ក្រុមអ្នកវិភាគ​ថ្លែង​ថា ​ការព្រួយ​បារម្ភ​នឹង​ឥណ្ឌា​ជំរុញ​ឱ្យ​ប៉ាគីស្ថាន​គាំទ្រ​​​​ក្រុម​សកម្ម​ប្រយុទ្ធ

​ក្រុមអ្នកគាំ​ទ្រគណបក្ស Pakistan Muslim League កាន់រូប​​ឧត្តម​សេនីយ​អគ្គមេបញ្ជាការ​យោធា​ Ashfaq Parvez Kayani នៅក្នុង​ទីក្រុង​ការ៉ាជី​ ប្រទេស​​ប៉ាគីស្ថាន​​នៅ​ថ្ងៃទី​១៣​​ខែ​ឧសភា​​ឆ្នាំ​២០១១។

ការខឹង​សម្បារ​ទៅ​លើ​ការវាយ​ប្រហារ​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​សម្លាប់​ អូសាម៉ា ​ប៊ិនឡាដិន ​បាន​រំលេច​ឡើង​វិញ​នូវការចោទ​ប្រកាន់​ ដែល​ថាប្រទេស​ប៉ាគីស្ថាន​ បាន​គាំទ្រក្រុម​សកម្ម​ប្រយុទ្ធ។ ក្រុមអ្នក​វិភាគ​ជាច្រើននិយាយ​ថា ​ការគាំទ្រ​បែប​នោះមាន​ឬសគល់ចេញពី​ការព្រួយ​បារម្ភ​របស់​ប៉ាគីស្ថាន​ ទៅ​លើ​អ្វី​ដែល​ខ្លួន​ចាត់ទុក​ថា​ជា​ ឥទ្ធិពល​កើនឡើង​របស់​ប្រទស​ឥណ្ឌា​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ​និង​មជ្ឈដ្ឋាន​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក។

ក្រុមមន្ត្រី​សហរដ្ឋ​អាមេរិក ​បាន​និយាយ​ថា ​គ្មាន​ភស្តុតាង​ណា​មួយ បញ្ជាក់​ឲ្យ​បាន​ច្បាស់នៅ​ឡើយ​ទេ ដែលថា​ប៉ាគីស្ថាន​បាន​ផ្តល់​ទី​ជម្រក​យ៉ាង​សកម្មដល់​អូសាម៉ា ប៊ិនឡាដិន។ ទោះយ៉ាងណា​ក៏​ដោយ​ ការណ៍ពិត​ដែល​ថាភេរវករ​ដ៏​សំខាន់​បំផុត​របស់​ពិភព​លោក ​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​ទីធ្លា​ផ្ទះ​ប្រកប​ដោយ​ផាសុកភាព​បែប​នេះ ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពីមូលដ្ឋាន​យោធា​យ៉ាង​ធំ​សម្បើម​នេះ បាន​ទាញ​ការចាប់​អារម្មណ៍​សា​ជា​ថ្មី​ទៀត​ចំពោះ​ការ​សង្ស័យ ​ដែល​ថា​ប៉ាគីស្ថាន​ បាន​គាំទ្រ​ក្រុមសកម្ម​ប្រយុទ្ធ​អ៊ីស្លាម ​ដែល​ជា​ផែ្នក​មួយ​នៃគោល​នយោបាយ​របស់​ខ្លួន​ប្រឆាំង​ឥណ្ឌា។

នៅ​ឯ​វេទិកា​កាល​ពី​ពេល​ថ្មី​ៗនេះ លោក ជេម ខ្លេដ (James Clad) អតីត​ឧបការី​រង​ក្រសួង​ការពារជាតិ បាន​ថ្លែង​ថា ការគិត​មិន​ល្អ​របស់​ប៉ាគីស្ថានទៅ​លើឥណ្ឌា ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តី​សម្រេចចិត្ត​ខាង​គោល​នយោបាយ​ទាំងអស់​របស់​ខ្លួន។

«ខ្ញុំ​គិត​ថា ប៉ាគីស្ថានប្រើ​ឱ្យ​អស់​លទ្ធភាព​នូវ​សភាពការណ៍​ខាង​ក្រៅ ​ឥទ្ធិពល​ខាង​ក្រៅ ដើម្បី​ជា​គុណ​ប្រយោជន៍​របស់​ខ្លួន​នៅ​ចំពោះ​មុខ​ការគំរាម​កំហែង​ជា​អតិ្ថភាព​ ដែល​មិនមែន​ចេញ​ពី​អាហ្វហ្កានីស្ថាន​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​ចិត្ត​របស់​ក្រុមមន្ត្រី​ទាំង​នោះ​ដែល​ជឿថា​អាចកើត​មាន​ច្រើន​បំផុត​នោះ​ គឺមក​ពី​ទិស​ខាង​កើត​ ដែល​ចេញពី​ជាតិ​ឥណ្ឌាតែ​ម្តង»។

