អ្នក​វិភាគ៖ ការ​ផ្តាច់​សម្ពន្ធភាព​រវាង​លោក​ កឹម សុខា និង​លោក សម រង្ស៊ី នាំ​ឱ្យ​កម្លាំង​ជំទាស់​កាន់​តែ​ខ្សោយ

រូប​ឯកសារ៖ លោក សម រង្ស៊ី និង​លោក កឹម សុខា បក់​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៣។

លោក កឹម សុខា មេដឹកនាំ​នយោបាយ​ជំទាស់ បាន​លើក​ឡើង​នៅ​ក្នុង​សវនាការ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ថា ​គិត​ចាប់​តាំង​ពី​មាន​ព្រឹត្តិ​ការណ៍​៩ វិច្ឆិកា​ ឆ្នាំ​២០១៩​ នោះ​មក​ ទំនាក់​ទំនង​រវាង​លោក​ និង​លោក ​សម រង្ស៊ី បាន​ដល់​ទី​បញ្ចប់ ហើយ​ថា កឹម សុខា​ និង សម​ រង្ស៊ី​ មិន​មែន​ជា​មនុស្ស​តែ​មួយ​ដូច​មុន​នោះ​ទេ។ ការ​ប្រកាស​នេះ​ត្រូវ​បាន​ថត​ជា​សំឡេង ដែល​ជា​ធម្មតា​តុលាការ​មិន​អនុញ្ញាត​ឱ្យ​អ្នក​ណា​ម្នាក់​ថត​សំឡេង​នៅ​ក្នុង​បន្ទប់​សវនាការ​ឡើយ។

ការ​ផ្តាច់​សម្ពន្ធភាព​ដែល​ប្រកាស​ដោយ​លោក កឹម សុខា នាំ​ឱ្យ​អ្នក​វិភាគ​លើក​ឡើង​ថា​កម្លាំង​ជំទាស់​កាន់​តែ​ខ្សោយ ហើយ​ការ​ប្រកាស​បែក​សម្ពន្ធភាព ​គឺ​ជា​ការ​សម្លាប់​ជី​វិត​នយោបាយ​របស់​ខ្លួន។

អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត សេង សារី ចាត់​ទុក​ភាព​ប្រេះឆា​នៃ​សម្ពន្ធភាព​របស់​អ្នក​នយោបាយ​ជើង​ចាស់​ទាំង​ពីរ​រូប​នេះ គឺ​ជា​ការ​ហែក​កម្លាំង​បក្ស​ប្រឆាំង ក៏​ដូច​ជាអ្នក​ប្រជាធិបតេយ្យ​ទៅ​ជា​ចម្រៀកៗ ហើយ​ជា​ការ​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក​ កឹម សុខា​ ផង​ដែរ។

លោក​ថ្លែង​ថា៖ «សម្រាប់​ទស្សនៈ​ខ្ញុំ លោក​ កឹម​ សុខា បាន​កំពុង​តែ​ធ្វើ​អត្តឃាត​នយោបាយ​ខ្លួន​ឯង ហើយ​វា​ក៏​ជា​សញ្ញា​បែក​បាក់​នៃ​អ្នក​ប្រជាធិបតេយ្យ​ដ៏​ធំ​មួយ។ ក៏​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​មិន​បារម្ភ​ច្រើន​ថា​កម្លាំង​ប្រជាធិបតេយ្យ​នឹង​បាត់​បង់​ទេ ដោយ​សារ​តែ​លោក​ កឹម​ សុខា មិន​មានកម្លាំង​នយោបាយ​ទេ ហើយ​មន្ត្រី​នៅ​ជុំវិញ​គាត់​ ក៏​មិន​មាន​មន្ត្រី​ណា​ដែល​ឃើញ​ថា​មាន​ភាព​លេច​ធ្លោ មាន​ប្រជា​ប្រិយភាព​ខ្លាំង​នៅ​ជុំវិញ​លោក កឹម សុខា​ ដែរ»។

