អ្នកវិភាគ៖​ ការ​វាយ​កម្ទេច​អគារ​កងទ័ព​ជើងទឹក​ជួសជុល​ដោយ​អាមេរិក​ បង្កើន​មន្ទិល​កម្ពុជា​កាន់​តែ​រំកិល​ទៅ​រក​ចិន​

រូបភាពពីផ្កាយរណបបង្ហាញមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា។

កាល​ពី​សប្តាហ៍​មុន​ ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា​ខ្លួន​បាន​សម្រេច​វាយ​កម្ទេច​ចោល​អគារ​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹករាម​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ដែល​សាង​សង់​និង​ជួសជុល​ឡើង​វិញ​ ដោយ​ប្រាក់​ជំនួយ​សហ​រដ្ឋ​អាមេរិក។​

ក្រុម​អ្នកវិភាគ​បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ការ​វិវឌ្ឍ​ចុងក្រោយ​នេះ​បញ្ជាក់​ជា​ថ្មី​ទៀត​ថា​ កម្ពុជា​ទំនង​ជា​ប្រឹង​ប្រែង​ទៅអែប​នឹង​ប្រទេស​ចិន​កាន់​តែខ្លាំង​ឡើង​ បើ​ទោះ​ជា​ប្រទេស​នេះ​អាច​ប្រឈម​នឹង​ការ​ខាត​បង់​ប្រយោជន៍​សេដ្ឋកិច្ច។​

«ដោយសារ​តែ​ប្រទេស​ចិន​កំពុង​ប៉ុនប៉ង​ទាញ​ឲ្យ​ចូល​ជា​ធ្លុង​មួយ​នៃ​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ហើយ​លោក​ ហ៊ុន សែន​ ពឹង​ផ្អែក​លើ​ចិន​នោះ ​គឺ​ហេតុ​ដូច្នោះ​ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក»

លោក​ Paul Chambers​ ដែល​ជា​អ្នក​វិភាគ​នយោបាយ​និង​ជា​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​ Naresuan​ ក្នុង​ប្រទេស​ថៃ​ ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ការ​វាយ​កម្ទេច​អគារ​យោធា​ដែល​ជា​ជំនួយ​របស់​អាមេរិក​នេះ ​ទំនង​ជា​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​ចង់​ផ្តល់​សញ្ញា​ទៅ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ថា ​ខ្លួន​គឺ​ប្រាកដ​ណាស់​មិន​ឃ្លាត​ឆ្ងាយ​ពី​ចិន​ទេ។​

លោក​បាន​អធិប្បាយ​តាម​ន័យ​ដើម​ថា៖​ «នេះ​ប្រហែល​ជា​ការ​បង្ហាញ​មួយ​របស់​រដ្ឋាភិបាល​លោក ​ហ៊ុន សែន ​ទៅ​ទី​ក្រុង​ប៉េកាំង​ថា ​កម្ពុជា​ត្រូវ​បាន​ធានា​ថា​នឹង​ស្ថិត​តែ​នៅ​ក្នុង​រង្វង់​មិត្ត​ភាព​របស់​ចិន»។​

អ្នក​វិភាគ​រូបនេះ​បន្ថែម​ថា ​កម្ពុជា​បាន​សម្រេច​វាយ​កម្ទេច​ចោល​អគារ​ដែល​ជា​ជំនួយ​របស់​អាមេរិក​យ៉ាង​ដូច្នេះ​ គឺ​ព្រោះតែ​កម្ពុជា​ចង់​ជួយ​ចិន​ឲ្យ​សម្រេច​បាន​គោល​បំណង​របស់​ចិន ​ដែល​កំពុង​កៀរ​គរ​ឲ្យ​មាន​សម្ព័ន្ធ​មិត្ត​មួយ​ជាក់​លាក់​ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​

