អ្នកវិភាគពិនិត្យមើលបរាជ័យផ្នែកសន្តិសុខរបស់អ៊ីស្រាអែលក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់

រូបឯកសារ៖ ទាហានអ៊ីស្រាអែលធ្វើសកម្មភាពនៅក្បែរព្រំដែនតំបន់ហ្គាហ្សា ដែលស្ថិតនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣។

អ្នកវិភាគ​ចង្អុល​បង្ហាញ​ពី​ការបរាជ័យ​ផ្នែក​សន្តិសុខ​ជាច្រើន​របស់បណ្តាញ​ស៊ើបការណ៍​សម្ងាត់​ និង​យោធាអ៊ីស្រាអែល​ មុនពេល​ការវាយ​ប្រហារ​ដែល​មិនធ្លាប់​មាន​ពីមុន​មក​របស់​ក្រុមហាម៉ាស់លើ​អ៊ីស្រាអែល។

លោក Andrew England ​អ្នកនិពន្ធនាយក​ប្រចាំ​តំបន់​មជ្ឈិមបូព៌ា​នៃ​កាសែត Financial Times​ របស់​ទីក្រុង​ឡុងដ៍​ សម្តែង​ការភ្ញាក់ផ្អើល​ចំពោះ​សមត្ថភាព​របស់​ពួកសកម្ម​ប្រយុទ្ធ​ហាម៉ាស់​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ក្នុង​ការបើក​ការវាយ​ប្រហារ​ដោយ​សម្របសម្រួល​ពី​តំបន់​ហ្គាហ្សា​ ដែល​ហ៊ុមព័ទ្ធ​ដោយ​របង​យោធា​អ៊ីស្រាអែល ​និង​ប៉ុស្តិ៍​ត្រួតពិនិត្យ។ ទាំង​សហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប​បាន​ចាត់​ទុកក្រុម​ហាម៉ាស់ជា​អង្គការ​ភេរវកម្ម។

លោក ​England ​បាន​សរសេរ​ថា៖ «ប្រតិបត្តិការ​ដ៏​ប្រល័យ​ ដែល​បាន​រៀបចំ​ផែនការ​យ៉ាង​ប្រុងប្រយ័ត្ន ​និង​ ពហុមុខ​របស់​ក្រុមហាម៉ាស់​បាន​ធ្វើ​ឲ្យ​មាន​សុបិន​ដ៏​អាក្រក់​ដ៏គួរ​ឱ្យ​ភ័យខ្លាច​បំផុត​សម្រាប់​អ៊ីស្រាអែល៖ ​ជនស៊ីវិល​ជាប់ផុង​នៅ​សមរភូមិ​ជួរមុខ​នៃ​ជម្លោះ​ដ៏រ៉ាំរ៉ៃ ​ខណៈដែល​ផ្ទះ​របស់​ពួកគេ​បាន​ក្លាយ​ជា​តំបន់​សង្រ្គាម។ លោក​បាន​និយាយ​ថា​វា​ «បង្ហាញ​ពី​ការបរាជ័យ​ផ្នែក​ស៊ើបការណ៍​សម្ងាត់​ដ៏ធំ​មួយ​ដែល​នឹង​បញ្ជូន​រលក​នៃ​ការតក់ស្លុត​ និង​ការភ័យខ្លាច​ ទៅ​ដល់​សង្គម​អ៊ីស្រាអែល​ទាំង​មូល»។

លោក​ Natan Sachs ​ដឹកនាំ​មជ្ឈមណ្ឌល​សម្រាប់​គោល​នយោបាយ​មជ្ឈិម​បូព៌ា​នៅវិទ្យាស្ថាន​Brookings ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក​បាន​ប្រាប់​ទស្សនិកជន​តាម​អ៊ីនធឺណេត​នៅ​សប្តាហ៍​នេះ​ថា​៖ «វិបត្តិ​នៃ​ការមិនជឿ​ទុកចិត្ត​យ៉ាង​ជ្រាលជ្រៅ​ទៅ​លើ​រដ្ឋ​និង​យោធា​របស់​អ៊ីស្រាអែល»​ ឥឡូវនេះ​មាន​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រាអែល​ដែល​មាន​ការប៉ះទង្គិច​ផ្លូវចិត្ត។ លោក​ Sachs ​ក៏​ដូច​អ្នក​ដទៃ​ដែរ​ រំពឹង​ថា​នឹង​មាន​ការ​ឆ្លើយ​តប​យ៉ាង​តឹងរ៉ឹង​របស់​អ៊ីស្រាអែល​លើ​ក្រុម​ហាម៉ាស់។