លោក បណ្ឌិត សេង សារី កត់​សម្គាល់​ថា​ការ​ផ្តាច់​ចំណង​ទំនាក់ទំនង​នៃ​អ្នក​នយោបាយ​ទាំង​ពីរ​រូប​នេះ​បង្ហាញ​ថា​ការ​ចង​សម្ព័ន្ធ​មិត្ត​នយោបាយ​រវាង​អ្នក​នយោបាយ គឺ​មិន​គង់​វង្ស​យូរ​អង្វែង​នោះ​ទេ ខណៈ​ពួក​គេ​តែង​តែ​ក្បត់​គ្នា​នៅ​ពេល​ចុង​ក្រោយ។

ទោះ​ជា​យ៉ាង​ណា​ អ្នក​វិភាគ​រូប​នេះ​បង្ហាញ​ការ​យល់​ឃើញ​ពាក់ព័ន្ធ​ជាមួយ​ការ​បោះ​ថ្នាក់​ជាតិ​នា​ឆ្នាំ​២០​២៣​ខាង​មុខ​នេះ​ថា លោក កឹម សុខា​ អាច​នឹង​ត្រូវ​បាន​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ ហើយ​បើក​ផ្លូវ​ឱ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​វិញ ដែល​លោក​ថា​ជា​យុទ្ធសាស្រ្ត​របស់​គណបក្ស​កាន់​អំណាច ដើម្បី​ធ្វើ​ឱ្យ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​កាន់​តែ​ខ្ចាត់​ខ្ចាយ។

លោក​និយាយ​ថា៖«ជា​សេណារីយ៉ូ​នយោបាយ​របស់​គណបក្ស​កាន់​អំណាច លោក កឹម សុខា ត្រូវ​បាន​គណបក្ស​កាន់អំណាច​ មើល​គាត់​ថា​ជា​ឧបករណ៍​មួយ​នៅ​ក្នុង​ការ​បំបែក​អ្នក​ប្រជាធិបតេយ្យ។ អ៊ីចឹង​ហើយ​សម្រាប់​ខ្ញុំ​ជា​សេណារីយ៉ូ​ទេ។ ៣​ទៅ​៦​ខែ យើង​ចាំ​សង្កេត​មើល​ទាំង​អស់​គ្នា​ថា​តើ​សេណារីយ៉ូ ខ្ញុំ​ត្រូវ​ឬ​មិន​ត្រូវ។ ពី​ឥឡូវ​ទៅ​ ពី​៣​ទៅ​៦​ខែ​ចុង​ក្រោយ​នេះ លោក កឹម សុខា នឹង​ត្រូវ​បាន​ដោះ​លែង ហើយ​នឹង​ចាប់​ផ្តើម​រៀប​ចំ​ដំណើរការ​គណបក្ស​សិទ្ធិ​មនុស្ស»។

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​កម្ពុជា កាល​ពី​ចុង​ឆ្នាំ​២០១៧ ក្រោយ​មាន​សំឡេង​ប្រកៀក​ប្រកិត​ខ្លាំង​នឹង​គណបក្ស​កាន់​អំណាច ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧។ គណបក្ស​ប្រឆាំង​នេះ​កើត​ចេញ​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​សិទ្ធិ​មនុស្ស​ដឹកនាំ​ដោយ​លោក​ កឹម សុខា និង​គណបក្ស សម រង្ស៊ី ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ​២០១២។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​កាល​ពី​ចុង​ឆ្នាំ​២០២១​ថា​ការ​បែក​សម្ពន្ធភាព​រវាង​មេដឹកនាំ​បក្ស​ជំទាស់ ជា​រឿង​របស់​ពួកគេ ហើយ​បក្ស​កាន់​អំណាច​ក៏​មិន​បាន​បំបែក​ពួក​គេ​ឡើយ។

