ស្របពេលដែលព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី គ្រោងទៅបំពេញទស្សនកិច្ចរយៈពេលបួនថ្ងៃនៅប្រទេសវៀតណាម ក្រុមអ្នកវិភាគនយោបាយខ្មែរថ្លែងថា ដំណើរទស្សនកិច្ចរបស់ព្រះអង្គនឹងមានឥទ្ធិពលតិចតូចនៅក្នុងកិច្ចការនយោបាយអន្តរជាតិ ជាពិសេសគឺនយោបាយរវាងចិន និងវៀតណាម។ ពួកគេថា ព្រះអង្គអាចនឹងធ្វើឲ្យប្រទេសកម្ពុជា និងប្រទេសវៀតណាមមានចំណងល្អប្រសើរខាងផ្នែកវប្បធម៌។
ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងទៅបំពេញព្រះរាជទស្សនកិច្ចសម្រាកព្រះកាយនៅទីក្រុងហ្វេ និងទីក្រុងដាឡាត់នៃសាធារណរដ្ឋសង្គមនិយមវៀតណាមចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២ខែតុលា។ នេះបើយោងទៅតាមព្រះរាជសាររបស់ព្រះអង្គដែល VOA ទទួលបាននៅថ្ងៃអាទិត្យ។
ការយាងរបស់ព្រះអង្គទៅកាន់ទីក្រុងភាគខាងត្បូងនៃសាធរណរដ្ឋសង្គមនិយមវៀតណាមនេះធ្វើឡើងទៅតាមសំណើសូមយាងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ព្រះអង្គបានបញ្ជាក់ពីអវត្តមានរបស់ព្រះអង្គនៅក្នុងព្រះរាជសាររបស់ព្រះអង្គយ៉ាងដូច្នេះថា៖
«នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំខាងលើនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក្នុងឋានៈជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា»។
ការយាងចាកចេញរបស់ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីទៅកាន់ប្រទេសកុម្មុយនីស្តនេះ ធ្វើឡើងនៅក្រោយពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេលមួយសប្តាហ៍។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានបដិសេធមិនធ្វើអធិប្បាយអំពីដំណើរទស្សនកិច្ចរបស់ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីទេ ដោយលោកថា លោកមិនទាន់បានឃើញព្រះរាជសាររបស់ព្រះអង្គ ហើយលោកបានបង្វែសំណួរទៅមន្ត្រីបម្រើការនៅក្នុងព្រះបរមរាជវាំង។
VOA បានព្យាយាមទាក់ទងលោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃអាទិត្យ តែនៅមិនអាចទាក់ទងបានទេ។
ដោយឡែក ក្រុមអ្នកវិភាគនយោបាយខ្មែរយល់ឃើញស្រដៀងគ្នាអំពីឥទ្ធិពលដ៏តិចតួចរបស់ព្រះអង្គ នៅក្នុងកិច្ចការនយោបាយ ដោយព្រះអង្គគ្រាន់តែជាក្សត្រគ្រងរាជ្យ តែមិនកាន់អំណាច។ ពួកគេថា ការយាងរបស់ព្រះអង្គទៅធ្វើព្រះរាជទស្សនកិច្ចនៅវៀតណាមអាចជាការស្វែងយល់ពីភាគីវៀតណាម ដែលកំពុងមានជម្លោះជាមួយប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូង។
លោក សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ និងជាអ្នកវិភាគនយោបាយខ្មែរ បានបញ្ជាក់យ៉ាងដូច្នេះថា៖
«ខ្ញុំជឿជាក់ថា ការយាងរបស់ព្រះមហាក្សត្រនេះមិនមានឥទ្ធិពលនយោបាយទេ»។
លោកពន្យល់ថា តែគេអាចគិតថា ទស្សនកិច្ចនេះគឺដើម្បីរកតុល្យភាពរវាងអំណាចចិន និងវៀតណាម។ លោកបន្ថែមថា គេអាចនិយាយថា វៀតណាមចង់ទាញព្រះមហាក្សត្រឲ្យងាកទៅរកវៀតណាម ព្រោះអាមេរិកកំពុងតែកាន់ជើងវៀតណាម ឬវៀតណាមត្រូវការអាមេរិក។ ប៉ុន្តែលោកលើកឡើងថា តាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាវិញ ព្រះអង្គគ្រងរាជ្យ តែព្រះអង្គអត់ធ្វើនយោបាយទេ ហើយព្រះអង្គមិនកាន់អំណាចទេ ហើយព្រះអង្គអត់មានសិទ្ធិ អ្វីដែលមានឥទ្ធិពលមកអង្គនីតិប្រតិបត្តិទេ ឬក៏នីតិអង្គបញ្ញត្តិទេ។
រីឯលោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលជាអង្គការស្រាវជ្រាវគោលនយោបាយក្នុងស្រុក ថ្លែងថា ការយាងរបស់ព្រះអង្គទៅកាន់ប្រទេសវៀតណាមអាចជួយពង្រឹងចំណងមិត្តភាពរវាងប្រជាជនខ្មែរ និងវៀតណាម និងរឹតចំណងវប្បធម៌របស់ប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
«ជាសារមួយ វៀតណាមខំព្យាយាម ខិតជិតរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋនៃប្រទេសកម្ពុជា ហើយនិងរវាងវប្បធម៌ និងវប្បធម៌។ នេះគឺជាការធ្វើដើម្បីឲ្យមានសន្តានចិត្តរវាងគ្នា និងគ្នា ហើយសន្តានចិត្តហ្នឹងខ្ញុំមើលទៅ ទោះបីអត់មានជាសារនយោបាយ ក៏វាអាចមានឥទ្ធិពលនយោបាយ ជាពិសេសក្នុងការងារអន្តរជាតិមួយដែលប្រទេសចិន និងប្រទេសវៀតណាមកំពុងតែមានការតានតឹងនឹងគ្នាលើបញ្ហាជម្លោះឆ្នេរសមុទ្រចិនខាងត្បូងនោះផងដែរ»។
ព្រះមហាក្សត្របានឡើងគ្រងរាជ្យសម្បត្តិជំនួសព្រះបិតារបស់ព្រះអង្គគឺព្រះបរមរតនកោដ្ឋសម្តេចឪនរោត្តមសីហនុ កាលពីថ្ងៃទី២៩ខែតុលាឆ្នាំ២០០៤។ ក្រោយការឡើងគ្រងរាជ្យរបស់ព្រះអង្គ ព្រះអង្គបានបំពេញព្រះរាជសកម្មភាពជាច្រើននៅក្នុងកិច្ចការមនុស្សធម៌។ ព្រះអង្គក៏ពុំទាន់បានធ្វើអ្វីឲ្យមានការប្រែប្រួលជាដុំកំភួននៅក្នុងនយោបាយកម្ពុជា ដូចព្រះបិតារបស់ព្រះអង្គនោះដែរ ដោយព្រះអង្គបានគ្រងរាជ្យ តែមិនធ្វើនយោបាយ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