លោក​លើក​ឡើង​ថា៖​ «ដោយសារ​តែ​ប្រទេស​ចិន​កំពុង​ប៉ុនប៉ង​ទាញ​ឲ្យ​ចូល​ជា​ធ្លុង​មួយ​នៃ​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ហើយ​លោក​ ហ៊ុន សែន​ ពឹង​ផ្អែក​លើ​ចិន​នោះ ​គឺ​ហេតុ​ដូច្នោះ​ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក»។​

លោក​ Paul Chambers​ បាន​កត់​សម្គាល់​ថា​ លោក​ ហ៊ុន សែន ​មិន​ហ៊ាន​ធ្វើ​ឲ្យ​ចិន​ខឹង​សម្បារ​នោះ​ទេ​ ទោះ​បី​រដ្ឋាភិបាល​លោក​ត្រូវ​ការ​សហ​រដ្ឋ​អាមេរិក​ ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​អំណាច​ចិន​ដែល​កំពុង​កើន​ឡើង។​

លោក​ផ្តល់​សេចក្តី​អធិប្បាយ​ថា៖ ​«អ្វី​ដែល​លោក ​ហ៊ុន សែន​ ចង់​បាន​ពី​សហ​រដ្ឋ​អាមេរិក​នោះ ​គឺ​ជា​មធ្យោបាយ​មួយ​ចំនួន​ ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យការ​នៃ​អំណាច​ចិន​ដែល​កំពុង​កើន​ឡើង​ខ្លាំង​ ខណៈ​ដែល​ប្រទេស​នេះ​បាន​ស្រូប​យក​កម្ពុជា​ តាម​រយៈ​សេដ្ឋកិច្ច។​ ប៉ុន្តែ​លោក ​ហ៊ុន សែន​ ភ័យ​ខ្លាច​ខ្លាំង​ណាស់​ មិន​ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​ខឹង​ ហើយ​ដោយ​ហេតុ​ដូច្នេះ​ហើយ ​ទើប​រដ្ឋាភិបាល​[កម្ពុជា]​ វាយ​ចោល​អគារ​ដែល​ជា​ជំនួយ​របស់​អាមេរិក​នៅ​រាម»។​

វីអូអេ​ មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បន្ថែម​ពី​នាយ​ឧត្តមសេនីយ៍​ ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ និង​នាយ​ឧត្តម​សេនីយ៍​ ឈុំ​ សុជាតិ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​ទេ​ នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

ក្នុង​បទ​សម្ភាសន៍​មួយ​ជា​មួយ​នឹង​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​ កាលពី​ថ្ងៃ​សៅរ៍ លោក​ ទៀ បាញ់ ​បាន​ពន្យល់​ថា​ កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​ដែល​មាន​សិទ្ធិ​វាយ​អគារ​ណា​មួយ ​ដែល​ជា​ជំនួយ​របស់​បរទេស​ ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​នោះ​ឡើយ។​

លោក​អះអាង​ថា​ ការ​វាយ​ចោល​អគារ​ដែល​ជា​ជំនួយ​របស់​សហ​រដ្ឋ​អាមេរិក​នោះ​ គឺ​គ្មាន​ចេតនា​ផ្គាប់​ចិត្ត​ប្រទេស​ណា​មួយ​ ហើយ​ការ​វាយ​ចោល​អគារ​នេះ​ គឺ​ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​កែ​លម្អ​ និង​ពង្រីក​កំពង់ផែ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បង្កើន​សមត្ថភាព​ការពារ​ជាតិ។​

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទះដៃ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ចិន លោក Li Keqiang ក្នុង​អំឡុងពេល​នៃ​ពិធី​ចុះ​ហត្ថលេខា​មួយ​នៅ​ឯ​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃ​ទី២២ ខែមករា ឆ្នាំ​២០១៩។

លោក ​ឯម សុវណ្ណារ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ មាន​ប្រសាសន៍​ថា កម្ពុជា​គួរ​ផ្តល់​សេចក្តី​ពន្យល់​បន្ថែម​ទៅ​ភាគី​សហ​រដ្ឋ​អាមេរិក ​ដើម្បី​បញ្ចៀស​ភាព​ស្រពេច​ស្រពិល​នានា ​នៅ​ក្នុង​ទំនាក់​ទំនង​កម្ពុជានិងសហរដ្ឋអាមេរិក។​

