អ្នកជំនាញកិច្ចការតំបន់មើលឃើញថា ទំនាក់ទំនងល្អរវាងកម្ពុជា-ជប៉ុន នឹងបន្ថយឥទ្ធិពលរបស់ចិននៅកម្ពុជា ហើយអាចនាំឱ្យ «មានតុល្យភាព» នៃទំនាក់ទំនងការបរទេស។
ការលើកឡើងរបស់អ្នកឃ្លាំមើលកិច្ចការតំបន់បែនេះ កើតមានបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសជប៉ុន អ្នកស្រី ខាមីខាវ៉ា យ៉ូកុ (Kamikawa Yoko) បានធ្វើទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី៥ ដល់ទី៦ ខែកក្កដា ដោយបានជួបជាមួយមន្ត្រីជាន់ខ្ពស់របស់កម្ពុជាដូចជា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រីលោកហ៊ុន ម៉ាណែត និងឧបនាយករដ្ឋមន្ត្រីលោក សុខ ចិន្តាសោភា។
អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក លឹម ឆាយ ប្រាប់វីអូអេថា កិច្ចសហប្រតិបត្តិការកាន់តែកើនឡើងរវាងប្រទេសកម្ពុជា និងជប៉ុន ជាការបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យាឌីជីថល និងសន្តិសុខ ដែលផ្តល់ឱ្យកម្ពុជាមានឥទ្ធិពល ចន្លោះការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងចិន។
លោកបន្ថែមក្នុងន័យដើមជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖ «នៅក្នុងយុទ្ធសាស្ត្រដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន កម្ពុជាបានដំឡើងនូវទំនាក់ទំនងការទូតរយៈពេល ៧០ឆ្នាំរបស់ខ្លួនជាមួយប្រទេសជប៉ុនទៅជា«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»នៅឆ្នាំ ២០២៣ ដោយលើកប្រទេសជប៉ុនទៅជាទីតាំងសំខាន់មួយក្នុងទំនាក់ទំនងការបរទេសរបស់កម្ពុជា»។
បើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ របស់ ក្រសួងការបរទេសកម្ពុជា ក្នុងដំណើរទស្សនកិច្ចរដ្ឋមន្រ្តីការបរទេសជប៉ុន ភាគីកម្ពុជា និងជប៉ុនបានឯកភាពទំនាក់ទំនង មានភាពកាន់តែរឹងមាំ ព្រមទាំងបានផ្លាស់ប្តូរយោបល់ក្នុងការបន្តលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលមានសក្តានុពល និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «រដ្ឋមន្ត្រីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងសកម្មក្នុងវិស័យការពារជាតិ និងសន្តិសុខ និងបានអបអរសាទររៀបចំកិច្ចសន្ទនាថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ជប៉ុន លើកទី១ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងនគរបាលជើងទឹកកម្ពុជា ជាមួយឆ្មាំសមុទ្រជប៉ុន ហើយភាគីជប៉ុនបានសន្យាផ្តល់នាវាល្បាតដល់នគរបាលជាតិកម្ពុជាផងដែរ»។
អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់វីអូអេថាទំនាក់ទំនងកម្ពុជា និងជប៉ុន ជាទំនាក់ទំនងដ៏គួរឱ្យទុកចិត្ត ស្មោះត្រង់ និងជាប្រពៃណី ខណៈរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋមានទំនុកចិត្តលើជប៉ុនខ្លាំងជាងចិន។
លោកថ្លែងថា៖ «ដំណើរទស្សនកិច្ចថ្មីៗរបស់លោកស្រីរដ្ឋមន្ត្រីការបរទេស យើងមើលឃើញជំនួយ និងការជំរុញកិច្ចសហប្រតិបត្តិការនានារវាងជប៉ុន និងកម្ពុជា គឺផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋច្រើនមែនទែន។ អាចំណុចនេះហើយដែលធ្វើឱ្យជប៉ុនចង់រក្សាវត្តមានឥទ្ធិពលរបស់គាត់ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋ ហើយកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងមូល មិនត្រឹមតែអ្នកនយោបាយ ឬអ្នកមានឥទ្ធិពលក្នុងជួររដ្ឋាភិបាលប៉ុណ្ណោះទេ»។
បើតាមអ្នកវិភាគរូបនេះ ជប៉ុនជាដៃគូដ៏សំខាន់សម្រាប់កម្ពុជា ជាពិសេសការសម្របសម្រួលដើម្បីឱ្យកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសលោកខាងលិច។
ប្រទេសជប៉ុនមានភាពសកម្មក្នុងការពង្រីកជំនួយក្នុងការស្តារប្រទេសកម្ពុជាឡើងវិញនៅក្រោយការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩៣។ បើតាមអគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ពាណិជ្ជកម្មទ្វេភាគីជប៉ុន-កម្ពុជាឈានដល់ ១.៨០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ។
មេដឹកនាំកម្ពុជា និងជប៉ុនបានព្រមព្រៀងគ្នាដំឡើងភាពជាដៃគូទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅឆ្នាំ ២០២៣ នៅពេលប្រារព្ធខួបលើកទី ៧០ ឆ្នាំនៃចំណងការទូតរវាងប្រទេសទាំងពីរ។
កាលពីកន្លងទៅមេដឹកនាំនៃប្រទេសទាំងពីរវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលជាសក្ខីភាពបង្ហាញពីភាពរឹងមាំផ្អែកលើសាមគ្គីភាពក្នុងភាពចម្រុះ និងបានបញ្ជាក់ពីភាពចាំបាច់ក្នុងការរួមគ្នាបង្ហាញនូវកម្លាំងនៃសន្តិភាព ដើម្បីធានាថា តំបន់អាស៊ីប៉ាស៊ីហ្វិកនឹងមិនក្លាយជាវេទិកាថ្មីមួយទៀតនៃជម្លោះប្រដាប់អាវុធ៕