ប្រទេស​កេនយ៉ា​គួរ​​ទទួល​យកការ​​​កាត់​សេចក្ដីរបស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ

ជួរ​ខាង​ក្រោយ​ ពី​ឆ្វេង​ទៅ​ស្ដាំ​ បុរស​កេនយ៉ា​ជាប់​ចោទ​៣​នាក់​ លោក​ William Ruto លោក​ Henry Kosgey (កណ្ដាល​) ហើយនឹង​លោក​ Joshua Arap Sang (ស្ដាំ​)​ ជាប់​ចោទ​ក្នុង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ក្នុង​អំពើ​ហិ​ង្សា​ក្រោយ​ការ​បោះ​ឆ្នោតនៅប្រទេស​កេនយ៉ា​ ​ឆ្

ក្រោយ​ពី​សេចក្ដី​សម្រេច​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិប្រទេស​កេនយ៉ាត្រូវ​តែ​ទទួល​យកការ​ជំនុំជម្រះ​កាត់​សេចក្ដីទី​ក្រុង​ឡាអេ។

អ្នក​វិភាគ​ផ្នែក​ច្បាប់​ម្នាក់​និយាយ​ថា​ ប្រទេស​កេនយ៉ា​គ្មាន​ជម្រើស​ទេ​ក្រៅអំពី​បន្ដ​ការ​ជំនុំជម្រះ​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​ បន្ទាប់​ពី​ក្រុម​ចៅក្រម​ ច្រាន​ចោល​កិច្ច​ខំ​ប្រឹង​ប្រែង​របស់​ប្រទេស​នេះ​ដើម្បី​បញ្ឈប់​នីតិវិធី​រឿង​ក្ដី​ នៅ​ទី​ក្រុង​ឡាអេ​។

កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ​ ក្រុម​ចៅ​ក្រម​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​ ច្រាន​ចោល​ពាក្យ​បណ្ដឹង​របស់​ប្រទេស​កេនយ៉ា​ ដែល​ជំទាស់​នឹង​ការយក​សំណុំរឿង​ពីរប្រឆាំង​នឹង​ពលរដ្ឋ​កេនយ៉ាទៅដាក់​នៅ​តុលាការ​ទី​ក្រុង​ឡាអេ។​ សេចក្ដី​សម្រេច​នេះ​ជា​ការ​បរាជ័យថ្មីៗ​ចំពោះ​អាជ្ញាធរ​កេនយ៉ាដែល​អស់​ពេល​ជា​ច្រើន​ខែ​មក​ហើយ​បាន​ខំ​ប្រឹង​ប្រែង​ពន្យារ​ពេល​វេលា​ឬ​បញ្ចប់​នីតិវិធី​រឿង​ក្ដី​នោះ។

ឥឡូវនេះ​ លោក​ George Kegoro នាយក​ប្រតិបត្ដិ​នៃ​គណកម្មការ​គណ:​វិនិច្ឆ័យ​អន្ដរជាតិ​នៃ​ប្រទេស​កេនយ៉ានិយាយ​ថា​រដ្ឋាភិបាល​គ្មាន​ជម្រើស​ទៀត​ទេ៖។

«រដ្ឋាភិបាល​កេនយ៉ា​ គ្មាន​ជម្រើស​ទៀត​ទេ​លុះ​ត្រា​ណា​តែ​ខ្លួន​ប្ដឹង​ឡើង​ឧទ្ធរណ៍​ជំទាស់​សេចក្ដី​សម្រេច​របស់​អង្គបុរេ​ជំនុំជម្រះ​កាត់​សេចក្ដី។​ លទ្ធភាព​ដែល​អាច​កើត​មាន​ឡើង​ គឺ​ថា​ពាក្យបណ្ដឹង​នោះ​នឹង​ឡើង​ទៅ​ដំណាក់​កាល​មួយ​ទៀត​ ដែល​ជា​សវនាការ​បញ្ជាក់​ ដែល​នឹង​ចាប់​ផ្ដើម​ធ្វើនៅ​អាទិត្យ​ទី​ពីរ​នៅ​ខែ​កញ្ញា​ហើយ​រហូត​ទៅ​ដល់​ខែ​តុលា​ទៀត»។

