ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចឥណ្ឌាត្រូវបានគេរំពឹងទុកថា នឹងនៅតែអូសបន្លាយនៅឆ្នាំក្រោយទៀត។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីលំដាប់ទី៣ មួយនេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុតរបស់ខ្លួនក្នុងអំឡុងពេល២ឆ្នាំកន្លងមកនេះ។
កំណើន៦.៩% ដែលបានចុះបញ្ចីក្នុងត្រីមាសទី៣ ពីខែកក្កដាដល់ខែកញ្ញានេះ គឺទាបជាងអ្វីដែលរដ្ឋាភិបាលបានប៉ាន់ប្រមាណទុកឆ្ងាយណាស់។ ពួកសេដ្ឋវិទូបានបន្ទោសការធ្លាក់ចុះនេះ ទៅលើទាំងកត្តាក្នុងស្រុក និងអន្តរជាតិ។ ការវិនិយោគបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានការតំឡើងការប្រាក់រហូតដល់១៣ដង ក្នុងរយៈពេលមួយឆ្នាំកន្លះមកនេះ។
កិច្ចប្រឹងប្រែងទាំងឡាយដើម្បីទប់ទល់នឹងអតិផរណាត្រូវបានបរាជ័យនាពេលកន្លងមកនេះ។ ការចុះថយនៃកំណើនសេដ្ឋកិច្ចពិភពលោក ក៏កំពុងតែចាប់ផ្តើមប៉ះពាល់ដល់ប្រទេសឥណ្ឌាផងដែរ ដោយហេតុថាការនាំចេញ និងវិនិយោគទុនពីបរទេសមានការធ្លាក់ចុះ។
ប្រធានសេដ្ឋវិទូរបស់ធនាគារ HDFC លោក អាបហ៊ីក បារួ (Abheek Barua) បាននិយាយថា ការធ្លាក់ចុះសេដ្ឋកិច្ចអាចមានសន្ទុះថែមទៀត បើមើលទៅលើកត្តានានាដែលចូលរួមចំណែកដល់ការធ្លាក់ចុះសេដ្ឋកិច្ចជាតិ ហាក់ដូចជាមិនអាចជៀសផុតភ្លាមៗបាននោះទេ។
«វាមិនដូចអ្វីដែលថា ក្រោយភ្លៀងមេឃតែងតែស្រឡះនោះទេ អ្វីៗទាំងនេះទើបតែស្ថិតនៅក្នុងដំណាក់កាលចាប់ផ្តើមប៉ុណ្ណោះ វាអាចធ្ងន់ធ្ងរជាងនេះនាឆ្នាំក្រោយ ប្រសិនបើ កត្តាមិនអនុគ្រោះទាំងអស់នេះ រឹតតែធ្ងន់ធ្ងរឡើងនោះ ហើយស៊ីណារីយោមួយនេះពិតជាទំនងនឹងអាចកើតឡើងណាស់ ហើយអ្វីទាំងនេះវាផ្ទុយពីការណែនាំរបស់រដ្ឋាភិបាលដែលថា វាគ្រាន់តែជាឆ្នាំអាក្រក់មួយប៉ុណ្ណោះ អ្វីៗនឹងល្អប្រសើរឡើងវិញនៅឆ្នាំក្រោយ។»
ពួកសេដ្ឋវិទូនិយាយថា កិច្ចប្រឹងប្រែងនានារបស់រដ្ឋាភិបាល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច គឺគ្មានហុចផលអ្វីជាផ្លែផ្កានោះឡើយ។ គម្រោងឧស្សាហកម្មនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើន គឺត្រូវបានពន្យារពេល ដោយសារតែអ្វីដែលត្រូវបានគេកំពុងតែហៅថា «ភាពជាប់គាំងខាងគោលនយោបាយ» មួយ គឺ ភាពបរាជ័យរបស់រដ្ឋាភិបាលក្នុងការធ្វើសេចក្តីសម្រេចនានា បន្ទាប់ពីមានការបញ្ចេញកំហឹងយ៉ាងខ្លាំងក្លាមួយប្រឆាំងទៅនឹងរឿងអាស្រូវទាក់ទងនឹងអំពើពុករលួយនានា ដែលពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់។
សេចក្តីសង្ឃឹមទាំងអម្បាលម៉ានដែលថា ភាពជាប់គាំងនៃគោលនយោបាយនេះនឹងវិលត្រឡប់មករកភាពប្រក្រតីវិញ អាចមិនដូចអ្វីដែលបានគិតទេ បើទោះបីជាមានការសម្រេចចិត្តថ្មីមួយ ដើម្បីបើកចំហផ្នែកលក់រាយលើទំនិញចម្រុះម៉ាកទៅឱ្យវិនិយោគិនបរទេសក៏ដោយ។ ភាពភ័យខ្លាចនានា ដែលថា អាចនឹងមានការខឹងសម្បាមួយ ប្រឆាំងទៅនឹងសេចក្តីសម្រេចនេះ ទំនងជំរុញរដ្ឋាភិបាលឱ្យពន្យារពេលអនុវត្តគោលនយោបាយរបស់ខ្លួន។
សេដ្ឋវិទូ លោក បារួ បាននិយាយថា សុទិដ្ឋិនិយមជុំវិញកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សដែលប្រទេសឥណ្ឌាសម្រេចបានពីពេលមុន គឺកំពុងតែលិចបាត់បណ្តើរៗហើយ។
«មានការវាយតម្លៃឡើងវិញមួយចំនួន អំពីបញ្ហាកំណើននេះ...មានការគិតឡើងវិញមួយចំនួន អំពីកម្រិតនៃកំណើនសេដ្ឋកិច្ចដែលប្រកបដោយនិរន្តរភាព។ ពីពេលមុន កំណើន៩% អាចទទួលបានដោយមិនចាំបាច់ប្រឹង ប៉ុន្តែឥឡូវនេះ យើងកំពុងតែខំប្រឹងយ៉ាងខ្លាំងដើម្បីសម្រេចឱ្យបានត្រឹមតែកំណើន៧%នោះ។»
រដ្ឋាភិបាលបានបន្ថយការប៉ាន់ប្រម៉ានកំណើនសេដ្ឋកិច្ចរបស់ខ្លួនមកត្រឹមប្រហែល៧.៥ភាគរយប៉ុណ្ណោះ។ នៅក្នុងរបាយការណ៍ថ្មីមួយ អង្គការសហប្រជាជាតិក៏បាននិយាយដែរថា កំណើនក្នុងប្រទេសកំពុងអភិវឌ្ឍនានា ដូចជាប្រទេសឥណ្ឌា និងចិន ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចពិភពលោក នឹងធ្លាក់ចុះក្នុងឆ្នាំ២០១២ខាងមុខនេះ៕
ប្រែសម្រួលដោយ ឃួន ធារ៉ា