​តម្លៃនៃ​ប្រជាធិបតេយ្យ​របស់​អាមេរិក​និង​ការ​ស្តា​ឡើង​វិញ​សម្រាប់​ជា​គំរូ​ដល់​ប្រទេស​ផ្សេងៗ។

នៅ​ក្នុង​សុន្ទរកថា​របស់​ប្រធានាធិបតី​អាមេរិក​ទី​៤៦ លោក Biden អាយុ​៧៨​ឆ្នាំ ដែល​ធ្លាប់​បំពេញ​តួនាទី​ជា​អនុ​ប្រធានាធិបតី​ក្នុង​អាណត្តិ​របស់​លោក​ ប៉ារ៉ាក់ អូបាម៉ា​ ផង​នោះ បាន​លើក​ឡើង​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​មាន​តម្លៃ ហើយ​លទ្ធិ​ប្រជាធិបតេយ្យ​ក៏​មាន​ភាព​ផុយ​ស្រួយ​ផង​ដែរ។ ប៉ុន្តែ​នៅ​ពេល​នេះ លោក​ថា «លទ្ធិ​ប្រជាធិប​តេយ្យ​បាន​ឈ្នះ​ហើយ»។

​លោក អ៊ូ វីរៈ ស្ថាបនិកនៃ​អង្គការ​វេទិកា​អនាគត ដែល​បាន​តាម​ដានសារ​របស់ប្រធានាធិបតី​អាមេរិក មាន​ប្រសាសន៍​ថា​លោក Joe Biden បាន​ថ្លែង​ច្រើន​ទាក់​ទង​នឹង​ការ​ព្យាយាម​ផ្សះ​ផ្សា​ជាតិ និង​ប្រឆាំង​ពី​ភាព​ប្រេះឆា​នានា​នៅ​សហរដ្ឋ​អាមេរិក។

លោក​បន្ត​ថា​ សារ​ទី​ពីរ​របស់​លោក Biden ផ្តោត​លើ​សម្ព័ន្ធ​មិត្ត​អាមេរិក ដែល​លោក​ថា​អតីត​ប្រធានាធិបតី​លោក Donald Trumpបាន​ធ្វើ​ឲ្យ​បាត់​បង់​ទំនុក​ចិត្ត។

លោក​មាន​ប្រសាសន៍​ថា៖ «សម្រាប់​ការងារ​បរទេស​នៅ​អាណត្តិ​ហ្នឹង គឺ​ព្យាយាម​បង្ក​ឲ្យ​មាន​ការ​ទុក​ចិត្ត​សម្រាប់​ដៃ​គូ​សំខាន់ៗនៃ​សហរដ្ឋ​អាមេរិក​ជា​ពិសេស​គឺ​អឺរ៉ុប ហើយ​និង​ប្រទេស​ដូច​ជា​ជប៉ុន​និង​កូរ៉េ ហើយ​និង​នៅ​ក្នុង​តំបន់​ទាក់​ទង​នឹង​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​អី​ហ្នឹង។ អាហ្នឹង​ដោយ​សារ​ការ​កើន​អំណាច​នៃ​ប្រទេស​ចិន​ទាំង​សេដ្ឋកិច្ច និង​អំណាច​យោធា ទាំង​អំណាច​នយោ​បាយ​នៅ​ក្នុង​តំបន់»។

ទាក់​ទង​នឹង​ប្រទេស​កម្ពុជា​វិញ លោក អ៊ូ វីរៈ បាន​កត់​សម្គាល់​ចំណុច​មួយ​ដែល​សំខាន់ គឺ​លោក Biden បាន​ជ្រើស​រើស​លោកស្រី Samantha Power ឲ្យ​ធ្វើ​ជា​ប្រធាន​ទី​ភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរ​ជាតិ ឬ​ហៅ​កាត់ថា ​USAID ដែល​ធ្លាប់​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ឆ្នាំ​២០១២។

ដូច្នេះ​លោក​អ៊ូ វីរៈ យល់​ថា​អាច​មាន​ការ​បង្កើន​ជំនួយ​ជួយ​ដល់​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។

លោក​បន្ត​ថា៖ «ការ​រើស​យក​លោកស្រី Samantha Power ក៏​អាច​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈគោល​នយោបាយ​អន្តរ​ជាតិ​របស់​លោក Biden ផង​ដែរ»។

លោក អ៊ូ វីរៈ ក៏​លើក​ឡើង​អំពី​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់ ក៏​ដូចជា​ក្នុង​ប្រទេស​កម្ពុជា ដែល​លោក​ថា​វា​ជា​ការ​ព្រួយ​បារម្ភ ដែល​អាច​មាន​ឥទ្ធិពល​លើ​ប្រទេស​កម្ពុជា។

