អ្នក​វិភាគ​ថា អាស៊ាន​ត្រូវតែ «ក្លាហាន» ពាក់ព័ន្ធ​នឹង​វិបត្តិ​នៅ​មីយ៉ាន់ម៉ា

រូបឯកសារ៖ ទាហានម្នាក់នៃក្រុម Karen National Liberation Army ស្ពាយគ្រាប់កាំភ្លើងផ្លោង RPG នៅមូលដ្ឋានទ័ពមួយនៅមីយ៉ាន់ម៉ានៅខាងក្រៅទីក្រុង Myawaddy ជាប់ព្រំដែនជាមួយប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។ (Reuters)

អ្នក​វិភាគ​ថា អាស៊ាន​ត្រូវតែ «ក្លាហាន» ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា និង «ជួយ​បង្កើត​ឡើងវិញ​នូវ​ការ​ដឹកនាំ​បែប​ប្រជាធិបតេយ្យ​ដែល​ជា​ផ្នែក​មួយ​នៃ​ធម្មនុញ្ញ​របស់​អាស៊ាន​ខ្លួនឯង»។

សមាគម​អាស៊ាន (ASEAN) ត្រូវបាន​សហគមន៍​អន្តរជាតិ​យល់ឃើញ​ថា​ជា​ប្លុក​នយោបាយ​ដ៏​សក្ដិសម​បំផុត​មួយ​ក្នុង​ការ​ចរចា​រក​ដំណោះស្រាយ​សម្រាប់​ជម្លោះ​នៅ​មីយ៉ាន់ម៉ា។ ជម្លោះ​នេះ​បាន​ញាំញី​ប្រទេស​មីយ៉ាន់ម៉ា​តាំងពី​ពេល​ដែល​យោធា​មីយ៉ាន់ម៉ា​ដែល​ដឹកនាំ​ដោយ​លោក​នាយ​ឧត្តមសេនីយ៍ Min Aung Hlaing ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី Aung San Suu Kyi កាលពី​ដើម​ឆ្នាំ ២០២១ មក ដែល​រដ្ឋប្រហារ​នេះ​បាន​បង្ក​ឱ្យ​មាន​សង្គ្រាម​ស៊ីវិល។

ប៉ុន្តែ «កុងសុងស៊ីស ៥ ចំណុច» សម្រាប់​បញ្ចប់​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​ដែល​អាស៊ាន​បាន​ស្នើ​ឡើង​ត្រូវបាន​អ្នកវិភាគ​និង​កងកម្លាំង​ប្រឆាំង​របប​យោធា​មីយ៉ាន់ម៉ា​គ្មាន​ជំនឿ​ទៅលើ ដោយ​ពួកគេ​បាន​អះអាង​ថា អាស៊ាន​ដែល​មាន​ប្រទេស ១០ ជា​សមាជិក​បាន​គាំទ្រ​របប​យោធា​មីយ៉ាន់ម៉ា​យ៉ាង​ស្ងៀមស្ងាត់​និង​ធ្វើ​ព្រងើយកន្តើយ​ចំពោះ​ភាគី​ផ្សេងទៀត​ទាំងអស់​នៅ​ក្នុង​ជម្លោះ​នៅ​មីយ៉ាន់ម៉ា​នេះ។

លោក Ross Milosevic អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ហានិភ័យ​ដែល​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​និយាយ​ថា៖ «កុងសុងស៊ីស ៥ ចំណុច​នេះ​គឺជា​ការ​បរាជ័យ​ដ៏​គួរឱ្យ​សង្វេគ»។ ប៉ុន្តែ លោក​បាន​បន្ថែម​ថា ការ​បរាជ័យ​នៅ​សមរភូមិ​មិន​ធ្លាប់​មាន​ពី​មុន​មក​កាលពី​ពេល​ថ្មីៗ​នេះ​របស់​យោធា​មីយ៉ាន់ម៉ា​និង​ការ​បោះឆ្នោត​ក្នុង​រង្វង់​សមាជិក​អាស៊ាន​បាន​កែប្រែ​ឡើងវិញ​នូវ​ភាព​ស្មើគ្នា​ផ្នែក​នយោបាយ។

