ទំនាក់​ទំនង​យោធា​រវាង​កម្ពុជា​និង​ចិន​មាន​សន្ទុះ​ខ្លាំង

  • នៅ វណ្ណារិន

រូបឯកសារ៖ ឧទ្ធម្ភាគចក្រ​ចិន​ដែល​ប្រគល់ឲ្យ​កម្ពុជា​តាមរយៈ​ប្រាក់​កម្ចី​(រូបភាព​ Reuters)

ក្រុម​អ្នក​វិភាគ ​និង​អ្នក​ជំនាញ​យល់​ថា​ ទំនាក់ទំនង​យោធា​រវាង​កម្ពុជា​ ចិន​នឹង​អាច​មាន​សន្ទុះ​ខ្លាំង​បន្តទៀត​ ខណៈ​ពេល​បញ្ហា​ព្រំដែន​កម្ពុជា​ និង​វៀតណាម​ និង​បញ្ហា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ឋិត​ក្នុង​ភាព​តានតឹង​នោះ។​ ក៏​ប៉ុន្តែ​ អ្នកវិភាគ​ព្រមាន​ថា​ កម្ពុជា​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ទំនាក់​ទំនង​នេះ​ ប្រសិន​បើ​មិន​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​ប្រទេស​មហា​អំណាច​ផ្សេងៗ​ទៀត​នោះ។​

ការ​លើក​ឡើង​នេះធ្វើឡើង​មួយ​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់​ពីគណៈប្រតិភូ​នៃ​ក្រសួង​ការពារជាតិ​កម្ពុជា​បញ្ចប់​ទស្សនកិច្ច​ផ្លូវ​ការដ៏​សំខាន់​មួយ​កាល​ពី​ដើម​ខែ​កក្កដា។​

លោក​ ទៀ បាញ់​ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ បាន​ដឹកនាំគណៈប្រតិភូ​ពិសេស​របស់​លោក​ទៅធ្វើ​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​៥​ថ្ងៃ​ទៅ​កាន់​ប្រទេស​ចិន ​ដែល​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១២​ ខែ​កក្កដា​ កន្លង​ទៅ។ ​ ​ បន្ទាប់​ពី​ដំណើរ​ទស្សន​កិច្ច​របស់​លោក ​ លោក​រដ្ឋមន្ត្រីបាន​បញ្ជាក់ប្រាប់​ VOA ​ ខេមរ​ភាសា​ថា ​ទស្សន​កិច្ច​នេះ​«ទទួល​បាន​ជោគ​ជ័យ»​ ដោយជួយ​ពង្រឹង​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ថែម​ទៀត​លើ​វិស័យ​ការពារ​ជាតិ​រវាង​កម្ពុជា ​និង​ចិន។ ​ ក្នុង​នោះ​ដែរ​ ប្រទេស​ចិន​បាន​ផ្តល់ជំនួយ​យោធា​ជា​ច្រើន ​រួមទាំង​ការ​បណ្តុះ​បណ្តាល​ និង​សម្ភារៈ​យោធា​ផង​ដែរ។​ ​លោក​បាន​អះអាង​ថា ​ទំនាក់​ទំនង​យោធា​រវាង​កម្ពុជា​ និង​ចិន​ហាក់​ដូច​ជា​ជិត​ស្និទ្ធ​ជាង​ទំនាក់​ទំនង​រវាង​កម្ពុជា​ និងសហ​រដ្ឋ​អាមេរិក។​

ឆ្លើយ​តបនឹង​សំណួរ​ក្នុង​កិច្ច​សម្ភាសន៍តាម​ទូរស័ព្ទ​ជាមួយ​ VOA​ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ​ លោក ​ទៀ បាញ់បាន​បញ្ជាក់​ថា៖​

«អាហ្នឹង​វា​ធម្មតា​ ព្រោះ​អា​រឿង​ហ្នឹង​វា​មាន​អី​ឆ្ងល់​ទៀត​ ព្រោះ​ការ​ជួយ​លើ​កម្រិត​ហ្នឹង​គឺ​វា​ឃើញច្បាស់​ហើយ​តើ?​ យើង​មាន​ស្អី! ​ខាង​កម្ពុជា​ទទួល​ពី​ខាង​ណា​អី​ហ្នឹង​គឺ​យើង​ឃើញ​ច្បាស់​ហើយ! ​មិន​បាច់​ធ្វើ​ការ​វិភាគ​អីទេ!​ អា​ការ​ជួយ​នៅ​លើ​កម្រិត​ហ្នឹង​វា​ឃើញ​ច្បាស់​ហើយ​តើ!​ ហើយ​យើង​មើល​តាម​ទិដ្ឋ​ភាព​ជាក់​ស្តែង​ទៅ ​យើង​ឃើញ​ហើយ​តើ!»