ការ​ប្រកាស​របស់​លោក កឹម សុខា កាល​ពី​ពេល​ថ្មីៗ មិន​មែន​លើក​ដំបូង​ឡើយ។ កាល​ពី​ចុង​ឆ្នាំ​២០២១ លោក​ កឹម សុខា​ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ជា​អក្សរ​ថា​លោក ​សម រង្ស៊ី ​និង​សហការី​នៅ​តែ​បន្ត​យកឈ្មោះ ​និង​រូបថត​របស់​លោក​ទៅ​ប្រើ​ប្រាស់​ភ្ជាប់​ជាមួយ​សកម្មភាព​នានា ​ដែល​លោក​ថា​«មិន​មាន​ការ​អនុញ្ញាត ​ឬ​ការ​គាំទ្រ»​ ពី​រូប​លោក​ឡើយ។ លោក​បន្ថែម​ថា​លោក​ សម រង្ស៊ី និង​សហការី​បាន​ដើរ​ចេញ​ពី​គោលការណ៍ និង​ស្មារតី​ដើម​នៃ​ការ​រួបរួម​ដោយ​ទៅ​បង្កើត​ចលនា​នយោបាយ​ផ្សេងៗ។

ប្រធាន​អង្គការ​វេទិកា​អនាគត​ដែល​ជា​ស្ថាប័ន​ស្រាវ​ជ្រាវ​គោល​នយោបាយ លោក ​អ៊ូ វីរៈ មើល​ឃើញ​ថា​ការ​បែក​គ្នា​នេះ ដោយសារ​តែ​លោក កឹម សុខា​ ទទួល​រង​នូវ​សម្ពាធ​ច្រើន ដូច​ជា​ការ​ចាប់​ខ្លួន​ និង​រង​បទ​ចោទ​ក្នុង​រឿង​ក្តីក្តាំ​របស់​លោក។ លោក​មើល​ឃើញ​ថា​អ្នក​នយោបាយ​ចាស់​វស្សា​ទាំង​ពីរ​រូប​នេះ​ ជា​មនុស្ស​ផ្សេង​គ្នាស្រាប់​ទៅ​ហើយ គឺ​តាំង​ពី​មុនចង​សម្ព័ន្ធ​ភាព​គ្នា​បង្កើត​ទៅ​ជា​គណបក្ស​សង្គ្រោះ​ជាតិ​មក​ម៉្លេះ។ ដូច្នេះ​លោក​ថា​ ការ​បែក​បាក់​គ្នា​នេះ មិន​មាន​អ្វី​ចម្លែក​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ជា​ដំណើរការ​មួយ​ដែល​យើង​ទាយ​ទុក​ដឹង​យូរ​ហើយ​ ដោយ​សារ​គាត់​រង​សម្ពាធ​ខ្លាំង រួម​ទាំង​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា តុលាការ​ផ្តន្ទាទោស​លោក សម​ រង្ស៊ី​ គាត់​ត្រូវ​នៅ​ក្រៅ​ប្រទេស។ សុទ្ធ​តែ​ជា​រឿង​មួយ​ដែល​ធ្វើ​ឱ្យការ​បង្រួប​បង្រួម​ពិបាក​មែន​ទែន​ ដោយ​សារ​តែ​រង​សម្ពាធ​ទាំង​ហ្នឹង»។

បើ​តាម​លោក អ៊ូ វីរៈ លទ្ធភាព​នៃ​ការ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​របស់​លោក កឹម សុខា និង​អាច​ចូលរួម​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០២៣​ខាង​មុខ មាន​តិច​តួច​នៅ​ឡើយ។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា លោក សម រង្ស៊ី​ បាន​អះអាង​ថា​ លោក​ និង​លោក កឹម​ សុខា គឺ​នៅ​តែ​ជា​មនុស្ស​តែ​មួយ​ ហើយ​ការ​លើក​ឡើង​របស់​លោក​ កឹម សុខា​ ពី​ការ​បញ្ចប់​នៃ​សម្ពន្ធភាព​របស់​ពួក​គេ​ទាំង​ពីរ មិន​មែន​កើត​ចេញ​ពី​សុទ្ធចិត្ត​ឡើយ។


