ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ទទួល​រថយន្ត​ជំនួយ​យោធា​ចិន


ប្រទេស​ចិន​បាន​ប្រគល់​ជា​ផ្លូវ​ការ​នូវ​រថយន្ដ​យោធា​ចំនួន​ ២៥៧​ គ្រឿង​នៅថ្ងៃ​ពុធនេះ ដល់​ប្រទេស​កម្ពុជា ខណៈ​ដែល​សហ​រដ្ឋ​អាមេរិក​បាន​ព្យួរ​ជំនួយ​យោធា​សម្រាប់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ បន្ទាប់​ពីរដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ គោលការណ៍​គោរព​សិទ្ធិ​មនុស្ស។

នៅ​ក្នុង​ចំណោម​រថយន្ដ​យោធា​ទាំង ២៥៧ គ្រឿង រួម​មានរថយន្ដ​ដឹកជញ្ជូន​ចំនួន​ ២០០ គ្រឿង​ រថយន្ដ​សម្រាប់​មេបញ្ជាការ​ចំនួន​៣០​គ្រឿង រថយន្ដ​ពេទ្យ​ចំនួន​២០​គ្រឿង រថយន្ដ​ជួសជុល​ចល័ត​ចំនួន​៥គ្រឿង និង​រថយន្ដ​ដឹក​រថក្រោះ និង​សម្ភារៈ​សឹក​ធន់​ធ្ងន់​ចំនួន ​២ ​គ្រឿង។

មន្ដ្រី​រដ្ឋា​ភិបាល​កម្ពុជា​ចាត់​ទុក​ថា​ ជំនួយ​យោធា​នេះ គឺ​ជា​ផ្នែក​មួយ​ដើម្បី​ជួយ​ពង្រឹង​មិត្តភាព​កម្ពុជា ចិន និង​ដើម្បី​ជួយ​ពង្រឹង​វិស័យ​ការ​ពារ​ជាតិ​របស់​ប្រទេស​កម្ពុជា​។

លោកជី វ៉ាន់ជុន ប្រធាន​នយោបាយ​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​នៃ​កង​ទព័​ប្រជាជន​ចិន ​ដែល​ទើប​នឹងចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​បីថ្ងៃ​របស់​លោក​នៅ​ប្រទេស​កម្ពុជា​ និង​បាន​ប្រគល់​រថយន្ដ​ទាំងនេះ​ដោយ​ផ្ទាល់​ទៅ​ដល់​ក្រសួង​ការពារ​ជាតិ​ មាន​ប្រសាសន៍​ដោយ​ចាត់​ទុក​ប្រទេស​កម្ពុជា គឺ​ជា​មិត្តភ័ក្តិ​ថា រថយន្ដ​យោធា​ទាំង​នេះ នឹង​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​កិច្ចអភិវឌ្ឈ​ប្រទេស​កម្ពុជា។ លោក​វ៉ាន់ជុន​ថ្លែង​ដូច្នេះថា៖

«ខ្ញុំជឿជាក់ថា ពួកម៉ាកកម្ពុជា ពិត​ជា​អាច​ប្រើប្រាស់​ឡាន​ទាំងអស់​នេះ​បាន​ល្អ ហើយជំរុញ​ឲ្យ​អភិវឌ្ឈ​សេដ្ឋកិច្ច និង​សង្គមកិច្ច​បាន​ល្អ»។

ដោយ​ឡែក​ លោក​ឧត្តមសេនីយ​ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​នៅ​ឯ​ព្រលាន​យន្ដហោះ​យោធា​ក្រុងភ្នំពេញ​ ជាទី​ដែល​ពិធី​ទទួល​រថយន្ដ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ថា រថយន្ដ​យោធា​ទាំង​នេះ មាន​សារៈសំខាន់​ណាស់ ក្នុង​វិស័យ​ការពារ​ជាតិ។ លោក​ថ្លែង​ថា៖

«នេះជា​សារៈសំខាន់​មិន​មែន​តែ​ចល័ត​តែ​ទ័ព​ទេ​ គឺ​ដឹក​សម្ភារៈ​អ្វី​ផ្សេងៗ​ទៀត គឺ​ប្រើ​ប្រាស់​សម្រាប់​កង​ទព័​ទាំងអស់។ គឺ​ថា​បម្រើ​ឲ្យ​ការ​ងារ​ការ​ពារ​ជាតិ»។