«កុងសុងស៊ីស ៥ ចំណុច» គឺជា​ផែនទី​បង្ហាញ​ផ្លូវ​ដើម្បី​សន្តិភាព​ដែល​ទទូច​ទាមទារ​ដោយ​អាស៊ាន។ កុងសុងស៊ីស​ទាំង ៥ ចំណុច​នោះ​មាន​ដូចជា​ការ​អំពាវនាវ​ឱ្យ​មាន​ការ​បញ្ចប់​ជា​បន្ទាន់​នូវ​អំពើ​ហិង្សា ការ​សន្ទនា​ក្នុង​ចំណោម​ភាគី​ទាំងអស់ ការ​តែងតាំង​បេសកជន​ពិសេស ជំនួយ​មនុស្សធម៌​របស់​អាស៊ាន និង​ទស្សនកិច្ច​របស់​បេសកជន​ពិសេស​ទៅ​មីយ៉ាន់ម៉ា​ដើម្បី​ជួប​ជាមួយ​នឹង​ភាគី​ទាំងអស់។

ចំណុច​របត់

បន្ទាប់ពី​បាន​ប្រយុទ្ធ​ដ៏​ជូរចត់​ក្នុង​រដូវ​ប្រាំង​រយៈពេល ៥ ខែ ក្រុម​អង្គការ​ប្រដាប់​អាវុធ​ជាតិ​សាសន៍​ភាគតិច (EAOs) និង​កងកម្លាំង​ការពារ​ប្រជាជន (PDF) របស់​រដ្ឋាភិបាល​រួបរួម​ជាតិ​ដែល​ដឹកនាំ​ដោយ​ក្រុម​ប្រឆាំង បាន​ដណ្ដើម​គ្រប់គ្រង​ដែនដី​និង​រដ្ឋ​របស់​ជាតិសាសន៍​ភាគតិច​ស្ទើរតែ​ទាំងអស់​និង​តំបន់​ព្រំដែន​របស់​មីយ៉ាន់ម៉ា​ជាប់​នឹង​ប្រទេស​ថៃ ឡាវ ចិន ឥណ្ឌា និង​បង់ក្លាដែស។

ទោះបីជា​មាន​ការ​បាញ់ផ្លោង​តាម​អាកាស​ជា​បន្ត​របស់​យោធា​ក៏ដោយ ក៏​ជាតិសាសន៍ Karen នៅ​ភាគ​អាគ្នេយ៍​ប្រទេស​មីយ៉ាន់ម៉ា​តាម​បណ្ដោយ​ព្រំដែន​ជាប់​ប្រទេស​ថៃ​និង​ជាតិសាសន៍ Shan នៅ​ភាគ​ខាងជើង​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​ចិន បាន​សម្ញែង​អំណាច​គ្រប់គ្រង​នយោបាយ។ លោក Milosevic ថា ជាតិសាសន៍ Mon, Kachin និង Arakan ក៏​ធ្វើតាម​ដូច្នេះ​ដែរ។

ការ​ធ្វើដូច្នេះ​បាន​ធ្វើឱ្យ​យោធា​មីយ៉ាន់ម៉ា​ត្រូវបាន​ហ៊ុមព័ទ្ធ ប៉ុន្តែ​យោធា​នេះ​បាន​ពង្រឹង​ការ​ការពារ​ខ្លួន​ខ្លាំងក្លា​នៅ​ក្នុង​រង្វង់​រដ្ឋ​ភាគ​កណ្ដាល​ប្រទេស​និង​នៅ​គ្រប់គ្រង​ច្រក​របៀង​សំខាន់ៗ​ទាំងអស់​ដែល​ភ្ជាប់​ទីក្រុង​រ៉ង់ហ្គូន រដ្ឋធានី​ណៃពិដោ និង​ទីក្រុង Mandalay។

លោក Milosevic បាន​និយាយ​ថា៖ «ជ័យជម្នះ​នៅ​សមរភូមិ​ទាំងនេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​នាយ​ឧត្តមសេនីយ៍​នានា​នៃ​របប​យោធា​មីយ៉ាន់ម៉ា​ព្រឺក្បាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ថែមទាំង​ធ្វើឱ្យ​ថ្នាក់​ដឹកនាំ​នយោបាយ​អាស៊ាន​ភ័យ​រន្ធត់​ផងដែរ»។ លោក​បាន​បន្ថែម​ថា ការ​បរាជ័យ​ធ្ងន់ធ្ងរ​បំផុត​របស់​របប​យោធា​មីយ៉ាន់ម៉ា​គឺ​នៅ​ក្រុង Myawaddy ដែល​ជា​មណ្ឌល​ពាណិជ្ជកម្ម​នៅ​ព្រំដែន​ជាប់​នឹង​ក្រុង Mae Sot នៃ​ប្រទេស​ថៃ។