រូបឯកសារ៖ រូបឯកសារ៖ អ្នកស្រី Samantha Power ថ្លែង​នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។

លោក​បញ្ជាក់​ថា៖ «អ្វី​ដែល​យើង​ព្រួយ​បារម្ភ​បំផុត គឺ​ការ​កើន​ឡើងអំណាច​នៃ​ប្រទេស​ចិន​ហ្នឹង។ តើ​នឹង​ឈាន​ទៅ​ការទុក​ឲ្យ​កម្ពុជាមាន​ដង្ហើម​ក្នុង​ការ​ជំរុញ​ផ្ទៃ​ក្នុង​របស់​ខ្លួន ឬ​មួយ​ក៏​មហា​អំណាច​នឹងចាប់​ផ្តើម​ជំរុញតាម​ផល​ប្រយោជន៍ គំនិត និង​មនោគមន៍វិជ្ជា​រៀងៗ​ខ្លួន។ អាហ្នឹងដែល​ជា​ការព្រួយ​បារម្ភ​មែន​ទែន ព្រោះ​អី​បើ​សិន​ជាដំរី​ពីរ​ហ្នឹង​ជល់​គ្នា យើង​នៅ​ក្នុង​កណ្តាល​ហ្នឹង ចង់​មិន​ចង់ ក៏​យើង​រង​គ្រោះ​ដែរ»។

ចំណែក​លោក​បណ្ឌិត​មាស នី អ្នក​សិក្សា​ស្រាវ​ជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកឃ្លាំមើល​ស្ថានភាព​នយោបាយ​កម្ពុជា យល់​ថា​ជា​ធម្មតា​កាល​ណា​មាន​ការ​ផ្លាស់​ប្តូរ​ប្រធានាធិបតី​អាមេរិក តែ​ង​តែ​មាន​ការ​ផ្លាស់​ប្តូរ​នយោបាយ​មួយ​ចំនួន។

លោក​ថា​វា​អាច​មាន​ឥទ្ធិពល​ខ្លះ​ដែរ​មក​លើ​កម្ពុជា ប៉ុន្តែ​លោក​ថា​អ្វី​ដែល​សំខាន់​បំផុត គឺ​អាស្រ័យ​លើ​ប្រទេស​ខ្លួន​ឯង។

លោក​ប្រាប់​ VOA ​ថា៖ «វា​អាស្រ័យ​លើ​ប្រទេស​នីមួយៗ​ទេ ដែល​ត្រូវ​ធ្វើ​ការ​ខ្លួន​ឯង ត្រូវ​ទទួល​ខុស​ត្រូវ​ទៅ​លើ​ប្រជាធិប​តេយ្យ​ដោយ​ខ្លួន​ឯង។ បើ​យើង​នៅ​គ្រាន់​តែ​រង់​ចាំ​គេ ថា​គេ​មាន​ការ​ផ្លាស់​ប្តូរ​មេដឹក​នាំ យើង​ប្រហែល​ជា​បាន​ធូរ​ស្បើយ​គេ​នឹងមក​ជួយ​យើង ផ្លាស់​ប្តូរ​អី​ភ្លាមៗ ស​ទៅ​ជា​ខ្មៅ ខ្ញុំ​គិត​ថា​មិន​មែន​ជា​រឿង​សម​ស្រប​សម្រាប់​យើង​គិត​បែប​ហ្នឹង»។

លោក មាស នី បន្ត​ថា​កម្ពុជា​ស្ថិត​ក្នុង​ចំណុច​នៃចោទ​ប្រកាន់ក្នុង​ភូមិ​សាស្ត្រ​នយោបាយ ដូច្នេះ​លោក​មិន​ទាន់​អាចទស្សន៍​ទាយ​ថា​តើ​សហរដ្ឋ​អាមេរិក​នឹង​មាន​ឥទ្ធិពល​កម្រិត​ណា​នៅ​ក្នុង​ផ្នែក​ប្រជាធិប​តេយ្យ​កម្ពុជា​នោះ​ទេ។

លោក​ជំរុញ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​និយាយ​គ្នា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ដោយ​ខ្លួន​ឯង។