ជំនួយយោធា​របស់​ប្រទេស​ចិន​មក​ដល់​ប្រទេស​កម្ពុជា​ បានធ្លាក់​មក​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​ព្យួរ​ជំនួយ​រថយន្ដយោធា​ ចំនួន​២០០​គ្រឿង​ដល់​កម្ពុជា​ បន្ទាប់​ពី​រដ្ឋា​ភិបាល​កម្ពុជាបានចាប់បញ្ជូន​ជន​ជាតិ​មូស្ល៊ីម​អ៊ុយហ្គួរ​ចិន ចំនួន​ ២០​នាក់ ទៅ​ឲ្យ​ក្រុង​ប៉េកាំង​វិញ​ កាលពី​ខែធ្នូ ឆ្នាំ​២០០៩។ ការចាប់​បញ្ជូន​ជន​ស្នើ​សុំ​សិទ្ធិ​ជ្រក​កោណ​នយោបាយ​ទាំងនេះ ទៅ​កាន់​ស្រុក​កំណើត​របស់​ពួក​គេ​វិញ​ ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជាទទួល​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង ពី​សហគម​ន៍អន្ដរជាតិ។

លោក ​ឧត្តម​សេនីយ៍​ម៉ឹង សំផន មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​បង្កក​ជំនួយ​សម្ភារៈ​យោធា​ពី​សហរដ្ឋអាមេរិក​នោះ​ទេ។ លោក​មាន​ប្រសាសន៍​ថា នោះ​គឺ​ជា​ការ​គិត​របស់​ក្រុង​វ៉ាស៊ីនតោន ​ប៉ុន្ដែ​ប្រទេស​កម្ពុជាកំពុង​ត្រូវ​ការសម្ភារៈ​យោធា​ពី​ប្រទេស​ចិន​ទាំង​នេះ។

នៅ​ក្នុង​រយៈ​ពេលចុង​ក្រោយ​នេះ​ ប្រទេស​ចិន​ត្រូវ​បាន​សង្កេត​ឃើញ​ថា​ បាន​ជួយ​ជ្រោម​ជ្រែង​វិស័យ​យោធា​ប្រទេស​កម្ពុជា​ ជា​ច្រើន ជាពិសេស​ផ្នែក​សម្ភារសឹក។ កាល​ពី​ប៉ុន្មាន​ខែ​មុន​ប្រទេស​កម្ពុជា បាន​បាញ់​សាក​ល្បង​កាំជ្រួច​ហ្វូង​ដ៏​ទំនើប​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​ ដែល​ជា​ប្រភេទ​សព្វាវុធ​ដ៏​មាន​ប្រសិទ្ធិ​ភាព​នៅ​ក្នុង​ការ​កំទេច​គូ​សត្រូវ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ស្ថិតក្នុង​ជម្លោះ​ព្រំ​ដែន​ជាមួយប្រទេស​ថៃ​នៅ​ឡើយ។

លោក​ហោ ណាំ ហុង ឧបនាយក​រដ្ឋ​មន្ដ្រី និង​ជារដ្ឋ​មន្ដ្រី​ការ​បរទេស ធ្លាប់​បាន​មាន​ប្រសាសន៍​កាល​ពី​ខែ​ឧសភាថា ជំនួយ​រថយន្ដ​យោធា​ពី​ប្រទេស​ចិន​នេះ មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណជា​១៤លានដុល្លារ ដោយ​រាប់​បញ្ចូល​ទាំង​ឯកសណ្ឋាន​យោធា​ចំនួន ​៥០ ០០០ កំប្លេ ផង​ដែរ។

លោក ​គល់ បញ្ញា នាយក​ប្រតិបត្តិ អង្គការ​ខុមហ្វ្រែល មាន​ប្រសាសន៍​ថា ជំនួយ​យោធា​នេះ មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​មាន​ ជម្លោះ​ព្រំដែន​ជា​មួយ​ប្រទេស​ថៃ ​ក៏​ប៉ុន្ដែ​លោក​លើក​ឡើង​ថា ប្រទេស​កម្ពុជា​ត្រូវ​ការ​ជំនួយ​ផ្នែក​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ និង​សម្រាប់​កសាង​សេដ្ឋកិច្ចច្រើន​ជាង​ជំនួយ​យោធា។

កាល​ពី​ម្សិលមិញ លោក​យឹម សុវណ្ណ តំណាង​រាស្ដ្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​សម រង្ស៊ី បាន​ព្រមាន​ថា កម្ពុជា​ត្រូវតែ​ថ្លឹងថ្លែង​ឲ្យស្មើ​រវាង​ជំនួយ​ពីប្រទេស​ចិន និង​ការគោរព​សិទ្ធិមនុស្សក្នុង​ប្រទេស៕

XS
SM
MD
LG