លោក​បាន​បន្ត​ថា ​ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​ជា​បន្តបន្ទាប់​នា​ពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ​ តែ​លោក​មិន​អាច​ផ្តល់​តួលេខ​ជា​ថវិកាបាន​នោះ​ទេ។​

គួរ​បញ្ជាក់ផង​ដែរ​ថា​ ទំនាក់​ទំនង​កម្ពុជា​និង​ចិនមាន​ប្រវត្តិ​យូរ​អង្វែង​ណាស់​មក​ហើយ​ ចាប់​តាំង​ពី​ទស​វត្សរិ៍​១៩៦០​ និង​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម​ផង​ដែរ។​ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះទំនាក់​ទំនង​កម្ពុជា​ និង​ចិន​បាន​ខិត​កាន់​តែ​ជិត​គ្នា ​ជាពិសេស​ពេល​ដែល​មាន​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នា​ឆ្នាំ​២០១២​ ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​ក្រុម​ប្រ​ទេស​អាស៊ាន​នោះ។​ នា​ពេល​កន្លង​មក​ ចិន​បាន​ផ្តល់​ជំនួយ​និង​កម្ចី​ជា​ច្រើនដល់​ប្រទេស​កម្ពុជា​ រួម​ទាំង​ជំនួយ​ផ្នែក​យោធា​ផង​ដែរ។

នា​ថ្ងៃ​ទី២៣​ខែ​ឧសភា​កន្លង​ទៅ​ កម្ពុជា​បាន​ទទួល​ជំនួយ​ពី​ប្រទេស​ចិន ​រួម​ទាំង​ រថយន្ត​ យោធា​គ្រប់​ប្រ​ភេទ​ គ្រឿង​បន្លាស់​រថយន្ត​ សម្ភារៈ​គីមី​សាស្ត្រ​ រោង​ជាង​ ព្រម​ទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត​សម្រាប់​ ​ ការ​ហ្វឹក​ហាត់​របស់​កង​យុទ្ធពល​ខេមរ​ភូមិន្ទ​ និង​សម្រាប់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​ក្រសួង​ការពារ​ជាតិ​ចុះ​ថ្ងៃ​ទី២៤​ខែ​ឧសភា។

កាល​ពី​ដើម​ខែ​មករា​ឆ្នាំ​២០១៣​ ប្រទេស​ចិន​បាន​ផ្តល់​កម្ចី​ ​ដែល​មាន​ទឹក​ប្រាក់​ចំនួន​១៩៥​លាន​ដុល្លារ ក្នុង​ការ​ទិញ​ឧទ្ធម្ភាគ​ចក្រ​ប្រភេទ​ Z-9​ ​ចំនួន​១២​គ្រឿងពី​ប្រទេស​ចិន។

ថ្មីៗនេះ នៅ​ក្នុង​ពិធី​សម្ពោធន៍ដាក់​ឲ្យ​ប្រើ​បា្រស់​ផ្លូវ​មួយ​ខ្សែក្នុងខេត្ត​កំពង់ស្ពឺ​ដែល​ជា​ជំនួយ​ថវិកា​ពី​ប្រទេស​ចិន​នោះ​ ​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ថ្លែង​ដោយ​មិន​លាក់​លៀម​ថា ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញបាន​ឈាន​ដល់​កម្រិត​កំពូល​ និង​គ្រប់​វិស័យ ​ដោយ​មាន​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។​ ​ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ជាង​១៤០​លាន​ដុល្លារនា​ឆ្នាំ​២០១៥។​ ​ ថវិកានេះ​មាន​កា​រកើន​ឡើង​លើស​ជំនួយ​នៅឆ្នាំ​២០១៤​ ដែល​មាន​ត្រឹម​១០០​លាន​ដុល្លារ​ប៉ុណ្ណោះ។