រូបឯកសារ៖ យោធាឈរយាម ខណៈមនុស្សតម្រង់ជួររងចាំឆ្លងព្រំដែនភៀសខ្លួនទៅកាន់ប្រទេសថៃនៅក្រុង Mae Sot ខេត្ត Tak ប្រទេសថៃ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ (Reuters)

លោក Milosevic បាន​បញ្ជាក់​ទៀត​ថា៖ «គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថាតើ​សង្គ្រាម​ស៊ីវិល​នឹង​បន្ត​រហូត​ដល់​ចុង​ឆ្នាំ​នេះ​ឬ​ក៏​យ៉ាង​ណា​នោះ​ដោយសារតែ​របប​យោធា​មីយ៉ាន់ម៉ា​អាច​ដួល​រលំ​លឿន​ជាង​ការ​រំពឹងទុក។ ខ្ញុំ​សង្ឃឹម​ថា ប្រទេស​ថៃ​នឹង​ដឹកមុខ​នៅ​ក្នុង​ការ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ដ៏​ពិត​ប្រាកដ​មួយ​សម្រាប់​សង្គ្រាម​នេះ ការ​ស្លាប់ និង​ការ​បំផ្លិចបំផ្លាញ​ដែល​បាន​កើតឡើង​នៅ​ក្នុង​រយៈពេល ៣ ឆ្នាំ​ចុងក្រោយ​នេះ»។

ក្នុង​ចំណោម​សង្គ្រាម​ទាំង ៥០ ដែល​អង្គការ Armed Conflict Location and Event Data Project បាន​តាមដាន​នៅ​លើ​ពិភពលោក សង្គ្រាម​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​សង្គ្រាម​ហិង្សា​បំផុត​ដោយ​មនុស្ស​យ៉ាងតិច ៥០.០០០ នាក់​ត្រូវបាន​សម្លាប់​តាំងពី​រដ្ឋប្រហារ​យោធា​មក ដែល​ក្នុង​នោះ​រួម​ទាំង​ជនស៊ីវិល ៨.០០០ នាក់​ផងដែរ។

ការ​តម្រង់ទិស​នយោបាយ​អាស៊ាន​ឡើងវិញ

អាស៊ាន​មាន​ការ​បែកបាក់​គ្នា​រវាង​ប្រទេស​ដែល​មាន​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​និង​ប្រទេស​ដែល​ដឹកនាំ​ដោយ​ឯកបក្ស ដោយ​ប្រទេស​ឡាវ​ដែល​ជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន​និង​ប្រទេស​កម្ពុជា​ត្រូវបាន​ចោទ​ប្រកាន់​ថា​បាន​រារាំង​គោល​នយោបាយ​នៃ​បញ្ហា​ជាច្រើន​ដែល​មិន​ពាក់ព័ន្ធ​នឹង​ប្រយោជន៍​របស់​ខ្លួន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​បញ្ហា​មីយ៉ាន់ម៉ា​ផងដែរ។

លោក Charles Santiago មកពី​អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) បាន​រិះគន់​

ជាប់​ជានិច្ច​លើ​សមាគម​អាស៊ាន​និង​ប្រទេស​ជា​សមាជិក​នីមួយៗ​ថា​ទន់ជ្រាយ​ជ្រុល​លើ​របប​យោធា​មីយ៉ាន់ម៉ា​ដោយ​ធ្វើ​ព្រងើយ​កន្តើយ​នឹង​ស្ថានភាព​វេទនា​របស់​ជន​រងគ្រោះ​របស់​ពួកគេ។

រូបឯកសារ៖ នាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone (រូបកណ្តាល) ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ (Reuters)