លោក​ថា ​កម្ពុជា​នៅ​មាន​ពេល​ដើម្បី​ចាប់​យក​ដៃ​គូ​ក្នុង​ទិដ្ឋភាព​ពហុនិយម​ ដោយ​មិន​អាច​ផ្អែក​តែ​ទៅ​លើ​ការ​ពង្រីក​ចំណង​ទាក់ទង​ជាមួយ​ប្រទេស​មួយ​ ហើយ​មក​បង្ក​ភាព​មិន​ច្បាស់​លាស់​នៃ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ផ្សេង​ទៀត។​

«បច្ចុប្បន្ន​ វា​លែង​ជា​ឯក​ប៉ូល​អី​ទៀត​ហើយ ​វា​ទៅ​ជា​ពហុប៉ូល ហើយ​មាន​សហ​រដ្ឋ​អាមេរិក ​មាន​ចិន​ មាន​រុស្ស៊ី​ មាន​បារំាង ​អង់គ្លេស​អ៊ីចឹង។​ ដូច្នេះ​ កម្ពុជា​គួរ​តែ​មាន​ពេល​វេលា​ ហើយ​មាន​លទ្ធភាព​ឆ្លើយ​បំភ្លឺ​ឲ្យ​ច្បាស់​លាស់​ បើ​មិន​ដូច្នោះ​ទេ ​កម្ពុជា​អាច​ស្ថិត​នៅ​ក្នុង​គេ​ហៅ​ថា ​ភាព​សង្ស័យ​ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែ​លំបាក ​ឬ​ក៏​បរិយាកាស​នយោបាយ​ការ​បរទេស​កម្ពុជា​ ហើយ​និង​វិនិយោគ​កម្ពុជា​កាន់​តែ​មាន​ភាព​ស្រពេច​ស្រពិល​ទៅ​វិញ​ទេ»។​

លោក​ Chad Roedemeier ​អ្នក​នាំពាក្យ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា សហ​រដ្ឋ​អាមេរិក​បាន​ផ្តល់​ថវិកា​ប្រមាណ ​៤​ លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ដើម្បី​កសាង​អគារ​ពីរ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម។​ លោក​ឲ្យ​ដឹង​ទៀត​ថា​ សហ​រដ្ឋ​អាមេរិក​មាន​របាយ​ការណ៍​ ដែល​អាច​ទុក​ចិត្ត​បាន​ថា​ អគារ​សន្តិសុខ​ដែន​សមុទ្រ​ដែល​ជា​ជំនួយ​របស់​អាមេរិក​ដែល​កសាង​ឡើង​នៅ​ឆ្នាំ​ ២០១២​ និង​បាន​កែ​លម្អ​ឡើង​វិញ​នាពេល​ថ្មីៗ​នេះ​ យ៉ាង​ហោច​ណាស់​ត្រូវ​បាន​វាយ​កម្ទេច​ចោល​ដោយ​ផ្នែកៗ។​

«យើង​មាន​ការ​បារម្ភ​ថា​ ការ​វាយ​ចោល​អគារ​នោះ​ប្រហែល​ជា​ត្រូវ​បាន​ចង​ភ្ជាប់​ទៅ​នឹង​ផែនការ​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ផ្តល់​ឲ្យ​មាន​ការ​ដាក់​សម្ភារៈ​យោធា​និង​ក្រុម​ទាហាន​របស់​កងទ័ព​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម»