នៅ​ឯ​សវនាការ​របស់​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក លោក ជេម ចូនស៍ (James Jones)​ ឧត្តម​សេនីយ៍​ចូល​និវត្តន៍​នៃ​កងម៉ារីន​និង​ជា​អតីត​ទីប្រឹក្សា​សនិ្តសុខ​ជាតិ ​បាន​ឲ្យ​ដឹង​ថា​ ប៉ាគីស្ថានមាន​ការព្រួយ​បារម្ភ​ជា​ពិសេសចំពោះ​ឥទ្ធិពល​កើន​ឡើង​របស់​ឥណ្ឌា​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។

«ជា​អកុសល ​ការព្រួយ​បារម្ភ​នឹងឥណ្ឌា មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ អាហ្វហ្កានីស្ថាន។ ប្រសិនបើ​អ្នក​ពិនិត្យ​មើល​ទៅ​លើ​ការព្រួយ​បារម្ភតាម​ក្រសែ​ភ្នែក​របស់​ពួក​គេ អ្នក​អាច​មាន​កង្វល់មួយចំនួនដែរ​ ដែល​ប្រហែល​ជា​ថា អ្នក​មាន​ឥណ្ឌា​នៅ​ខាង​កើត និង​អាហ្វហ្កានីស្ថាន​នៅ​ខាង​លិច។​ ហើយវត្តមាន​របស់​ឥណ្ឌា​នៅ​អាហ្វហ្កានីស្ថាន​ បាន​បង្ក​ឲ្យ​មាន​ការព្រួយ​បារម្ភ​សម្រាប់​អនាគត​យូរ​អង្វែង»។

ឥណ្ឌា ដែល​ជា​ប្រទេស​មាន​ឥទ្ធិពល​កើន​ឡើង​ខាង​សេដ្ឋកិច្ច​ បាន​ពង្រឹង​ទំនាក់​ទំនង​ការទូត​ និង​សេដ្ឋកិច្ច​ជាមួយ​អាហ្វហ្កានីស្ថាន ​ចាប់​តាំង​ពីការដួល​រលំ​រដ្ឋាភិបាល​តាលីបានក្នុង​ឆ្នាំ​២០០១មក​ម៉្លេះ។

ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក បាន​លើក​ឡើង​អំពី​ទំនាក់​ទំនង​រវាង​ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់​ដ៏​មាន​ឥទ្ធិពលនិង​ចម្រូង​ចម្រាស​របស់​ប៉ាគីស្ថាន​ ដែល​មាន​ឈ្មោះ​ថា​ នាយកដ្ឋាន​អន្តរ​សេវាកម្ម​ស៊ើប​ការណ៍​សម្ងាត់​ ឬ​ហៅ​កាត់​ថា ISI ជាមួយក្រុម​តាលីបានរបស់​អាហ្វហ្កានីស្ថាន​ ដែល​បាន​ប្រើ​ប្រាស់​ជម្រក​សុវត្ថិភាព​នៅតាម​តំបន់​កុល​សម្ព័ន្ធ​របស់​ប៉ាគីស្ថាន​ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​បើក​ការវាយ​ប្រហារ​មក​លើ​កងកម្លាំង​សហរដ្ឋ​អាមេរិក​ និងអង្គការ​ណាតូ ​ប្រចាំ​នៅ​អាហ្វហ្កានីស្ថាន។

ចាប់​តាំង​ពី​ទសវត្សរ៍​១៩៩០​មក ISI ក៏​បាន​ហ្វឹកហ្វឺន​ និង​ដាក់​ពង្រាយ​ក្រុមសកម្ម​ប្រយុទ្ធ​អ៊ីស្លាម ដូច​ជា​ក្រុម​ចេសអ៊ី ​មហាមេឌ (Jaish-e-Mohammad) និង​ក្រុម​ឡា​ស្កា​ អ៊ី ​តៃ​បា ​(Lashkar-e-Taiba) ដើម្បី​ធ្វើ​សង្គ្រាម​មិន​ផ្ទាល់​ជាមួយ​ឥណ្ឌា​ នៅ​ក្នុង​ចំណែក​ទឹកដី​មាន​ជម្លោះ​នៃ​តំបន់​កាស្មៀ (Kashmir) របស់​ឥណ្ឌា។​ ប៉ុន្តែ​នៅ​ឆ្នាំ​២០០៨ ក្រុម​ឡាស្កា​ អ៊ី តៃបា​ ឬ​ហៅ​កាត់​ថា L.E.T. បាន​បើក​ការវាយ​ប្រហារ​ភេរវកម្ម​យ៉ាង​ដំណំ នៅ​ចំ​កណ្តាល​ទីក្រុង​ម៉ុមបៃ ​(Mumbai) របស់​ឥណ្ឌា​ ដែល​មនុស្ស​ជាង​១៦០​នាក់ ត្រូវ​បាន​សម្លាប់។