លោក​បាន​និយាយ​ដូច្នេះ​ថា៖ «អាស៊ាន​ត្រូវតែ​មាន​ភាព​អង់អាច​ក្លាហាន​និង​នាំមុខ​ដោយ​គោល​នយោបាយ​ច្បាស់លាស់។ ដោយសារ​ឡាវ​ជា​ប្រធាន​អាស៊ាន​នៅ​ពេល​បច្ចុប្បន្ន ខ្ញុំ​មិន​គិត​ថា​រឿង​នេះ​នឹង​កើតឡើង​នោះទេ។ ឡាវ​មិន​បាន​បង្ហាញ​ឱ្យ​ឃើញ សូម្បីតែ​លើកឡើង នូវ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​នោះទេ ហើយ​អាស៊ាន​មិន​បាន​បញ្ជាក់​អំពី​ផែនការ​របស់​ខ្លួន​នោះឡើយ»។

ក្នុង​ពេល​មិន​យូរ​ប៉ុន្មាន​មុន​ពេល​ក្រុង Myawaddy ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​ក្រុម Karen National Liberation Army នៅ​ថ្ងៃ​ទី ១០ ខែ​មេសា អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន បាន​ផ្ដល់​នូវ​សំណើ​បើក​ការ​ចរចា​ជាមួយ​នឹង​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing «ក្នុង​បំណង​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា»។ ក្រុម Karen National Liberation Army នេះ​គឺជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​អង្គការ​ប្រដាប់​អាវុធ​ជាតិសាសន៍​ភាគតិច​ប្រហែល ២០ ដែល​កំពុង​ប្រយុទ្ធ​នឹង​របប​យោធា​មីយ៉ាន់ម៉ា រួម​ជាមួយ​នឹង​កងកម្លាំង​ការពារ​ប្រជាជន (PDF) របស់​រដ្ឋាភិបាល​រួបរួម​ជាតិ​ដែល​ដឹកនាំ​ដោយ​ក្រុម​ប្រឆាំង។

លោក​នាយ​ឧត្តមសេនីយ៍ Min Aung Hlaing មិន​បាន​ឆ្លើយតប​ចំពោះ​សំណើ​នេះ​ទេ ប៉ុន្តែ​នៅ​ចំ​ទិវា​ឆ្នាំ​ទី ៣ នៃ​រដ្ឋប្រហារ​នេះ លោក​បាន​អះអាង​ម្ដងទៀត​ថា​ការ​បោះឆ្នោត​ឆ្នាំ ២០២០ មាន​ការ​លួច​បន្លំ និង​បាន​ទទូច​ថា​គោល​បំណង​នយោបាយ​របស់​លោក​គឺ​នឹង​រៀបចំ​ការ​បោះឆ្នោត​ដោយ​យុត្តិធម៌​និង​ធានា​នូវ​សន្តិភាព​ជា​អចិន្ត្រៃយ៍។ នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ឆ្នាំ ២០២០ នោះ គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (National League for Democracy) បាន​ឈ្នះ​អាសនៈ​ជាង ៨០% នៅ​ក្នុង​សភា។

ប្រភព​មួយ​មកពី​កង​កម្លាំង​ការពារ​ប្រជាជន​របស់​ក្រុម​ប្រឆាំង​បាន​និយាយ​ថា លោក ហ៊ុន សែន មិន​អាច​ធ្វើ​ជា​អ្នក​ចរចា​បាន​ទេ​ដោយសារ​លោក​មាន​ទំនាក់ទំនង​ជិតស្និទ្ធិ​ជាមួយ​នឹង​លោក Min Aung Hlaing។ ប្រភព​នេះ​បាន​កត់សម្គាល់​ថា លោក ហ៊ុន សែន និង​លោក Min Aung Hlaing បាន​ហៅ​ខ្លួនឯង​ថា​ជា «បងប្អូន​ធម៌» បន្ទាប់ពី​លោក​ទាំងពីរ​បាន​ពិភាក្សា​គ្នា​នៅ​ក្នុង​ឆ្នាំ ២០២២ ដែល​នៅ​ពេល​នោះ​ប្រទេស​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន។

ប្រភព​នេះ​ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា៖ «ពួកគេ​នឹង​មិន​និយាយ​ជាមួយ​ពួក​យើង​ទេ។ ប្រទេស​ឥណ្ឌូណេស៊ី​និង​សិង្ហបុរី​គឺ​អាច​ទទួល​យក​បាន​ដោយសារតែ​ប្រទេស​ទាំង​ពីរ​នេះ​បាន​ព្យាយាម​បញ្ចូល​ពួកយើង​ទៅ​ក្នុង​កិច្ច​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​ស្វែងរក​ដំណោះស្រាយ»។