ទោះ​ជា​យ៉ាង​ណា​ លោក​បាន​អធិប្បាយ​ថា​ សហ​រដ្ឋ​អាមេរិក​នៅ​តែ​ទទូច​ដល់​កម្ពុជា​ម្តង​ហើយ​ម្តង​ទៀត ​ឲ្យ​ចាត់​រាល់​វិធាន​ការ​ដើម្បី​ការពារ​ដែន​អធិបតេយ្យ​ភាព​របស់​ខ្លួន ​និង​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​មួយ​ណា​ មាន​សិទ្ធិ​ផ្តាច់​មុខ​នៃ​ការ​ប្រើប្រាស់​ទីតាំង​យោធា​នៅ​ក្នុង​ព្រំដែន​ខ្លួន។​

លោក​បាន​ថ្លែង​បញ្ជាក់​តាម​សារ​អ៊ីម៉ែល​យ៉ាង​ដូច្នេះ​ថា៖​ «ការ​សម្រួល​ឲ្យ​គ្រប់​ដៃ​គូ​កម្ពុជា​បាន​ចូល​ទៅ​មូលដ្ឋាន​រាម ​ដូច​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ធ្លាប់​បាន​ថ្លែង​ហើយ​ ដោយ​មិន​មាន​នរណា​អាច​មាន​សិទ្ធិ​ផ្តាច់​មុខ​ ឬ​ក៏មាន​វត្តមាន​អចិន្ត្រៃយ៍​នោះ​ នឹង​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​និង​បញ្ចៀស​ការ​ធ្វើ​ឲ្យ​ខូច​ស្ថិរភាព​តំបន់»។​

មន្ទីរ​បច្ចកោណ​សហ​រដ្ឋ​អាមេរិក​ បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​មួយ ​កាលពី​ថ្ងៃ​សុក្រ​ថា​ ខ្លួន​មាន​ការ​បារម្ភ​អំពី​របាយ​ការណ៍​ជាច្រើន​ដែល​ថា​ អគារ​ស្នាក់ការ​នៃ​កលយុទ្ធ​របស់​កងទ័ព​ជើង​ទឹក​កម្ពុជា​ ដែល​ជា​ជំនួយ​របស់​សហ​រដ្ឋ​អាមេរិក ​ត្រូវ​បាន​កម្ទេច​ចោល ​និង​សុំ​ឲ្យ​មាន​ការ​ពន្យល់​ពី​រដ្ឋាភិបាល​កម្ពុជា។​

មន្ទីរ​បច្ចុកោណ​បាន​ថ្លែង​ថា៖​ «យើង​មាន​ការ​បារម្ភ​ថា​ ការ​វាយ​ចោល​អគារ​នោះ​ប្រហែល​ជា​ត្រូវ​បាន​ចង​ភ្ជាប់​ទៅ​នឹង​ផែនការ​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ផ្តល់​ឲ្យ​មាន​ការ​ដាក់​សម្ភារៈ​យោធា​និង​ក្រុម​ទាហាន​របស់​កងទ័ព​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម»។​

លោក​ សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ច្រាន​ចោល​ការ​កត់​សម្គាល់​របស់​មន្ទីរ​បច្ចកោណ។​ លោក​ថា ​កម្ពុជា​គ្មាន​បំណង​ប្រែក្លាយ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម ​ជា​ទី​បម្រើ​ដល់​សកម្មភាព​កងទ័ព​ចិន​នោះ​ទេ។​

«ខ្ញុំ​ថា​ សម្តេច​ ទៀ បាញ់​ លោក​បាន​ប្រកាស​ហើយ ​ក្នុង​នាម​ក្រសួង​ការពារ​ជាតិ​ គឺ​ថា​អា​ទីតាំង​ហ្នឹង​វា​ជា​សិទ្ធិ​ផ្តាច់​មុខ​របស់​កម្ពុជា។​ មាន​អី​ឆ្ងល់​ទៀត?​...​វា​ជា​សិទ្ធិ​ផ្តាច់​មុខ​របស់​កម្ពុជា ​ហើយ​កង​ទ័ព​កម្ពុជា​ត្រូវ​ការ​អភិវឌ្ឍ​ដែរ»៕