តុលាការ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ប្រឆាំង​ជន​ជាតិ​កេនយ៉ា៦​នាក់​ដែល​ខ្លួនជឿ​ថា​ជា​មេក្លោងនៃ​ភាព​ចលាចល​ក្រោយ​ការ​បោះ​ឆ្នោតនៃ​ប្រទេស​នេះ​នៅ​ឆ្នាំ​២០០៧​និង​២០០៨។

ពី​ដំបូង​ទោះ​បី​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​មាន​ប្រជាប្រិយភាព​ពី​ក្នុង​ចំណោម​សាធារណជន​ហើយ​នឹង​ថ្នាក់​មេដឹកនាំ​ក៏​ដោយ​ក៏​តុលាការ​នេះ​បាត់​បង់​ការ​គាំ​ទ្រ​នៅ​ពេល​ណា​ដែល​ជន​ជាប់​សង្ស័យ​ ដែល​ត្រូវ​បាន​គេ​ប្រកាស​កាល​ពី​ឆ្នាំ​ទៅ​ រួម​មាន​អ្នក​អាច​ឈរ​ឈ្មោះ​ជា​បេក្ខេជនសម្រាប់​តំណែង​ប្រធានាធិបតី​ហើយ​នឹង​សមាជិក​សំខាន់ៗ​នៃ​រដ្ឋាភិបាល​ផង​ដែរ​។

ឥឡូវ​នេះ​រដ្ឋាភិបាល​សំអាង​ហេតុផល​ថាការ​កែ​ទម្រង់​ផ្នែក​តុលាការដែល​ត្រូវ​បាន​អនុវត្ដ​ធ្វើ​ក្រោម​រដ្ឋធម្មនុញ្ញថ្មី​នៃ​ប្រទេស​នេះ​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​កេនយ៉ា​ ជំនុំជម្រះ​កាត់​សេចក្ដី​ ជន​ជាប់​សង្ស័យនៅ​ក្នុង​ស្រុក។​ អ្នក​នយោបាយ​ខ្លះថែម​ទាំង​បាន​រិះ​គន់​ការ​ជំនុំ​ជម្រះ​កាត់​សេចក្ដី​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​យ៉ាង​ខ្លាំង​ក្លា​ថា​ជា​ការ​រំលោភ​លើអធិបតីភាព​របស់​ប្រទេស​កេនយ៉ា។

ក៏​ប៉ុន្ដែ​ការ​សំអាង​ហេតុ​ផល​បែប​នេះ​ត្រូវ​បាន​ចៅក្រម​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិច្រាន​ចោល​ ដែល​អស់​លោក​និយាយ​ថា​ប្រទេស​កេនយ៉ាត្រូវ​តែ​ផ្ដល់​ភស្ដុតាង​ជាក់​លាក់ថា​ខ្លួន​ជំ​នុំជម្រះ​កាត់​សេចក្ដី​ជន​ជាប់​សង្ស័យ​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​ដើម្បី​បញ្ចប់​នីតិវិធី​រឿង​ក្ដី​នៅ​ទីក្រុង​ឡាអេ។

យោង​តាម​លោក​ Kegoro ការ​ ​ជំ​នំ​ជម្រះ​កាត់​សេចក្ដី​បែប​នេះ​នៅ​មិន​ទាន់​បាន​ប្រព្រិត្ដិ​ធ្វើ​ឡើង​នៅ​ឡើយ​ទេ​ដែល​បាន​ផ្ដល់​ឲ្យ​រដ្ឋាភិបាល​តិច​តួច​ណាស់​នូវ​អ្វី​ដែល​គេ​អាច​បញ្ចុះ​បញ្ចូល​តុលាការ​នេះ។