លោក មាស នី ​ថ្លែ​ង​ថា៖ «ការ​ដែល​យើង​នាំ​គ្នា ពឹង​តែ​គេ​ពី​ខាង​ក្រៅ ពឹង​មហា​អំណាច​ហ្នឹង ទីចុង​បំផុត​វា​អាច​ធ្វើ​ឲ្យ​ប្រទេស​យើង​ត្រូវ​បាន​គេ​ទាញ​ទម្លាក់​ចូល​ទៅក្នុង​ភូមិ​សាស្ត្រ​នយោបាយ​កាន់​តែ​ជ្រៅ​ទៀត ប្រសិន​បើ​យើង​មិន​មាន​សមត្ថភាព​ធ្វើ​ការ​ដោយ​ខ្លួន​ឯង រវាងអ្នក​នយោបាយ​ខ្មែរ»។

ព័ត៌មាន​ទាក់ទង៖ លោក ​Biden ​តែង​តាំង​​អតី​ត​​ប្រេសិត​អ.ស.ប​. Samantha Power ​ឲ្យដឹកនាំ​ទី​ភ្នាក់​ងារ​ផ្តល់​ជំនួយរបស់​អាមេរិក

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា​កម្ពុជា​មិន​ស្ថិត​នៅ​ក្រោម​ប្រទេស​ណា​នោះ​ទេ ហើយ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ផ្សេងៗ គឺ​សម្រាប់​គោល​ដៅ​ពាណិជ្ជ​កម្ម​តែ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ «គេ​សួរ​សម្តេច សម្តេច​អគ្គ​មហា​សេនាបតី​តេជោ លោក​នៅ​ខាង​ចិន ឬ​នៅ​ខាង​អាមេរិក​កាំង? ប៉ុន្តែ​ចម្លើយ​របស់​សម្តេច​ដែល​ជា​ការ​ចង​ចាំ​របស់​យើង​ទាំង​អស់​គ្នា គឺ​លោក​ឈរ​នៅ​លើ​ខ្មែរ ផល​ប្រយោជន៍​ខ្មែរ»។

លោក​បណ្ឌិត​អៀ សុផល សាស្ត្រាចារ្យជំនាញ​ការ​ទូត​នៅ​មហា​វិទ្យាល័យ​ Occidental​ សហរដ្ឋ​អាមេរិក ប្រាប់​ VOA តាម​សារ​អ៊ីមែល​ថា«ប្រទេស​ចិននឹងនៅ​តែ​ជា​បន្លា»ក្នុង​ទំនាក់​ទំនង​អាមេរិក​ជាមួយ​កម្ពុជា។

លោក​បន្ថែម​ថា​លោក Biden នឹង​កសាង​សម្ព័ន្ធ​មិត្ត​បរទេស ហើយ​វា​មិន​មែន​អាមេរិក​តែ​ឯង​នោះ ប៉ុន្តែ​គឺ​អាមេរិក​ជាមួយ​អឺរ៉ុប និង​បណ្តា​ប្រទេស​លោក​ខាង​លិច​ផ្សេង​ទៀត ដើម្បី​ប្រឆាំង​នឹង​ការ​បំពាន​សិទ្ធិ​មនុស្ស ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​បិទ​សិទ្ធិ​សេរីភាព។

មនុស្សឈរមើលការថ្លែងសុន្ទរកថារបស់លោក Joe Biden ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ក្រោយពេលលោកបានធ្វើសច្ចាប្រណិធាន នៅទីក្រុងហុងកុង ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

លោកស្រី ចក់ សុភាព នាយិកា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា​លោក Joe Biden បាន​ដាក់​ចេញ​នូវ​គោល​ការណ៍​ដែល​ជា​ការ​ស្តា​ឡើង​វិញ​មុខ​មាត់​របស់​អាមេរិក ទាក់ទង​នឹង​លទ្ធិ​ប្រជាធិប​តេយ្យ​និង​សិទ្ធិ​មនុស្ស​ផង​ដែរ ដូច​ជា​សិទ្ធិជន​អន្តោ​ប្រវេសន៍​ការ​ធានា​នូវ​សម​ភាព និង​បញ្ហា​រើស​អើង​ជាតិ​សាសន៍ជា​ដើម ដែល​លោកស្រី​ថា​កាល​ពី​រដ្ឋបាល​របស់​លោក Donald Trump មាន​ភាព​ចម្រូងចម្រាស​ច្រើន។

លោកស្រី​បន្ត​ថា​នេះជា​ពេល​វេលា​ដែល​លោក Biden ចាប់​ផ្តើម​ធ្វើ​ឲ្យ​សហ​រដ្ឋ​អាមេរិក​ក្លាយ​ជា​គំរូ​ភាព​ឡើង​វិញ​សម្រាប់​ប្រទេស​ដទៃ​ទៀត។