«មុន​នេះ​គឺ​យើង​ជា​អ្នក​ជិត​ខាង​ល្អ​ ជា​ដៃ​គូ​សហ​ប្រតិបត្តិ​ការ​ល្អ​ និង​ដៃគូ​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ ប៉ុន្តែ​យើង​ឈាន​ជា​បណ្តើរៗ​រហូត​ក្លាយ​ជា​ទំនាក់​ទំនង​ដៃ​គូ​យុទ្ធសាស្ត្រ​លើ​គ្រប់​ជ្រុង​ជ្រោយ ដែល​ពេល​នេះ​ ទំនាក់​ទំនង​ដូច​នេះ​បាន​បំពេញ​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ ជាពិសេស​ធ្វើ​ឲ្យ​យើង​ទទួល​ជំនួយ​ពី​ចិន​កាន់​តែ​ច្រើន»។​

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ក្រុម​សាស្ត្រាចារ្យ​ និង​អ្នកវិភាគ​យល់​ថា​ កិច្ច​សហ​ប្រតិបត្តិការ​ដ៏​យូរ​អង្វែង​រវាង​កម្ពុជា​ និង​ចិន​នៅ​តែ​ផ្តល់​ផល​ប្រយោជន៍​តិចតួច​ដល់​ប្រទេស​កម្ពុជា​ដ៏​ក្រីក្រ​នេះ។

លោក​ឈាង វណ្ណារិទ្ធ​ សាស្ត្រា​ចារ្យ​ខាង​ការ​សិក្សា​អំពី​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​សាកល​វិទ្យាល័យ​ Leeds​ នៃ​ចក្រភព​អង់គ្លេស​ បាន​ប្រាប់​ VOA​ ថា​ ការ​ពង្រឹង​ទំនាក់​ទំនងយោធា​រវាង​ចិន ​និង​កម្ពុជា​នេះ​គឺ​មាន​ផល​ចំណេញ​ទាំង​សង​ខាង ព្រោះ​ប្រទេស​ចិន​ទំនាក់​ទំនង​នេះ​គ្រាន់​តែ​ជា​ការ​ជួយ​ពង្រឹង​អំណាច​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីភិច ​ជាពិសេស​ក្នុង​ពេល​ដែល​មាន​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ។ ​រី​ឯ​ប្រទេសកម្ពុជា​វិញត្រូវ​ការ​មហា​អំ​ណាច​ក្នុង​ពេល​ដែល​ខ្លួន​មាន​បញ្ហា​ព្រំដែន។​

«យើង​ឃើញ​ថា​ នៅ​ក្នុង​តំបន់ហ្នឹង​គឺ​កំពុង​តែ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ស្មុគស្មាញ​ណាស់ ​រវាង​ចិន​ និង​ជប៉ុន​ ​ហើយនឹង​ចិន​និង​អាមេរិក​ ហើយ​យើង​ឃើញ​ថា​ ជម្លោះ​ចិន ​និង​វៀតណាម​ក៏​ប៉ះ​ពាល់​ដល់​កម្ពុជា​ផង​ដែរ។​ ហើយ​ចិន​បាន​ចាប់​យក​កម្ពុជា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​និង​តំបន់​មេគង្គ​ហ្នឹង​ ដើម្បី​ពង្រីក​ដែន​ឥទ្ធ​ពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​បាស៊ីហ្វិក»។​

ស្រប​គ្នា​នោះ​ដែរ​ ​លោក​បណ្ឌិត​ ផូល ឆាមប៊ើរស៍​ ​(Paul Chambers)​ សាស្ត្រា​ចារ្យ​នយោបាយ ​និង​អាស៊ាន​នៅ​សាកល​វិទ្យាល័យ​ឈៀងមៃ​ ប្រទេស​ថៃ​ បាន​បន្ថែម​ថា​ ​ចិន​កំពុង​តែ​ពង្រីក​សក្តា​នុពល​នៃ​អំណាច​របស់​ខ្លួន​នៅ​ក្នុង​តំបន់អាស៊ាន​ ក៏ដូច​ជា​ផ្នែក​ផ្សេង​នៅ​ក្នុង​ពិភពលោក​ផង​ដែរ ​ដែល​មហា​អំណាច​ចិន​ចង់​ទប់​ទល់​ការ​ជ្រៀត​ជ្រែក​ពី​មហា​អំណាច​សហ​រដ្ឋ​អាមេរិក​នោះ។​