លោកថ្លែងថា៖ «មាន​ឆន្ទៈ​ក្នុង​ការទាមទារនៅក្នុង​ប្រទេស​អ៊ីស្រាអែល​ឲ្យ​សងសឹក​វិញ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ពេលអតីតកាល។ ការណ៍​នេះ​នឹង​ក្លាយជា​ពេល​វេលា​ដ៏​អាក្រក់​មួយ​នៅ​តំបន់​ហ្គាហ្សា។ ខ្ញុំដឹង​ប្រាកដ​ថា​នឹងមានកង​កម្លាំង​ជើង​គោក​ចូល​វាយ​លុក។ ការអំពាវនាវ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ ឲ្យ​ផ្តួល​រំលំ​កងកម្លាំង​ក្រុម​ហាម៉ាស​ឥឡូវនេះ​គឺ​ខ្លាំង​ឡើង​ៗ។​ ខ្ញុំ​មិន​ដឹង​ថា​ការអំពាវនាវ​របស់​ពួកគេ​នឹងបាន​ផល​យ៉ាងណា​នោះ​ទេ ​ប៉ុន្តែ​ខ្ញុំ​ក៏​មិន​បដិសេធ​វា​ដែរ»។

អ្នកសង្កេតការណ៍​ផ្សេង​ទៀត​និយាយ​ថា ​អ៊ីស្រាអែល​បាន​ប្រមូលផ្តុំ​កងទ័ព​នៅ​តំបន់ West Bank​ និង​ភាគ​ខាងជើង​បន្ថែម​ទៀត ​ក្នុង​ការប្រមើលមើល​ដល់​ការផ្ទុះ​អំពើ​ហិង្សា​នៅ​ទីនោះ​ ជាជាង​នៅជិត​ព្រំដែន​ភាគ​ខាងត្បូង​ជាមួយ​តំបន់​ហ្គាហ្សា។ ពួកគេ​បាន​កត់សម្គាល់​ពី​ការជំរុញ​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល​ដែល​ប្រកាន់​ស្តាំ​និយម​នា​ពេលបច្ចុប្បន្ន​ក្នុង​ការរៀបចំ​ឡើងវិញ​នូវ​តុលាការ​កំពូល​ ដោយ​បណ្តាល​ឲ្យ​មាន​ការតវ៉ា​ដ៏​ខ្លាំងក្លា​ជាច្រើន​ខែ​ពី​ប្រជា​ពលរដ្ឋ ​រួម​ទាំង​ទាហានបម្រុង​ផង​ដែរ​ ដែល​អាច​ត្រូវ​បាន​ក្រុម​ហាម៉ាស់​ចាត់ទុក​ថា​ជា​ចំណុច​ខ្សោយ។

លោក​ Patrick Lane ​នៃ​ទស្សនាវដ្តី​ The Economist ​បាន​សរសេរ​ថា៖​ «ក្រុម​ហាម៉ាស់​ត្រូវតែ​សង​ថ្លៃ​ខូចខាត​ដោយសារ​ភាព​ឃោរឃៅ​របស់​ខ្លួន។ ប៉ុន្តែ​វា​ក៏​ច្បាស់​ដែរ​ថា​ គោលនយោបាយ​ដែល​បាន​បន្ត​ជាយូរ​មកហើយ​របស់​លោក ​Binyamin Netanyahu​ ក្នុង​ការមិន​អើពើ​នឹង​សេចក្តី​ប្រាថ្នា​របស់​ប៉ាឡេស្ទីន​ឲ្យ​មាន​អធិបតេយ្យភាព​គឺ​ស្ថិត​ក្នុង​ភាព​បែកខ្ញែក»។

ខណៈដែល​អ៊ីស្រាអែល​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដ៏​ទំនើប​ដែល​រួមមាន​ប្រព័ន្ធ​ស្ទាក់ចាប់​មីស៊ីល​ Iron Dome ​និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ អតីត​មន្ត្រី ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​(CIA) នៅ​មជ្ឈិម​បូព៌ា​ លោក Bob Baer ​បាន​ប្រាប់​ទូរទស្សន៍​ CNN ​ថា ​ទាំង​សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​មិនមាន​ការស៊ើបការណ៍​ល្អ​លើ​ក្រុមហាម៉ាស់ ​និង​ផែនការ​របស់​ក្រុម​នោះ​ទេ។