ប្រភព​នេះ​បាន​បន្ថែម​ថា ដោយសារ​មាន​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​ថៃ​និង​ហ្វីលីពីន និង​ដោយសារ​ម៉ាឡេស៊ី​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ ការ​ចរចា​ដែល​ផ្ដោត​លើ​ឯករាជ្យភាព​សម្រាប់​រដ្ឋ​ជាតិ​សាសន៍​ភាគតិច​នានា​គឺ​អាច​ទៅរួច ប៉ុន្តែ​នឹង​មិន​មាន​ការ​បញ្ចូល​នូវ​ពួក​យោធា​នោះទេ។

រូបឯកសារ៖ លោក Min Aung Hlaing ប្រធានក្រុមប្រឹក្សាយោធា ក្នុងពេលព្យុះហត្ថយាត្រាដើម្បីអបអរគម្រប់ខួបទី៧៩នៃទិវាកងកម្លាំងប្រដាប់អាវុធនៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ (AP)

លោក Santiago យល់ស្រប​ចំពោះ​រឿង​នេះ​ដោយ​និយាយ​ថា ក្រុម​អាស៊ាន​ដែល​ដឹកនាំ​ដោយ​ម៉ាឡេស៊ី​និង​មាន​ការ​គាំទ្រ​ពី​ឥណ្ឌូណេស៊ី សិង្ហបុរី និង​ថៃ​អាច​ធ្វើការ​លើ​ការ​ចរចា​បាន។

លោក Milosevic បាន​បញ្ជាក់​ថា៖ «អាស៊ាន​អាច​ផ្ដល់​នូវ​លទ្ធផល​ដែល​អាច​ធ្វើ​ឱ្យ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​មាន​ស្ថិរភាព​តាម​រយៈ​ការ​បញ្ជូន​កង​រក្សា​សន្តិភាព​និង​ធ្វើ​ឱ្យ​របប​យោធា​មីយ៉ាន់ម៉ា​ទទួល​ខុសត្រូវ និង​តាម​រយៈ​ការ​ជួយ​បង្កើត​ឡើងវិញ​នូវ​ការ​ដឹកនាំ​បែប​ប្រជាធិបតេយ្យ​ដែល​ជា​ផ្នែក​មួយ​នៃ​ធម្មនុញ្ញ​របស់​អាស៊ាន​ខ្លួនឯង»។

ក្នុង​រយៈពេល​មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​ក្រុង Myawaddy បាន​ដួល​រលំ នាយករដ្ឋមន្ត្រី​ថៃ​លោក Srettha Thavisin បាន​ផ្ដល់​សញ្ញា​អំពី​ការ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​ដោយ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ថា «របប [យោធា​មីយ៉ាន់ម៉ា] បច្ចុប្បន្ន​កំពុង​ចាប់ផ្ដើម​បាត់បង់​កម្លាំង​ខ្លះ​ហើយ» និង​ថា «វា​ប្រហែល​ជា​ដល់​ពេល​ដែល​ត្រូវ​ទាក់ទង​បង្កើត​កិច្ច​ព្រមព្រៀង» ជាមួយ​នឹង​មីយ៉ាន់ម៉ា​ហើយ។

នៅ​ពេល​ក្រោយ​មក របប​យោធា​មីយ៉ាន់ម៉ា​បាន​ប្រកាស​អំពី​ការ​ផ្ទេរ​អ្នកស្រី Aung San Suu Kyi និង​អតីត​ប្រធានាធិបតី​មីយ៉ាន់ម៉ា​លោក U Win Myint ពី​ការ​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ទៅ​ការ​ដាក់​ឃុំ​ក្នុង​ផ្ទះ ហើយ​ប្រទេស​ថៃ​បាន​បង្កើន​ការ​ទាមទារ​បន្ថែម​ទៀត​ដោយ​អំពាវនាវ​ឱ្យ​មាន​ការ «ដោះលែង» ពួកគេ «ទាំងស្រុង​ជា​បន្ទាន់»។

ក្ដី​រំពឹង​អ្វី?