នៅ​ក្នុង​សារ​អេឡិចត្រូនិច​មក​កាន់​ VOA​ ​ លោក​ផូល ឆាមប៊ើរស៍​បាន​សរ​សេរ​ថា៖​

«ខណៈ​ពេល​ដែល​សង្គ្រាម​ត្រជាក់​រវាង​ប្រទេស​ចិន​និង​សហ​រដ្ឋ​អាមេរិក​កំពុង​ឡើង​កំដៅ​ ចំពេល​ដែលប្រទេស​ចិនកំពុង​តែ​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ចមួយ​នោះ​ ​ មហិចតា​របស់​ចិន​គឺ​ចង់​បំបែក​ក្រុម​ប្រទេស​អាស៊ាន​ ហើយ​មិន​ឲ្យ​ប្រ​ទេស​ទាំង​នេះ​រួម​គ្នា​ប្រឆាំង​នឹង​ខ្លួន។​ ​ ទាំងនេះ​ហើយ​គឺ​ជាហេតុផល​នៅ​ពី​ក្រោយ​ផល​ប្រយោជន៍​របស់​ចិន​ដែល​ជួយ​ដល់​កម្ពុជា»។​

លោក​ហ៊ឹក វាយធ៏​ (​Hugh White)​ សាស្រ្តាចារ្យផ្នែក​យុទ្ធសាស្រ្ត​នយោបាយ​នៃ​សាកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី​ Australian National University​ ​បាន​យល់​ថា ​ចិនពង្រឹងទំនាក់​ទំនង​យោធា​ជា​មួយ​កម្ពុជា​គឺ​ជា​យុទ្ធសាស្រ្ត​នយោបាយ​របស់​ប្រទេស​ចិន​ ខណៈ​ពេល​ដែល​សហ​រដ្ឋ​អាមេរិក​កំពុង​ចាប់​ដៃ​ជា​មួយ​ប្រទេស​វៀតណាម​នោះ​ ជាពិសេស​កិច្ច​សហ​ប្រតិបត្តិ​ការ​យោធា​ថ្មី​រវាង​អាមេរិក​ និង​វៀតណាម។​

លោក​បាន​សរសេរ​នៅ​ក្នុង​សារ​អេឡិច​ត្រូនិច​ឬអ៊ីម៉ែល​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ​ថា៖​

«យើង​ឃើញ​ថា ​អាមេរិកាំង​កំពុងតែ​ព្យាយាម​អភិវឌ្ឍ​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ថែមទៀត​ជាមួយ​ប្រទេស​វៀតណាម។​ ឧទាហរណ៍​កាល​ពី​សប្តាហ៍​មុន​ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​វៀតណាម​បាន​ធ្វើ​ទស្សន​កិច្ច​ទៅ​កាន់​ទី​ក្រុង​វ៉ាស៊ីនតោន។​ ​ ជា​មួយគ្នា​នោះ​ដែរ ​ប្រទេស​ចិន​មាន​ចេតនា​ចង់​ភ្ជាប់ទំនាក់​ទំនង​យោធា​ជា​មួយ​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​នៅ​ក្នុង​ដំណើរការ​នោះ។​ ​ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ​ខ្ញុំ​សង្ស័យ​ថា ​ការណ៍​នេះ​វា​នឹង​មិន​អាចប្រាស​ចាក​ឆ្ងាយ​ពី​ការវិវត្ត ​ដែល​ជាមូលដ្ឋាន​គ្រិះ​នៃ​ស្ថាន​ការណ៍​ការ​ការពារ​ជាតិ​របស់​កម្ពុជា​នោះ​ទេ»។​

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ​ អ្នក​ជំនាញ​បាន​បញ្ជាក់​ថា​ កម្ពុជា​គួរ​តែ​មាន​ការ​ប្រយ័ត្ន​ប្រយែង​អំពី​ការ​ជ្រៀត​ជ្រែក​ចូល​ការងារ​ផ្ទៃ​ក្នុង​របស់​ខ្លួន។​

លោក​ឈាង វណ្ណារិទ្ធ​ សាស្ត្រា​ចារ្យ​សិក្សា​អំពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​សាកល​វិទ្យាល័យ​ Leeds​ នៃ​ចក្រភព​អង់គ្លេស​ បាន​ប្រាប់​ VOA​ ថា​ ​កម្ពុជា​គួរ​តែ​ព្យាយាម​ធ្វើ​ទំនាក់​ទំនង​ជា​មួយមហា​ប្រទេស​ផ្សេងៗ​ទៀត​ដើម្បី​រក្សា​តុល្យភាព​នៃ​ទំនាក់​ទំនង​យោធា​របស់​ប្រទេស​កម្ពុជា​នោះ។