លោកថ្លែងថា៖ «ពួកគេ​មិន​ប្រើ​ទូរស័ព្ទ​ចល័តទេ។ មិនមាន​ទិន្នន័យ​ដើម​អំពី​មនុស្ស​ទាំងនេះ​ទេ។ ដូច្នេះ ​អង្គការ​នេះ​បាន​ក្លាយ​ជា​ស្ថាប័ន​មួយ​ដែល​មាន​វិន័យ​ខ្លាំង។ ជនជាតិ​អ៊ីស្រាអែល​មិនមាន​អ្នកស៊ើបការពូកែ​ណាមួយ​នៅក្នុងតំបន់​ហ្គាហ្សា​ទេ។ បើមិន​ដូច្នេះ​ទេ ​ពួកគេ​បាន​ដឹង​អំពីការវាយប្រហារនេះហើយ។ វាពិតជា​ចន្លោះ​ប្រហោង​ដ៏ធំ​មួយសម្រាប់​អ៊ីស្រាអែល។ ការ​ទម្លាក់​គ្រាប់បែក​លើ​តំបន់​ហ្គាហ្សា​នឹង​ប្រថុយ​នឹង​មាន​សង្គ្រាម​ក្នុង​តំបន់»។
ការវាយប្រហារ​ដោយ​គ្រាប់រ៉ុក្កែត​ពី​ប្រទេស​លីបង់​ចូល​ទៅក្នុង​ភាគ​ខាងជើង​ប្រទេស​អ៊ីស្រាអែល​កាលពី​ល្ងាច​ថ្ងៃអង្គារ​ដល់​ព្រឹក​ថ្ងៃពុធ​បាន​ធ្វើឱ្យ​មាន​ការព្រួយ​បារម្ភ​អំពី​គ្រោះថ្នាក់​កាន់តែ​ធំ។

លោក​ Sachs ​នៃ​វិទ្យាស្ថាន​ Brookings​ និយាយ​ថា​ ការពិចារណា​លើ​គោលនយោបាយ​ដ៏​សំខាន់​បំផុត​មួយ​គឺ​ធ្វើឱ្យ​ប្រាកដ​ថា ​ក្រុមហេសបូឡា​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​នៅ​ប្រទេស​លីបង់ មិន​ហក់​ចូល​ជម្លោះ​នេះ។

លោកថ្លែងថា៖ «ក្រុម​ហេសបូឡា​មាន​កម្លាំង​ខ្លាំងជាង​ក្រុមហាម៉ាស់​ច្រើន​ណាស់​ ហើយ​ការឆ្លើយតប​របស់​អ៊ីស្រាអែល​នៅ​លីបង់​ ខ្ញុំ​ខ្លាច​ថា​នឹង​មាន​ការបំផ្លិច​បំផ្លាញ​យ៉ាង​ពិតប្រាកដ​នៅក្នុង​ប្រទេស​ដែល​កំពុងតែ​វិលវល់​ដោយសារវិបត្តិ​ក្នុង​ស្រុក​ដ៏​ធំ​សម្បើម។ ប្រសិនបើ ​ក្រុម​ហេសបូឡា​ សម្រេចចិត្ត​ចូលរួម​ ខ្ញុំ​មិន​គិត​ថា​អ៊ីរ៉ង់​នឹង​ចូលរួម​ទេ។ យើង​នឹង​ឃើញ​ការ​បំផ្លិចបំផ្លាញ​ដ៏​ធំ​នៅ​ភាគ​ខាង​ជើង​យ៉ាង​ច្បាស់​ដោយ​សារ​អ៊ីស្រាអែល​មាន​អារម្មណ៍​ថា​ត្រូវ​បាន​រុញ​ផ្ទប់​នឹង​ជញ្ជាំង»។

លោក​ Karim Emile Bitar ​នៃ​មជ្ឈមណ្ឌល​គោល​នយោបាយ​សន្តិសុខ​ក្រុង​ហ្សឺណែវ (Geneva for Security Policy)​ បាន​ប្រាប់​ទូរទស្សន៍ France24 ​ថា ​ខណៈពេល​ដែល​ក្រុម​ហាម៉ាស់​ អាច​រៀបចំ​ផែនការ​នេះ​តែម្នាក់ឯង​ វា​ហាក់​ដូចជា​អ៊ីរ៉ង់​បាន​ផ្តល់​ការគាំទ្រ ​ប៉ុន្តែ​អ៊ីរ៉ង់​បាន​បដិសេធ​ការអះអាង​នេះ។

លោក Bitar ​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ​អ៊ីរ៉ង់កំពុង​ព្រួយ​បារម្ភ​កាន់តែ​ខ្លាំង​ឡើង​ ដោយសារតែ​ទំនាក់​ទំនង​រវាង​អារ៉ាប៊ី​សាអូឌីត​ និង​អ៊ីស្រាអែល​ដែល​កំពុង​បន្ត»​ ដែល​អាច​ពន្យល់​បានពី​ «ចំណុច​របត់​នេះ​នៅក្នុង​ជម្លោះ​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន»៕