លោក វណ្ណ ប៊ុនណា អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិ​ការ និង​សន្តិភាព (CICP) លើក​ឡើង​ថា​វា​មិន​មាន​អ្វី​ចម្លែក​នោះ​ទេ​ចំពោះ​ការ​ប្រកាស​របស់​លោក​ កឹម​ សុខា​ ខណៈ​ពួក​គេ​បាន​បែក​បាក់​គ្នា​យូរ​ណាស់​ហើយ​ ដោយ​គ្រាន់​តែ​មិន​មាន​ការ​ប្រកាស​ជា​សាធារណៈ​ពី​ភាគី​ណា​មួយ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា​ការ​បែក​បាក់​នេះ​មិន​មែន​ជា​ការ​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក កឹម សុខា នោះ​ទេ ប៉ុន្តែ​ជា​ការ​ធ្វើ​ឱ្យ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ចុះ​ខ្សោយ ហើយ​ជា​ផល​ចំណេញ​មួយ​របស់​បក្ស​កាន់​អំណាច។

លោក​បញ្ជាក់​ថា៖ «ឯក​ឧត្តម​ កឹម សុខា នៅ​តែ​មា​ន​គេ​ហៅ​ថា​ជីវិត​នយោបាយ​របស់​គាត់​នៅ​ក្នុង​ការ​ធ្វើ​នយោបាយ​បាន​ នៅ​តែ​មាន​អ្នក​គាំ​ទ្រ ប៉ុន្តែ​គ្រាន់​តែ​ការ​ធ្វើ​នយោបាយ ដែល​មិន​មាន​ការ​បង្រួបបង្រួម​រវាង ឯក​ឧត្តម កឹម សុខា និង ​សម រង្ស៊ី ធ្វើ​ឱ្យ​កម្លាំង​នយោបាយ​របស់​ពួក​គាត់​បែក​ខ្ញែក​គ្នា​ខ្លាំង​ ធ្វើ​ឱ្យ​កម្លាំង​របស់​គាត់​ចុះ​ខ្សោយ ប៉ុន្តែ​នៅ​តែ​មាន​អ្នកគាំ​ទ្រ​របស់​គាត់​អ៊ីចឹង»។

អ្នក​ស្រាវជ្រាវ​រូប​នេះ​បង្ហាញ​នូវ​ក្តីសង្ឃឹម​តិច​ចំពោះ​វត្តមាន​របស់​លោក​ កឹម សុខា នៅ​ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​នា​ឆ្នាំ​២០២៣។ លោក​បន្ត​ថាលទ្ធភាព​របស់​លោក កឹម​ សុខា អាច​មាន​សេរី​ភាព ដើម្បី​ធ្វើ​នយោបាយ​វិញ លុះ​ត្រាតែ​គណបក្ស​ប្រឆាំង ពោល​គឺ​គណបក្ស​ភ្លើងទៀន ​មាន​ប្រជាប្រិយភាព​ខ្លាំង​ ហើយ​លោក​ កឹម​ សុខា ទៅ​បង្កើត​គណបក្ស​ណា​មួយ​ថ្មី ដើម្បី​បំបែក​សំឡេង​បក្ស​ប្រឆាំង។

លោក វណ្ណ ប៊ុនណា​ បញ្ជាក់​ថា​ប្រជាពល​រដ្ឋ​ដែល​គាំទ្រ​លោក កឹម សុខា និង​លោក សម រង្ស៊ី​ ប្រាកដ​ជា​មាន​ភាព​អាក់អន់​ស្រពន់​ចិត្ត ហើយ​មិន​ចង់​ឃើញ​ការ​បែក​បាក់​នេះ​ទេ ខណៈ​ពួកគេ​ចង់​ឃើញ​ការ​រួប​រួម​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ ដើម្បី​អាច​យក​ឈ្នះ​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន៕