«ចំពោះ​កម្ពុជា​យើង​ វា​មាន​ហានិភ័យ​ខ្ពស់ ​ពីព្រោះ​ថា ​បើ​យើង​ពឹង​ផ្អែក​ចិន​ខ្លាំង​ពេក​ វា​អាច​បាត់​បង់នូវ​អ្វីដែល​គេ​ហៅ​ថា ​ការ​កំណត់​នូវគោល​នយោបាយ​ការ​បរទេស​ដោយ​ឯករាជ្យ ព្រោះ​យើង​ទទួល​ឥទ្ធិពល​ពី​ប្រទេស​ចិន។​ ​ វា​អាចអ​ញ្ចឹង​ដែរ។​ ដូច្នេះ​ហានិភ័យរ​បស់​យើង​វា​ខ្ពស់ បើ​ប្រៀប​ធៀប​ទៅ​នឹង​ហានិភ័យ​របស់​ប្រទេស​ចិន»។​

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ លោក​រដ្ឋមន្ត្រី​ទៀ បាញ់​បាន​ការពារ​ទំនាក់​ទំនង​យោធា​រវាង​កម្ពុជា​ និង​ចិន​ ដោយ​លើក​ឡើង​ថា​ ប្រទេស​ចិន​មិន​ដែល​ជ្រៀតជ្រែក​ចូល​កិច្ចការ​របស់​ប្រទេស​កម្ពុជា​នោះ​ទេ។ ​ហើយ​ជំនួយ​ពី​ប្រទេស​ចិន​ទៀត​សោត​មិន​ដែល​គិត​គេង​យក​ផល​ចំណេញ​ពី​កម្ពុជា​នោះ​ទេ។​

លោក​និយាយថា៖​

«វា​គ្នាន​ទេ​អា​រឿង​អញ្ចឹងៗ​នោះ!​ ជា​វប្បធម៌​ ជា​ប្រពៃណី​គឺ​ចិន​គេមិន​ដែល​មក​ជ្រៀត​ជ្រែក​ ឬ​មក​ដឹង​ឮ​រឿង​អ្វី​ដែល​លើស​ពី​ចំណង​មិត្តភាព​ និង​កិច្ច​សហ​ប្រតិ​បត្តិការ​នោះ​ទេ។​ វា​ខុស​ទៅ​នឹង​អ្វី​ដែល​ប្រទេស​ដទៃ​នោះ»។​

ជា​មួយ​គ្នា​នោះ​ដែរ​ លោក​បណ្ឌិត​ផូល ឆាមប៊ើរស៍​ ​(Paul Chambers)​ សាស្ត្រា​ចារ្យ​នយោបាយ​ និង​សិក្សាអំពីអាស៊ាន​នៅ​សាកល​វិទ្យាល័យ​ឈៀងមៃ​ យល់​ថា​ ទោះ​បី​ជា​យ៉ាងណាក្តី​ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​តែ​រក្សា​តុល្យភាព​នៃ​ការ​ទំនាក់​ទំនង​ជា​មួយ​នឹង​ប្រទេស​សម្ព័ន្ធ​មិត្ត​ផ្សេង​ទៀត​ ហើយ​មិន​បណ្តោយ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ចំណុះ​របស់​ប្រទេស​ចិន​នោះ​ទេ។​

ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជាចិន​ និង​រវាង​កម្ពុជា និង​សហ​រដ្ឋ​អាមេរិក​មាន​ការ​រកាំ​រ​កូសជា​ច្រើនចាប់​តាំង​ពី​សង្គ្រាម​ត្រជាក់​ពី​អំឡុង​ទសវត្ស​១៩៦០​ ​និង​សង្គ្រាម​វៀតណាម​នាអំឡុង​ទសវត្ស​១៩៧០។​

នៅ​ក្នុង​ឆ្នាំ​១៩៦៥​ ​កម្ពុជា​បាន​ផ្តាច់​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​សហ​រដ្ឋ​អាមេរិក​ ហើយបានព្យាយាម​បង្កើន​ទំនាក់​ទំនង​ជា​មួយ​មហា​អំណាច​ចិន​វិញ។​

ក្រោយ​ពេល​មាន​រដ្ឋ​ប្រហារ​ទម្លាក់សម្តេចឪ​រោត្តម​ សីហនុ​នា​ឆ្នាំ​១៩៧០​ ​ ប្រទេស​ចិន​បាន​គាំទ្រ​ពួក​ខ្មែរក្រហម​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​លន់ នល់គាំទ្រ​ដោយ​សហ​រដ្ឋ​អាមេរិក​នោះ៕