តួនាទី​ផ្ទាល់​របស់​ ISI ក្នុង​ការវាយ​ប្រហារ​នោះ នៅ​មាន​ភាព​ស្រពិច​ស្រពិល​នៅ​ឡើយ។​ ប៉ុន្តែ​លោក​ ដេវីត ខូលម៉ាន ហេដលី (David Coleman Headley) ជា​ពលរដ្ឋ​អាមេរិក​ម្នាក់​ បាន​សារភាព​កំហុស​នៅ​ក្នុង​តុលាការរបស់​សហរដ្ឋ​អាមេរិក​ចំពោះ​បទ​ចោទ​ប្រកាន់​ភេរវកម្ម​សម្រាប់​តួនាទី​របស់​លោក ក្នុង​ការឈ្លប​យក​ការណ៍​លើ​មុខ​សញ្ញា​វាយ​ប្រហារ។​ លោកកំពុង​ត្រៀម​ផ្តល់​សក្ខី​កម្ម​ប្រឆាំង​នឹង​បុរស​អ្នកជំនួញ​ម្នាក់​នៅ ​ឈីកាហ្គោ (Chicago) ដែល​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​បាន​ជួយ​រូប​លោក ដែល​អាច​បញ្ជាក់​កាន់​តែ​ច្បាស់​ថែម​ទៀត​អំពី​តួនាទីរបស់​ ISI ។

លោក អូវ៉េន ស៊ើស (Owen Sirrs) គឺ​ជាអតីត​អ្នក​វិភាគ​ប្រចាំ​នៅ​ទី​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់របស់​ក្រសួង​ការពារ​ជាតិ ដែល​កំពុង​សរសេរ​អំពី​ប្រវត្តិ​សាស្រ្ត​របស់​ ISI។ លោក​ មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក មិន​អាច​ធ្វើ​មិន​ដឹង​ ទាក់​ទង​នឹងទំនាក់​ទំនង​របស់ ISI ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ធ​នោះ​ទេ។

«អ្នក​អាច​ឈប់​ប្រកាន់​យក​ទស្សនៈដែល​ថា ISI គឺ​ជា​បញ្ហាមួយ ដែល​យើង​អាច​ដោះ​ស្រាយ​បាន ឲ្យ​សោះ នៅទី​បញ្ចប់។​ ជា​មូល​ដ្ឋាន ដោយ​សារ​តែ នៅ​ទីនេះ អ្វី​ដែលយើង​កំពុង​ដោះស្រាយ​ ​គឺ​ជាការព្រួយ​បារម្ភ​របស់ប៉ាគីស្ថាន​ចំពោះ​ឥណ្ឌា ការព្រួយ​បារម្ភ​របស់​ប៉ាគីស្ថាន​ចំពោះ​អាហ្វហ្កានីស្ថាន។​ មានផ្នត់​គំនិត​មួយដែល​ត្រូវ​បាន​លាក់​ជិត​ឈឹង​នៅក្នុង​អង្គការ ISI​ ដែលពួកគេនឹងត្រូវ​ដោះស្រាយដោយខ្លួន​ឯង។ ប៉ុន្តែ​យើង​លែង​អាច​ធ្វើ​ពើថា នេះ​មិន​មែន​ជា​បញ្ហា​ទៀត​ហើយ»។

