អង្គការ Amnesty International ថា អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ហ្កាហ្សា

ក្មេងៗ​យំ​ខណៈ​ប្រជាជន​កាន់​ទុក្ខ​ជន​ប៉ាឡេស្ទីន​ដែល​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល នៅ​មន្ទីរពេទ្យ Nasser ក្នុង​ក្រុង Khan Younis នៅ​ភាគ​ខាង​ត្បូង​តំបន់ហ្កាហ្សា កាលពី​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។

អ៊ីស្រាអែល​ថ្លែងថា​ របាយការណ៍​ថ្មី​មួយ​ដោយ​អង្គការ Amnesty International ដែល​បាន​ចោទ​ប្រកាន់​ខ្លួន​ថា បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ហ្កាហ្សា​នោះ ​គឺ«ខុស​ទាំងស្រុង​ហើយ​ផ្អែក​លើ​ពាក្យ​កុហក» ខណៈ​អ៊ីស្រាអែល​ថ្កោលទោស​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នេះ​ថា​ជា«អង្គការ​ដែល​គួរ​ឱ្យ​ស្អប់​ខ្ពើម​និង​ជ្រុល​និយម»។

អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​នេះ​បាន​ផ្សាយ​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដែល​ខ្លួន​សន្និដ្ឋាន​ថា ​អ៊ីស្រាអែល​និង​យោធា​អ៊ីស្រាអែល​បាន​រំលោភ​បំពាន​លើ​អនុសញ្ញា​ប្រឆាំង​អំពើ​ប្រល័យ​ពូជសាសន៍​ឆ្នាំ១៩៤៨ ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ ដែល​ផ្តល់​និយម​ន័យ​ដល់​«អំពើ​ប្រល័យ​ពូជសាសន៍» ថា ជា «សកម្មភាព​ដែល​ធ្វើឡើង​មាន​ចេតនា​បំផ្លិច​បំផ្លាញ​ទាំង​ស្រុង​ឬ​ដោយ​ផ្នែក ទៅលើ​ប្រទេស​ជាតិ ជាតិសាសន៍ ក្រុម​ពណ៌​សម្បុរ ឬ​ក្រុម​សាសនា​ណាមួយ»។

របាយការណ៍​ជិត​ ៣០០ទំព័រ​នេះ ​បាន​លើកឡើង​រយៈពេល​៩ខែ ​ចាប់​តាំងពី​ក្រោយ​ការវាយប្រហារថ្ងៃ៧ ខែតុលា​ ឆ្នាំ២០២៣ ដោយ​ក្រុម​ហាម៉ាស់​នៅ​អ៊ីស្រាអែល​ភាគ​ខាងត្បូង ​ដែល​បាន​សម្លាប់​មនុស្ស​ ១២០០នាក់​ និង​បាន​ចាប់​មនុស្ស​ ២៥០នាក់​ផ្សេង​ទៀត​ជា​ចំណាប់​ខ្មាំង។ អ៊ីស្រាអែល​បាន​ចាប់ផ្តើម​យុទ្ធនាការ​វាយប្រហារ​ទ្រង់ទ្រាយធំ​ទាំង​លើ​ដីគោក​និង​តាម​អាកាស​ទៅលើ​ជនប៉ាឡេស្ទីន​ ជាការ​ឆ្លើយតប​វិញ។

អង្គការ Amnesty International ថ្លែងថា ខ្លួន​សន្មត​ដោយ​ផ្អែក​លើ​សេចក្តីថ្លែងការណ៍​«សម្លាប់​មនុស្ស​និង​ប្រល័យ​ពូជសាសន៍» រាប់​រយ​ដោយ​ក្រុម​មន្ត្រី​អ៊ីស្រាអែល​ ក៏ដូចជា​របាយការណ៍​ពី​ហ្កាហ្សា។ របាយការណ៍​ថ្លែងថា ការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ចំនួន​ ១៥​ដង ​ពីខែតុលា ២០២៣ ដល់​ខែមេសា ឆ្នាំ២០២៤ បាន​សម្លាប់​ជនស៊ីវិល ៣៣៤នាក់​ រួមបញ្ចូល​កុមារ ១៤១នាក់​ ប៉ុន្តែ​អង្គការ Amnesty International បាន​ថ្លែងថា មិនមាន​ភស្តុតាង​បង្ហាញ​ថា ការ​វាយប្រហារ​ណាមួយ​ត្រូវបាន​តម្រង់​ទៅតែគោលដៅយោធា​នោះ​ទេ៕