កងកម្លាំង​ការពារ​ប្រជាជន (PDF) របស់​រដ្ឋាភិបាល​រួបរួម​ជាតិ​ដែល​ដឹកនាំ​ដោយ​ក្រុម​ប្រឆាំង​និង​ក្រុម​អង្គការ​ប្រដាប់​អាវុធ​ជាតិ​សាសន៍​ភាគតិច (EAOs) បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួកគេ​នឹង​មិន​ចរចា​ជាមួយ​របប​យោធា​មីយ៉ាន់ម៉ា​ទេ ដោយ​បាន​ទទូច​ឱ្យ​មាន​ការ​កាត់ទោស​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​របប​យោធា​មីយ៉ាន់ម៉ា​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម។

លោក Michael Martin អ្នក​ស្រាវជ្រាវ​ក្រៅ​ម៉ោង​នៃ​មជ្ឈមណ្ឌល​សិក្សា​កិច្ចការ​អន្តរជាតិ​និង​យុទ្ធសាស្ត្រ (CISS) នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ការ​ត្រឡប់​ទៅរក​ស្ថានភាព​មុន​រដ្ឋប្រហារ​វិញ​នៅ​មីយ៉ាន់ម៉ា​គឺ​ភាគច្រើន​មិន​អាច​ទៅ​រួច​នោះទេ។

ផ្ទុយ​មកវិញ ក្រុម​ជាតិសាសន៍​ភាគតិច ជាពិសេស​ជាតិសាសន៍ Karen និង​ជាតិសាសន៍ Shan នឹង​ជំរុញ​ទៅមុខ​ឱ្យ​មាន​ការ​បង្កើត​រដ្ឋ​ផ្ទាល់ខ្លួន​របស់​ពួកគេ​និង​របៀប​រៀបរយ​នយោបាយ ដែល​អាច​ធ្វើ​ឱ្យ​រដ្ឋ​ជាតិសាស៍​ភាគ​តិច​ផ្សេង​ទៀត​ទាមទារ​ដូច្នេះ​ដែរ​និង​ធ្វើឱ្យ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​គ្រប់គ្រង​ដោយ​របប​យោធា​មាន​ភាព​ឯកោ​និង​ហ៊ុមព័ទ្ធ។

លោក Martin បាន​ប្រាប់ VOA ថា៖ «សម្រាប់​អាស៊ាន ខ្ញុំ​គិត​ថា សំណួរ​មួយ​គឺ​ថា​តើ​អាស៊ាន​អាច​បន្ត​បាន​យូរ​កម្រិត​ណា​ក្នុង​ការ​និយាយ​ថា​នឹង​ស្វែងរក​ដំណោះស្រាយ​តាមរយៈ​ការ​ចរចា នឹង​បន្ត​ធ្វើការ​ជាមួយ​របប​យោធា​មីយ៉ាន់ម៉ា​និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត? ឬ​ក៏​នៅ​ទីបំផុត អាស៊ាន​នឹង​និយាយ​ថា​ស្ថានការណ៍​នេះ​បាន​ឈាន​មក​ដល់​ដំណាក់កាល​នេះ​ហើយ វា​ចប់​ហើយ វា​នឹង​មិន​អាច​ទៅរួច​នោះទេ​ក្នុង​ការ​ចាប់ផ្ដើម​ចរចា​ជាមួយ​នឹង​ក្រុម​អង្គការ​ប្រដាប់​អាវុធ​ជាតិ​សាសន៍​ភាគតិច (EAOs)»។

លោក​បាន​សង្កត់ធ្ងន់​ថា ក្រុម​អង្គការ​ប្រដាប់​អាវុធ​ជាតិ​សាសន៍​ភាគតិច (EAOs) បាន​ប្រយុទ្ធ​ដើម្បី​ឯករាជ្យភាព មិន​មែន​ដើម្បី​របៀប​រៀបរយ​មុន​សង្គ្រាម​ឬ​ក៏​ដើម្បី​រដ្ឋាភិបាល​រួបរួម​ជាតិ​របស់​ក្រុម​ប្រឆាំង​នោះទេ បើ​ទោះបីជា​កងកម្លាំង​ការពារ​ប្រជាជន (PDF) របស់​រដ្ឋាភិបាល​រួបរួម​ជាតិ​មាន​កង​ជីវពល​នៅ​តាម​រដ្ឋ​ដែល​សម្របសម្រួល​ជាមួយ​នឹង​ក្រុម​អង្គការ​ប្រដាប់​អាវុធ​ជាតិសាសន៍​ភាគតិច​និង​គាំទ្រ​ក្រុម​ជាតិសាសន៍​ភាគតិច​ក៏ដោយ៕

ប្រែសម្រួលដោយលោក ភី សុភាដា