ការវាយ​ប្រហារ​លើ ​ប៊ិនឡាដិន ដែល​កងកម្លាំង​ពិសេស​របស់​សហរដ្ឋ​អាមេរិក​ អាច​បើក​ឧទ្ធម្ភាចក្រ​ចូលនិង​ចេញ​ពី​ទីក្រុង​អាប់ប៊ូត​តាបាដ ដោយ​គ្មាន​ការជ្រៀត​ជ្រែក​ពី​កងកម្លាំង​ប៉ាគីស្ថាន គឺ​ជា​ភាពអាម៉ាស់​មួយ​សម្រាប់​កងទ័ព​ប៉ាគីស្ថាន​ ដែល​បាន​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​លើ​ការ​ការពារ​ប៉ាគីស្ថាន​ពី​ឥណ្ឌា។ ​ក្រុម​មន្ត្រីនៅ​ទីក្រុង​អ៊ីស្លាម​ម៉ាបាដ (Islamabad) បាន​ថ្លែង​ថា ​ប្រសិន​បើ​សហរដ្ឋ​អាមេរិក​អាច​ឆ្លង​ព្រំដែន​របស់​យើង ដោយ​គ្មាន​ការដាក់​ទោស​ តើ​ឥណ្ឌាមិនអាច​ធ្វើ​ដូច​គ្នា​ដែរឬ​យ៉ាង​ម៉េច?

លោក ចូនស៍ អតីត​ទី​ប្រឹក្សា​សន្តិ​សុខ​ជាតិ បាន​និយាយ​ថា លោក មិន​ឃើញ​សញ្ញា​នៃ​ការផ្លាស់​ប្តូរ​ចំពោះ​ឥរិយាបថ​ប៉ាគីស្ថានទេ។

«ការ​ផ្លាស់​ប្តូរ​នឹង​ត្រូវការ​ភាពក្លាហាន​ខាង​នយោបាយ​ និង​ការគាំទ្រ​របស់​ក្រុមយោធា​ចំពោះ​ភាពក្លាហានខាង​នយោបាយ ក្នុង​ការ​ទទួល​ស្គាល់​ថា​ មាន​វិធីសាស្ត្រ​ដ៏​ប្រសើរ​ជាង​មុន ​ទាក់ទង​នឹង​ប្រទេស​ឥណ្ឌា។​ ប៉ុន្តែ​កន្លង​មក ពួកគេ​មាន​ភាពស្ទាក់​ស្ទើរ​យ៉ាង​ខ្លាំង ​ហើយ​ក្នុង​ករណី​ខ្លះ​ទៀត ជំទាស់​ទៅ​នឹង​ការ​ចាប់​យក​ឱកាស​ទៀត​ផង»។

ក្រុម​អ្នកវិភាគ ថ្លែង​ថា​ ទីក្រុង​អ៊ីស្លាម​ម៉ាបាដ ទំនង​ជា​នឹង​មិន​ស្តាប់​សហរដ្ឋ​អាមេរិក​ទេ ​នៅ​ពេល​និយាយ​អំពី​ប្រទេស​ឥណ្ឌា។ ទំនាក់​ទំនង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​អ៊ីស្លាមម៉ាបាដ​ មាន​ភាពល្អក់​កករ មិន​គ្រាន់តែ​ដោយសារ​ការចោទ​ប្រកាន់​ទៅ​លើ​ការគាំទ្ររបស់​ ISI ចំពោះ​ក្រុមសកម្ម​ប្រយុទ្ធ​ប៉ុណ្ណោះ​ទេ។ ប៉ាគីស្ថាន ដែល​បាន​ទទួល​ជំនួយ​សហរដ្ឋ​អាមេរិក​ ក្នុង​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ក៏​មាន​ការព្រួយ​បារម្ភ​អំពី​ភាព​ស្និទ្ធ​ស្នាល​កើន​ឡើង​រវាង​ទីក្រុងវ៉ាស៊ីនតោន​ និង​ញូវដេលី (New Delhi) ទៀត​ផង។​ សម្រាប់​ភាពប្រកាស​អាសន្ន​ដល់​ទីក្រុង​អ៊ីស្លាមម៉ាបាដ​ គឺ​សហរដ្ឋ​អាមេរិក​ និង​ឥណ្ឌា​ឈាន​ទៅ​រកកិច្ច​ព្រមព្រៀង​ដ៏​គួរ​ឲ្យ​សម្គាល់មួយ ស្តី​ពី​កិច្ចសហ​ប្រតិបត្តិការ​ឋាមពលនុយក្លេអ៊ែរ​ស៊ីវិល ​ជា​កិច្ចព្រមព្រៀង ​ដែល​ប៉ាគីស្ថាន​ចង់​បាន​ផ្ទាល់​ខ្លួន​ដែរ។ ហើយ កាល​ពី​ឆ្នាំមុន លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា សម្តែង​ការគាំទ្រ​ចំពោះ​អសនៈអចិន្ត្រៃយ៍​របស់​ប្រទេសឥណ្ឌា​ នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​របស់អង្គការ​សហ​ប្រជាជាតិ៕

ប្រែសម្រួល​ដោយ​ លី សុខឃាង