«នៅ​ក្នុង​ទស្សន:របស់​យើង​ យើង​មាន​ការ​លំបាក​នឹង​ឃើញ​មាន​នីតិវិធី​រឿង​ក្ដីជាតិ​នៅ​ក្នុង​ប្រទេស​កេនយ៉ា។​ មើល​ទៅ​ទំនង​ដូច​ជា​មាន​ការ​យល់​ច្រ​ឡំពី​សំណាក់​រដ្ឋាភិបាល​កេនយ៉ា។​ រដ្ឋាភិបាល​កេនយ៉ា​ចាត់​ទុក​ ដំណើរ​ការ​កែ​ទម្រង់​ដែល​កំពុង​តែ​កើត​មាន​ឡើង​ ថា​ជា​ហេតុផល​រាំង​ខ្ទប់​ពាក្យ​បណ្ដឹងនោះនៅ​ក្នុង​តុលាការ​អន្ដរជាតិ​។​ តុលាការ​អន្ដរជាតិ​ឲ្យ​ដឹង​ថា​ដំណើរ​ការ​កែ​ទម្រង់​មិន​គ្រប់​គ្រាន់​ទេ។​ យើង​ត្រូវ​ការ​ចាំ​បាច់មាន​ភស្ដុតាង​ថា​មាន​ការ​ស៊ើប​អង្កេត​ជាក់​ស្ដែង​ដែល​កំពុង​តែ​ប្រព្រិត្ដិ​ធ្វើ​ មុន​នឹងតុលាការ​ពិចារណា​មើលលទ្ធភាព​នៃ​ការ​កាត់​ទោស​នៅ​តុលាការឧក្រិដ្ឋកម្ម​អន្ដរជាតិ»។

ទោះ​បី​រដ្ឋាភិបាល​នៅ​តែ​អាច​តវ៉ាឡើង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​សម្រេច​សេក្ដី​នេះ​ក៏​ដោយ​ វា​មិន​ទំនង​នឹង​ផ្លាស់​ប្ដូរ​ចិត្ដ​គំនិត​របស់​ក្រុម​ចៅ​ក្រម​ទេ។​ យោង​តាម​លោក​ kegoro ​ការប្រើហេតុ​ផល​នោះ​នៅ​ក្នុង​តុលាការ​ អាច​ប្រើបាន ​តែ​ម្ដង​ទេ​នៅ​ពេល​ជំនុំជម្រះ​កាត់​សេចក្ដី​ ដែល​មាន​ន័យ​ថា​ ប្រទេស​កេនយ៉ា​មិន​អាច​ជំទាស់​នឹង​តុលាការ​បាន​ទេ​ក្នុង​ករណី​ដែល​ការ​ជំនុំជម្រះកាត់​សេចក្ដី​ក្នុង​ស្រុក​ត្រូវបាន​កំណត់​ធ្វើ​នោះ។

«រដ្ឋាភិបាល​នៃ​ប្រទេស​កេនយ៉ា​បាត់​បង់​ឱកាស​របស់​ខ្លួនហើយ​ឥឡូវនេះ​នីតិវិធី​រឿង​ក្ដី​ នឹង​បន្ដ​ធ្វើ​ត​ទៅទៀត»។

កាល​ពី​ថ្ងៃ​អង្គារ​ លោក​ Amos Wako រដ្ឋមន្ដ្រី​ក្រសួង​យុត្ដិធ៌ម​ បញ្ចេញ​ឲ្យ​ឃើញ​ថា​ប្រទេស​កេនយ៉ា​ ទំនង​នឹង​អាច​ផ្ដល់​ភស្ដុតាង​ច្រើន​ថែម​ទៀត​នូវ​ការ​កែ​ទម្រង់​ផ្នែក​តុលាការ​នៅ​ពេល​ដែល​តុលាការ​ពិចារណា​អំពី​ពាក្យ​បណ្ដឹងតវ៉ា​ប្ដឹង​ឧទ្ធរណ៍។

មនុស្ស​ប្រមាណ​១,៣០០​នាក់​បាន​ត្រូវ​ស្លាប់​ហើយ​៣​សែន​នាក់​ត្រូវ​បាន​ព្រាត់​លំនៅ​ស្ថាន​នៅ​ក្នុង​អំពើ​ហិង្សា​ពូជ​សាសន៍​ក្រោយ​ពី​ជម្លោះ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​នៃ​ប្រទេស​កេនយ៉ា​ឆ្នាំ​២០០៧។​ ជន​ជាតិ​កេនយ៉ាល្បី​ឈ្មោះ​៦​នាក់​រួម​មាន​លោក​ ​Uhuru Kenyatta ​រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​ លោក​ William Ruto ​អតីត​រដ្ឋមន្ដ្រី​ផ្នែក​ឧត្ដមសិក្សា​ ហើយ​នឹង​លោក​ Hussein Ali អតីត​ស្នងការ​នគរបាល​ប្រឈម​នឹងបទ​ចោទ​ ផ្ដល់​ហិរញ្ញវត្ថុ​ឲ្យ​ធ្វើ​ និង​រៀបចំ​អំពើ​ហិង្សា៕

ប្រែ​សម្រួលដោយ​ ​កង ស៊ីវន