លោកស្រី​បញ្ជាក់​ថា៖ «នេះ​គឺ​ជា​ការ​បង្ហាញ​នៃ​ការ​យក​ចិត្ត​ទុក​ដាក់ មិន​មែន​តែចំពោះ​បញ្ហា​របស់​សហរដ្ឋ​អាមេរិក​ទេ ប៉ុន្តែ​គឺ​ជា​បញ្ហា​សាកល។ អញ្ចឹង​ខ្ញុំ​មើល​ឃើញ​ថា​នេះ​ជា​ការបង្ហាញ​នូវ​ជំហរ​របស់​អាមេរិក​ក្រោម​រដ្ឋបាល​ថ្មី​នេះ​ក្នុង​ការ​ធ្វើ​យ៉ាង​ម៉េច​ស្តារ​នូវ​មុខ​មាត់​របស់​អាមេរិក​នៅ​ក្នុង​ជួរ​មុខ​នៃ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្នែក​លទ្ធិ​ប្រជាធិប​តេយ្យ ហើយ​និង​គោល​ការណ៍​សិទ្ធិ​មនុស្ស»។

លោកស្រី ចក់ សុភាព បន្ថែម​ថា​លោកស្រី​ក៏​សង្ឃឹម​ថា​សហរដ្ឋអាមេរិក​នឹង​ជួយ​គាំទ្រ និង​ជំរុញ​ឲ្យ​ប្រទេស​ផ្សេងៗ​ដើរ​តាម​គោល​ការណ៍​សិទ្ធិ​មនុស្សនិង​ប្រជាធិប​តេយ្យ​ផង​ដែរ។

លោក Joe Biden ដែល​ជា​ប្រធានាធិបតី​មាន​វ័យ​ចំណាស់​ជាង​គេ​របស់​សហរដ្ឋ​អាមេរិក ក៏​បាន​ដាក់​បញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុ ជាអាទិភាព​ផង​ដែរ ដោយ​លុប​ចោល​ការ​សម្រេចចិត្ត​របស់​រដ្ឋបាល​មុន កាល​ពី​ឆ្នាំ​២០​១៧ ដែល​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​អំពី​ធាតុអាកាស​ជា​ប្រវត្តិ​សាស្ត្រ។ ការ​សម្រេច​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ​បាន​ធ្វើ​ឲ្យ​មេដឹកនាំ​ពិភព​លោក​ជាច្រើន​ខក​ចិត្ត រួម​ទាំង​កម្ពុជា​ផង​ដែរ។

លោក នេត្រ ភក្ត្រា អ្នក​នាំពាក្យ​របស់​ក្រសួង​បរិស្ថាន ចាត់​ទុក​ថាសេចក្តី​សម្រេច​របស់​រដ្ឋបាលអាមេរិក​ថ្មី​នេះ​ជា​ដំណឹង​ល្អ​មួយ ហើយ​កម្ពុជា​ស្វាគមន៍​ការ​វិល​ត្រឡប់​របស់​សហរដ្ឋ​អាមេរិក​ចូល​កិច្ច​ព្រម​ព្រៀង​នេះ​ដែល​មាន​សារ​សំខាន់​សម្រាប់​ពិភព​លោក​ទាំង​មូល។

លោក​បន្ត​ថា​សហ​រដ្ឋអាមេរិក​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូល​រួម​គាំទ្រ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អាកាសធាតុ​ក្នុង​ពិភព​លោក និងបន្ថយ​បញ្ហា​ផ្សេង​ៗ​ដែល​នាំ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​អាកាសធាតុ។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​អប​អរ​សាទរ​លោក Joe Biden។ លោក​ ហ៊ុន សែន បង្ហាញជំនឿ​ជាក់​យ៉ាង​មុត​មាំ​ថា​ក្រោម​ការ​ដឹកនាំ​របស់​លោក Biden សហរដ្ឋ​អាមេរិក​នឹង​បន្ត​រីក​ចម្រើន​ទៅ​មុខ​និង​រួម​ចំណែក​នាំ​ឲ្យ​ពិភព​លោក​មាន​ស្ថិរភាព និង​វិបុល​ភាព​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត។

លោក ហ៊ុន សែន​ក៏​បាន​គូស​បញ្ជាក់ថា​រដ្ឋាភិបាលរបស់​លោក​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញ​លេញ​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​រដ្ឋបាល​របស់​លោក Biden ដើម្បី​ជំរុញ​ទំនាក់​ទំនង​ទ្វេ​ភាគី​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត៕